Sunday, March 5, 2017


កំណើតគ្រុឌ និងមូលហេតុគ្រុឌក្លាយជាជំនិះរបស់ព្រះវិស្ណុ

ប្រសិនបើយើងយោងតាមទេវកថា គ្រុឌ និងនាគ គឺជាសត្រូវនឹងគ្នា ពុំមែនជាមិត្តនឹងគ្នានោះទេ ។ នាគតែងតែរត់គេចពីគ្រុឌ គ្រប់ពេលដែលខ្លួនបានឮសន្ធឹកនៃដំណើរមកដល់របស់គ្រុឌ ព្រោះនាគជាសត្រូវផង និងជាចំណីដ៏ឆ្ងាញ់ពិសារបស់គ្រុឌផងដែរ ។

គ្រុឌ គឺជាសត្វទេពដ៏មានមហិទ្ធិរិទ្ធិ និងម្យ៉ាងទៀតគឺជាយានជំនិះរបស់ព្រះវិស្ណុ ដែលជាអាទិទេពចម្បងមួយអង្គនៅក្នុងចំណោមអាទិទេពត្រីម៌ូតិ ។ ដើម្បីជាជំនួយដល់ការឈ្វេងយល់អំពីកំណើតរបស់គ្រុឌ, ឫទ្ធិបារមីរបស់គ្រុឌ ក៏ដូចជាមូលហេតុដែលនាំឲ្យគ្រុឌក្លាយជាជំនិះរបស់ព្រះវិស្ណុ យើងនឹងសាកល្បងលើកយកអត្ថបទឧទ្ទេសនិទាន (version) ស្ដីពីគ្រុឌមួយចំនួន ក្នុងចំណោមឧទ្ទេសនិទានដ៏ច្រើនដែលក្រងចងជាប្រវត្តិនៃគ្រុឌនេះលើកយកមកបង្ហាញដូចតទៅ ៖



ក/.​រឿងទី១ ស្ដីពី “គ្រុឌ”

          មហាឥស្សី កស្សបៈ មានភរិយាពីររូបគឺនាងកាឌ្រុ និងនាងវីនីតា ។ នាងកាឌ្រុបានផ្តល់កំណើតកូនជាសត្វពស់មានចំនួនរាប់សិបពាន់ក្បាល ហើយត្រូវបានចាត់ទុកថាបុព្វការីនៃសត្វពស់នៅលើផែនដីនេះ។ ចំណែក ឯនាងវីនីតាបានផ្តល់កំណើតឲ្យសត្វគ្រុឌដ៏មានអំណាចឬទ្ធានុភាព។ ថ្ងៃមួយនាងកាឌ្រុ និងនាងវីនីតា បានលេងល្បែងភ្នាល់គ្នាដោយទាយ ពណ៌កន្ទុយសេះក្បាល៧ អាចហោះបានដែលកើតចេញពីការកូរសមុទ្រទឹកដោះ។
          នាងកាឌ្រុបានទាយថាកន្ទុយសេះមានពណ៌ខ្មៅ រីឯនាងវីនីតា ថាពណ៌ស។ ពួកគេបានភ្នាល់គ្នាថានរណាក៏ដោយឲ្យតែចាញ់ គឺត្រូវតែ បម្រើអ្នកឈ្នះ។ នាងកាឌ្រុបានប្រើល្បិចបោកប្រាស់នាងវីនីតាដោយប្រើ ឲ្យកូនរបស់ខ្លួនដែលជាសត្វនាគក្លែងខ្លួនធ្វើជាកន្ទុយសេះ។ ដូច្នេះហើយ នាងវីនីតាត្រូវបម្រើនាងកាឌ្រុ និងកូន។ នាងកាឌ្រុ បានធ្វើបាបនាង វីនីតាយ៉ាងខ្លាំងក្លា។
          ប៉ុន្តែក្រោយមកពពួកនាគថានឹងយល់ព្រមដោះលែងគ្រុឌ និងម្តាយ ប្រសិនជាគ្រុឌអាចទៅយកទឹកអម្រឹតរបស់ព្រះឥន្ទបាន។ គ្រុឌបាន ប្រឹងប្រែងយ៉ាងខ្លាំង ហើយទីបំផុតទទួលបានទឹកអម្រឹត ហើយបានរំ ដោះខ្លួន និងម្តាយពីទាសភាពរបស់នាគ និងនាងកាឌ្រុ។ ក្រោយមកគ្រុឌ និងម្តាយបានដឹងពីល្បិចនេះ ហើយបានដាក់បណ្តាសាដល់នាង កាឌ្រុថារាល់កូនរបស់នាងកាឌ្រុទាំងអស់គឺត្រូវតែក្លាយទៅជាចំណីរបស់កូនខ្លួន។
          និយាយកាលដែលគ្រុឌទៅលួចយកទឹកអម្រឹតពីព្រះឥន្ទ គ្រុឌបាន សំដែងឬទ្ធីចេស្តារយ៉ាងអស្ចារ្យ និងមានភាពស្មោះត្រង់ រហូតបាន ដឹង ដល់ព្រះវិស្ណុ ហើយព្រះវិស្ណុបានផ្តល់ពរជ័យ ព្រមទាំងយកគ្រុឌធ្វើ ជាយានជំនិះរបស់ព្រះអង្គ។ អនុភាពហោះហើររបស់គ្រុឌគឺលឿនជារន្ទះ ហើយកំលាំងខ្យល់ពីស្លាបរបស់គ្រុឌគឺខ្លាំងលើព្យុះសង្ឃរានានា។
ព្រះឥន្ទបានមកស្កាត់ផ្លូវគ្រុឌ ប៉ុន្តែអ្នកទាំងពីរមិនប្រយុទ្ធគ្នានោះទេ ដោយ គ្រុឌសន្យាថានឹងប្រគល់ទឹកអម្រឹតដល់ព្រះឥន្ទវិញ ក្រោយពេល ប្រគល់ឲ្យនាគហើយនោះ ហើយព្រះឥន្ទសន្យាថានឹងធ្វើឲ្យបណ្តាសា របស់គ្រុឌ និងម្តាយក្លាយជាការពិត។
          នៅពេលយកទឹកអម្រឹតមកដល់ មុខនាគហើយនោះ គ្រុឌបានប្រើល្បិចប្រាប់ដល់នាគថាចាំបាច់ ត្រូវធ្វើពិធី សិនមុនពេលផឹកទឹកអម្រឹតនេះ ហើយនៅពេលដែលពួកនាគកំពុងធ្វើ ពិធីនោះព្រះឥន្ទបានមកយកទឹកអម្រឹតទៅវិញតែកំពប់ទឹកខ្លះនៅលើស្មៅ។ នៅពេលដែលឃើញទឹកកំពប់នៅលើស្មៅហើយ ពួកនាគទាំងឡាយខំ ប្រឹងលិទ្ធទឹកអម្រិតទាំងនោះរហូតដល់អណ្តាតប្រេះជាពីរដោយសារស្មៅ រហូតដល់សព្វថ្ងៃនេះ ព្រះវិស្ណុបានផ្តល់វេហារទាំងមូលជាទីលំនៅរបស់គ្រុឌ ហើយរៀបការគ្រុឌ ជាមួយនាងឧណាតី។
          គ្រុឌនិងនាងឧណាតីមានកូនពីរនាក់គឺសម្ប៉ាទិ និងជតាយុ ដែលកូនទាំងពីរនេះមានតួនាទីផងដែរនៅ ក្នុងរឿង រាមាយាណៈ។ ក្រៅពីយានជំនិះរបស់ព្រះវិស្ណុ គ្រុឌគឺជាបរិវារដ៏ស្មោះត្រង់ ដែលត្រូវបានគេឲ្យឈ្មោះថា បរិវារជាន់ខ្ពស់ រីឯហនុមានគឺជាបរិវារ ជាន់ទាប។[1]


