Sunday, March 5, 2017

រឿងចៅក្ដាំងបាយ


            កាលពីដើមមុនមានបុរសប្ដីប្រពន្ធនៅក្នុងនគរក្រុងទេពបុរី ក៏ចៅបុរសនោះមានកូន ប្រុសមួយ អាយុបាន៣ឆ្នាំ ចៅបុរសប្ដីប្រពន្ធស្លាប់ទៅ ។ កូននៅនឹងជីដូន ក៏កូននោះយំស៊ីតែ បាយក្ដាំង ឯជីដូន ក៏ឲ្យតែបាយក្ដាំងស៊ី  ឲ្យបាយក្ដៅស៊ី ចៅនោះពុំស៊ី ក៏ជីដូនសន្មតឲ្យឈ្មោះ ចៅក្ដាំងបាយ ឯចៅក្ដាំងបាយនៅរកស៊ីពីរនាក់នឹងជីដូន​ បានស៊ីព្រឹកខ្វះល្ងាច បានស៊ីល្ងាច ខ្វះព្រឹក លុះចៅក្ដាំងបាយចម្រើនធំឡើង អាយុបាន៧ឆ្នាំចាំសេចក្ដី ក៏ខំប្រឹងរកស៊ីនឹងជីដូន តែរៀងទៅ ។ លុះអាយុបាន ១២ឆ្នាំ ក៏អស់ញាតិសន្ដាន គេបបួលថាចៅក្ដាំងបាយទៅរកត្រីស៊ី ទេ ចៅក្ដាំងបាយថាទៅក៏ទៅ ប៉ុន្តែអស់បង ប្អូនទៅមុនចុះ សឹមខ្ញុំទៅក្រោយ ក៏អស់បងប្អូន គេទៅមុនអស់ទៅ ឯចៅក្ដាំងបាយទៅក្រោយគេ អស់បងប្អូន គេយកត្រីរៀបឡើង ចៅក្ដាំង បាយទើបនឹងដល់មាត់បឹង ក៏ចៅក្ដាំងបាយឃើញដើមរាំងមួយ មានមែកនោះល្អ ក៏ឡើងទៅ ដេក ពុំគិតយកត្រីនឹងគេ ឯអស់បងប្អូនគេបានត្រីរាល់គ្នា គេឡើងវិលទៅផ្ទះវិញ ។ ឯចៅក្ដាំង បាយនៅដេកនៅមែករាំង ក៏ក្ដៅទៅដល់អាសានៈព្រះឥន្ទ្រាធិរាជ បើកទិព្វចក្ខទត មកឃើញ ចៅក្ដាំងបាយ ក៏ព្រះឥន្ទនឹកក្នុងព្រះចិន្ដាថា ឱចៅក្ដាំងបាយនេះមានបុណ្យណាស់ ដូច្នេះ អញមិនទៅបំពេញគាត់ ឃើញជាមិនបាន ក៏ព្រះឥន្ទនិម្មិតចុះមក ធ្វើជាត្រីរ៉ស់៣ ហែលមក ទន្ទឹមគ្នា នៅប្របខាងច្រាំង ឯចៅក្ដាំងបាយឃើញ ត្រីរ៉ស់នោះហែលមកទន្ទឹមគ្នាមក ក៏ចៅ ក្ដាំងបាយ ចុះពីដើមរាំង ទៅអង្គុយចាប់ត្រីនោះច្បូតលេង ត្រីនោះចាប់ស្រងល់ផ្ងារពោះ ចៅ ក្ដាំងបាយចាប់ត្រីទាំង៣ដោតនឹងវល្លិពុនឡើងដើរមក ។

          ក៏មានមហាសេដ្ឋីមួយ ចិញ្ចឹមឆ្មាមួយឈ្មោល ឯឆ្មានោះមានមាយាទល្អ ក៏មហាសេដ្ឋី តែងស្រឡាញ់ឆ្មានោះ លុះថ្ងៃមួយនោះ ឆ្មានោះឃើញមេទាសីលើកក្រយាមហាសេដ្ឋីមក ឆ្មា នោះវាស៊ីបាយ មុនមហាសេដ្ឋី ក៏មហាសេដ្ឋីខឹង ប្រើមេទាសីពីរនាក់ ឲ្យចាប់ឆ្មាយកទៅប្រោស ចោល ក៏មេទាសីនោះ វាចាប់ឆ្មានោះយកទៅប្រោស ជួបនឹងចៅក្ដាំងបាយពុនត្រីរ៉ស់៣ ចៅក្ដាំងបាយនិយាយសួរមេទាសីនោះថា អ្នកយកឆ្មាទៅណា? មេទាសីនោះវាប្រាប់មកចៅ ក្ដាំងបាយថា យកទៅប្រោស ក៏ចៅក្ដាំងបាយ បានឮមេទាសីថាយកឆ្មានោះទៅប្រោស ក៏ចៅ ក្ដាំងបាយថាអ្នកដូរឆ្មានោះឲ្យខ្ញុំ ខ្ញុំឲ្យអ្នកជាត្រីរ៉ស់ពីរ ឯ មេទាសីឮចៅក្ដាំងបាយថាឲ្យថ្លៃឆ្មាជា ត្រីរ៉ស់ពីរ ក៏មេទាសីនោះ វានិយាយគ្នាថា យើ!ឆ្មានេះ យកទៅចោលម្មៀត ឥឡូវចៅបុរស នេះ គាត់ឲ្យថ្លៃជាត្រីរ៉ស់ពីរ យើងឲ្យគាត់ចុះ យកត្រីរ៉ស់ពីរទៅស្ងោរស៊ី ក៏មេទាសីទាំងពីរ ឲ្យឆ្មា ទៅចៅក្ដាំងបាយ ចៅក្ដាំងបាយក៏ឲ្យត្រីរ៉ស់ពីរទៅមេទាសី ចៅក្ដាំងបាយក៏ពុនត្រីរ៉ស់មួយ ឱបឆ្មាដើរមកផ្ទះ ឯមេទាសីក៏ទៅផ្ទះទៅ ។ ចៅក្ដាំងបាយមកដល់ផ្ទះ យកត្រីរ៉ស់មួយឲ្យ ជីដូនធ្វើស្ងោរស៊ី ដល់យប់ដេកទៅ ឯឆ្មានោះយប់ស្ងាត់ក៏ទៅលួចពាំឆ្នាំងបាយត្រីអាំងមកឲ្យចៅក្ដាំង បាយតែសព្វថ្ងៃរៀងទៅ ។ ឯចៅក្ដាំងបាយតាំងពីបានឆ្មាមកថ្ងៃណា ពុំដែលអត់ឃ្លានអ្វី   ឡើយ ។

          ដល់ថ្ងៃក្រោយអស់បងប្អូន គេបបួលថា ចៅក្ដាំងបាយទៅរកត្រីស៊ីទេ ឯចៅក្ដាំងបាយ ថាទៅ អស់បងប្អូនញាតិសន្ដានក៏គេទៅមុនអស់ទៅ ចៅក្ដាំងបាយក៏ទៅក្រោយគេ អស់ញាតិ សន្ដានគេយក ត្រីបានរាល់គ្នាក៏ឡើងវិលទៅផ្ទះអស់ ឯចៅក្ដាំងបាយទៅដេកនៅមែរាំង ដូចអំពីដើម ក៏ព្រះឥន្ទនិម្មិត ជាត្រីរ៉ស់៣ហែលមកដូចអំពីមុន ចៅក្ដាំងបាយឃើញ​ ចុះពីដើម រាំង ទៅចាប់ត្រីនោះច្បូតលេង ក៏ត្រី នោះផ្ងារពោះស្រងល់ ចៅក្ដាំងបាយរកវល្លិដោតត្រីទាំង៣ នោះពុនមកផ្ទះ ។ ក៏មានសេដ្ឋីមួយដទៃ ទៀតចិញ្ចឹមឆ្កែ ក៏មេទាសីនោះ វាយកស្រូវទៅហាល នឹងបុកធ្វើជាក្រយាសេដ្ឋីនោះ ក៏ឆ្កែនោះ វាដើរទៅនោមជោក មហាសេដ្ឋីឃើញ ឲ្យមេទាសី នោះចាប់ឆ្កែនោះទៅប្រោសចោល ។ ជួបនឹងចៅក្ដាំងបាយពុនត្រីរ៉ស់៣មកពីបឹងក៏ចៅក្ដាំង បាយសួរមេទាសីថា អ្នកយកឆ្កែទៅណា? មេទាសីឆ្លើយថា យកទៅប្រោសចោល ។ ចៅក្ដាំង បាយឮមេទាសីថាយកឆ្កែទៅប្រោសចោល ចៅក្ដាំងបាយថា បើអ្នកយកទៅ ប្រោសចោល ដូរ ឲ្យខ្ញុំៗឲ្យត្រីរ៉ស់ពីរ ឯមេទាសីក៏ព្រម ចៅក្ដាំងបាយស្រាយត្រណោត ហូតត្រីពីរ   ឲ្យទៅមេ ទាសី ក៏ពុនត្រីបណ្ដើរឆ្កែមកផ្ទះ មេទាសីក៏ទៅផ្ទះវិញ ។ ចៅក្ដាំងបាយមកដល់ផ្ទះ យកត្រី១ទៅឲ្យជីដូនធ្វើស្ងោរស៊ី លុះយប់ដេកទៅ ព្រឹកឡើងក៏រកស៊ីដូចគេទាំងពួងតែសព្វថ្ងៃរៀង   ទៅ ។

          ក៏ទៅនិយាយពីស្ដេចភុជង្គនាគ នៅនគរបាតបាតាល ​ក៏អស់នាងនាគជាមហេសីតូចធំ បន្ទាប់កណ្ដាល មានចិត្តចង់ឡើងមកប្រពាតព្រឹទ្ធព្រៃឯនគរមនុស្សលោក ក៏បបួលគ្នាទៅលា ព្រះបាទភូជង្គនាគ ជាស្វាមីនឹងឡើងមកលេងព្រៃ​ឯនគរមនុស្សលោក ក៏ព្រះបាទភូជង្គនាគ ព្រះបើកឲ្យមហេសី ឡើងមកលេងព្រៃនគរមនុស្សលោក ក៏អស់មហេសីធំតូច នាំអស់បរិវារ ហោះឡើងមកលេងព្រៃជិត ក្រុងទេពបុរី ដែលចៅក្ដាំងបាយនៅ ។ ក៏មានមហេសីព្រះបាទ ភូជង្គនាគ នាងឈ្មោះ​នាងពៅនាគី ក៏នាងមានគភ៌ខែ ១០ គ្រប់បរិបូរនឹងសម្រាលពងថ្ងៃនោះ ក៏នាងលេងព្រៃនឹងគេ បេះផ្កាផល្លាផងទាំងឡាយ សប្បាយក្សេមក្សាន្តនៅឧទ្យានស្ថានមនុស្ស លោកនេះ ក៏នាងពៅនាគី នាងឈឺព្រះទរ នឹងប្រសូតពង ក៏នាងនឹងទប់ទល់ពុំបាន នាងទៅ រកព្រៃស្ងាត់ឆ្ងាយពីអស់ពួកបរិវារនាគី ក៏នាងប្រោសកន្លែងប្រសូតពងនោះរួចចេញមក ។​ ពងនោះពីរក៏នាងនឹងយកទៅពុំរួច នាងចោលពងទាំងពីរនៅទីនោះ ហើយនាងពុំនិយាយប្រាប់ នាងនាគបរិវារឲ្យដឹងឡើយ ហើយនាងក៏ទៅលេងបេះផ្កាផល្លានឹងគេវិញ ។ លុះសូរិយារសៀល ទន្ទាប ក៏អស់ហ្វូងនាគបបួលគ្នាហោះវិលមកនគរវិញ ។

          ទើបនិយាយពីញាតិសន្ដាន ផ្ទះខាងចៅក្ដាំងបាយ គេបបួលចៅក្ដាំងបាយ ថាចៅក្ដាំង បាយ ព្រឹកយើងចង់ទៅបណ្ដើរឆ្កែរកអណ្ដើស៊ីបានម្ដង ដ្បិតចៅក្ដាំងបាយឯង បានឆ្កែថ្មីយ៉ាង ជាគ្រាន់បើជាងឆ្កែអស់យើង ក៏ចៅក្ដាំងបាយថា អើ!ទៅក៏ទៅ ខ្ញុំចង់ទៅល្បងឆ្កែខ្ញុំមើលដែល តាំងពីបានមកមិនដែល ណ្ដើររកអណ្ដើម្ដងសោះ លុះព្រឹកឡើង ចៅក្ដាំងបាយទៅប្រាប់ ជីដូនឲ្យដាំបាយ ក៏ជីដូនដាំបាយឆ្អិន ចៅក្ដាំងបាយទៅដោះបាយ ណាបាយសាច់ៗឲ្យទៅឆ្កែ នឹងស៊ី ណាក្ដាំងៗ​ ចៅក្ដាំងបាយស៊ីខ្លួនឯង ។ លុះស៊ីរួច ហៅឆ្កែថា​បងឆ្កែមកយើងទៅព្រៃរក អណ្ដើស៊ី ក៏ចៅក្ដាំងបាយបន្ដើរឆ្កែ បែកពីគេទៅឆ្ងាយ ឯអស់ទាំងគេៗក៏បានអណ្ដើរាល់គ្នា ចៅក្ដាំងបាយក៏ដើរតែតាមផ្លូវ តាមតែឆ្កែ បើបានអណ្ដើក៏យក បើមិនបានក៏ថ្វី ចាំស្ដាប់តែ មាត់ឆ្កែ បើឮមាត់កោះទើបបានទៅមើល ។ ឯឆ្កែក៏បោលត្រត្រុករុកក្នុងព្រៃទៅ ក៏ឆ្កែនោះ ឃើញពងនាគ ឆ្កែនោះព្រុសងូងៗ៣ដង ចៅក្ដាំងបាយឮមាត់ឆ្កែព្រុស អរណាស់ ទះដៃ រត់ ទៅពីអាយ និយាយថាឆ្កែអញ ជាក់ជាប្រទះអណ្ដើហើយ ទើបវាព្រុសនេះ ក៏ចៅក្ដាំងបាយ រត់ទៅដល់ ឃើញពងនាគពីរធំៗ ចៅក្ដាំងបាយលាន់ថា យី! អញបានពងអណ្ដើស៊ីម្ដងនេះ ហើយ ក៏ចៅក្ដាំងបាយអរណាស់ ស្រវាវេចជាប្រញាប់ ចៅក្ដាំងបាយពុំដឹងជាពងនាគ ថាតែ ពងអណ្ដើមែន ក៏ស្ពាយពងនាគនោះវិលមកផ្ទះវិញ ចងក្នុងចិត្តគិតនឹងស្ងោរស៊ីឲ្យឆ្អែតបានម្ដង ។

​លុះព្រឹកឡើង ចៅក្ដាំងបាយនិយាយនឹងជីដូនថា យាយៗឯងទៅខ្ចីថ្លាងគេឲ្យខ្ញុំស្ងោរ ពងអណ្ដើស៊ីបានម្ដង ។ ឯជីដូនក៏ទៅខ្ចីថ្លាងគេបានមកឲ្យចៅ ក៏ចៅក្ដាំងបាយកល់ចង្ក្រាន ដាំថ្លាងចាក់ទឹក ហើយក៏ដាក់ពងនាគទាំងពីរទៅក្នុងថ្លាង នឹងទៅយកភ្លើងមកដុត ។ អស់អ្នក ស្រុកផ្ទះជិតខាង គេស្រដីជារាល់គ្នាថា ចៅក្ដាំងបាយ ឯងយកពងនេះមកស្ងោរក្នុងស្រុកក្នុង ភូមិដូច្នេះមិនល្អទេ ពីជីដូនជីតាយើងមក យើងមិនដែលឃើញពងអីធំយ៉ាងនេះ បើចៅក្ដាំង បាយឯងចង់ស្ងោរស៊ី ទៅស្ងោរឲ្យឆ្ងាយពីស្រុកពីភូមិយើងចេញ ។​ ចៅក្ដាំងបាយនឹកខឹងថាចិត្ត អាក្រក់អីនឹងដល់ម្លេះ គ្រាន់តែស្ងោរពងអណ្ដើស៊ីក៏មិនបានដែ ក៏ចៅក្ដាំងបាយស្រង់ពង ទាំងពីរមកវេច ហើយចាក់ទឹក លីថ្លាង កាន់ភ្លើង ហៅឆ្កែទៅ ។ ដល់ព្រៃស្ងាត់ ក៏ប្រកល់ចង្ក្រាន ដាំថ្លាង ហៅឆ្កែទៅដងទឹកចាក់ដាក់ពងទាំងពីរ​ យកអុ ដាក់ចង្ក្រានបង្កាត់ភ្លើងឆេះឡើង ក៏ហៅឆ្កែទៅផ្ទះវិញ នឹកក្នុងចិត្តថាបើឆ្អិនសឹមមកស៊ី ។ ឯនាគកំណត់នឹងញាស់ថ្ងៃនេះ ក៏ភ្លើង ឆេះកំសួលទឹកក្ដៅដល់ខ្លួនប្រឹងបំរាស់ ធ្លាយពងវាត់កន្ទុយដូចគេចាប់ផ្កាប់ថ្លាង រលត់ភ្លើងអស់ ថ្លាងដូចគេគ្រនាគនៅក្នុងទាំងពីរ ។ ឯចៅក្ដាំងបាយយូរបន្តិចនឹកថាពងអណ្ដើកអញ ប្រហែលឆ្អិនហើយ ក៏ម្នីម្នាដើរទៅ មើលទៅថ្លាងឃើញផ្កាប់ ចៅក្ដាំងបាយលាន់មាត់ថា យើ!​ អាណា ចិត្តធំម្លេះ ហ៊ានយកពងអណ្ដើអញស៊ីអស់ ផ្កាប់ថ្លាងអញចោល ក៏ចៅក្ដាំងបាយដើរ ចូលទៅ បង្ហើបថ្លាងឡើង ឃើញកូននាគនៅក្នុងថ្លាង​ភ្នែកប៉ុនៗពងមាន់ ក៏ចៅក្ដាំងបាយភ្ញាក់ ភ័យ ពុំស្គាល់ជាកូននាគ ស្មានថាជាសត្វអ្វីទាំងផ្ដាស ក៏ដើរទៅរកឈើមកនឹងវាយសម្លាប់ បានឈើក៏វិលមក បើកមាត់ថ្លាង យារឈើនឹងវាយ ។ ក៏កូននាគទាំងពីរនិយាយថា ឱ!អ្នកបងអើយ! កុំវាយខ្ញុំ សូមអ្នកអាណិតខ្ញុំ កុំវាយខ្ញុំសម្លាប់ សូមអ្នកបងអាណិតខ្ញុំ ដ្បិតខ្ញុំពុំ មែនជាសត្វតិរច្ឆានទាំងផ្ដាសទេ ។ ខ្ញុំជាកូនព្រះបាទភូជង្គនាគ ម្ដាយខ្ញុំឈ្មោះនាងពៅនាគី នៅទីនគរបាបាតាល ព្រះមាតាខ្ញុំលោកប្រសូតពងខ្ញុំចោលនៅទីព្រៃស្ងាត់ អ្នកបងប្រាថ្នាយក មកនឹងស្ងោរបរិភោគ ឥឡូវខ្ញុំញាស់រួចរស់ សូមឲ្យអ្នកបងមេត្តាអាណិតខ្ញុំ ធ្វើគុណ ធ្វើបុណ្យ នឹងខ្ញុំ អ្នកបងយកប្អូនទៅទុកនៅព្រៃត្រង់ណាស្ងាត់ ចិញ្ចឹមរក្សាប្អូនឲ្យបានរស់រួចជីវិត ឲ្យបាន ដល់ទៅស្រុកទៅនគរវិញ សឹមប្អូនតបស្នងសងគុណអ្នកបងវិញ បើអ្នកបងចង់ប្រាថ្នាអ្វី សឹម ប្អូនមានឲ្យទាំងអស់តាមចិត្តអ្នកបងប្រាថ្នា ។

ឯចៅក្ដាំងបាយឮនាគញីឈ្មោលនិយាយដូច្នោះក៏មានចិត្តអាណិត ក៏អូសនាគទាំងពីរ ទៅទុកក្នុងព្រៃស្ងាត់ ហើយនាគនិយាយនឹងចៅក្ដាំងបាយថា អ្នកបងសូមឲ្យអ្នកបងអាណិត សុំបាយអ្នកបងមួយថ្ងៃមួយដុំ ទម្រាំដល់១៥ថ្ងៃ ប្អូនធំរឹងជើងដៃ បានទៅស្រុករួចកាលណា ប្អូននឹងជូនគុណអ្នកបងឲ្យពេញចិត្ត ។ ចៅក្ដាំងបាយឮនាគនិយាយដូច្នោះ ក៏មានចិត្តអាណិ នាគនោះហាក់ដូចប្អូនកើតផ្ទៃ មួយព្រឹកយកបាយមកជូនប្អូន១ដុំ តែរាល់ថ្ងៃរៀងទៅ លុះដល់៧ថ្ងៃនាគទាំងពីរធំចង្អៀតទីដែលនៅនោះ និយាយនឹងចៅក្ដាំងបាយថាអ្នកបងអើយទីនេះ ប្អូននៅចង្អៀតណាស់ សូមឲ្យអ្នកបងយកប្អូនទៅទុកនៅទីណាទៀត ចៅក្ដាំងបាយឮនាគ ទាំងពីរនិយាយដូច្នោះ ក៏លើកនាគលីទៅទុកនៅទីមួយទៀត ក៏ចៅក្ដាំងបាយវិលមកផ្ទះវិញ ។

លុះដល់១៥ថ្ងៃ នាគទាំងពីរនិយាយនឹងនាគញីជាប្អូនថា មាសបងយើងក៏ធំខ្លួនហើយ ជើងដៃក៏រឹងមានកម្លាំង ដូច្នេះយើងចង់ហោះល្បងមើល ក៏បបួលបងប្អូនហោះឡើងលឿន លើអាកាសហើយ ចុះវិលមកនៅៗទីកន្លែងដូចដែលវិញ លុះថ្ងៃពេលបាយ ក៏យកបាយទៅឲ្យ នាគជាប្អូនស៊ី ក៏នាគទាំងពីរនិយាយថា អ្នកបងអើយអ្នកបង! មានគុណនឹងប្អូនធ្ងន់ក្រៃលែង ធ្ងន់ ចិញ្ចឹមប្អូនឲ្យប្អូនរួចរស់ លុះធំប៉ុណ្ណេះឡើង ឥឡូវប្អូនបងលាអ្នកបងវិលទៅស្រុកទៅ នគរវិញ ហើយចង់អញ្ជើញអ្នកបងទៅជាមួយនឹងប្អូន សឹមប្អូនជូនអ្នកបងមកវិញ ។ ឯចៅ ក្ដាំងបាយឮនាគជាប្អូននិយាយដូច្នោះ ក៏ចៅក្ដាំងបាយថា មាសបង! បើប្អូនយកបងទៅ ប្អូនរក ព្រះពស្ត្រដែលស្ដេចទ្រង់ឲ្យបងស្លៀកបាន ទើបបងទៅ ។ ឯនាគថា ឲ្យតែអ្នកបងទៅនឹង ប្អូនចុះ សឹមប្អូនធានារកឲ្យបងស្លៀកបាន ហើយចៅក្ដាំងបាយបាននិយាយថា មាសបង! បើ ប្អូនយកបងទៅ ឯប្អូនទាំងពីរនាក់ចេះហោះ បងមិនចេះហោះ ដើរទៅត្រង់ណានឹងរួច ព្រៃ ច្រើនម្ល៉េះ ។ នាគទាំងពីរឮចៅក្ដាំងបាយនិយាយដូច្នោះ ថាអ្នកបងឲ្យតែអ្នកបងទៅនឹងប្អូនចុះ បើអ្នកបងមិនចេះហោះ អ្នកបងឱបកប្អូន ឯចៅក្ដាំងបាយក៏ព្រមទៅ ក៏វិលមកផ្ទះវិញនិយាយ នឹងជីដូនថា យាយៗ! ដាំបាយធ្វើក្រតាកឲ្យខ្ញុំមួយសំពាយ ។ ជីដូនសួរថាអាណុចឯងឲ្យ យាយធ្វើក្រតាកអី? ឯងនឹងទៅណា? ចៅក្ដាំងបាយប្រាប់ជីដូនថា ខ្ញុំដើរទៅលេងស្រុកគេ ឆ្ងាយ ។ ជីដូនឮចៅប្រាប់ដូច្នោះ ក៏ដាំបាយ​ធ្វើខាវតាក វេចឲ្យចៅក្ដាំងបាយជាចៅរួចស្រេច ក៏ចៅក្ដាំងបាយផ្ដាំជីដូនថា យាយមើលឲ្យបាយឆ្កែឆ្មាខ្ញុំស៊ីផង ហើយក៏ចៅក្ដាំងបាយស្ពាយ ខាវតាកចុះដីដើរទៅ ។

