Tuesday, March 14, 2017

រឿងនារាយណ៍ ទសាវតារ

រៀបរៀងដោយ ៖​ ឧកញ៉ាទេពពិទូរ ឈឹម ក្រសេម


ទសាវតារ (Image : Google)

ព្រះជាម្ចាស់ក្នុងលទ្ធិសៃយ មាន ៣អង្គ រួមហៅថា ត្រីម៌តិ[1], គឺបានដល់ ព្រះព្រហ្មអ្នកកសាងលោក១ ព្រះវិស្ណុ អ្នកថ្នមបរិហារលោក១ ព្រះសិវៈ អ្នកទំ លាយលាងលោក១ ។ ពាក្យសម្រាប់ចេញព្រះនាមព្រះជាម្ចាស់ទាំង៣នេះ គេ ប្រើត្រឹមមួយម៉ាត់គឺ ឱ្ម ប្រកបដោយអក្សរ ៣តួ បើនឹងញែកចេញគង់បានជារូបគឺ អ, ឧ, ម ទាំង៣ម៉ាត់នេះ ជាពាក្យជំនួសព្រះនាមនៃព្រះទាំង៣អង្គ ឬជាត្រៃសរណគមន៍ក្នុងលទ្ធិសៃយ ។ លទ្ធិ ឬសាសនារបស់ព្រះជាម្ចាស់ទាំង ៣ ហៅថា “សៃយ” ប្រែថា “លទ្ធិដ៏ប្រសើរ” រាប់ថាជាលទ្ធិធំនិងចាស់ជាងគេនៅក្នុង លោកនេះ ពួកជនជាតិព្រាហ្មណ៍ជាអ្នកទទួលកាន់កាប់លទ្ធិនេះ​តាំងអំពីដើម  មក ។

          មានសេចក្ដីដំណាលក្នុងខនេះថា វណ្ណៈ ៤ គឺព្រាហ្មណ៍កើតចេញអំពីព្រះ ស្ឋព្រះព្រហ្ម, ព្រះរាជានិងព្រះរាជិនីកើតចេញមកអំពីព្រះហស្ថស្ដាំ‑ឆ្វេងនៃព្រះ ព្រហ្ម, វេស្សៈ កើតចេញអំពីព្រះឧរូព្រះព្រហ្ម, សូទៈ កើតចេញអំពីខ្នងព្រះបាទ ព្រះព្រហ្ម ។ ដោយហេតុពួកព្រាហ្មណ៍កើតអំពីព្រះឱស្ឋដូច្នេះ​​ ព្រះព្រហ្មទើបទ្រង់ព្រះមេត្តាប្រោសជាអ្នកទទួលកាន់លទ្ធិសៃយទាំងមូល,​ ឯពួកក្សត្រនិងពួកវេស្សៈ ទោះនឹងរៀនសូត្រគម្ពីរព្រះវេទ ឬចូលកាន់លទ្ធិសៃយបាន វៀរតែពួកសូទៈដែល ជាមនុស្សជាន់ទាប នឹងស្ម័គ្រចូលសិក្សាគម្ពីរព្រះវេទមិនបាន ។