ខ/.រឿងទី ២ ​ស្ដីពី “គ្រុឌ”

ឥសីកាស្យាបៈ មានភរិយា ១៣នាក់ ដែលជាបុត្រីរបស់ទក្សា(ជាបុត្រាព្រះព្រហ្ម កើតចេញពីម្រាមមេដៃ) ឥសីកាស្យាបៈ (ជាឪពុករបស់ពពួកអប្សរ) បានប្រទានពរដល់ភរិយារបស់ព្រះអង្គ មុននឹងចេញទៅធ្វើតបៈ នាងកាទ្រុ បានសូមពរឲ្យមានកូន១០០០ ក្បាល កើតមកជាសត្វនាគ ចំណែកបងស្រីរបស់នាងកាទ្រុគឺនាងវិណាត ច្រណែន ក៏បានសូមពរឲ្យមានកូនពីរអ្នក ដែលខ្លាំងជាងកូនរបស់នាងកាទ្រុ ។
          ក្រោយមកនាងកាទ្រុ ក៏សម្រាលបានពងសត្វចំនួន ១ពាន់ចំណែកនាងវិណាត សម្រាលបានពងសត្វចំនួន ២ ក្រោយពីប្រើវិធីក្រាបពងក្នុងទឹកក្តៅ ៥០០ឆ្នាំ ពងទាំង១០០០ របស់នាងកាទ្រុ ក៏ញាស់ជានាគ ចំណែកឯកូនរបស់នាងវិណាតមិនព្រមញាស់សោះ នាងវិណាតស្តាប់តាមនាងកាទ្រុឲ្យបំបែកពងនោះ នាងវិណាតក៏បំបែកពងមួយ ដែលកើតបានជាព្រះអរុណ មានពាក់កណ្តាលខ្លួនជាមនុស្ស ដោយកើតមកមិនពេញលក្ខណៈ ។
          ព្រះអរុណក៏ដាក់បណ្តាសារម្តាយគឺនាង វិណាត ឲ្យក្លាយជាទាសកររបស់នាងកាទ្រុ ៥០០ឆ្នាំ រហូតដល់កូនទីពីររបស់នាងញាស់ ហើយព្រះអរុណក៏បានហោះទៅធ្វើជាសារថីឲ្យព្រះសូរិយា ។ តាមទេវកថានេះតំណាលថាដោយសារតែបានព្រះអរុណនេះជាអ្នកបាំងកម្តៅព្រះអាទិត្យទើបកម្តៅរបស់ព្រះអាទិត្យមិនបានធ្វើឲ្យផែនដីឆេះខ្លោច ។​
          នាងវិណាត បានចាញ់ការភ្នាល់បោកប្រាសរបស់នាងកាទ្រុដោយនាងកាទ្រុសួរថាសេះអូសរទេះរបស់ព្រះសុរិយាមានសំបុរអ្វី ? នាងវិណាតថាពណ៌ស តែនាងកាទ្រុថាពណ៌សលាយខ្មៅហើយនាងកាទ្រុក៏ប្រើឲ្យកូននាគរបស់នាងកាឡាខ្លួនជាអង្កត់ខ្មៅទៅនៅជាប់លើសេះអូសរទេះរបស់ព្រះសូរិយា ទើបធ្វើឲ្យនាងវិណាត ក្លាយជាទាសកររបស់នាងកាទ្រុនិងពពួកនាគ ។
          ពងរបស់នាងវិណាតមួយទៀតដែលត្រូវភ្ញាស់នៅក្នុងពេល ១០០០ឆ្នាំ ក៏បានញាស់មកជា ពាក់កណ្តាលខាងលើដូចមនុស្ស ពាក់កណ្តាលខាងក្រោមជាសត្វស្លាប ដោយមានដងខ្លួនក្រហម មុខស និងរោមពណ៌មាស គេទទួលបានឈ្មោះថាសុពណ៌ (ក្រោយមកទទួលបានឈ្មោះជាគ្រុឌវិញ) ។ ដោយចង់រំដោះម្តាយរបស់ខ្លួនពីទាសភាពសុពណ៌បានទៅស្នើឲ្យពពួកនាគព្រមដោះលែងម្តាយរបស់ខ្លួនពួកនាគបានប្រាប់ឲ្យ សុពណ៌ទៅលួចទឹកអម្រិតពីព្រះឥន្ទ្រយកមកធ្វើជាថ្នូរនឹងម្តាយរបស់ខ្លួន ។
          សុពណ៌ក៏ព្រម តែដើម្បីអាចហោះទៅដល់ស្ថានព្រះឥន្ទ្របាន ម្តាយរបស់គ្រុឌបានប្រាប់ឲ្យ សុពណ៌ទៅស៊ីពួកអំបូរអ្នកនេសាទមួយក្រុម តែជៀសវៀងកុំស៊ីដោយព្រាហ្មម្នាក់នៅជាមួយពួកអ្នកនេសាទនោះ គ្រុឌក៏ធ្វើតាម តែសុពណ៌ច្រឡំស៊ីដោយទាំងព្រាហ្ម ធ្វើឲ្យក្តៅពោះត្រូវខ្ជាក់ចេញមកវិញ ។ សុពណ៌បានទៅសួរឪពុករបស់ខ្លួនរកចំណីឲ្យស៊ី ឥសីកាស្យាបៈក៏បានប្រាប់ឲ្យ សុពណ៌ទៅចាប់ដំរីនិងអណ្តើក ដែលកំពុងឈ្លោះគ្នាធ្វើជាចំណី ដើម្បីរំដោះបាបរបស់ពួកគេ ព្រោះថាសត្វទាំងពីរធ្លាប់ព្រាហ្មណ៍កាលពីជាតិមុន តែត្រូវមកកើតជាសត្វដោយសារដាក់   បណ្តាសារគ្នាទៅវិញទៅមក ។ សុពណ៌បានចាប់ដំរី និងអណ្តើកទៅស៊ីនៅលើមែកពោធិ៍មួយ (មែកពោធិ៍នោះមានប្រវែង ១០០០ យោជន៍)ពេលទំលើមែកពោធិ៍ ៗក៏បម្រុងនឹងបាក់ទៅលើពួកព្រាហ្មណ៍តឿកំពុងធ្វើតបៈ សុពណ៌ខ្លាចបាក់មែកពោធិ៍លើពួកព្រាហ្មណ៍ក៏ហោះពាំមែកពោធិ៍ចេញទៅ ពួកព្រាហ្មណ៍តឿក៏សរសើរនិងឲ្យពរទៅសុពណ៌ និងប្រទាននាមឲ្យ ថា គ្រុឌ ដែលមានន័យថាអ្នកដែលអាចទ្រាំទ្រនឹងទម្ងន់ដ៏ធ្ងន់ ។
          បន្ទាប់ពីនោះ គ្រុឌក៏បានហោះទៅលួចទឹកអម្រិតនៅស្ថានទេវលោកដោយបានឆ្លងកាត់មាត់ច្រកអគ្គី និងបានធ្វើឲ្យអសិរពិសនៅយាមទឹកអម្រឹតពីរក្បាលខ្វាក់ភ្នែក ដោយសារការទទះស្លាបបក់ធូលីចូលទៅក្នុងភ្នែករបស់ពស់ ។ ពេលលួចបានហើយហោះចេញមកវិញ ជួបនឹងព្រះវិស្ណុ ដោយឃើញថាគ្រុឌមានគុណធម៌លួចបានទឹកអម្រិតតែមិនផឹកដោយខ្លួនឯង ទើបព្រះវិស្ណុឲ្យពរទៅគ្រុឌឲ្យមានជីវិតអមតៈ ហើយគ្រុឌក៏សុខចិត្តធ្វើជាជំនះរបស់ព្រះវិស្ណុ ពេលហោះទៅមុខទៀតក៏បានជួបជានឹងព្រះឥន្ទ្រព្រះឥន្ទ្របានប្រើវជ្រា (ផ្លែរន្ទះ) បាញ់ទៅលើគ្រុឌ ដោយធ្វើឲ្យគ្រុឌរបូតរោមតែមួយប៉ុណ្ណោះ គ្រុឌបានចចារជាមួយព្រះឥន្ទ្រដោយសុំឲ្យយកទឹកអម្រឹតទៅរំដោះម្តាយសិន ហើយចាំឲ្យព្រះឥន្ទ្រទៅដណ្តើមយកទឹកអម្រឹតមកវិញ ព្រះឥន្ទ្រយល់ព្រមហើយក៏បានឲ្យពរឲ្យគ្រុឌអាចចាប់នាគយកមកធ្វើជាចំណីបាន ។ពេលគ្រុឌហោះនាំយកទឹកអម្រិតទៅឲ្យពពួកនាគ ពពួកនាគក៏ព្រមរំដោះនាងវិណាតពីទាសភាព ហើយគ្រុឌបានប្រាប់ឲ្យពពួកនាគ គួរតែលាងជម្រះខ្លួនសិន មុននឹងផឹកទឹកអម្រឹត ពពួកនាគក៏ធ្វើតាម ។
          ហើយក៏បានយកស្លឹកស្មៅម្យ៉ាងទៅគ្របលើថូរទឹកអម្រឹត ។ ពេលពពួកនាគចុះងូតទឹក ព្រះឥន្ទ្រក៏ចុះមកឆក់យកថូរទឹកអម្រិតទៅវិញ ហើយស្មៅដែលគ្របថូរមានជាប់ទឹកអម្រឹតក៏ធ្លាក់ចុះមកក្រោម ពពួកនាគឡើងមកមិនឃើញទឹកអម្រិតក៏បានត្រឹមលិតទឹកអម្រិតដែលនៅជាប់នឹងស្លឹកស្មៅនោះ ធ្វើឲ្យពួកគេរយះអណ្តាតព្រែកជាពីរ ។ តាំងពីនោះមក នាគ និងគ្រុឌ មិនត្រូវគ្នានោះទេ គ្រុឌតែងតែចាប់នាគស៊ី ជាហេតុបណ្តាលឲ្យនាគត្រូវទៅពួននៅក្នុងទឹក ។ ដោយលេបថ្មដើម្បីធ្វើឲ្យខ្លួនរបស់ពួកគេធ្ងន់ លិចទៅក្នុងទឹកហើយនៅពេលគ្រុឌចាប់នាគបាន គ្រុឌក៏លើកកន្ទុយរបស់នាគឡើងដើម្បីទម្លាក់ថ្មចេញសិន មុននឹងស៊ីនាគ ។ ស្តេចនាគមួយក៏បានចូលទៅស្មោះស្ម័គ្រនឹងព្រះវិស្ណុដើម្បីបញ្ជៀសខ្លួនពីការចាប់របស់គ្រុឌ នាគនោះគឺនាគអនន្ត ចំណែកឯនាគពិសមួយទៀតគឺនាគកាលិយៈ បានរត់គេចខ្លួនទៅនៅក្នុងបឹងមួយនៃទន្លេយមុនា ក្បែរភូមិវរិន្ទវ័ន ជាភូមិរបស់ព្រះក្រឹស្ណៈ ក្រោយមកនាគនោះត្រូវបានបង្ក្រាបដោយព្រះក្រឹស្ណៈ តែមិនបានសម្លាប់នោះទេ នាគកាលិយៈទៅពួននៅទីនោះដើម្បីជៀសពីគ្រុឌ ព្រោះគ្រុឌមិនអាចចូលទៅបឹងនោះបានដោយសារត្រូវបណ្តាសាររបស់ឥសីមួយអង្គ ។