លុះដើរទៅដល់នាគ ក៏ស្រាយសំពាយខាវតាកយកខាវតាកចែកនាគទាំងពីរស៊ីរួច ក៏ វេចខាវតាក ហើយនាគនិយាយថា អ្នកបងឱបកប្អូនឲ្យជាប់ អ្នកបងឃើញសត្វអ្វី អ្នកកុំមើល ក្រែងធ្លាក់អ្នកបង ចាំពាក្យប្អូនផ្ដាំ ហើយនាគឱនកទៅ ចៅក្ដាំងបាយក៏ឱបកនាគហោះទៅ ចម្ងាយផ្លូវដើរ៣ខែ នាគហោះតែ៣ថ្ងៃដល់ ក៏នាគទាំងពីរហោះទៅដល់ស្រះមួយ ជាព្រំព្រះ នគរក៏ចុះ ហើយនាគនិយាយនឹង ចៅក្ដាំងបាយថាអ្នកបងអ្នកទៅនៅក្នុងរូងឈើនេះ ក្រែងអស់ នាគអ្នកស្រុកវាដើរមកឃើញ បងជាមនុស្សលោកវាចាប់ស៊ី ដូច្នេះបងចូលទៅនៅក្នុងរូង ឈើនេះសិន ប្អូនទៅត្រាំពិសឲ្យបាន៣ថ្ងៃ សឹមយើងចូលក្នុងនគរព្រះបិតាខ្ញុំ ឯចៅក្ដាំងបាយក៏ ចូលទៅនៅក្នុងរូងឈើ តាមពាក្យនាគជាប្អូន ។

នាគទាំងពីរក៏បបួលនាគជាប្អូន ទៅត្រាំពិសបាន៣ថ្ងៃ ក្ដៅដល់ទៅព្រះបាទភូជុង្គនាគ ជាព្រះវរបិតានឹងនៅក្នុងដំណាក់ពុំបាន ក៏បបួលអស់មហេសីនឹងមុខមន្ត្រីចេញមកលេងទឹក ស្រះ បេះផ្កាផល្លាផងទាំងឡាយឲ្យសប្បាយក្នុងព្រះទ័យ ក៏ព្រះបាទភូជុង្គនាគនាំអស់បរិវារ មុខមន្ត្រី មហេសីតូច ធំចេញពីព្រះ រាជវាំងទៅក្រសាលព្រៃឧទ្យាន បេះផល្លាផងទាំងឡាយ​សប្បាយក្សេមក្សាន្ត ។

លុះបានដល់ស្រះ អស់មហេសីស្រីស្នំក្រមការចុះស្រង់ទឹកស្រះរាល់គ្នា ឯព្រះបាទភូជុង្គ នាគ ស្ដេចពុំទាន់ចុះទឹកស្រង់ទឹក ស្ដេចគង់មើលអស់ស្រីស្នំក្រមការ មហេសីលេងទឹក ឯនាគ ទាំងពីរ និយាយបងប្អូនថា ប្អូនឯងយកស្លឹកឈូកគ្រប់ក្បាលកុំឲ្យព្រះវរបិតាឃើញ បើឮព្រះ បិតាស្ដេចសួរ សឹមយើងបង្ហាញមុខ ក៏នាគបងនោះឃើញមហេសីព្រះបាទភូជុង្គនាគ ក៏យក កន្ទុយកាវជើងនាគ មហេសីស្ដេច ក៏នាងនាគមហេសីស្រែកថា​ អ្នកណាចិត្តធំម្ល៉េះ? ហ៊ានចាប់ ទាញជើងអញ! ក៏នាគទាំងពីរបងប្អូនបើកស្លឹកឈូកបង្ហាញមុខ ។

ក៏ព្រះបាទភូជុង្គនាគជាព្រះវរបិតាឃើញ មានព្រះបន្ទូលថា ព្រះស្ដែងនាគនាគីទាំងពីរ! នាគ ឯងមកពីស្ថានណា? អាពុកម្ដាយបាឈ្មោះអ្វី? ក៏បានជាបាឯងចិត្តធំម្ល៉េះ ហ៊ានមកនៅ ពិសនៅក្នុងស្រះអញ ហ៊ានចិត្តធំចាប់ទាញប្រពន្ធអញលេង ត្រាំជាល្បែងតាមចិត្តបា! បាឯង ចិត្តអ្វីក៏ហ៊ានម្ល៉េះ! ឯនាគជា បុត្រាឆ្លើយថា ខ្ញុំកូនស្ដេចភូជុង្គនាគ! ខ្ញុំនៅនគរបាទបាដាល ។ ព្រះបាទភូជុង្គឮដូច្នោះ នឹកថាអញគ្មានកូនណានឹងខ្ចាតព្រាត់ទៅនៅទីណាក៏គ្មាន ឥឡូវនាគ កុមារនេះវានិយាយគួរឲ្យឆ្ងល់ ហើយស្ដេចភូជុង្គនាគហៅថាចៅនាគកុមារឯងឡើងមកនឹង ច្បាំងគ្នា ឯងកុំនិយាយភូតភរ តែក្នុងស្រះដូច្នោះ ឯនាគកុមារឮបិតាថាឲ្យឡើងទៅនឹងច្បាំង គ្នាដូច្នោះ ក៏ឆ្លើយថាបើចង់ច្បាំងគ្នាក៏ច្បាំង ក៏នាគកុមារប្រាប់ថាប្អូននៅចាំបងនៅនេះ បងឡើង ទៅច្បាំង ។

ក៏នាគកុមារឡើងទៅច្បាំងនឹងអាពុកយូរបានតិចទៅ ស្មើគ្នា ក៏ឈប់ ព្រះបាទភុជង្គនាគ សួរថា នាគកុមារ! បាឯងកូនអ្នកណា? ឯនាគកុមារថា ខ្ញុំកូនស្ដេចភុជង្គនាគ ក៏ព្រះបាទភុជង្គ នាគបន្ទូលថានាគកុមារ យើងច្បាំងគ្នានៅដី ឃើញថាស្មើគ្នា បើដូច្នេះយើងទៅច្បាំងគ្នាឯ អាកាសលើ ឯនាគកុមារឆ្លើយថាទៅក៏ទៅ ក៏នាគកុមារផ្ដាំប្អូនថា នាងៗនៅៗនេះចាំ បងកុំ ខ្លាចអី ក៏ហោះឡើងទៅ ។ ស្ដេចភូជង្គនាគសួរថានាគកុមារបានមានធ្នូសរឬទេ? នាគកុមារ ឆ្លើយ ថាបើចង់ឲ្យមានក៏មាន បើចង់ឲ្យគ្មានក៏គ្មាន ក៏ច្បាំងគ្នា ។ ព្រះបាទភុជង្គនាគថ្លែងសរ ទៅកើតជាចំណីភោជន៍អាហារ នាគកុមារថ្លែងសរមក កើតផ្កា ក៏ច្បាំងគ្នាហត់ហបតែដោយខ្លួន ធ្វើអ្វីគ្នាពុំបាន ក៏ស្ដេចភុជង្គនាគហៅនាគកុមារចុះមកដីវិញ សង្ស័យក្នុងព្រះទ័យណាស់ ដ្បិតច្បាំងមកច្រើនគ្រាណាស់ ហើយមិនដែលយ៉ាងម្ដងនេះ ។

ក៏ព្រះបាទភុជង្គនាគ ស្ដេចមានព្រះបន្ទូលសួរថា នាគកុមារ! បាឯងនិយាយប្រាប់ អញឲ្យត្រង់ បាកូនអ្នកណា? នាគកុមារថា ខ្ញុំកូនព្រះបាទភុជង្គនាគ ឯនគរបាទបាដាល កាលម្ដាយខ្ញុំទៅលេងព្រៃ ប្រសូតខ្ញុំចោលនៅព្រៃស្ថានមនុស្សលោកដល់ខ្ញុំធំឡើង ខ្ញុំមកសួរ ព្រះវរបិតាខ្ញុំ ។

ក៏ព្រះបាទភុជង្គនាគ ឆ្ងល់ក្នុងព្រះទ័យណាស់ ហៅអស់មហេសីមកសួរគ្រប់គ្នា គេក្រាប់ ទូលថាសុទ្ធតែទេ ពុំមែនកូនគេ នៅតែនាងពៅនាគ ជាមហេសីបន្ទាប់ ក៏ស្ដេចភុជង្គនាគមាន ព្រះបន្ទូលសួរនាងៗ ក្រាបទូលថាស្លាប់ ទាល់ស្លាប់ ទុករស់គង់ជាខ្ញុំបាទា កាលខ្ញុំម្ចាស់ឡើង ទៅលេងព្រៃស្ថានមនុស្សលោកនោះ ខ្ញុំម្ចាស់ឈឺផ្ទៃសម្រាលពងពីរចោលឯព្រៃស្ថានមនុស្ស លោក ខ្ញុំម្ចាស់ពុំហ៊ានក្រាប ទូលក្រែងទ្រង់យកទោសខ្ញុំម្ចាស់ ព្រះបាទភុជង្គនាគ ស្ដេចទ្រង់ ព្រះកន្សែងថា ឱ!មាសអាពុកៗ​ពុំបានដឹងអ្នកជាកូន បើអាពុកដឹងអ្នកជាកូនអាពុកពុំច្បាំង ឲ្យហាក់លំបាកកូនទេ ព្រះបាទភុជង្គនាគ ស្ដេចបន្ទោបង់លែងសោក ស្ដេចនាំបុត្រាបុត្រីទៅ ដំណាក់ ហើយស្ដេចឲ្យជញ្ចាត់ព្រលឹងព្រះរាជបុត្រទាំងពីររួចស្រេច