          ព្រះជាម្ចាស់ទាំង៣នេះ ទោះបីជាទីនិយមរាប់អានរបស់ពួកជនជាតិ ហិណ្ឌូទូទៅ តែចំពោះព្រះព្រហ្មឃើញដូចជាគ្រាន់តែជាអ្នកកសាងលោក ប៉ុណ្ណោះ មិនបានគិតវាតអាតដណ្ដើមអំណាចព្រះពីរអង្គក្រៅនេះ ឯអភិនិហារ សេចក្ដីស៍ក្ដិសិទ្ធិនៃព្រះវិស្ណុ និងព្រះសិវៈនោះសោត ឃើញស្រេចហើយតែពួកអ្នក រាប់អាន គឺបើជាសៃវនិកាយ ក៏រាប់អានព្រះសិវៈថាជាធំជាងគេ បើជាវៃស្ណវ និកាយ ក៏រាប់អានព្រះវិស្ណុថាជាឯកអុកជាងគេ ជួនកាលដល់ទៅមានបង្អាប់គ្នាថា ព្រះឥសូរចាញ់ឫទ្ធិព្រះនារាយណ៍ក៏មាន ដូចយ៉ាងគ្រាមួយនោះ ពួកទេពនិករមិន ចុះសម្រុងគ្នាថា ព្រះជាម្ចាស់ទាំងពីរនេះ អង្គណាជាធំជាងអង្គណា? គេទើប អញ្ជើញព្រះទាំងពីរអង្គមកប្រឡងឫទ្ធិគ្នា ព្រះឥសូរទ្រង់រតនធនូប៉ងនឹងបាញ់ព្រះ នារាយណ៍ៗ ស្រែកសន្ធាប់តែមួយម៉ាត់ រតនធនូក៏ទន់ក្រវិតក្រវក់ដូចជាក្រមួនត្រូវ ថ្ងៃ ពួកទេពនិករទើបសម្រេចសន្និដ្ឋានថា ព្រះនារាយណ៍ទ្រង់ឫទ្ធិជាងព្រះឥសូរ ។ រឿងនារាយណ៍មានឫទ្ធិជាងព្រះឥសូរ គេលើកតួយ៉ាងឲ្យឃើញមួយទៀត ដូច យ៉ាងគ្រាមួយព្រះឥសូរប្រទានពរឲ្យព្ឫកាសូរមានឫទ្ធិដូចភ្លើង កាលយកដៃទះ អ្នកណាក៏កើតជាភ្លើងឆេះវឹបឡើង​ព្ឫកាសូរចង់លងគ្រូមើល លើកដៃឡើងប្រុង នឹងទះព្រះឥសូរៗ ខ្លាចឫទ្ធិដៃភ្លើង​ ក៏ស្ដេចរត់ទៅ, គ្រានោះក្ដៅដល់ព្រះនារាយ ណ៍ៗ ក៏តោងមកជួយកម្រាបព្ឫកាសូរ ។ ជួនកាលដល់ទៅឲ្យព្រះឥសូរគោរពព្រះ នារាយណ៍ក៏មាន ។

          មុនដែលនឹងសំដែងរឿងរ៉ាវព្រះនារាយណ៍បែងភាគមកកម្រាបសឹកសត្រូវក្នុងយុគនោះៗ សមគួរនឹងចំណែកយុគឲ្យបានយល់ចូលចិត្តជាមុនសិន ។ ការ ចំណែកយុគនេះ មានផ្សេងគ្នាជា ២ យ៉ាង គឺចំណែកតាមប្រវត្តិសាស្ត្រ និ ចំណែកតាមសេចក្ដីជឿរាប់អានរបស់ព្រាហ្មណ៍ ។
          តាមប្រវត្តិសាស្ត្រនោះលោកចំណែកទុកជា ៤យ៉ាងគឺ :

១‑ យុគព្រះវេទ ឬត្រៃវេទ មានព្រះគម្ពីរ ៣ភាគ គឺ :​

     ក‑ ឫគវេទ (Rigaveda) ជាគម្ពីរតែងជាលំនាំពាក្យឆន្ទ សម្រាប់សូត្រ ស្តុតីសរសើរព្រះជាម្ចាស់ ។

     ខ‑ សាមវេទ (Samaveda) ជាគម្ពីររួបរួមបទភ្លេងសម្រាប់ស្ដុតីទេវតាក្នុង វេលាធ្វើពិធីបូជាយញ្ញ ។

     គ‑ យជុវ៌េទ (Yajurveda) ជាគម្ពីរពណ៌នាសរសើរទេវតាដែលគេរួប រួមឡើងខាងក្រោយ ។

     តមកកើតគម្ពីរវេទ ១ទៀត ហៅថា អថវ៌វេទ (Atharvaveda) ជាគម្ពីរ បញ្ចុះពេញដោយគាថាមន្តអាគមស្នេហ៍ សម្រាប់ធ្វើឲ្យមូលមក ឬឲ្យច្រាស់ ទៅ ។

