Sunday, March 5, 2017

«ច្បាប់ឧបទេសខ្មែរ»

នៅប្រទេសកម្ពុជា អក្សរសាស្ត្រប្រភេទអប់រំទូន្មានលើចរិយាធម៌ ប្រហែលកើតឡើងនៅដើមសតវត្ស ទី ១៤ នឹងមានលក្ខណៈសម្បូរបែបជាមួយនឹងវិធីសាស្ត្រតែងនិពន្ធ និងចំណេះដឹងរបស់អ្នកនិពន្ធតែម្ដង ។ ស្នាដៃ អក្សរសាស្ត្រពុទ្ធសាសនា ដែលនិយាយអំពីការទូន្មានលើផ្នែកសីលធម៌ គឺបង្ហាញជាភស្ដុតាងយ៉ាង ច្បាស់នៅទូទាំងតំបន់អាស៊ី (អៀន ហ៊ែរីស, ប្រវត្តិ និងការប្រតិបត្តិព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា, ភាគ ១, គ្រឹះស្ថានបោះពុម្ពផ្សាយ នគរវត្ត, ២០១០, ទំព័រ ១៤៨) ។
អត្ថបទទាំងនេះហៅថា «ច្បាប់» ជាប្រភេទអត្ថបទកំណាព្យខ្លីបំផុតរវាង ២៥ ទៅ ១០០ របះ ហើយគោលបំណងសំខាន់ដែលនិពន្ធអត្ថបទនោះ គឺដើម្បីអប់រំផ្នែកសីលធម៌ដល់ក្មេង ទាំង ប្រុសទាំងស្រី ។ ភាគច្រើនគេរៀនច្បាប់ទាំងនោះ ដោយការសូត្រឲ្យចាំមាត់ (អៀន ហ៊ែរីស, ប្រវត្តិ និងការប្រតិបត្តិព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា, ភាគ ១, គ្រឹះស្ថានបោះពុម្ពផ្សាយ នគរវត្ត, ២០១០, ទំព័រ ១៤៨ ) ។ អក្សរសាស្ត្រច្បាប់មានកំណើតនៅសម័យកណ្ដាល ដែលគេឃើញលេចរូបរាងជាកំណាព្យសុភាសិតខ្មែរ ។
ពាក្យ «ច្បាប់» គឺជារូបសាស្ត្រកម្លាយមួយ ដែលក្លាយមកពីកិរិយាឫស «ចាប់» មានន័យថា «ច្បាម, យក, ទទួល, លួងលោម, អនុវត្តស្នាដៃអក្សរសិល្ប៍» ។ តែនៅក្នុងចំណុចនេះគឺមានន័យសំដៅដល់ «អត្ថបទសំណេរ, ការតែងនិពន្ធអក្សរសាស្ត្រ» និងដែលមានន័យថា «ស្នាដៃ, សៀវភៅ
(volume)» ។ ច្បាប់មានន័យថា «កម្រងវិន័យ, កម្រងច្បាប់ជាដើម» (នៅគ្រប់ន័យទាំងអស់) និងនៅក្នុងអក្សរសិល្ប៍ គេប្រើជា «កំណាព្យសុភាសិត» (poésie gnomique) ។ (សូមអានបន្ថែម Pou Saveros, La Litterature Didactique Khmere : Les Cpap, Journal Asiatique, Tome CCLXIX, 1981, p. 201-202) ។
អក្សរសាស្ត្រផ្នែកច្បាប់ដែល មានមុនគេ គឺច្បាប់កេរកាល មានកាលបរិច្ឆេទចាប់ពីរវាងសតវត្សទី ១៦ គឺជាអត្ថបទខ្លីល្មម ហើយមិនមាន ឈ្មោះអ្នកនិពន្ធទេ ។ ប៉ុន្តែរយៈកាលក្រោយមក អត្ថបទប្រភេទនេះកាន់តែវែងទៅ ហើយជារឿយៗគេតែង ឃើញមានឈ្មោះអ្នកនិពន្ធ ឬអ្នកកែសម្រួល ។ ឧទាហរណ៍ ច្បាប់អរិយសត្ថា មានការអះអាងថា ជាស្នាដៃ របស់អ្នកនិពន្ធមានឈ្មោះ អរិយសត្ថា (Pou Saveros et Philip N. Jenner, Les Cpap ou Codes de conduite khmers, I. Cpap Kerti Kal, BEFEO, 62, 1975, p.371. ) ។ តាមលោកសាស្ត្រាចារ្យ Thierry បានសន្និដ្ឋានថា អត្ថបទច្បាប់ ទាំងអស់ មានឥទ្ធិពលមកពីគម្ពីរនីតិសាស្ត្ររបស់ឥណ្ឌា (Thierry, Solange, La place des textes de sagesse dans la littérature cambodgienne, Revue de l’Ecole Nationale des Langues Orientales, 5, 1968, p.174.) ។
ច្បាប់ចែកចេញជាពីរប្រភេទ គឺប្រភេទទីមួយសម្រាប់យកទៅប្រើប្រាស់ជាទូទៅ ហៅថា «ច្បាប់ទូទៅ» និងប្រភេទទីពីរ និពន្ធឡើងជាពិសេសសម្រាប់រឿងនយោបាយ និងសម្រាប់ពួកអភិជន ហៅថា «ច្បាប់នេតិ» ។ ច្បាប់ទូទៅមានដូចជា ច្បាប់ពាក្យចាស់, ច្បាប់មហាបដ្ឋាន, ច្បាប់ហៃមហាជន, សត្រាក្ដាម, ច្បាប់ទូន្មានខ្លួន, ច្បាប់សុភាសិត, ច្បាប់បណ្ដាំបិតា, ច្បាប់ស្រី, ច្បាប់អរិយសត្ថា ។ល។ ច្បាប់ប្រភេទទីពីរ ជួនកាលសំដៅ លើច្បាប់នេតិ (Pou Saveros et Philip N. Jenner, Les Cpap ou Codes de conduite khmers, I. Cpap Trinet, BEFEO, 69, 