គ/.រឿងទី ៣ ស្ដីពី “គ្រុឌ”

តាមអត្ថបទមួយមានចំណោងជើងថា «មុខ្ទិសៈ» ដែលសម្ដែងឡើងដោយមហាឥសីជាព្រាហ្មណ៍គណៈសិវនិកាយមួយអង្គ ព្រះនាមថា «តិរុគុរិពុទន្តា» មានសេចក្ដីនិទានដូចខាងក្រោម ៖
​            “កាលនោះមានយោគ្ហិនមួយអង្គនាម កស្សាបៈ គង់នៅឋានពិភពភ្នំអណ្ដែត នាកណ្ដាលអវកាស ទ្រង់មានមហេសីពីរ ដែលមានរូបឆោមលោមពណ៌ល្អដូចគ្នា ។ ដោយការគោរពចំពោះមហាឫសីជាប្ដី​ ស្ត្រីទាំងពីរក៏រឹតតែមានលំអរបន្តិចម្ដងៗថែមទៀត ។
កម្រិតនៃគុណសម្បត្តិ និងរូបសម្បត្តិដែលចេះតែវិវឌ្ឍទៅរហូតបានបង្កើតជាមហិច្ឆិតាគឺ ស្ដេចនៃសេចក្ដីច្រណែនរវាងស្ត្រីទាំងពីរ ។ ម្នាក់ៗចង់ដឹងថា តើប្ដីស្រឡាញ់ខ្លួនឬស្រឡាញ់គេជាង
?
ថ្ងៃមួយ នាងកាទ្រុ ដែលជាប្រពន្ធដើមបានពោលទៅនាង
សុបិណៈ ជាប្រពន្ធទីពីរថា “កិច្ចវត្តដែលយើងបានប្រព្រឹត្តចំពោះស្វាមីរបស់យើង ឃើញថាមានកម្រិតពុំលើសលោះជាងគ្នាប៉ុន្មានទេ តែរូបសម្បត្តិបងនឹងប្អូនឯងហាក់ដូចជា មា នសភាពប្រែប្រួលខ្លះ ។ តាមបងយល់លំអដែលបងបានសង្កេតឃើញខ្លួនបងទៅក្នុងកញ្ចក់ទឹកស្រះប្រសិទ្ធិបានបញ្ជា ក់ឲ្យបងដឹងខ្លួនឯងថា បងមានរូបល្អជាងប្អូនឯងហើយ”។
នាងសុបិណៈជាប្រពន្ធទីពីរលុះឮនាងប្រពន្ធដើមពោលដូច្នោះក៏ឆ្លើយថា “ខ្ញុំពុំបានឃើញថា រូបរបស់បងស្រីឯងល្អជាងខ្ញុំទេ ព្រោះថាអ្វីៗដែលទឹកស្រះបញ្ចាំងមកនោះជាភាពពុំពិតទេ” ។
លុះឮសម្ដីរបស់ប្រពន្ធចុងពោលដូច្នោះ នាងកាទ្រុក៏និយាយថា “យើងនឹងដាក់លក្ខខណ្ឌភ្នាល់គ្នាមួយ ព្រមទាំងចុះកិច្ចសន្យាមួយថា បើនរណាល្អជាងត្រូវបានជ័យជំនះ ហើយអ្នកចាញ់ត្រូវនៅបម្រើអ្នកឈ្នះ ព្រមទាំងគោរពតាមបញ្ជារបស់អ្នកឈ្នះផង” ។
កាលនោះនាងប្រពន្ធចុងយល់ព្រមហើយ បាននាំគ្នាទៅសួរមហាឫសីជាប្ដីឲ្យបញ្ជាក់ប្រាប់ខ្លួនគេផងថា តើនរណាមានរូបសម្បត្តិល្អជាង
?
មហាឫសីកស្សាបៈយល់ដល់សេចក្ដីច្រណែនរបស់នាងកាទ្រុជាប្រពន្ធដើម ដែលតែងតែចង់ឈ្នះនាងប្រពន្ធចុងជានិច្ចនោះ ហើយដោយគាត់ចង់បញ្ចប់ននូវជម្លោះរវាងស្ត្រីទាំងពីរនោះផង ក៏ពោលថានាងកាទ្រុជាប្រពន្ធដើមមានលំអស្រស់ជាងនាងសុបិណៈជាប្រពន្ធចុង ។ ពោលហើយឫសីក៏ដើរចេញទៅវិញ ដោយពុំបានដឹងថា ស្ត្រីទាំងពីរបានដាក់លក្ខខណ្ឌភ្នាល់គ្នាយ៉ាងធ្ងន់នោះទេ ។ លុះឮសេចក្ដីបញ្ចប់របស់ប្ដីហើយ នាងកាទ្រុក៏បោលទៅនាងសុបិណៈថា “បើនាងជាស្ត្រីគោរពពាក្យសច្ចៈ ចូរនាងធ្វើតាមបញ្ជារបស់យើងឃ្លាម ។ យើងសូមឲ្យនាងចេញពីភ្នំនេះទៅនៅភ្នំមួយទៀត ហើយរស់នៅតែម្នាក់ឯងក្នុងភ្នំនោះចុះ! ម្យ៉ាងទៀតការធ្វើដំណើររបស់នាង ពេលនេះពុំត្រូវឲ្យកស្សាបៈដឹងជាដាច់ខាត!” ។
កាលណោះនាងសុបិណៈបានបង្ហូរទឹកភ្នែកអង្វរករនាងកាទ្រុដោយប្រការផ្សេងៗ តែនាងប្រពន្ធដើមដែលមានចឹត្តដូចថ្មបានបដិសេធនូវពាក្យអង្វរយ៉ាងដាច់អហង្ការ ។
យល់ថាជាការឥតប្រយោជន៍ នាងប្រពន្ធចុងក៏ស្រែកដង្ហោយម្នាក់ឯងថា “ឱ! ព្រះជាម្ចាស់! បើសិនជាការវិនិច្ឆ័យនេះយុត្តិធម៌មែន សូមឲ្យរាងកាយខ្ញុំរលាយបាត់ទៅ! តែបើសិនជាសេចក្ដីបញ្ជាក់របស់ប្ដីខ្ញុំពុំយុត្តិធម៌ ហើយពុំមែនដុះចេញពីក្នុងចិត្តមកទេ សូមឲ្យស្រីអប្រិយ៍នេះបង្កើតកូនមកកាលណាក្លាយជាចំណីរបស់កូនខ្ញុំកុំបីខាន!” ។
កាលនោះឥសីកស្សាបៈដែលកំពុងអង្គុយស្មឹងស្មាធិ៍ឮសូរសម្លេងយំដង្ហោយនេះ ។ តាបសបានវិលត្រឡប់មករកម្ចាស់សម្លេង គាត់ឃើញនាងសុបិណៈកំពុងយំ ហើយពោលពាក្យដដែលឡើងវិញ ។
កស្សាបៈឥសី ដែលមានអាយុជិត ៥សតវត្សមកហើយ មានសេចក្ដីភិតភ័យជាខ្លាំង ព្រោះការវិវាទរវាងស្ត្រីទាំងពីរនឹងបង្កើតមានអព្ភូតហេតុថ្មីៗទៀតទៅថ្ងៃមុខពុំខាន ។ ពេលនោះគាត់បានហៅនាងកាទ្រុជាប្រពន្ធដើម ឲ្យមកដកសេចក្ដីសម្រេចចិត្តនេះវិញ ។ នាងកាទ្រុដោយយល់ដល់តាបសជាប្ដី ក៏សុខចិត្តដកបញ្ជារបស់ខ្លួនទៅលើនាងសុបិណៈចេញ តែនាងបានដាក់បញ្ជាថ្មីមួយជំនួស គឺឲ្យនាងសុបិណៈត្រឡប់មកនៅជាមួយគ្នាវិញ ក្រោយពេលដែកត្រូវទៅរកទឹកអម្រឹតពីឋានទេវតាមកប្រគល់ឲ្យខ្លួនជាមុនសិន ។ បញ្ជាជាលើកទីពីរនេះ បានធ្វើឲ្យកស្សាបៈយកដៃទាំងពីររបស់គាត់ខ្ទប់ត្រចៀក ហើយដើរចេញពីទីនោះទាំងក្រៀមក្រំចិត្តយ៉ាងខ្លាំង ។
នាងសុបិណៈបានធ្វើដំណើរចេញពីលំនៅរបស់ខ្លួនតម្រង់ទៅក្រុងកញ្ជីបុរី ដែលជាទីប្រជុំនៃពពួកព្រាហ្មណ៍កាន់សាសនាព្រះសិវៈ ។ ដល់ហើយនាងបានចូលទៅគោរពសិវលឹង្គក្នុងព្រះវិហារមួយឈ្មោះថា មុខ្ទិសៈ ហើយរៀបចំសម្ដែងតបៈនៅទីនោះ ។
ដោយការខំប្រឹងប្រែងក្នុងសមាធិកម្មដ៏ប្រពៃ ព្រះសិវៈក៏បានយាងមកបង្ហាញរូបចំពោះនាង ។ ព្រះទេវៈដែលមានចំណិតខែលំអកេសាបានប្រទានពរ ឲ្យព្រាហ្មណ៍សុបិណៈមានបុត្រម្នាក់ប្រកបដោយឫទ្ធីបារមីអាចទៅយកទឹកអម្រឹតពីឋានទេវលោកបាន ។
ក្រោយមកនាងព្រាហ្មណ៍បានប្រសូតបុត្រមួយដែលមានរូបរាងជាស្ដេចបក្សី ហើយមានរស្មីក៏ដូចព្រះអាទិត្យ ។ គឺជាគ្រុឌបក្សាដែលព្រះអាទិទេពបញ្ជាឲ្យមកកើតដើម្បីបំបេញបេសកកម្មក្នុងការយកទឹកអម្រឹតពីឋានសួគ៌ ។
លុះស្ដេចគ្រុឌធំពេញកម្លាំងមែនទែនហើយ នាងសុបិណៈបាននិយាយរឿងរ៉ាវទាំងឡាយប្រាប់កូនសព្វគ្រប់​ ព្រមទាំងបញ្ជាក់ពីសេចក្ដីសម្រេចចិត្តរបស់នាងកាទ្រុក្នុងការកំចាត់នាងឲ្យឃ្លាតឆ្ងាយពីឥសីកស្សាបៈផង ។
ដោយឥតបង្អែបង្អង់ខាតពេល ស្ដេចបក្សីបានបោះពួយសំដៅឋានសួគ៌ និម្មិតកាយជាខ្យល់ឆាបឆក់យកទឹកអម្រឹតដែលមានទេពនិកររក្សាទុកក្នុងវិមានប្រសិទ្ធិនោះបានមួយរំពេច ។
ពេលគ្រុឌហោះមកដល់ពាក់កណ្ដាលផ្លូវ ក៏ប្រទះព្រះវិស្ណុ អាទិទេពកងចក្រ ដេលធ្លាប់ចែកទឹកអម្រឹតដល់ពួកទេវតាពិពេលមុន ទ្រង់យាងមកឃាំងផ្លូវដោយព្រះភ័ក្ដ្រញញឹមពព្រាយ ។
ស្ដេចបក្សីក្ដៅចិត្តនឹងកាតឃាត់ឃាំងនេះ ដោយពុំបាច់និយាយឲ្យវែងឆ្ងាយក៏ចាប់ប្រយុទ្ធមួយរំពេច ។ ការប្រយុទ្ធបានប្រព្រឹត្តទៅអស់រយៈ ២១ថ្ងៃ ទើបព្រះវិស្ណុទ្រង់ជ្រាបថា គ្រុឌជាបក្សីមានកម្លាំងអមតៈ ពោលគឺពុំចេះហត់ ហើយព្រះអង្គក៏ប្រើបញ្ញា ដើម្បីបង្ក្រាបសត្រូវនេះ ។
មានព្របន្ទូលថា “យើងសូមសរសើរចំពោះសេចក្ដីអង់អាច និងកម្លាំងអមតៈរបស់ឯង ដូច្នេះពុំគ្រាន់តែឈប់ឃាត់ផ្លូវដំណើរឯងប៉ុណ្ណោះ តែយើងនឹងប្រទានរង្វាន់មួយដល់ឯង ឯងប្រាប់មកយើងមើល៍ តើឯងចង់បានអ្វីទៀត
?”