          ២‑ យុគគម្ពីរព្រាហ្មណ៍ ក្នុងយុគនេះសេចក្ដីជឿកាន់យកក្នុងការធ្វើពិធីជា របស់សំខាន់ក្រៃលែង, ពពួកជនទើបនាំគ្នារាប់អានព្រាហ្មណ៍ថាជាអ្នកថ្លៃថ្លាជាង វណ្ណក្សត្រ ព្រោះព្រាហ្មណ៍ជាម្ចាស់យញ្ញកម្មទាំងពួង, ពួកអរិយក្សបាននាំគ្នាចុះ មកនៅក្នុងភូមិភាគប៉ែកខាងត្បូង បានប៉ះនឹងពួកទស្យុ ក៏កើតជាសង្គ្រាមឡើង ឫសីវាឡមិគិបាននិពន្ធមហាកាព្យ គឺរាមាយណៈ ដ៏ជាដើមរឿងរាមកេរ្ដិ៍ ។

          ៣‑ យុគឧបនិស័ទៈ ក្នុងយុគនេះ ព្រាហ្មណ៍គេកាន់ថាព្រះព្រហ្មជាព្រះ ម្ចាស់តែ ១អង្គ (ប្រហែលនឹងសេចក្ដីគិតឃើញរបស់ពួកឱរុបក្នុងមធ្យមសម័យ ដែលបានទំលាយសន្តផ្សេងៗចេញ ឲ្យគង់នៅតែរូបព្រះយេស៊ូ ១ ប៉ុណ្ណោះ) ទាំង កាន់ថាជាអាត្ម័ន (Alman) របស់លោក ជាអរូបកទេព ទើបបានកើតមានអ្នកទទឹង ទាស់សាសនាព្រាហ្មណ៍ឡើង ដូចយ៉ាងពួកសំខ្យៈជឿថា មនុស្សកើតមកតោង ទទួលទល់ទុក្ខវេទនាគ្មានបំផុត ទើបគិតកៃខៃរកផ្លូវចាកសង្សារវដ្ដ បានតាំងខ្លួនជា សាស្ដាប្រដៅលទ្ធិ, ធម៌តាមគាប់ចិត្តខ្លួន ដូចសុប្បិយបរិព្វាជក និងមក្ខលិគោ សាលជាដើម ។

          ៤‑ យុគពុទ្ធកាល ដ៏ជាផលរបស់ការប្រតិបត្តិលទ្ធិព្រាហ្មណ៍ ។

                             យុគ ១​យ៉ាងទៀតចែកជា ៤ គឺ :

          ក្ឫតយុគ     =    ៤៨០០  ឆ្នាំសួគ៌   =     ១,​៧៦៨,០០០  ឆ្នាំមនុស្ស

          ត្រៃតាយុគ  =    ៣៦០០ ឆ្នាំសួគ៌   =     ១,២៩៦,០០០  ឆ្នាំមនុស្ស

          ទ្វាបរយុគ   =    ២៤០០ ឆ្នាំសួគ៌   =     ៨៦៤,០០០   ​   ឆ្នាំមនុស្ស

          កលិយុគ    =    ១២០០ ឆ្នាំសួគ៌   =     ៤៣២,០០០      ឆ្នាំមនុស្ស ។

          មួយឆ្នាំមនុស្សស្មើនឹងមួយថ្ងៃសួគ៌ ហើយ១ឆ្នាំមាន ៣៦៥ថ្ងៃដូចគ្នា ។ ទាំង ៤ យុគនេះរួមជា ១មហាយុគ គឺ ១២,០០០ឆ្នាំសួគ៌​ ឬគិតជា ៤, ៣២០, ០០០ ឆ្នាំមនុស្ស, មួយពាន់មហាយុគជា ១ថ្ងៃរបស់ព្រះព្រហ្ម សឹងហៅថា ក៍ល្ប[2] យប់និងថ្ងៃរបស់ព្រះព្រហ្មវែងស្មើគ្នា ។

          ក្នុងយុគទាំង ៤ នេះមានហេតុភេទផ្សេងៗគ្នា ដូចមានប្រាកដក្នុងគម្ពីរ មហាភារតៈ ។

          ក្ឫតយុគ ជាយុគដែលមានសត្យធម៌ខ្ពង់ខ្ពស់បំផុត មានព្រះព្រហ្ម​ជាទី គោរពរាប់អានរបស់នរជនតែ ១អង្គ, មនុស្សទាំងពួងប្រាសចាកអគតិនូវកិលេស ទាំងពួង សុទ្ធតែតាំងនៅសត្យធម៌ស្មើគ្នាទាំងអស់ ព្រះព្រហ្មជាទីពឹងនៃយោគីទាំង ឡាយ, ព្រះនារាយណ៍ ដ៏ជាវិញ្ញាណនៃសត្វទាំងពួង មានព្រះកាយសបរិសុទ្ធ មានព្រះ វេទតែត្រឹម ១ គឺ ឫកវេទ ។

          ត្រៃតាយុគ សត្យធម៌ថយទៅ ១ភាគក្នុង៤ភាគ ព្រះកាយរបស់ព្រះ នារាយណ៍ក្លាយជាសម្បុរក្រហម ពួកមនុស្សនៅគង់នៅក្នុងសេចក្ដីសុចរិត តែ កើតចិត្តប៉ុនប៉ងយកផលានិសង្ស និងការបំពេញទាន ដើម្បីសុំពរព្រះជាម្ចាស់ ឲ្យ ខ្លួនបានរបស់វិសេសដែលមិនធ្លាប់មានក្នុងលោក ។

          ទ្វាបរយុគ សត្យធម៌ថយទៅពាក់កណ្ដាល ព្រះវរកាយរបស់ព្រះនារាយ ណ៍ ក្លាយជាសម្បុរលឿង ព្រះវេទកើតមានដល់ទៅ ៤ (គឺ ឫកវេទ, សាមវេទ, យជុវ៌េទ និងអថវ៌វេទ) មនុស្សសិក្សាព្រះវេទក្លាយទៅផ្សេងៗមិនស្មើគ្នា ពិធីផ្សេងៗ ក៏មានច្រើនឡើង មនុស្សអ្នកតាំងនៅក្នុងសុចរិតធម៌មានតិច តណ្ហាចូលគ្រប សង្កត់ដួងចិត្ត ធ្វើអ្វីក៏ប្រព្រឹត្តទៅក្នុងផ្លូវបៀតបៀនគ្នា ។

          កលិយុគ សត្យធម៌គង់នៅតែ ១ភាគក្នុង ៤ភាគ ព្រះកាយរបស់ព្រះនារាយ ណ៍ ក្លាយជាសម្បុរខ្មៅ ខប្រតិបត្តិទាំងពួងក៏មាននៅក្នុងគម្ពីរព្រះវេទថយទៅ កុសលកម្មនិងយញ្ញកម្មថយទៅ ពួកមនុស្សក្រាស់ទៅដោយកិលេស[3]

          ក្នុងយុគទាំង ៤នេះ ព្រះវិស្ណុជាព្រះធំក្រៃលែង ជាទីគោរពរាប់អានរបស់ ជនទាំងឡាយ ដែលដូច្នេះ​ ព្រោះពួកវៃស្ណវៈ (គឺពួកអ្នករាប់អានព្រះវិស្ណុ អ្នកតែង គម្ពីរនេះ) ប្រដៅថា ដើមឡើយមានព្រះជាម្ចាស់តែ ១ព្រះអង្គ គឺព្រះព្រហ្ម, តែ គម្ពីរវរាហបុរាណៈថា ព្រះនារាយណ៍ គឺព្រះបរព្រហ្ម ជាអរូបកទេព ទ្រង់រំពឹង ដល់កាលដែលសាងលោក ហើយក៏ត្រូវតែទំនុបបម្រុងរក្សាតទៅ ទើបបែងភាគ ជារូបកទេព ជាទេវរាជ ដែលមានកំណើតមិនដូចទេវតានឹងមនុស្សទាំងឡាយ ហើយប្រទានពរ ដល់ព្រះនារាយណ៍អង្គថ្មីនេះ ឲ្យជាអ្នកសាងសព្វវត្ថុទាំងពួង នឹងជាអ្នកបរិហារត្រៃលោកឲ្យមានអំណាចជាធំលើសលែងអ្នកទាំងពួង ។