1981, p.458.) ។ ឯច្បាប់នេតិមានដូចជា ច្បាប់វិធូរបណ្ឌិត, ច្បាប់ធម៌បាល, សត្រាសួស្ដី ជាដើម (Saveros Pov, កម្រងច្បាប់, Guirlande de Cpap, Cedoreck, 1988) ។ ចំណែកច្បាប់ប្រភេទទីមួយផ្ដល់ជាមូលដ្ឋាន សម្រាប់ការអ់បរំផ្នែកសីលធម៌នៅតាម វត្តអារាមពីបុរាណ រហូតមកទល់នឹងសម័យថ្មីៗនេះ (អៀន ហ៊ែរីស, ប្រវត្តិ និងការប្រតិបត្តិព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា, ភាគ ១, គ្រឹះស្ថានបោះពុម្ពផ្សាយ នគរវត្ត, ២០១០, ទំព័រ ១៤៩ ) ។ បណ្ឌិតពៅ សាវរស បានធ្វើបញ្ចែកអក្សរសិល្ប៍ ច្បាប់ជាពីរក្រុមគឺ ច្បាប់ចាស់ (Crap ancient) និងច្បាប់ថ្មី (Crap nouveaux) (Pou Saveros, La Litterature Didactique Khmere : Les Cpap, Journal Asiatique, Tome CCLXIX, 1981, p. 204) ។
ច្បាប់ចាស់ (Crap ancient) ចែកជាពីរទៀត គឺ ខ្មែរកណ្ដាលជាន់ខ្ពស់ (ដែលកើតមុន) (haut khmer moyen) ដែលកកើតនៅរវាងស.វ.ទី ១៥ដល់១៧ មានដូចជាច្បាប់កេរ្ដិកាល, ច្បាប់កូនចៅ, ច្បាប់រាជនេតិ, ច្បាប់ក្រម ។ល។ និង ខ្មែរកណ្ដាលជាន់ទាប (ដែលកើតក្រោយ) (bas khmer moyen) កកើតនៅរវាងស.វ.ទី១៨ដល់១៩ មានដូចជា ច្បាប់ត្រីនេតិ, លោកនីយ (ដោយកវី នង, ១៧៩៤), ច្បាប់ប្រុស, ច្បាប់ស្រី ជាដើម ។ ចំណែកឯច្បាប់ថ្មី (Crap nouveaux) សំដៅលើច្បាប់ទំនើប (Khmer Moderne) ដែលកកើតនៅរវាងពាក់កណ្ដាលស.វ.ទី ១៩ ដល់ពាក់កណ្ដាលស.វ.ទី២០ មានដូចជា ច្បាប់សួស្ដី, កម្រងច្បាប់ក្រមង៉ុយ, រាជនីតិសាស្ត្រ (១៩៣០-១៩៥០) ជាដើម ។ (Pou Saveros, La Litterature Didactique Khmere : Les Cpap, Journal Asiatique, Tome CCLXIX, 1981, p. 203) ។
នៅសម័យកណ្ដាល បណ្ដាស្នាដៃអក្សរសាស្ត្រច្បាប់ទាំងអស់នេះច្រើនតែយកលំអានអប់រំពីទ្រឹស្ដីពុទ្ធសាសនាមកទូន្មានកូនចៅឲ្យប្រតិបត្តិនូវអំពើជាកុសល ។ មូលដ្ឋាននៃទ្រឹស្ដីពុទ្ធសាសនា បានក្លាយជាបន្ទាត់អប់រំសីលធម៌ ចរិយា ធម៌មនុស្សខ្មែរដ៏សំខាន់ដែលមិនអាចកាត់ផ្ដាច់ចេញពីផ្នត់គំនិតមនុស្សខ្មែរបាន ។ គ្រប់ការអប់រំ គេតែងលើក និយាយអំពីទ្រឹស្ដីណាមួយដែលពាក់ព័ន្ធនឹងបញ្ហាមករំលេចបន្ថែមខ្លឹមសារ ដើម្បីឲ្យការអប់រំនោះទទួលបាន ជោគជ័យថែមទៀតផង ។ លុះមកដល់សម័យអាណានិគមបារាំងចូលមក លក្ខណៈទូន្មានបែបប្រពៃណីហាក់ដូចជាត្រូវបានកែតម្រូវលើកចំណុចអវិជ្ជមានមួយចំនួនវិញ ដោយកវីនិពន្ធខ្មែរសម័យទំនើប (មានក្រមង៉ុយ, សុត្តន្តប្រីជា ឥន្ទ...) បានងាកឲ្យតម្លៃលើជីវិត ព្រោះបើគ្មានជីវិតក៏មិនអាចបង្កើតឲ្យមាននូវស្ថានភាព និងលក្ខណៈផ្សេងៗបានឡើយ។ ទ្រឹស្ដីជីវិតដែលអ្នកនិពន្ធបានបង្ហាញ គឺការខិតខំរិះរក រិះរៀន រិះសន្សំ និងរៀនវិនិយោគ ដើម្បីឲ្យសម្រេចបាននូវបំណងមួយដែលមនុស្សគ្រប់គ្នាចង់បាន គឺសុភមង្គលនៅក្នុងជីវិត...។
សរុបសេចក្ដីមកការសិក្សាអំពីច្បាប់ឧបទេសខ្មែរ គឺជាជ្រុងមួយនៃការសិក្សាឈ្វេងយល់អំពីអក្សរសិល្ប៍ខ្មែរ ជាពិសេសតម្លៃ និងគំនិតអប់រំជាច្រើនដែលចាស់បុរាណខ្មែរលោកបានត្បាញក្រងជាកម្រងពាក្យទូន្មានដ៏មានតម្លៃមិនអាចកាត់ថ្លៃនេះសម្រាប់ទុកទូន្មានអនុជនជំនាន់ក្រោយៗឲ្យត្រងត្រាប់នូវអំពើជាកុសល ហើយលះបង់ និងវៀរចាកនូវអំពើជាអកុសលផ្សេងៗដើម្បីសុភមង្គល និងវឌ្ឍនភាពនៃជីវិត....។
ប្រសិនបើមានកំហុសខុសឆ្គងកើតមានដោយអចេតនានៅក្នុងអត្ថបទនេះ ខ្ញុំបាទក៏សូមអភ័យទោសទុកជាមុនផង ៕
(ចប់ដោយសង្ខេប)
..........................


រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៦
រៀបរៀងដោយ ៖ សេង សុវណ្ណដារ៉ា
(រក្សាសិទ្ធិគ្រប់យ៉ាង)


ឯកសារពិគ្រោះ ៖
១.អៀន ហ៊ែរីស, ប្រវត្តិ និងការប្រតិបត្តិព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា, ភាគ ១, គ្រឹះស្ថានបោះពុម្ពផ្សាយ នគរវត្ត, ២០១០ ។
២.Pou Saveros et Philip N. Jenner, Les Cpap ou Codes de conduite khmers, I. Cpap Kerti Kal, BEFEO, 62, 1975.
៣.Thierry, Solange, La place des textes de sagesse dans la littérature cambodgienne, Revue de l’Ecole Nationale des Langues Orientales, 5, 1968, p.174.
៤.Pou Saveros et Philip N. Jenner, Les Cpap ou Codes de conduite khmers, I. Cpap Trinet, BEFEO, 69, 1981.
៥.Pou Saveros, La Litterature Didactique Khmere : Les Cpap, Journal Asiatique, Tome CCLXIX, 1981.
៦.Saveros Pov, កម្រងច្បាប់, Guirlande de Cpap, Cedoreck, 1988.
៧.ច្បាប់ផ្សេងៗ, ពុទ្ធសាសនបណ្ឌិត្យ, ១៩៧០ ។
៨.និងឯកសារជាច្រើនទៀត ។

1 comment: