Wednesday, September 6, 2017



ឧកញ៉ាយមរាជ ជ័យនន្ទ
         
          ជ័យនន្ទ គឺជាឈ្មោះនៃកវីនិពន្ធមួយរូប ដែលមានឈ្មោះប្រាកដនៅក្នុង​សិលា​​ចា​រឹក​ចំនួន២គឺ សិលាចារឹកលេខ៣៤ (K.303) និងសិលាចារឹកលេខ៣៨ (K.301)។ លោកជាកវីនិពន្ធ ព្រមទាំងជាមន្ត្រីម្នាក់ស្ថិតនៅក្នុងរជ្ជកាលព្រះបាទ​ជ័យ​​ជេដ្ឋា​ទី៣ (១៦៧៥‑១៧០៦)។[1]
          កាលវ័យកុមារ លោកបានបួសរៀនអក្សរ និងលេខនព្វន្ត រៀនបាលី រៀនអានសាស្ត្រាជាដើម នៅក្នុងសំណាក់ព្រះពុទ្ធសាសនានៅវត្តអារាមនាស្រុកភូមិកំណើតរបស់លោក។ ក្រោយមកលោកក៏បានលាចាកសិក្ខាបទ មកជាគ្រហស្ថវិញ រួចក៏បានចូល ខ្លួនទៅបម្រើរាជការ រហូតដល់ឡើងឋានៈមានតួនាទីនិងមុខងារដ៏ខ្ពង់​ខ្ពស់​នៅ​ក្នុង​ជួរ​​មន្ត្រីរាជការខ្មែរនាសម័យនោះផងដែរ។
          ភរិយារបស់លោកមានឈ្មោះ (មីង[2]) បែនសន[3] និងកូនប្រុសពីរនាក់ឈ្មោះ ឥម និង ឧង។[4] លោកមានបងប្អូន៣នាក់ឈ្មោះ រស១ សួស១ និងពៅ១ (សិលា ចារឹកលេខ៣៨ (K.301))។ លោក E. Aymonier យល់ឃើញថា «រស់» ជាបង របស់បណ្ឌិតជ័យនន្ទ ឬជាបងរបស់នាងបែនសន។[5] 
          ដំបូងគាត់បានទទួលការតែងតាំងពីព្រះមហាក្សត្រឱ្យឡើងជាសេនាធិបតី (គឺជាមេទ័ពម្នាក់) ហើយឱ្យឈររក្សាខេត្តឈ្មោះ «ព្រៃក្ដី» ដែលមានមូលដ្ឋាននៅ​កំពង់ឈើទាល និងជាអតីតខេត្តមួយជាប់ព្រំដែនជាមួយនឹងខេត្តកំពង់ស្វាយ និង​សន្ទុក។ បន្ទាប់មកទៀតព្រះរាជាក៏បានតែងតាំងលោកឱ្យធ្វើជាចៅហ្វាយខេត្តត្បូង​ឃ្មុំ (ក្នុង​ឋានៈ​ជាឧកញ៉ាអរជូន) ដែលមានឋានៈជាស្ដេចត្រាញ់ ស័ក្ដិ១០ហ៊ូពាន់ គឺ​ជានាម៉ឺនធំ ថ្នាក់ទី១ម្នាក់។ ក្រោយមកទៀត លោកក៏ត្រូវបានព្រះមហាក្សត្រសព្វព្រះ រាជហឫទ័យតែងតាំង និងតម្លើងឋានៈជា «ឧកញ៉ាយមរាជ» មានឋានៈជាមន្ត្រីថ្នាក់​ទី១ មាន​តំណែង​ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងតុលាការ។ រីឯភរិយារបស់លោក ក៏​បានទទួលងារជា «ជំទាវទេពសុពណ៌» ដែរ។ បន្ទាប់ពីនោះមក នៅថ្ងៃពេញបូណ៌មី ខែផល្គុណ ឆ្នាំមមី (គ.ស.១៧០២?) លោកបានឡើងជា «ឧកញ៉ាសុរិន្ទ្រាធិរាជ។ ក្រោយមក ទៀត នៅថ្ងៃពេញបូណ៌មី ខែពិសាខ ឆ្នាំវក (គ.ស.១៧០៤?) លោកបាន ទទួល យសសក្ដិជា «ចៅហ្វា» (នាយករដ្ឋមន្ត្រី) បាំងក្លស់៤។
          បណ្ឌិតជ័យនន្ទ គឺជាពុទ្ធសាសនិកជនមួយរូបដ៏ប្រពៃ តាមសិលាចារឹកបាន បង្ហាញថា លោកធ្លាប់បានបួសចំនួន៥ដង (គ្រាទី៥ នៅសម័យដែលលោកចារ​សិលាចារឹកនេះ?) ព្រមទាំងធ្លាប់បានបំបួសបុត្រាទាំងពីរថែមទៀតផង។ លោក​បាន​បន្សល់ ទុកនូវសមិទ្ធិផលជាច្រើនទាំងខាងវិស័យពុទ្ធសាសនា និងខាងសង្គម​កិច្ចដូចជា៖
          ‑ជួសជុលព្រះពុទ្ធរូបដែលបាក់បែក ដោយព្រះពុទ្ធរូបណាដែលបាក់ព្រះហត្ថ ព្រះកេស លោកចាត់ឱ្យមានការជួសជុលកសាងសាងព្រះហត្ថ ព្រះកេសមកភ្ជាប់វិញ ហើយទឹបមាសឱ្យថ្មីឡើង។
          ‑គូរឬសាងព្រះបទទុកក្នុងព្រះពុទ្ធសាសនា
          ‑បានសាងព្រះពុទ្ធរូប
          ‑បានសាងត្រីសូល៍គាងឃ្វាយ
          ‑សង់សាលា សង់ព្រះវិហារ (តែពុំដឹងថាព្រះវិហារមួយណា)
          ‑បានលោះខ្ញុំកំដរឱ្យទៅជាអ្នកជា។ល។
          នៅក្នុងផ្នែកតែងនិពន្ធ លោកបាននិពន្ធសិលាចារឹកចំនួនពីរគឺ ៖
          ១‑ សិលាចារឹកលេខ៣៤ (K.303)
          ២‑សិលាចារឹកលេខ៣៨ (K.301)។
          ខាងក្រោមនេះជាសម្រង់អត្ថបទនៃសិលាចារឹកលេខ៣៨(K.301) ដូចតទៅ៖
                   «សុភមង្ដសួស្ដី                    ស្រីសព្វស្រីមង្គលា
                   ពហុព្រះជយា                      ដោយសាទ៌្ធាតិរេកឰ។
                   នា ១៦២៣                        ស័កនេះ ឥ ម្សាញ់ នៃ
                   ទ្ធាទសរោជមាឃមៃ               ទិពារថ្ងៃព្រហស្សតី។
                   ពីដើមនេះឯងណា                ដោយគាថាព្រះបាលី
                   លើកសរសើរពុទ្ធី                  បទមុះនីព្រហ្មគីត។
                   អញខ្ញុំថ្វាយបុប្ផា                   ព្រះភគវា សាព៌េជ្ញ
                   ស្ថិតត្រាស់យល់...                 ស្ដេចគង់គិតផ្ចាញ់មារនៃ។
                   បទុមក្រពុំស្អាត                    ថ្វាយព្រះបាទសាព៌េជ្ញថ្លៃ
                   លុតលើតទសក្រៃ                 ផ្ចង់ប្រពៃដាក់សិរសី ។
...............................................................................
...............................................................................
ល្អគ្រប់ប្រតាប់              បរិពារស្រេចស្រាប់           កាន់គ្រឿងគ្រប់គ្នា
សម្រាប់ដង្ហែ                ដោយតែយាត្រា               ដូចកុតផល្លា
                               លីលាស័ក្ដិសែង។
សូមបានប្រាសាទ          ប្រាំបួនល្អស្អាត               បិតមាសព្រាសទែង
គាងឃ្វាយឆើតឆាយ       ពណ្ណរាយយល់ស្ដែង         ដាំត្បូងឆ្លុះចែង
                               ល្អគ្រប់ប្រការ។
មានផ្សួរជុំវិញ               បីជាន់ឆ្លាក់ពេញ              រួចគ្រប់ពិស្ដារ
មានជានេយ្យា              សឹងក្លាយគ្រប់ទ្វារ            នាគលើកពពារ
                               ចាំជណ្ដើរកាច់។
ទោះនឹងមានផ្ទះ            បិល្អស្រលះ                   សឹងមានមុខដាច់
ទទឹងរោងជ្រែក             បង្គន់ផ្សួរស្រេច               រាំងជុំខណ្ឌកាច់
                               រោងដំរីសេះ។»[6]
          ខាងក្រោមនេះ គឺជាសម្រង់អត្ថបទត្រង់ផ្នែកដែលកវីជ័យនន្ទបានចារអំពីការ​ស្មាលារបស់លោកក្នុងសិលាចារឹកលេខ៣៨ (K.301)​ ដូចមានសេចក្ដីតទៅនេះ ៖
          ​«នេះភូជង្គលីលា           លើកដោយកាព្យា          ជាល្បាទាំងឡាយ ។
          លាអស់លោភទោសសម្ទាយ  លាភ័យអន្តរាយ     ​ព្រាត់ព្រាយប្រាសគ្នា ។
          ខ្ញុំក្រាបទូលព្រះពុទ្ធា       ព្រះហើយខ្ញុំលា             ត្រង់នាទុក្ខសោក ។
          ខ្ញុំលាត្រង់កំណើតថោក   កើតមកអស់លោក         សើចដៀលសន្ដាន ។
          ខ្ញុំលាសព្វជាតិវៀរស្ថាន    ក្ដីអាអាស្រូវប្រាណ         កុំមានឡើយណា ។
          ខ្ញុំលាត្រង់ឥតប្រាជ្ញា        ឆ្ងល់ខ្លៅមោហា             ខ្មាសគេអៀនប្រៀន ។
          ខ្ញុំលាត្រង់ឥតរបៀន        ចូលជំនុំស្ងៀម              ពុំចេះឆ្លើយថា ។
          ខ្ញុំលាពិសព្យាធរោគា       ប្រាសបុត្រភរិយា           ស្លាប់ឧបាសប្រាណ ។
          ខ្ញុំលាវិបាកបុរាណ          ជាទុក្ខក្នុងប្រាណ           ស្រេកឃ្លាននោះផង ។
          ខ្ញុំលាអស់បាបពៀរហោង ចតុរាបាយផង              បួនកុំទៅសោយ ។
          ខ្ញុំលាត្រង់គំនិតធ្លោយ     លាខ្ជិលកំសោយ           ហើយស្មារតីតិច ។
          ខ្ញុំលាពុំចេះកលកិច្ច        សិល្បសាស្ត្រការស្រេច​   ពាក្យពេចន៍នោះណា ។
          ខ្ញុំលាត្រង់ឥតប្រាជ្ញា        ពុំចេះភាសា                 ស្រដីនឹងគេ ។
          ខ្ញុំលាត្រង់ខ្សត់ខ្លួនទេ      ត្រមោចឯងឯ               ឥតប្រៀននូវភ្ញា ។
          ខ្ញុំលាឥតទ្រព្យភោក្ដា       ទាសីទាសា                 ពុំមានដល់ម្នាក់ ។
          ខ្ញុំលាត្រង់ចិត្តប្រត្យ័ត្ស     សំដីឲ្យអាក់                 អន់អៀនចិត្តគេ ។
          ខ្ញុំលាត្រង់ពាក្យស្រាលស្រេ ស្រដីដូចគេ                មមើឆ្កួតណា ។
          ខ្ញុំលាត្រង់ឆោតភាសា      ស្រដីទៅថា                 ពភ្លៀឥតការ ។
          ខ្ញុំលាត្រង់ខ្លៅអនុពាល    ស្រដីសាធារ                ឥតគេយកពាក្យ ។
          ខ្ញុំលាត្រង់នាតោកយ៉ាក   ទុរយសពិបាក              ពុំព្រើសសប្បាយ ។
          ខ្ញុំលាត្រង់ល្ងង់ភិប្រាយ    ឆ្ងល់ធុញរាយមាយ         ជ្រងោឥតការ ។
          ខ្ញុំលាស្មារតីសាធារ         ស្រដីកិច្ចការ                ពុំចាំនោះហោង ។
          ខ្ញុំលាពំនោលសូរសង      ស្រដីពាក្យឆ្គង              ពុំត្រូវចិត្តគេ ។
          ខ្ញុំលាគេស្អប់សព្វតែ        ត្រង់នាខ្មាស់គេ             ខ្ញុំលានេះហោង ។
          ខ្ញុំលាអស់វេរាផង           ពៀរព្រេងចំណង           កុំយល់ឡើយណា ។
          ខ្ញុំលាអស់ក្ដីមោហា         វង្វេងឃ្លាតឃ្លា              ភ្លេចភ្លាំងប្រមាទ ។
          ខ្ញុំលានោះសព្វៗជាតិ      ស្រដីប្រមាទ                ពិឃាតសត្វផង ។
          ខ្ញុំលាសារពើក្ដីឆ្គង          គិតខុសរំលង               ទើបឃើញឯក្រោយ ។
          ខ្ញុំលាត្រង់ក្ដីទំលោយ       គិតខុសហើយក្រោយ      ទើបឃើញក្ដីគាប់ ។