          តមកក្នុងបទ្មបុរាណៈ ពោលថា កាលសាងសកលលោក ព្រះវិស្ណុបំណង នឹងសាងសារពើវត្ថុទាំងពួង ទើបបែងភាគជា ៣ គឺព្រះអ្នកសាង (ព្រហា្ម), ព្រះអ្នក បរិហារ (វិស្ណុ) និងព្រះអ្នកទំលាយ (សិវៈ) ហេតុនោះព្រះទាំង ៣ នេះទើបមិន ផ្សេងគ្នា (ដូចគ្នានឹងត្រីនីតិរបស់ពួកឱរុបដូចពោលហើយ) គឺក្នុងការនេះព្រះអង្គ បានសាងព្រះព្រហ្មាអំពីឆ្អឹងជំនីរខាងស្ដាំ ព្រះវិស្ណុអំពីឆ្អឹងជំនីរខាងឆ្វេង និងព្រះ សិវៈមហាកាលអំពីព្រះឧរា,​ ប្រហែលជាដោយហេតុនេះ ព្រាហ្មណ៍ខាងវៃស្ណវៈ ទើបអាងគម្ពីរបុរាណៈថា ព្រះអង្គ គឺ ត្រីម៌តិ ដូចពោលហើយ ។

          ក្នុងគម្ពីរវិស្ណុបុរាណៈថា ព្រះវិស្ណុជាអ្នកឲ្យកំណើតលោក ព្រះអង្គជាហេតុ នៃសេចក្ដីកើត និងសេចក្ដីសាបសូន្យនៃលោក ហេតុនោះព្រះអង្គគឺ លោក ។

          ក្នុងសម័យព្រះវេទនោះ ព្រះឥន្ទ្រ ជាព្រះរាជានៃព្រះជាម្ចាស់ទាំងពួង ត មកក្នុងយុគគម្ពីរព្រាហ្មណៈ មានព្រះជាម្ចាស់ដែលមានអំណាចខ្ពស់ជាងព្រះ ឥន្ទ្រ ក៏គឺព្រះអវតារនៃបឋមហេតុ (អនន្ត), ជនជាតិហិណ្ឌូប្រមាណ ១ភាគ បែរ មករាប់អានព្រះវិស្ណុ ដូចអវតារចុះចាកសួគ៌មកជាវិញ្ញាណនៃភូមិភព តែក៏គង់ នៅមានពួកខ្លះរាប់អានព្រះសិវៈតមករហូតដល់សម័យពុទ្ធកាល ក៏នៅរាប់អាន ព្រះជាម្ចាស់ទាំង ២នេះ ក្នុងទស្សនាវដ្ដីចារ្យថៃថា ពួកក្រិកនៅក្នុងឥណ្ឌៀប្រ មាណក្នុងព.ស.២៣១‑២៤០ ។ បានលិខិតក្នុងសៀវភៅ តាឥន្ទីកៈ (Taindika) ថាព្រះសិវៈ និងព្រះវិស្ណុនេះ ជាព្រះរុងរឿងបំផុត, ព្រះសិវៈស្ថិតនៅកំពូលភ្នំ ព្រះ វិស្ណុស្ថិតនៅទន្លេគង្គា ។