(ចម្លាក់​គ្រុឌ​ជាន់​នាគ​នៅ​សង​ខាង​គោបុរៈ​នៃ​កំពែង​ទី​១​ខាង​ក្រៅ​នៃ​ប្រាសាទ​ព្រះខ័ន)

គ្រុឌក៏ឆ្លើយថា “យើងគ្មានចង់បានអ្វីពីឯងទេ ផ្ទុយទៅវិញ យើងត្រៀមខ្លួន ជាស្រេចនឹងផ្ដល់ដល់ឯងនូវអ្វីដែលឯងចង់បាន ដោយពាក្យ   ​  សច្ចៈនេះ ចូរឯងប្រាប់យើងពីគោលបំណងឯងមកចុះ!”
ដោយព្រះភ័ក្ត្រញញឹមជានិច្ច ព្រះវិស្ណុទ្រង់ត្រាស់ថា “យើងចង់បានឯងជាជំនិះ ព្រមទាំងចង់បានទឹកអម្រឹតមកវិញ!”
គ្រុឌទាល់ប្រាជ្ញាក៏ថ្វាយទឹកអម្រឹតទៅព្រះវិស្ណុវិញ ព្រមទទួលខ្លួនជាជំនិះរបស់ទេវអង្គនេះរហូតទៅ ។
ព្រះវិស្ណុដោយទ្រង់យល់ដល់មហាបេសកកម្មដ៏មានតម្លៃរបស់ជំនិះព្រះអង្គ ទ្រង់ក៏យកទឹកអម្រឹតទៅឲ្យនាងសុបិណៈ ដើម្បីឲ្យរួចខ្លួនពីទណ្ឌកម្មរបស់នាងកាទ្រុ ។
          ដោយទ្រង់ចង់បង្រួបបង្រួមគ្រួសារតាបសឥសីឲ្យបានដូចដើមវិញ ​ព្រះវិស្ណុក៏បញ្ជាឲ្យគ្រុឌចាប់ពស់ដែលជាកូនរបស់នាងកាទ្រុស៊ីជាអាហារអស់គ្មានសល់ ។
នាងកាទ្រុយល់នូវកំហុសរបស់ខ្លួន ក៏ក្រាបក្បាលសូមសេចក្ដីសណ្ដោសពីព្រាហ្មណ៍សុបិណៈ ។ ក្រោយដែលទ្រង់បានសម្រុះសម្រួលភរិយាទាំងពីររបស់ឥសីកស្សាបៈឲ្យស្រឡាញ់គ្នាដូចដើមវិញហើយ ទ្រង់ក៏ឡើងជិះលើស្មាគ្រុឌ ហោះសំដៅសមុទ្រទឹកដោះដែលនៅទីនោះមាននាគអនន្តុ បានមកទទួលព្រះអង្គពីឆ្នេរច្រាំងសមុទ្រតទៅទៀត ។

ឃ/.រឿងទី ៤ ស្ដីពី “គ្រុឌ”