 នាគកុមារឃើញព្រះបិតាស្រួលព្រះទ័យ ក៏ក្រាបទូលព្រះវរបិតាថាសូមទ្រង់ព្រះមេត្តា ប្រោស បើព្រះវរបិតាទ្រង់ព្រះមេត្តាប្រោស​ទូលបង្គំជាខ្ញុំទូល ។ ឯព្រះបាទភុជង្គនាគមានព្រះ បន្ទូលថា មាសអាពុកអ្នកនិយាយចុះ លើកតែពីប្រទេសក្រៅអាពុកគ្មាន ឯក្នុងព្រះនគរអាពុក ធានារកឲ្យកូនបានទាំងអស់តែថាកូនប្រាប់អាពុក ។

ក៏នាគកុមារក្រាបទូលព្រះវរបិតាថា សូមទ្រង់ព្រះមេត្តាប្រោស កាលទូលបង្គំជាខ្ញុំនៅ ស្ថានមនុស្សលោកនាយ បានបងបុរសកំសត់ម្នាក់ គាត់មានគុណនឹងទូលបង្គំជាខ្ញុំ ណាស់ គាត់ចិញ្ចឹមរក្សា ខ្ញុំតាំងពីញាស់ពីពងមក ទាល់តែខ្ញុំធំ កុំបានគេ ខ្ញុំពុំបានរួចរស់ជីវិតមកយល់ ព្រះភក្ដ្រព្រះវរបិតាមាតាទេ ។ ឥឡូវគាត់មកជាមួយនឹងទូលបង្គំជាខ្ញុំ ទូលបង្គំជាខ្ញុំទុកគាត់ឯ រូងឈើ ដ្បិតគាត់ខ្លាចនាគណាស់ ។

ព្រះបាទភូជង្គនាគឮកូនទូលដូច្នោះហើយ មានបន្ទូលថាអ្នកមាសអាពុក បើដូច្នោះទៅ ទទួលគេមក ដ្បិតគេមានគុណស្មើអាពុក ឯអាពុកនឹងម្ដាយអ្នកគ្រាន់តែបង្កើត ឯគេៗមាន គុណចិញ្ចឹមរក្សាកូន កុំអីកូនពុំបានរួចរស់មកឃើញមុខអាពុកទេ ។ គេមានគុណណាស់ អាពុកនឹងរកអ្វីសងគុណគេគ្មាន ឯនាគកុមារទូលព្រះបិតាថាកាលទូលបង្គំជាខ្ញុំបបួលមកថា បើបានព្រះពស្ត្រ ដែលស្ដេចទ្រង់គ្រែយាន ដែលស្ដេចគង់នោះ គាត់មកទូលបង្គំជាខ្ញុំក៏ធានា រកឲ្យដ្បិតគាត់មានគុណ ។ ព្រះបិតាឮកូនទទួលដូច្នោះ ក៏ឲ្យស្រីស្នំយកព្រះពស្ត្រព្រះភូសារ ទឹកអប់គន្ធពីដោរចន្ទក្រស្នា ហើយប្រើនាគអាមាត្យឲ្យទៅយកគ្រែយានទៅទទួលចៅក្ដាំង បា ក៏នាគកុមារទទួលអស់គ្រឿងប្រដាប់ ហៅអាមាត្យ អស់មន្ត្រីទៅទទួលចៅក្ដាំងបា

លុះទៅដល់នាគកុមារ ហៅថាអ្នកបងអញ្ជើញមក ឯចៅក្ដាំងបាយឮនាគប្អូនហៅ ក៏ចេញមក នាគកុមារនិយាយប្រាប់ចៅក្ដាំងបាយថា ព្រះវរបិតាឲ្យយកគ្រែយាននិព្រះពស្ត្រ ព្រះភូសារ ទឹកអប់គន្ធពីដោចួចន្ទក្រស្នាមកឲ្យអ្នកបងងូតស្លៀកឡើងជិះគ្រែយានទៅ ដ្បិតព្រះវរបិតាស្ដេចគង់ចាំអ្នកបងនៅចុងព្រះរាជរោង ។

ឯចៅក្ដាំងបាយក៏ខ្លាចនាគមកច្រើនណាស់ណាន់តាន់តាប់ក៏ងូតទឹកអប់ចួងចន្ទក្រស្នា ហើយស្លៀកព្រះពស្ត្រព្រះភូសារ ឡើងជិះគ្រែយានអស់នាគ ក៏ដង្ហែចៅក្ដាំងបាយចូលវាំង នាគ កុមារ នាំចៅក្ដាំបាយទៅដល់ថ្វាយបង្គំបិតា ព្រះបាទភូជង្គនាគ ស្ដេចឃើញចៅក្ដាំងបាយដល់ ស្ដេចចុះពីព្រះ ថែនទៅចាប់ដៃគំនាប់ នាំមកក្នុងព្រះរាជរោង ក៏ស្ដេចមានបន្ទូលថា អ្នកបុរស អើយ! អ្នកមានគុណនឹងកូនខ្ញុំនេះណាស់ នឹងរកអ្វីឲ្យត្រឹមស្មើគុណអ្នកនេះគ្មាន អ្នកមានគុណ នឹងកូនខ្ញុំធ្ងន់លើសលែងអនន្ទគុណ ខ្ញុំនឹងសងគុណអ្នកឲ្យអស់ចិត្ត ហើយមហាក្សត្រភុជង្គ ស្ដេចឲ្យរៀបជប់លៀងចៅក្ដាំងបាយ រួចនាគកុមារនាំចៅក្ដាំងបាយចូលបន្ទំទែនទីសៃយ៌ណា ។ ឯចៅក្ដាំងបាយនិយាយនឹងនាគជាប្អូនថា​មាស បងអើយបងជូនអ្នកមកបងនៅៗនេះ៣ថ្ងៃ ហើយ ឯប្អូនក៏បានសេចក្ដីសុខហើយ បងចង់លាប្អូនទៅស្រុកបង ដ្បិតបងមកក៏យូរហើយ ចោលជីដូនចាស់នៅម្នាក់ឯង ឯនាគកុមារឮចៅក្ដាំងបាយលាដូច្នោះ ពុំហ៊ានឃាត់ ក៏និយាយ ថាអ្នកបង! ប្រាក់ប្អូនមានគ្មានខ្វះអ្វី ប៉ុន្តែក្រែងបងយកទៅពុំរួច ហើយប្អូនឲ្យកែវបងមួយ ឯកែវនេះបើបងប្រាថ្នាចង់បានអ្វី ក៏បានដូចចិត្តទាំងអស់ បើមានបច្ចាមិត្តឯណាមកជាទុច្ចរិត ក្រវីតែកែវនេះក៏អន្តរាយអស់ ។

លុះព្រឹកឡើង នាគកុមានាំចៅក្ដាំងបាយទៅលាព្រះវរបិតា រួចក៏ឲ្យចៅក្ដាំងបាយឱបក ហោះឡើងទៅដល់ស្ថានមនុស្សលោក នាគកុមារសួរថាអ្នកបងស្គាល់ផ្លូវដើរទៅផ្ទះទេ? ចៅក្ដាំងបាយថាបង ពុំស្គាល់ទេឲ្យប្អូនជូនបងឲ្យដល់ទៅទីកន្លែងដែលប្អូននៅនោះ ក៏នាគ កុមារហោះជូនចៅក្ដាំងបាយមកដល់ទីដែលនាគនៅ ក៏ចុះដាក់ចៅក្ដាំងបាយហើយនិយាយ ផ្ដាំគ្នាថាអ្នកបងបើអ្នកបងមានធុរៈអ្វីឲ្យអ្នកបងនឹកដល់ខ្ញុំៗឡើងមកជួយ ហើយយំសោក អាល័យគ្នា រួចក៏លាគ្នា នាគហៅទៅ ។

ចៅក្ដាំងបាយក៏មកផ្ទះ​ជីដូនឃើញចៅមកក៏អរសួរថាអាណុចឯងទៅដល់ណាក៏យូរ ម្ល៉េះ? ចៅក្ដាំងបាយប្រាប់ជីដូនថាទៅឆ្ងាយណាស់យាយ ។