          ក្នុងឫគវេទ ព្រះវិស្ណុជាម្ចាស់នៃសេចក្ដីមេត្តាករុណា គេរាប់ថា​ព្រះជាន់រង គ្រាន់ជាអង្គតំណាងនៃដួងព្រះអាទិត្យ, និយាយរឿងបីជំហានដែលប្រាកដក្នុង ពាក្យឆន្ទ សរសើរព្រះជាម្ចាស់ នឹងក្នុងគម្ពីរព្រាហ្មណ៍សសំដែងឲ្យឃើញថា ក្នុង យុគឫគវេទគ្រាន់តែជាព្រះនៃសេចក្ដីរុងរឿងនិងអំណាច ក្នុងយជុវ៌េទ ព្រះវិស្ណុរុង រឿងជាង ក្នុងយុគឫគវេទ គឺព្រះអង្គរុងរឿងទាល់តែនៅជាវិញ្ញាណនៃសាកលភព ដ៏សក្ដិសិទ្ធ ប្រៀបដូចព្រះព្រហ្មក្នុងគម្ពីរមហាភារតៈ ក្នុងទីខ្លះពោលថាព្រះអង្គជា ឫសគល់ដើមនៃកំឡាំងនូវសេចក្ដីក្លាហាននៃព្រះឥន្ទ្រ មើលទៅឃើញដូចជាបាន ទទួលយកឧបនិស្ស័យរបស់ព្រះវរុណៈម្ចាស់នៃការរំដោះបាបចូលផង ទាំងព្រះ សិវៈ ទាំងព្រះវិស្ណុជាព្រះកំពូលផុតចិត្តព្រាហ្មណ៍ និងរិះគន់ហើយបានជាទីគោរព រាប់អានរបស់ព្រាហ្មណ៍យ៉ាងស្មោះពិតប្រាកដ តែគេញែកសេចក្ដីរាប់អានជាពីរ ពួក គឺសៃវនិកាយ ពួករាប់អានព្រះសិវៈ, នឹងវៃស្ណវនិកាយ ពួករាប់អានព្រះវិស្ណុ ។

          កាលដើមឯណោះ ព្រះវិស្ណុជាអរូបកទេព ជាម្ចាស់នៃសេចក្ដីល្អ និងមេត្តា បាននាមជាព្រះនារាយណ៍ក្នុងគម្ពីរព្រាហ្មណ៍ ហើយបានជាទីរាប់អានដូចអច្យុត, ក្នុងទីខ្លះថា ព្រះអង្គកើតអំពីផ្កាឈូកទាំងនៅសន្មតថា ស្ដេចស្ថិតផ្ទំលើសេសនាគ រាជ ដែលជាភាគ១របស់ព្រះអង្គ ។​ សេសនាគរាជនេះនៅលើកូមិ (អណ្ដើត) ដ៏ជា ភាគ ១ទៀត វេលាដែលអណ្ដើតកម្រើកខ្លួន ដាស់ឲ្យស្ដេចនាគតើនបន្ទំ ក៏កើត ផែនដីញ័រ អ្នកខ្លះថា ព្រះព្រហ្មកើតអំពីផ្កាឈូក ដែលផុសចេញអំពីនាភី (ផ្ចិត) របស់ព្រះហរិ, ព្រះសិវៈ កើតអំពីព្រះនលាដៈ ។ តមក សេចក្ដីជឿក្នុងព្រះជាម្ចាស់ ដ៏ខ្ពស់បំផុតនេះ ក៏ក្លាយមកជារូបកទេព ប្រហែលមនុស្សពួកវៃស្ណវនិកាយ, ឯព្រះ វិស្ណុទោះអវតារ (បែងភាគ) មកក្នុងមនុស្សលោកដូចព្រះរាម,​ ព្រះក្ឫស្ណៈ, ព្រះពល រាម ។

          ក្នុងប្រទេសជ្វា សេចក្ដីរាប់អានព្រះវិស្ណុមានតិចជាងព្រះសិវៈ ទោះបី ដូច្នោះក្ដី ក្សត្រជា្វអង្គខ្លះ ក៏នៅជឿថាព្រះអង្គអវតារ មកអំពីព្រះវិស្ណុ,​ក្នុងប្រទេស ចាមក៏ដែរ រាប់អានព្រះសិវៈនិងព្រះឧមាជាងព្រះវិស្ណុ, និងព្រះលក្ស្មីយ, ចំណែក ក្នុងប្រទេសកម្ពុជារាប់អានព្រះវិស្ណុជាងព្រះសិវៈ ដែលថាដូច្នេះ ដោយបានសង្កេត ឃើញរូបព្រះហរិហរៈ ដែលខ្មែរសាងក្នុងជាន់ដើមសម័យនគរភ្នំ និងនាមព្រះ មហាក្សត្រទាំងឡាយ ក៏ច្រើនតែទាក់ទាមដោយនាមព្រះវិស្ណុ ​(នារាយណ៍) ជា ច្រើន, ពួកជាងច្រើនសាងព្រះវិស្ណុជាអនុស្សាវរីយ៍ ស្ថិតនៅលើស្ដេចអនន្តនាគ  រាជ ។