          ខ្ញុំលាត្រង់នាអភ័ព្យ         រស់នៅពុំស្លាប់              ជាទុក្ខម្នាក់ឯង ។
          ខ្ញុំលាត្រង់នាវង្វេង          ស្រដីឥតក្រែង              បារម្ភក្រោយឡើយ ។
          ខ្ញុំលាជាតិនេះឃើញ       ហើយគិតយល់ឥតត្រើយ ពំនាក់ឡើយណា ។
          ខ្ញុំលាត្រង់ក្ដីមោហា         ប្រមាទមេបា                គ្រូបាធ្យាយផង ។
          ខ្ញុំលាត្រង់ក្ដីឆ្គាំឆ្គង          ប្រមាទសង្ឃផង            ព្រះពុទ្ធព្រះធម្ម ។
          ខ្ញុំលាត្រង់ក្ដីសង្ហារ          ស្រដីឲ្យខ្ញាល               អន់អៀនព្រះទ័យ ។
          ខ្ញុំលាពុំប្រកបនៃ            នូវអម្ចាស់ថ្លៃ                ប្រពៃទ្រង់ធម្ម ។
          ខ្ញុំលាត្រង់ចិត្តសង្ហារ        សាហាវអស្ចារ្យ             បន្ទន់ក្របាន ។
          ខ្ញុំលាមនុស្សណា           បៀតប្រាណស្រដីបង្ខាន  ញុះញុងចែចូវ ។
          ខ្ញុំលាត្រង់ក្ដីអាស្រូវ         ស្រដីចែចូវ                  តិះដៀលប្រមាទ ។
          ខ្ញុំលានោះសព្វៗជាតិ      សារពើបង្ឈាត              បង្ខានលាភយស ។
          ខ្ញុំលាត្រង់ណាហៅថ្លោះ   យស់សក្ដរបស់             ខ្ចាត់ខ្ចាយបាត់បង់ ។
          ខ្ញុំលាត្រង់គេញុះញុង      បង្ខានចំណង់               បង្ខុសឃ្លាតឃ្លា ។
          ខ្ញុំលាត្រង់ភ័យវេរា          ត្រមោចកំព្រា               ឥតគ្នាតាមក្រោយ ។
          ខ្ញុំលាត្រង់ខ្លាចកំសោយ   ភិតភ័យប្រែក្រោយ         តតើកចំប្រប់ ។
          ខ្ញុំលាត្រង់ភ័យក្ដីថប់       ភិតញ័រចំប្រប់               រន្ធត់អស់អង្គ ។
          ខ្ញុំលាគេចោមជាកង់        ភិតភ័យឡឺនឡង់           ឥតគ្នាជួយផង ។
          ខ្ញុំលាសព្វៗជាតិផង       កើតជាសែនដង            លាត្រង់សត្រូវ ។
          ខ្ញុំលាក្បាលថ្ពែកសក់ស្កូវ  ជើងស្ទក់អាស្រូវ            ធ្មេញបាក់ខ្វាក់ថ្លង់ ។
          ខ្ញុំលាវេរាស្រែងឃ្លង់        ដំបៅអស់អង្គ               ជាទុក្ខឥតស្បើយ ។
          ខ្ញុំលាកើតឡើងឥតត្រើយ រូបអាក្រក់ហើយ            ក្លិន...ឆ្អេះផង ។
          ខ្ញុំលាអស់ទាំងនោះផង    សារពើឆ្គាំងឆ្គង             ហៅអកុសល ។
          ខ្ញុំលានោះកុំត្រាយល់      ពីជាតិនេះដល់              រៀងទៅឯមុខ ។
          ខ្ញុំលាភរិយាអាក្រក់         នៅស្ថានឥតសុខ           ជាតុក្ខឯងហោង ។
          ខ្ញុំលាបើមានទ្រព្យផង     អាក្រក់នោះហោង          កុំត្រាយល់ឡើយ ។
          ខ្ញុំលាសព្វៗជាតិហើយ    ត្រង់ទុក្ខឥតស្បើយ         កុំត្រាយល់ហោង ។
          ខ្ញុំលាស្រេចសព្វគ្រប់ផង  កើតសព្វជាតិហោង        កុំត្រាយល់ឡើយ ។