ឯចៅក្ដាំងបាយជួបចូល៣ថ្ងៃ​ និយាយនឹងជីដូនថា យាយៗទៅដណ្ដឹងនាងពៅបុត្រី ស្ដេចឲ្យខ្ញុំធ្វើប្រពន្ធ ។ ជីដូនឆ្លើយថាឱ!មាសចិត្តអើយ! ខ្លួនឯងក្រទៅដណ្ដឹងប្រមាថដល់កូន ស្ដេច ចៅក្ដាំងបាយនិយាយថា យាយទៅដណ្ដឹងចុះថាតែពីខ្ញុំ ស្ដេចឲ្យហើយ ។ ជីដូនឮចៅប្រើ ច្រើនដង ក៏ទៅដល់ស្ដេច វាចូលទៅ ស្ដេចទតមកឃើញាយាយចាស់ ស្ដេចសួរថាយាយ ឯងមករកអ្វីយាយ? យាយចាស់ក្រាបទូលស្ដេចថាចៅខ្ញុំប្រើខ្ញុំឲ្យមកសុំដណ្ដឹងនាងពៅជា បុត្រីល្អងធូលីធ្វើជាប្រពន្ធ ។ ស្ដេចស្ដាប់យាយ ចាស់និយាយដូច្នោះ ស្ដេចនឹកក្នុងព្រះទ័យថា យាយចាស់នេះ គាត់មាក់ងាយអញ ហ៊ានមកដណ្ដឹងកូនអញឲ្យចៅគាត់ ហើយស្ដេចបន្ទូល ថាយាយ! អញឲ្យកូនអញធ្វើប្រពន្ធចៅយាយឯង ប៉ុន្តែយាយឯងធ្វើស្ពានមាសប្រាក់ ដំណាក់ ខ្វាត់ខ្វែងសុទ្ធតែមាសឲ្យបាន ក្នុងវេលាថ្ងៃស្អែកនេះ តែពុំបាន យាយឯង! អញឲ្យយកមក ដាក់ខ្ទះដែកស្ងោរទាំងជីដូនទាំងចៅទាំងអស់ ។

យាយនោះឮដូច្នោះ ក៏លាស្ដេចវិលមកផ្ទះវិញ ដេកសន្ធឹកសន្ធៃពុំស៊ីបាយ​ក៏ចៅក្ដាំង បាយសួរ ថាយាយថ្វីក៏ដេកសន្ធឹកសន្ធៃពុំពិសាបាយ?​ ដែលយាយទៅដណ្ដឹងកូនស្ដេចឲ្យ ឬមិនឲ្យ? ឯយាយចាស់ប្រាប់ចៅថា ​ឱ!មាសជីដូនអើយ! ជីដូនថាមិនទៅទេ ឯងចេះតែប្រើ យាយទៅ ឥឡូវស្ដេចលោកថា លោកឲ្យកូនលោក ប៉ុន្តែលោកបង្គាប់ឲ្យធ្វើស្ពានមាសប្រាក់ ដំណាក់ខ្វាត់ខ្វែងឲ្យដល់មកវាំងលោក តែបាន លោកឲ្យ ។ បើពុំបានដូចបង្កាប់លោកៗនឹង យកជីដូននឹងចៅឯងទៅសម្លាប់ទាំងអស់បានជា យាយភ័យណាស់ ។

ឯចៅក្ដាំងបាយឮជីដូននិយាយដូច្នោះ ប្រាប់ជីដូនថាយាយកុំភ័យ ក្រោកឡើងទៅពិសា បាយ សឹមខ្ញុំគិតធ្វើ ។ ឯយាយចាស់ឮចៅនិយាយដូច្នោះ ក៏ក្រោកឡើងងូតទឹកស៊ីបាយ ដល់យប់ដេកទៅ ។ ឯចៅក្ដាំងបាយឃើញគេដេកអស់ក៏នឹកថាកែវអញនេះ ប្អូនអញឲ្យមកផ្ដាំ ថា បើចង់បានអ្វី ក្រវីតែកែងនេះឡើង កើតរបស់ដូចចិត្តដែលចង់បាន ក៏ចៅក្ដាំងបាយយក ធូ៣ក្រសៃអុជហើយ ដើរទៅមើលទីណាស្ងាត់ ហើយផ្សងថាខ្ញុំចង់បានដំណាក់ ស្ពានមាស ប្រាក់ សូមក្រវីកែវនេះទៅ សូមឲ្យកើតដូចសេច ក្ដីខ្ញុំប្រាថ្នា ក៏ចៅក្ដាំងបាយលើកកែវក្រវី៣ដង កើតស្ពានមាសប្រាក់ ដំណាក់ខ្វាតខ្វែង ឯចៅក្ដាំងបាយឃើញបានដូចចិត្ត ក៏ចៅក្ដាំងបាយថា ខ្ញុំសុំឲ្យបាត់ទៅវិញ ក៏ស្ពានមាសប្រាក់ដំណាក់នោះបាត់ អស់ទៅ ចៅក្ដាំងបាយមកដេកវិញ ។

លុះយប់អធ្រាត្រស្ងាត់ ក្រោកឡើងដើរទៅដល់វាំងស្ដេចមើលទីកន្លែងជាខាងជើងស្ដេច ក៏ចៅ ក្ដាំងបាយនឹងសច្ចាថាឲ្យកើតស្ពានមាសប្រាក់ដំណាក់ខ្វាត់ខ្វែង ក៏ចៅក្ដាំងបាយក្រវី កែវឡើង កើតដូច ប្រាថ្នាមានរស្មីនោះភ្លឺរន្ទាលឆ្អិនឆ្អៅ ក៏ចៅក្ដាំងបាយវិលមកដេកវិញ ។

លុះព្រឹកឡើងស្ដេចបើកព្រះកៅវតាទតមកខាងជើង ឃើញដំណាក់ខ្វាត់ខ្វែង ស្ពាន មាសប្រាក់ ភ្លឺទាំងផែនដី ក៏ស្ដេចប្រើអាមាត្យទៅមើល អាមាត្យវិលមកទូលវិញស្ដេចវិញថា មិនដឹងជាដំណាក់វាំង ស្ពានមាសប្រាក់ពីណាទេ ស្ដេចឲ្យទៅហៅយាយចាស់មក ស្ដេចបន្ទូល ថាយាយ! អញបង្គាប់យាយឯងគិតថាធ្វើមិនកើត ឥឡូវចៅយាយឯងមានបុណ្យណាស់ ធ្វើកើត យាយឯងទៅយកចៅយាយ ឯងមក អញរៀបការវានឹងកូនអញ ។

ក៏យាយចាស់ទៅហៅចៅក្ដាំងបាយជាចៅមក ស្ដេចបង្គាប់ឲ្យនាហ្មឺនធ្វើរោងការអាពាហ៍ ពិពាហ៍ លុះបានពាពេលា ស្ដេចឲ្យបាគូបុរោហិតរៀបផ្សំផ្គុំចងព្រះរាជបុត្រីនឹងចៅក្ដាំងបាយ ឲ្យយកគ្នាជាប្ដីប្រពន្ធជាសូរេច ក៏ចៅក្ដាំងបាយយកជីដូននឹងឆ្កែឆ្មាមកនៅមូលគ្នានៅដំណាក់ នៅសុខសប្បាយរៀងទៅ ។

ក៏ឮរន្ទឺទៅដល់នគរស្ដេចរុសសា ថានគរស្រុកខ្មែរមានដំណាក់ខ្វាត់ខ្វែងកំផែងសុទ្ធតែ មាសប្រាក់កែវកង ស្ពានមាសប្រាក់ ហ៊ឹកហាក់ក្នុងនគរថ្កើងរុងរឿងសម្បូរអស់អាណាប្រជានុ រាស្ត្រសប្បាយ ក្សេមក្សាន្ត​ ក៏ស្ដេចរុសសា ឲ្យមន្ត្រីកេណ្ឌពលដាក់កប៉ាល់មានកាំភ្លើងគ្រាប់រំសេវ បញ្ជាកាពីទែនឲ្យ បើកកប៉ាល់មកច្បាំងយកស្រុកខ្មែរជាចំណុះ​ បើកកប៉ាល់មកដល់បោះយុថ្កា ប្រើរាជទូតឲ្យមកក្រាប ទូលស្ដេចឲ្យថ្វាយនគរនៅចំណុះចុះចូលនាំសារដំបារ(?)មាសទៅ ថ្វាយស្ដេចរុសា​ បើពុំព្រមឲ្យរៀបទ័ពចេញច្បាំងឥឡូវនេះ ក៏រាជទូតថ្វាយបង្គំលាមហាក្សត្រ ទៅវិញ ។