          រូបចម្លាក់នៅប្រាសាទវិស្ណុលោក (នគរវត្ត) ដែលទាក់ទាមដោយរឿងព្រះនា រាយណ៍មានច្រើនរឿង ដូចយ៉ាងរឿងចម្បាំងរវាងព្រះក្ឫស្ណៈនឹងពាណាសូរ, ​ព្រះក្ឫស្ណៈគង់លើគ្រុឌរាជ, ក្នុងខណៈដែលពាណាសូរទៀបនឹងត្រូវព្រះក្ឫស្ណៈ សម្លាប់ ហើយព្រះសិវៈក៏ស្ដេចចូលជួយជីវិតពាណាសូរ ដោយត្រាស់ថា គ្មានអ្នក ណាអាចឈ្នះបាន តែហាក់ទ្រង់បានសន្យានឹងពាណាសូរថា នឹងជួយឲ្យរស់រួច ជីវិត ទើបសូមឲ្យលែងអសុរទៅសិនចុះ កុំឲ្យព្រះវាចារបស់ព្រះអង្គរលត់ឥតផល ឡើយ ព្រះក្ឫស្ណៈ ទើបព្រមលែងដោយស្រួលដោយគិតថា ព្រះក្ឫស្ណៈនិងព្រះសិវៈ នោះជាអង្គជាមួយគ្នាមិនមែនផ្សេងគ្នាឡើយ ។

          ស្ថានសួគ៌ដែលជាទីស្ថិតនៃព្រះវិស្ណុហៅថា “វៃកុណ្ឋៈ” កាលណាលោកមាន ទុក្ខធុរៈក្ដៅក្រហាយជាទម្ងន់ សឹងមិនមានអ្នកណាជួយបន្ទោបង់បាន, ក្នុងថាន ដែលព្រះអង្គជាអ្នកបរិពារ ក៏តោងអវតារ (បែងភាគ) ចុះមកលត់សេចក្ដីក្ដៅក្រ ហាយនោះ ស្រេចហើយស្ដេចត្រឡប់ថ្កានវៃកុណ្ឋៈដូចដើមវិញ, ការហៅអវតារ នេះ ក្នុងភាសាចិនហៅថា អប៉ោតោលោ មានចំនួនផ្សេងៗគ្នា មិនបានទៀងទាត់ អ្នកខ្លះក៏ថាមាន ២០ ឬ៣០ តា​មបែបដែលនិយម តែដោយច្រើនថា ១០គ្រា អ្នក ប្រាជ្ញឱរុបថាមាន ១០គ្រាក៏ពិត តែដោយខ្ចីយកមកអំពីបករណៈក្នុងយុគព្រះវេទ មកបំពេញចំនួន ដែលរាប់ថាមានមែនៗនោះ ក៏គឺព្រះអវតារមកជា មត្ស្យៈ, វរាហៈ និងកូមិប៉ុណ្ណោះ តាមដែលនិយមដោយច្រើនថាមាន ១០គ្រា នោះមាន មកហើយ ៩គ្រា នឹងមានតទៅ ១គ្រា ៖

                   ក្នុងក្ឫតយុគ          ១            មត្ស្យាវតារ
                                              ២            កុមាវ៌តារ
                                              ៣           វរាហាវតារ
                                              ៤            នរសិង្ហាវតារ
                   ក្នុងត្រៃតាយុគ      ៥            វាមរាវតារ
                                              ៦            បរសុរាមាវតារ
                   ក្នុងទ្វាបរយុគ       ៧           រាមចន្ទ្រាវតារ
                                              ៨            ក្ឫស្ណាវតារ
                   ក្នុងកលីយុគ         ៩            ពុទ្ធាវតារ
                                              ១០         កលក្យាវតារ