          ខ្ញុំលានេះជាបង្ហើយ        បាបពៀរទុក្ខអើយ          កុំមានឡើយណា ។
          ខ្ញុំលាវេរាភ័យវេរា           កើតឡើងកាលណា        ថ្លៃល្អស្រេចផង ។
          បើកើតខុសនឹងបំណង    លាត្រង់នោះហោង         កុំកើតមកឡើយ ។»[7] 



ភ្នំពេញ, ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧
                                                         រៀបរៀងដោយ
                                                          សេង សុវណ្ណដារ៉ា
                                          (និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អក្សរ សាស្ត្រខ្មែរ ជំនាន់ទី១ នៃស.ភ.ភ.ព)





ឯកសារពិគ្រោះ
-ឃីង ហុកឌី, ទិដ្ឋភាពទូទៅនៃអក្សរសាស្ត្រខ្មែរ,​ បណ្ណាគារអង្គរ, ឆ្នាំ២០០៣
-ឌឹក គាម, បណ្ឌិតជ័យនន្ទ អ្នកនិពន្ធខ្មែរ, បណ្ណាគារ ងួន ហ៊ួត, ១៩៦៧។
-ឈឹម ក្រសេម, សិលាចារឹកនគរវត្ត, ពុទ្ធសាសនបណ្ឌិត្យ,​ ឆ្នាំ១៩៥៨
-លាង ហាប់អាន,​ សិក្សាប្រវត្តិអក្សរសាស្ត្រខ្មែរ,​ សម័យនគរភ្នំដល់សម័យឧដុង្គ (សតវត្សទី១ ដល់ ឆ្នាំ ១៨៥៩), ភ្នំពេញ, ឆ្នាំ ១៩៦៧
-លី ធាមតេង, អក្សរសាស្ត្រខ្មែរ, បណ្ណាគារ ងួន ហ៊ួត, ១៩៦០។
-វង់ សុធារ៉ា, សិលាចារឹកនៃប្រទេសកម្ពុជាសម័យកណ្ដាល, គ្រឹះស្ថានបោះពុម្ពផ្សាយ នគរវត្ត, ២០១២។
-E. Aymonier, Le Cambodge, Tome III, 1904.



[1] លោកសាស្ត្រាចារ្យ លី ធាមតេង និងលោក ឌឹក គាម កំណត់ថា កវី‑និពន្ធរូបនេះស្ថិតនៅក្នុងរជ្ជ​កាល​​ព្រះបាទស្រីធម្មរាជា ឬព្រះរាជសម្ភារ។
[2] ពាក្យ «មីង» នេះ ពុំមែនជាឈ្មោះទេ គ្រាន់តែជាពាក្យប្រើគួរសមដែលមានប្រើនៅក្នុងសង្គមខ្មែរ។
[3] លោក E. Aymonier ថាភរិយារបស់បណ្ឌិតជ័យនន្ទមានឈ្មោះថា មីងបែនសុន ដូចមានសម្រង់ ឃ្លាពីសៀវភៅរបស់លោកថា «Quand à mon épouse, elle avait deux noms, c’était la Min (tante, désignation respectable) Pên Sūn។ សូមអានបន្ថែម «Le Cambodge», Tome III, par E. Aymonier, p.306-1404.
[4] លោកសាស្ត្រាចារ្យវង់ សុធារ៉ា កំណត់ឈ្មោះកូនប្រុសទាំងពីររបស់បណ្ឌិតជ័យនន្ទថា «សួស និង ពៅ» ដូច្នេះវិញ។ សូមអាន «សិលាចារឹកនៃប្រទេសកម្ពុជាសម័យកណ្ដាល», ដោយ វង់ សុធារ៉ា, គ្រឹះ​ស្ថានបោះពុម្ពផ្សាយ នគរវត្ត, ២០១២, ទំព័រ១៩៥។
[5] «Ras, mon frère-aîné et dame Pên». សូមអានបន្ថែម «Le Cambodge», Tome III, par E. Aymonier, p.306-1404.
[6] «សិលាចារឹកនគរវត្ត», ឈឹម ក្រសេម, ផ្សាយឡើងវិញដោយមជ្ឈមណ្ឌលឯកសារស្រាវជ្រាវអារ្យ​ធម៌​​ខ្មែរ (Cedoreck), អារម្ភបទថ្មីដោយ សាវរស ពៅ, ១៩៨៤, ទំព័រ៩៥‑១១១។
[7] «សិលាចារឹកនគរវត្ត», ឈឹម ក្រសេម, ផ្សាយឡើងវិញដោយមជ្ឈមណ្ឌលឯកសារស្រាវជ្រាវអារ្យធម៌​ខ្មែរ (Cedoreck), អារម្ភបទថ្មីដោយ សាវរស ពៅ, ១៩៨៤, ទំព័រ៩៥‑១១១។