            Garuda គឺ​ជា​សេ្ដច​នៃ​បក្សី​ទាំង​ឡាយ​ ហើយ​ក៏​ជា​អ្នក​នាំ​សារ​វាង​ទេវនិងមនុស្ស​លោក​ផង​ដែរ។ Garuda មាន​ក្បាល​ ស្លាបពីរ​ ក្រញ៉ាំ​និង​ចំពុះ​ឥន្រ្ទី​ ចំនែក​រាង​កាយ ​និង​អវយវៈជា​មនុស្ស​ប្រុស។​ ម្ដាយរបស់​ Garuda​ គឺ​ Vinata ​ឯឪពុក​គឺ ​Kasyapa។ នៅ​ពេល​ដែល ​Garuda ​ញាស់​ចេញ​ពី​ស៊ុត​ គេ​ពិត​ជា​ឃ្លាន​ខ្លាំង​ណាស់។ ម្ដាយ​របស់​គេ​បាន​បញ្ចូន​គេ​ទៅ​ឱ្យ​ឪពុក​របស់​គេ​ ហើយ​ឪពុក​របស់​គេ​ក៏​បាន​បញ្ជូន​គេ​ទៅ​កន្លែង​មួយ​ដែ​ល​អាច​រក​ចំណី​បាន Garuda​ អាច​ស៊ី​ជន​ជាតិ​ដើម​ដែល​រស់​នៅ​កន្លែង​នោះ​ ប៉ុន្ដែ​គេ​បាន​ដោះលែង​ Brahmin (ព្រាហ្មណ៍) ។ ជា​យថាហេតុ​ Garuda​ ​បាន​លេប​ព្រាហ្មណ៍​ម្នាក់​ហើយ​ស្លាក់​ជាប់​បំពង់​ក។ ព្រាហ្មណ៍​នោះ​បាន​និយាយ​ថា នឹង​ទុក​ជីវិត​ឱ្យ​គេ​ប្រសិន​បើ​គេ​មិន​ស៊ី​សាច់​ញាតិ​របស់​ខ្លួន។ ដោយ​ខ្លាច​ព្រាហ្មណ៍​សម្លាប់​ Kasyapa ក៏​បញ្ជា​ឱ្យ​កូនខ្ជាក់​យក​ព្រាហ្មណ៍​ និង​ជន​ជាតិ​ដើមនោះ​ចេញ​មក​វិញ។
          នៅ​តែ​មិន​បាត់ឃ្លាន ឪពុក​របស់​Garuda បាន​បញ្ជូន​គេ​ទៅ​មហា​សមុទ្រ ជាទី​កន្លែង​ដែល​ដំរី​យក្ស​១ និង​អណ្ដើក​យក្ស​១​ ប្រយុទ្ធ​គ្នា។ Kasyapa បាន​ចាប់​ពួក​គេហើយ​​ហោះ​ទៅ​លើ​មេឃ។ នៅ​ពេល​ដែល​Garuda ទំ​លើ​មែក​ឈើ​ មែក​ឈើ​ក៏​បាក់​ ហើយ ​Garuda ពោរ​ពេញ​ដោយ​ភាព​ភ័យ​ខ្លាច​ដើម្បី​សម្លាប់​សត្វ​គោ​ច្រើនក្បាល​និង​ពពួក​ព្រាហ្មណ៍​ នៅ​ពេល​ Garuda​ធ្លាក់​ពី​មែក​ឈើ ប៉ុន្ដែ​ Garuda ​ចាប់​ពួក​វា​ស៊ី​បាន​ទាំង​អស់ ខណៈ​នោះ​ ព្រះ​វិស្ណុ​បាន​ឃើញ​បក្សី​មួយ​ ហើយ​ក៏​សួរ​ថា​តើGaruda កំពុង​ធ្វើ​អ្វី? សត្វ​បក្សី​នោះ​ឆ្លើយ​ថា​ គ្មាន​ដើម​ឈើ​ឯណា​ឬ​ភ្នំ​ណា​អាច​ទ្រ​ទម្ងន់​របស់ Garuda ​បាន​ឡើយ។ ព្រះ​វិស្ណុ​ បាន​ឱ្យ​ដៃ​របស់​ទ្រង់​ឱ្យ​ Garuda​ទំ​លើ​ ហើយ​ទ្រង់​គ្មាន​បញ្ហា​បន្ដិច​សោះ​ពេល ​Garuda​ ទំ​លើ។