          តាមច្បាប់ហោព្រះសមុតរបស់សៀម មានជ្រែក ២ឈ្មោះ គឺ មហិង្សាវតារ ជាក្របីព្រៃ និងអប្សរាវតារ ជានាងទេពអប្សរទៅកម្រាប់នន្ទក តែគ្មាន ២គ្រា គឺ បរមសុរាមាវតារ និងកលក្យាវតារ ដូច្នេះគង់មាន ១០គ្រាដដែល ។ រះជាម្ចាស់ដ៏ខ្ពស់បំផុតនេះ ក៏ក្លាយមកជារូបកទេព ប្រហែលមនុស្សពួកវៃស្ណវនិកាយ, ឯព្រះវិស្ណុក សេចក្ដីជឿលក្នុងដីញ័រ អ្នកខ្លះថា ព្រះព្រហ

សម្រង់ចាកពី ទស្សនាវដ្ដីកម្ពុជសុរិយា, លេខ ៥-៦, ១៩៤៥ 

(នៅមានត)


ចម្លងនិងរៀបរៀងចុះផ្សាយឡើងវិញដោយ ៖ សេង សុវណ្ណដារ៉ា





[1] ត្រីម៌តិក្នុងលទ្ធិសៃយមិនមែនមានតែព្រះជាម្ចាស់ប៉ុណ្ណេះ សូម្បីព្រះទេវីក៏មានដែរ គឺព្រះសរស្វតី (ព្រះកាយ សម្បុរស) ព្រះលក្ស្មី (ព្រះកាយសម្បុរក្រហម) ព្រះភគវតី (ព្រះកាយសម្បុរខ្មៅ) ។ ក្នុងគម្ពីរ វរាហបុរាណៈ ពោលថា ដែលព្រះទេវីមានសម្បុរព្រះកាយ ស ក្រហម ខ្មៅ ដូច្នេះប្រព្រឹត្តទៅតាមរដូវកាល គឺអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ។ រឿងត្រីម៌តិក្នុងលទ្ធិគ្រឹស្ដ៍ងក៏មានដែរ គឺបានដល់ព្រះយេហោវ៉ា១ ព្រះចិត្ត១ ព្រះយេស៊ូ១ ទាំង៣ នេះរួមជា ១អង្គជាមួយគ្នា ។
[2] តាមសេចក្ដីនិយមជឿរបស់ពួកព្រាហ្មណ៍ថា មានវេលាស្មើនឹង ១២, ០០០, ០០០ឆ្នាំសួគ៌ ។ ក៍ល្បនេះចែក ចេញជា ១,០០០ភាគ​ ក្នុង ១ភាគ ហៅថា មហាយុគ គឺ ១២,០០០ឆ្នាំសួគ៌ ។ តាមក្នុងតេភូមិកា ត្រង់ដែល និយាយនរកភូមិ ក្នុងមួយក៍ល្បនោះប្រមាណថាមានភ្នំ ១ កំពស់ ១ យោជន៍ ទំហំ ៣យោជន៍ ក្នុងវេលាប្រមាណ ១០០ឆ្នាំ មានទេវតាយកសំពត់ដ៏ទន់មកបោសភ្នំនោះម្ដង កាលភ្នំនោះរាបស្មើនឹងផែនដី ក៏សំគាល់ថា ១ក៍ល្ប ។
[3] វេលានេះនៅក្នុងកលិយុគ អ្នកកាន់សៃយសាស្ត្រផ្ដើមរាប់អានកលិយុគ តាំងពី ១៨កុម្ភាព័ន្ធ មុនពុទ្ធសករាជ ២៥៥៩ ឥឡូវព.ស. ២៤៨៥ នៅគង់សល់ទៀត ៤២៦,៩៥៦ឆ្នាំ ក៏នឹងផុតកលិយុគ លោកថានឹងកើតមហា ភ័យដល់លោកធាតុ គឺនឹងមានភ្លើងប្រល័យក៍ល្បឆេះលោកអស់ម្ដង ។

No comments:

Post a Comment