ស្ដេចព្រួយព្រះទ័យ ស្ដេចឲ្យហៅអស់មុខមន្ត្រីសេនាបតីមកជំនុំរាជការថាឥឡូវនគរ ស្ដេចរុសសាគេលើកទ័ពមកសុំនគរយើង បើពុំឲ្យគេៗឲ្យរៀបទ័ពចេញច្បាំង តើមុខមន្ត្រីហ៊ាន តតាំងច្បាំងនឹងគេឬទេ? អស់នាហ្មឺនក្រាបទូលថាពុំហ៊ានច្បាំង ។

ក៏ស្ដេចឲ្យទៅហៅចៅក្ដាំងបាយមក ស្ដេចមានបន្ទូលថាមាសអាពុក! ឥឡូវនគរស្ដេច រុសសា គេលើកទ័ពមកច្បាំងយកនគរយើង តើកូនហ៊ានចេញច្បាំងនឹងគេឬទេ? ចៅក្ដាំង បាយក្រាបទូលព្រះវរបិតាថា សូមទ្រង់ព្រះមេត្តាប្រោសទូលបង្គន់[1]​ ជាខ្ញុំ សូមច្បាំងយកបន្ទាល មើលហើយ ។ មហាក្សត្រជាបិតាថាកូនយកពលទៅប៉ុន្មាន? ចៅក្ដាំងបាយក្រាបទូលថា ទូលបង្គន់ជាខ្ញុំពុំយកទេ ទៅច្បាំងតែម្នាក់ឯង ក៏ស្ដេចបន្ទូលថាមាសអាពុក! ពលគេច្រើន ណាស់ ឥឡូវកូនម្នាក់ឯងច្បាំងដូចម្ដេចនឹងឈ្នះគេ? ចៅក្ដាំងបាយក្រាបទូលមិនអីទេនឹងទ័ព ប៉ុណ្ណេះ ក៏ចៅក្ដាំងបាយបង្គំលាបិតាវិលមកដំណាក់ខ្លួន ក៏រៀបខ្លួនចេញទៅច្បាំងនឹកផ្សង សច្ចាលើកកែវឡើងកើតជាពល ១០ អក្ខោភិនីមាន គ្រឿងប្រដាប់គ្រប់ដៃក៏ចូលច្បាំងនឹងទ័ព រុសសាមានជ័យឈ្នះទ័ពរុសសាដេញកំចាត់កំចាយអស់ទៅ ក៏ចៅក្ដាំងបាយវិលមកវិញ ។

ចូលទូលបិតាថាទ័ពបច្ចាមិត្តទូលបង្គន់ច្បាំងឈ្នះដេញខ្ចាតខ្ចាយទៅហើយ ។ ឯក្សត្រ ជាបិតាឮកូនទូលថាឈ្នះទ័ពគេ ស្ដេចមានអំណរណាស់ ហើយចៅក្ដាំងបាយថ្វាយបង្គំលា បិតាវិលមកដំណាក់វិញ ។

ឯស្ដេចរុសសានឹកថាស្ដេចស្រុកខ្មែរពូកែនឹងកែវ ក៏ស្ដេចរុសសាប្រើអាមាត្យមួយមកនៅ ថ្វាយខ្លួននៅមហាឡិកចៅក្ដាំងបាយ ។ ក៏អាមាត្យនោះមកនៅគាល់បម្រើចៅក្ដាំងបាយយូរទៅ ចៅក្ដាំងបាយទុកចិត្តឲ្យទុកដាក់រក្សាកែវនោះ ក៏អាមាត្យស្ដេចរុសសានឹកថា ស្ដេចប្រើអញ មកឲ្យយកកែវ ឥឡូវកែវនេះអញទុករក្សាដូច្នោះអញលួចយកវិលទៅថ្វាយម្ចាស់អញ ក៏ អាមាត្យនោះវាយកកែវបាន វារត់ទៅ ដល់ស្ដេចរុសសាអរណាស់លើកទ័ពមកវាយនគរចៅក្ដាំង បាយឈ្នះយកនគរបាន តែយកស្ដេចបិតានិងមាតានិងគ្រួសារបានទៅជាច្រើន​ ឯចៅក្ដាំង បាយរត់រួចតែខ្លួន ។

ក៏ចៅក្ដាំងបាយហៅឆ្កែនិងឆ្មាមក និយាយថាបងឆ្មាបងឆ្កែ បងទាំងពីរនាក់បើជួយគិត អញក្នុងគ្រាម្ដងនេះបានសេចក្ដីសុខ អញបានសោយរាជ្យថ្ងៃណា​ អញឲ្យបងទាំងពីរនាក់ធ្វើ ជាក្រឡាហោម យោមរាជ ឲ្យបងទាំងពីរទៅគិតយកកែវពីស្ដេចរុសសាឲ្យបាន ដ្បិតគេលួច កែវអញទៅបានជាគេច្បាំងឈ្នះយើង ។

ឯឆ្មានិងឆ្កែឆ្លើយថា ខ្ញុំទៅយកថ្វាយតាមបន្ទាល ក៏ឆ្កែនិងឆ្មានាំគ្នាទៅដល់មាត់សមុទ្រ​ ឃើញក្រពើហែលនិយាយនឹងក្រពើ ថាបងក្រពើ! ឱ!បងអាណិតចម្លងខ្ញុំនាក់ទៅត្រើយម្ខាង បន្តិច ក្រពើចម្លងទៅ ឯឆ្កែអង្កុយនៅខាងក្បាលភ័យណាស់លេចអាចម៍ដាក់ប្រចោះក្រពើ លុះដល់ខាងលោតឡើងទៅផ្ដាំឲ្យក្រពើនៅចាំ ក៏ឆ្មា និងឆ្កែនាំគ្នាទៅដល់ជិតវាំងស្ដេចរុសសា ឯឆ្មាគិតតែម្នាក់ឯង​ឯឆ្កែចេះ តែដើររកស៊ីក្រោមផ្ទះគេ ។

លុះយប់ ឆ្មាដើរទៅឃើញស្ដេចកណ្ដុរសចេញមករកស៊ី ឆ្មាលបទៅចាប់ស្ដេចកណ្ដុរស បាន ក៏ស្ដេចកណ្ដុរសនិយាយថាអ្នកឆ្មាអើយ​! បើអ្នកស៊ីខ្ញុំទៅមិនឆ្អែតប៉ុន្មានថ្ងៃ បើអ្នកទុកជីវិត ខ្ញុំ អ្នកមានធុរៈអ្វី ខ្ញុំធានាជួយគិតអ្នក ក៏ឆ្មាឆ្លើយថាអើ! បើស្ដេចកណ្ដុរសឯងជួយយកតែកែវ ឲ្យអញបានអញលែង ដ្បិតកែវម្ចាស់អញ ស្ដេចរុសសាលួចយកមក ដំណឹងថាដាក់ក្នុងដំណាក់ ចាកសោរទុកក្នុងហិបដែក ។ ស្ដេចកណ្ដុរសឆ្លើយថា ធានាខ្ញុំយកជូនអ្នក ក៏ឆ្មាលែងស្ដេច កណ្ដុរសទៅកេណ្ឌពលទៅកកេរហិបដែក នោះធ្លុះរុះធ្មេញបាក់អស់នៅតែធ្មេញមុខពីម្នាក់ យកកែវនោះបានមក យកទៅឲ្យឆ្មាៗទទួលយក លាកណ្ដុរស ហៅឆ្កែវិលត្រឡប់មកវិញ ជិះ ក្រពើឆ្លងមកដល់ត្រើយម្ខាង ។

ដើរទៅទៀតមានស្ទឹងមួយ ក៏ឆ្កែថាបងឆ្មាឯងឲ្យកែវមកអញ ឆ្មាថាអញមិនឲ្យទេក្រែង បងឆ្កែឃើញសត្វរពឹសមាត់ព្រុះធ្លាក់បាត់ពិបាកចិត្តអញ ។ ឆ្កែប្រឹងដណ្ដើមឆ្មាឲ្យមកពាំ ហែល ឆ្លងទឹកទៅ ឆ្កែហែលទៅឃើញត្រីទីពោរបន្លៀក ភ្លេចត្រចៀកព្រុះទៅ ធ្លាក់កែវពីមាត់ ត្រីទីពោរ ទទួលលេបទៅ ដល់មកលើគោក ឆ្មាបន្ទោសថាម្ដេចជឿពាក្យអញទេ! អញថាឯងនេះរពឹស មាត់ណាស់ ឥឡូវធ្លាក់កែវបាត់ ឯងរកចុះអញមិនដឹងទេ ។ ឯឆ្កែឮឆ្មាបន្ទោសអង្គស្ងៀមមិនស្ដី​ឯឆ្មាមានប្រាជ្ញាទៅលបចាប់បានស្ដេច ភេរ ស្ដេចភេរអង្វរ ឆ្មាថាបើស្ដេចភេរឯងយកកែវឲ្យអញ បាន អញលែងដ្បិតត្រីទីពោរវាលេបទៅ ស្ដេចភេរថាអ្នកអាណិតលែងជីវិតខ្ញុំចុះ ធានាខ្ញុំយកឲ្យ បានជូន ក៏ឆ្មាលែងស្ដេចភេរ ទៅហៅពលមុជចាប់ត្រីហែកពោះមើលពុំឃើញកែវនៅ តែត្រី ទីពោរកំភើមមួយចាប់បានហែកពោះឃើញកែវ ភេរយកមកឲ្យឆ្មា ឯឆ្មាទទួលយកទៅ ។