          សូម្បី​តែ​ទើ​ប​ស៊ី​ហើយ​ក្ដី​ក៏​ Garuda នៅតែ​ឃ្លាន​ ដូច្នេះ​ព្រះវិស្ណុ​បាន​ ឱ្យ​សាច់​ដៃ​របស់​ទ្រង់​ទៅ​ Garuda ស៊ី។ នៅ​ពេល ​Garuda ចឹក​ស៊ី​ គ្មាន​ស្នាម​របួសបង្ហាញ​លើ​ដៃ​របស់​ព្រះវិស្ណុ​សោះ។ Garuda​ ក៏​ឱន​ក្បាល​គោរព​ព្រះ​វិស្ណុ​ ហើយ​ស្ម័គ្រ​បម្រើ​ដោយ​ភក្ដីភាព​។ ក្នុង​វីរ​កថា​ឥណ្ឌា​ជា​ច្រើន​និយាយ​ថា​ Garuda គឺ​ជា​យាន​ជំនិះ​របស់​ព្រះ​វិស្ណុ។
          ​​ពេល​មួយ​ដែល​ម្ដាយ​របស់ ​Garuda​ ជាប់​គុក​ដោយ​សារ ​Kadru ដែល​ជា​មាតា​​នៃសត្វ​ពស់​ទាំង​ឡាយ​ Garuda ​បាន​រក​មធ្យោបាយ​ជួយ​រំដោះ​ម្ដាយ។ ដើម្បី​ជា​ថ្នូរ សត្វ​ពស់​ទាំង​ឡាយ​ទាម​ទារ​ទឹក​អម្រឹត១​ពែង​ដែល​រក្សា​ទុក​ដោយ​ពួក​ទេវ​។ Garuda​ បាន​លួច​ទឹក​អម្រឹត​ពី​ពួ​កទេវ​ ហើយយ​គេ​អាច​លោះ​ម្ដាយ​បាន​មក​វិញ​។ នៅ​ពេល​សត្វ​ពស់​ទាំង​ឡាយ​រៀប​នឹង​ផឹក​ទឹក​អម្រឹត​នោះ​ស្រាប់​តែ​សត្វ​ឥន្ទ្រី​ស្ទុះ​មក​ដណ្ដើម​ពែង​ទឹក​នោះ​ពី​ពួក​ពស់​បាត់​ទៅ​។ ទោះជា​យ៉ាង​ណា​ មាន​ទឹក​អម្រឹត​២​-៣​ដំណក់​ត្រូវ​បាន​កំពប់​ ហើយ​ត្រូវ​សត្វ​ពស់​ទាំង​នោះ​លិឍ​ ជា​ហេតុធ្វើ​ឱ្យ​ពួក​វា​មិន​ចេះ​ស្លាប់​ ហើយ​អណ្ដាត​ព្រែក​ជា​ពីរ​។
          មាន​ការ​និទាន​ផ្សេង​ទៀត​ថា​ Garuda ​បាន​លួច​ទឹក​អម្រឹត​៤​លើក​ ហើយនៅ​កន្លែង​៤​ផ្សេង​គ្នា។ ដំណើរ​លួច​ទឹក​អម្រឹត​ប្រើ​រយៈ​ពេល​១២​ថ្ងៃ​ស្មើនឹង​១២​ឆ្នាំ​មនុស្ស​លោក។



(ចម្លាក់ព្រះវិស្ណុគង់លើគ្រុឌនៅជញ្ជាំងប្រាសាទក្រវ៉ាន់)





(ព្រះ​វិស្ណុ មាន​គ្រុឌ​ជា​ជំនិះ, ចម្លាក់​ផ្ដែរ​ ប្រាសាទ​ធម្មនន្ទ រចនាបថ​អង្គរវត្ត )




រៀបរៀងដោយ ៖​ សេង សុវណ្ណដារ៉ា





ឯកសារពិគ្រោះ

សុខ សុត្ថាល, ទស្សនវិជ្ជាឥណ្ឌា និងពហុទេពនិយម, ភាគទី២, ការផ្សាយរបស់អ្នកនិពន្ធ, ១៩៧២

No comments:

Post a Comment