Friday, March 10, 2017

«ប្រលោមលោក»


ក-និយមន័យ

          សព្ទ «ប្រលោមលោក» ត្រូវនឹងសព្ទក្នុងភាសាបារាំងថា «Roman» និងសព្ទអង់គ្លេសថា «Roman» ដែលប្រែសម្រួលប្រើប្រាស់ជាដំបូងគេដោយ ឧកញ៉ាវិបុលរាជសេនា នូ កន នៅរវាងទសវត្ស ១៩៤០ ។
          ទស្សនៈយល់ឃើញអំពីការកំណត់និយមន័យលើសព្ទ «ប្រលោមលោក» មានជាច្រើនបែបច្រើន យ៉ាងដូចជា ៖

          ១.Alphonse Daudet យល់ឃើញថា ប្រលោមលោក គឺជាប្រវត្តិនៃមនុស្ស និងជាប្រវត្តិនៃបណ្ដា ព្រះមហាក្សត្រ (Le roman est l'histoire des hommes et l'histoire le roman des rois.) ។

          ២.Blaise Pascal លើកឡើងថា «History is a novel that has been, the novel is of the story that could have been.» ។

.Milan Kunderaលើកឡើងថា គោលបំណងប្រលោមលោក គឺលើកនិយាយនូវអ្វីដែលប្រលោម លោកអាចនិយាយបាន» (la seule raison d'être du roman est de dire ce que seul le roman peut dire.)

. Aragon លើកឡើងថា ប្រលោមលោកគឺជាម៉ាស៊ីនដែលបង្កើតឡើងដោយមនុស្សសម្រាប់បង្ហាញ នូវការព្រួយបារម្ភនៃការពិតក្នុងភាពស្មុគស្មាញ (Le roman est une machine inventée par l'homme pour l'appréhension du réel dans sa complexité) ។

៥. Mikhaïl Bakhtine ប្រលោមលោកគឺជាប្រភេទនៃការប្រែប្រួលជាលំដាប់ និងពុំទាន់បញ្ចប់ ហើយដែលស្ថិតនៅ ក្រោមការតាមដាននៃចក្ខុទាំងពីររបស់យើង (Le roman est le seul genre en devenir, et encore inachevé. Il se constitue sous nos yeux.) ។

៦. Virginia Woolf  លើកឡើងថា ប្រលោមលោកគឺជាទម្រង់សិល្បៈតែមួយគត់ដែលស្វែងរក ដើម្បីធ្វើឱ្យយើងជឿថា វាផ្តល់របាយការណ៍ពិតនិងពេញលេញនៃជីវិតរបស់មនុស្សពិតប្រាកដ (« Le roman, [...] est la seule forme d'art qui cherche à nous faire croire qu'elle donne un rapport complet et véridique de la vie d'une personne réelle) ។

៧. Lautréamont (1846-1870) យល់ថា ប្រលោមលោកនេះគឺជាប្រភេទមិនពិត ព្រោះវារៀបរាប់ អំពីតណ្ហាដោយខ្លួនឯង, ការសរុបបង្ហាញនៃសីលធម៌គឺអវត្តមាន (Le roman est un genre faux, parce qu'il décrit les passions pour elles-mêmes ; la conclusion morale est absente.) ។

៨. ANDRE MAUROIS លើកឡើងថា ប្រលោមលោកគឺជាអ្វី? ធម្មតាណាស់ រឿងនិទាននៃ ព្រឹត្តិការណ៍ប្រឌិតមួយ (Qu'est-ce qu’un roman ? Très simplement un récit d’évènements fictifs.) ។

៩. JULIEN GRACQ បង្ហាញថា នៅពេលដែលវាមិនមែនជាសុបិន, ប្រលោមលោកនេះ គឺពាក្យ កុហក (Quand il n’est pas songe, le roman est mensonge.) ។

១០. PIERRE-AIME TOUCHARD លើកឡើងថា ប្រលោមលោកគឺជាសិល្បៈទោល ខណៈពេលដែលរឿងល្ខោន គឺជាសិល្បៈនៃការប្រមូលផ្ដុំ (Le roman est un art solitaire alors que le théâtre est un art collectif.) ។

​១១. PIERRE-AIME TOUCHARD ក៏លើកឡើងបន្ថែមទៀតថា ប្រលោមលោកគឺជាសិល្បៈដែល ស្ដែងអំពីការព្រួបារម្ភ, ដែលចាក់ឆ្កឹះទៅក្នុងមុខរបួស និងភាពសប្បាយដែលគេបានជួបប្រទះគឺជាអារម្មណ៍ នៃភាពសប្បាយរីករាយដែលប្រឡាក់ប្រឡូកដោយរោគស្នេហាលើខ្លួនឯងតែមួយ (Le roman est un art inquiet, qui fouille dans la plaie à vif, et le plaisir qu’on y rencontre est un plaisir entaché de narcissisme.)

ខ-ប្រភេទប្រលោមលោក

          លោកសាស្ត្រាចារ្យ ឃួន សុខម្ភូ បានចែកលម្អិតប្រលោមលោកខ្មែរដែលបានបោះពុម្ពពីឆ្នាំ ១៩៣៨ ដល់ឆ្នាំ ១៩៧២ ជាច្រើនប្រភេទដូចតទៅ ៖

១.ប្រលោមលោកជីវប្រវត្តិ (roman autobiographique)
២.ប្រលោមលោករិះគន់ (roman critique)
៣.ប្រលោមលោកស្នេហា (roman d’amour)
៤.ប្រលោមលោកផ្សងព្រេង (roman d’aventure)
៥.ប្រលោមលោកទូន្មាន (roman didactique)
៦.ប្រលោមលោកឧបាយសម្ងាត់ (roman d’intrigue)
៧.ប្រលោមលោកអាថ៌កំបាំង (roman demystère)
៨.ប្រលោមលោកការយកព័ត៌មានកាសែត (roman de reportage)
៩.ប្រលោមលោកពីការធ្វើដំណើរ (roman de voyage)
១០.ប្រលោមលោកប្រវត្តិសាស្ត្រ (roman historique)
១១.ប្រលោមលោកអច្ឆរិយៈ (roman merveilleux)
១២.ប្រលោមលោកធម្មជាតិ (roman naturaliste)
១៣.ប្រលោមលោកទស្សនវិជ្ជា (roman philosophique)
១៤.ប្រលោមលោកស៊ើបអង្កេត (roman policier)
១៥.ប្រលោមលោកនយោបាយ (roman politique)
១៦.ប្រលោមលោកចិត្តសាស្ត្រ (roman psychologique)
១៧.ប្រលោមលោកមនោសញ្ចោតនា (roman sentiment)
១៨.ប្រលោមលោកសង្គម (roman social)
១៩.ប្រលោមលោកជាកំណាព្យ (គឺរឿងល្បែង) (roman versifié) ។[1]

          លោកសាស្ត្រាចារ្យ ឃីង ហុកឌី បានសង្ខេបប្រភេទប្រលោមលោកខាងលើឲ្យនៅតែប្រាំមួយ ប្រភេទ ដែលអ្នកនិពន្ធតែងចែងនៅលើទំព័រដើមបញ្ជាក់ប្រភេទប្រលោមលោកខ្លួន ៖

១.ប្រលោមលោកមនោសញ្ចោតនា (roman sentimental)
២.ប្រលោមលោកផ្សងព្រេង និងអាថ៌កំបាំង (roman d’aventure et de mystère)
៣.ប្រលោមលោកប្រវត្តិសាស្ត្រ (roman historique)
៤.ប្រលោមលោកស៊ើបអង្កេត និងចារកម្ម (roman policier et d’espionnage)
៥.ប្រលោមលោកនយោបាយ និងសង្គម (roman politique et social)
៦.ប្រលោមលោកទស្សនវិជ្ជា និងចិត្តសាស្ត្រ (roman philosophique et psycologique) ។[2]

ក្នុងទិដ្ឋភាពនៃការសិក្សាអំពីអក្សរសិល្ប៍ទំនើបនៅបស្ចឹមប្រទេសក៏មានការធ្វើបញ្ចែកប្រភេទប្រលោមលោកជាច្រើនប្រភេទផងដែរ តែប្រភេទចម្បងៗនៃប្រលោមលោកមាន ៧ប្រភេទ គឺ ៖

១. ប្រលោមលោកបែបវិភាគ (Le roman d’analyse)​ដូចជាស្នាដៃ «ម្ចាស់ក្សត្រីនៃទីក្រុងក្លែវឺស៍» (La Princesse de Clèves) របស់អ្នកនិពន្ធ Mme de La Fayette,  «ទ្វារចង្អៀត» (La Porte étroite ) របស់អ្នកនិពន្ធ André Gide ។ល។
២. ប្រលោមលោកបែបសំបុត្រ (Le roman par lettres) ដូចជា «សំបុត្រជនជាតិពែក្ស» (les Lettres persanes) របស់ Montesquieu, «សេចក្ដីរបស់Heloïse» (La Nouvelle Heloïse) របស់ Rousseau, «សម្ពន្ធការនៃគ្រោះថ្នាក់» (Les Liaisons dangereuses) របស់ Laclos ។ល។
៣. ប្រលោមលោកបែបជីវប្រវត្តិ (Le roman autobiographique) ដូចជា «Gil Blas de Santillane» របស់ Lesage, «Le Paysan parvenu» របស់ Marivaux, «Le Lys dans la vallée» របស់ Balzac, រឿង «René» របស់ Chateaubriand ។ល។
៤. ប្រលោមលោកបែបប្រវត្តិសាស្ត្រ (Le roman historique) ដូចជា «Quo vadis ?» របស់អ្នក និពន្ធជា ប៉ូឡូញ Henryk Sienkiewicz (1896), «La Vierge de Babylone» របស់ Prosper Castanier (1898), «La pierre et le sabre» និង «La parfaite lumière» របស់អ្នកនិពន្ធជាតិ ជប៉ុន  Eiji Yoshikawa ។ល។
៥. ប្រលោមលោកបែបតថនិយម (Le roman réaliste) ដូចជា «les Bourgeois de Molinchart» (1855) របស់ Champfleury (1821-1889),  «Madame Bovary» (1857) របស់ Flaubert (1821-1880), «Récits de Sébastopol» (1856) របស់ Tolstoï (1828-1910) ។ល។
៦. ប្រលោមលោកបែបផ្សងព្រេង (Le roman d’aventures)​ ដូចជា «Han d'Islande» (1823), 
« Bug-Jargal» (1824), «Les Travailleurs de la mer» (1866), «Quatrevingt-treize» (1874) របស់ Victor Hugo, «Robert le mousse» (1877) របស់ Sophie Wörishöffer ។ល។
៧. ប្រលោមលោកបែបស៊ើបអង្កេត (Le roman policier ) ដូចជា Sherlock Holmes (របស់ C. Doyle), Rouletabille (របស់ G. Leroux), Hercule Poirot (របស់ A. Christie), Maigret (របស់ G. Simenon) ឬ Philip Marlowe (របស់ R. Chandler) ។ល។

ភ្នំពេញ, ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧
       រៀបរៀងដោយ 
     សេង សុវណ្ណដារ៉ា


(រក្សាសិទ្ធិគ្រប់យ៉ាង)





[1] KHUN Sokkhamphu, Le roman khmer comtemporain, Phnom Penh, Faculté des Lettres, 1972. និងសូមអាន ឃីង ហុកឌី, អក្សរសិល្ប៍ខ្មែរសតវត្សទី ២០, កវីនិពន្ធ និងកម្រងអត្ថបទ, បណ្ណាគារអង្គរ, ២០០៧, ទំព័រ៤៩-៥០ ។
[2] ឃីង ហុកឌី, អក្សរសិល្ប៍ខ្មែរសតវត្សទី ២០, កវីនិពន្ធ និងកម្រងអត្ថបទ, បណ្ណាគារអង្គរ, ២០០៧, ទំព័រ៥០ ។ 

No comments:

Post a Comment