ហៅឆ្កែដើរទៅបានពាក់កណ្ដាលផ្លូវ ឆ្កែដណ្ដើមពាំកែវតៀត ឆ្មាពុំឲ្យឆ្កែប្រឹងដណ្ដើម ឆ្មាឲ្យទៅ ។ ឆ្កែពាំរត់ទៅមុនឃើញត្មាតចុះស៊ីក្របីងាប់ ក៏ព្រុះងូងៗធ្លាក់កែវពីមាត់ ត្មាតទទួល ចឹកលេបទៅ​ ត្មាតហើរទៅ ឆ្មាថាម៉េចជឿពាក្យអញទេ! ម្ដងនេះត្មាត ឆ្កែឯងចុះ​ អញមិនដឹងទេ អញទៅផ្ទះមុនហើយ ។ ឯឆ្កែកែមិនចេញស្ដីក្រែងចៅក្ដាំងបាយសម្លាប់ ក៏ភ័យណាស់អង្គុយ ច្រហមៗ ធ្វើមុខភ្លឺះៗ ឯឆ្មាដើរទៅ ឃើញពស់វែក​ដំបូក ក៏លបទៅចាប់ខាំ​កពស់វែកជាប់ ពស់ អង្វរថាអ្នកអើយ! អ្នកអាណិតលែងខ្ញុំ បើអ្នកមានធុរៈអ្វីសឹមខ្ញុំជួយ ។ ឆ្មានិយាយប្រាប់ពស់ថា ពស់ឯងទៅចិកក្របីឲ្យស្លាប់ឲ្យអញមួយ​ ទើបអញលែង ។ ពស់ថាអ្នកឆ្មាលែងខ្ញុំចុះ សឹមខ្ញុំចឹ ក្របីឲ្យ ក៏ឆ្មាលែង ពស់ទៅខាំក្របីងាប់ ក៏ពស់លាឆ្មាទៅលំនៅវិញ ។

ឯត្មាតឃើញក្របីស្លាប់ក៏ចុះមកស៊ី ឆ្មាលបទៅចាប់ខាំកស្ដេចត្មាត ហើយឆ្មាសួរថាស្ដេច ត្មាតឯងលួចចឹកកែវអញយកទៅទុកឯណា​? ឯងយកមកឲ្យអញទើបអញលែង ឯត្មាតភិត ភ័យក្រែងស្លាប់ ខ្ជាក់កែវមកឲ្យឆ្មា ឯឆ្មាបានកែវហើយក៏ពាំដើរទៅ ឆ្កែឃើញឆ្មាបានកែវ ក៏បោលតាមទៅទាន់និយាយ ថាបងឆ្មាឯងឲ្យមកអញពាំវិញ ។ ឆ្មាថាទេ! អញមិនឲ្យឯងទេ! ឆ្កែឯងធ្វើឲ្យអញពិបាកច្រើនដងគ្រាណាស់ ។ ឆ្កែដណ្ដើមឆ្មា ក៏ឆ្មាមិនឲ្យ ឆ្កែខឹងខាំឆ្មា ឯឆ្មា ឃើញឆ្កែខាំឈឺ ក៏ឲ្យកែវទៅឆ្កែ ឆ្មាក៏រត់មកមុន​ ឯឆ្កែឃើញកុកព្រុះងុកធ្លាក់កែវនោះនៅដី ក៏ឆ្កែ បោលទៅចោលកែវនោះ ឯឆ្មាទៅដល់ ។

ចៅក្ដាំបាយឃើញ សួរម៉េចបងឆ្មាទៅគិតការបានទេកែវ? ឆ្មាទូលចៅក្ដាំងបាយថា ក្រាបទូលបានហើយ នៅឯឆ្កែពាំឯក្រោយ ហើយឆ្មាទូលចៅក្ដាំងបាយពីឆ្កែធ្វើបាបកំហែងឲ្យ ពិបាកចិត្តដូចមាននិយាយដើមមកនោះ ក៏ឆ្កែមកដល់ ចៅក្ដាំងបាយសួរថាឯណាឃើញកែវ បងឆ្កែ? ឯឆ្កែថាមិនដឹងជាធ្លាក់ឯណា ឆ្មាឆ្លើយឡើងថា ឱ!ជាក់ជាធ្លាក់ត្រង់ដែលព្រះកុក នោះហើយ ។ ក៏ចៅក្ដាំងបាយជេរថាអា ចោរគំនិតឆ្កែតឿរ អាឯងទៅរកកែវឲ្យឃើញមកឲ្យ អញ! តែពុំឃើញអញនឹងសម្លាប់អាឯងឥឡូវនេះ! ឆ្កែភ័យណាស់ហៅ ឆ្មាទៅជួយរក ឃើញ យកមកថ្វាយចៅក្ដាំងបាយ ។

ឯចៅក្ដាំងបាយបានកែវហើយក៏តាំងគិតកជាកង ទ័ពទៅវាយស្រុករុសសា ក៏សច្ចា អធិស្ឋានថា ឱ!តេជះគុណកែវប្អូនអញនេះអើយ! សូមក្រវីឡើងឲ្យ កើតជាពល ១០អក្ខោភិនី ឲ្យមានគ្រឿងអាវុធគ្រប់ដៃ ក៏ចៅក្ដាំងបាយលើកកែវក្រវីឡើងកើតជាពល ១០អខោភីនីដូច សេចក្ដីប្រាថ្នា ក៏លើកទ័ពទៅ ពុំឲ្យនគររុសសាដឹង ក៏ចៅក្ដាំងបាយលើកទ័ពទៅដល់នគរ រុសសា ចូលវាយលម្អិតកាប់ស្លាប់អស់នឹងគណនាត្រារាប់ពុំអស់ ។

ក៏ចៅក្ដាំងបាយកៀរគ្រួរយកបិតាមាតានឹងនាងពៅជាប្រពន្ធ​និងជីដូននៅអស់ រាស្ត្រវិល ចូលមកនគរក្រុងទេពបុរីវិញ ឯព្រះវរបិតាមាតា​ក៏មកគិតថាចៅក្ដាំងបាយកូនយើងនេះមាន បុណ្យណាស់ ឥឡូវយើងទាំងពីរក៏ចាស់ជរាហើយ ដូច្នេះយើងនឹងអភិសេកឲ្យចៅក្ដាំងបាយ នាងពៅកូនយើងឲ្យសោយរាជ្យសម្បត្តិស្នងតាងយើងឡើងគ្រាន់រក្សាអាណាប្រជានុរាស្ត្រ តទៅ ។

ក៏មហាក្សត្រ ស្ដេចឲ្យហោរគន់គូររិទ្ធពាពេលាបាន ស្ដេចរៀបអភិសេកចៅក្ដាំងបាយនិង នាងពៅឲ្យសោយរាជ្យសម្បត្តិជាក្សត្របរិបូរ ឯឆ្មាចៅក្ដាំងបាយឲ្យធ្វើជាក្រឡាហោម អស់រាស្ត្រ គេហៅ តែលោកក្រហោមម៉ារ ឯឆ្កែ ចៅក្ដាំងបាយឲ្យធ្វើជាឧកញ៉ាយមរាជៗ អស់រាស្ត្រគេ ហៅតែលោក យមរាជកែ ឯចៅក្ដាំងបាយឡើងជា ព្រះបាទក្ដាំងបាយ នាងពៅឡើងជាមហេសី ធំ សុកសំជាក្សត្រ បរិបូរគ្រងក្រុងទេពបុរីគង់ រក្សារាស្ត្រសុខសប្បាយតទៅ ៕


រៀបរៀងចុះផ្សាយដោយ ៖ សេង សុវណ្ណដារ៉ា




[1] ពាក្យបុរាណ ដែលត្រូវនឹងពាក្យ «ទូលបង្គំ» ។

No comments:

Post a Comment