Tuesday, March 7, 2017

រឿងទេវន្ទ (សង្ខេប)

(និពន្ធដោយ អម្ឫតក្សត្រី ម៉ុក, ១៨៥៩)



ក្នុងកាលដែលកន្លងផុតទៅហើយ នៅក្នុងនគរពារាណសី មានក្សត្រ មួយ អង្គមានព្រះនាមថា ព្រះបាទ ព្រហ្មទត្ត រីឯអគ្គមហេសីមាននាម វិមលា រស់នៅ យ៉ាងសុខសប្បាយ តែទ្រង់ទាំងពីរគ្មានបុត្រ មួយអង្គឡើយ ។ ព្រះបាទព្រហ្មទត្ត និងមហេសី ក៏បានធ្វើពិធីសុំបុត្រ តាមរយៈការប្រកាន់ ខ្ជាប់នូវសីល៥ ដល់ សីល៨ និងបានដាក់ទានដល់ស្មូមស្មុំទាន ដោយប្រាថ្នា ចង់បានបុត្រ ។
     
     ព្រះឥន្ទ្រាធិរាជ បានទតឃើញពីការរក្សាសីលយ៉ាងខ្ជាប់ខ្ជួនរបស់ ក្សត្រី ទ្រង់ក៏បានសុំយាងពង្សពោធិសត្វឲ្យចុះទៅយកកំណើតនៅនគរ ពារាណសី ។

          គ្រាដែលពង្សពុទ្ធបានច្យុតចាកស្ថានសួគ៌ ព្រះនាងវិមលាបានយល់ សុបិន្ត ឃើញទេវបុត្រមួយអង្គកាន់   កែវវជីរ (ត្បូងពេជ្រ) ភ្លឺផ្លេកទាំងដប់ទិស មកដាក់នៅ លើដៃរបស់ព្រះនាង ភ្លាមនោះក៏មានទេវបុត្រមួយអង្គទៀត ដែលនេត្រាទាំងពីរ សោតខ្វាក់ បានចូលមកធ្វើបាបប្រជាជន ហើយកែវវជីរ ក៏វិនាសបាត់ទៅវិញ តែយូរបន្តិច កែវវជីរក៏ប្រែមកមានរិទ្ធីសម្លាប់ទេវបុត្រ នោះឲ្យរលត់ជីវីវិញ ។
         
 លុះដល់គ្រប់ខែប្រសូត ក៏មានហេតុអស្ចារ្យលេចឡើង មេឃាបាន ប្រែជា អ័ព្ទងងឹតលើសយប់ រន្ទះគ្រប់ទិសទាំងដប់ ខ្យល់បក់បោកបាក់ ដើមឈើ តែលុះដល់ ព្រឹកមេឃាក៏ប្រែស្រលះ ឯព្រះអាទិត្យក៏រះយ៉ាងច្បាស់ លើមេឃា នាពេលដែលព្រះពោធិសត្វទ្រង់ចាកឧទរ ។ ព្រះបាទព្រហ្មទត្ត បានហៅហោរាមកទស្សន៍ទាយ ហើយ ក៏បានដាក់នាមរាជបុត្រាថា ទេវន្ទ ។ លុះដល់ព្រះទេវន្ទ ចេះដើរដួល ព្រះមាតា ទ្រង់ក៏មានគត៌គ្រប់ខែ ប្រសូត្រ បានបុត្រីមួយរូបទៀត មានព្រះនាម ចន្ទា ដែលមាន រូបឆោមលោមពណ៌ល្អ ដោយសារតែភ័ព្វព្រេងដែលនាងបានសាងកាលពីជាតិមុន គ្រាដែលនាងជា កូនមហាសេដ្ឋី ។

          ថ្ងៃមួយ ព្រះបាទព្រហ្មទត្តបានលាមហេសីចេញទៅកំសាន្ដព្រៃ តែ ដោយ កម្មពៀរធា្លប់បានសាង ព្រះបានព្រហ្មទត្តក៏ត្រូវយក្សនន្ទិសម្លាប់ និង ប្រែក្រឡាជា ព្រះអង្គត្រឡប់មកនគរវិញ ។ យក្សនន្ទិ តែងតែចេញស៊ីមនុស្ស នាពេលរាត្រីយ៉ាងសុខសាន្ដ តែមិនទុកចិត្តព្រោះមានអស្សពាហ៍មួយដែល ដឹងថាខ្លួនជាយក្ស ហេតុនេះក៏ចាប់អស្សពាហ៍ទៅធ្វើទុក្ខបង្អត់អាហារឲ្យងាប់ ។ ដោយបុណ្យដែលមាន បានបណ្ដាលចិត្តឲ្យរាជបុត្រាបុត្រីទាំងពីរ មកជួប នឹងអស្សពាហ៍ដូច បំណងខ្លួន ហើយអស្សពាហ៍ក៏ទម្លាយរឿងរបស់យក្សឲ្យ រាជកុមារទាំងពីរអង្គដឹង គ្មានសល់ ។

          ព្រះទេវន្ទ និងអនុជត្រី បាននាំគ្នារត់ចេញពីនគរ ដោយសេះជាអ្នកនាំ ផ្លូវ ។ យក្សនន្ទិ និងនាងវិមលា ក៏បានដឹងរឿងនេះ ឯយក្សនន្ទិក៏ចេញរក តាមបំណងមហេសី តែក្នុងបំណងសម្លាប់ចោលទាំងអស់ ។      អស្សពាហ៍ បានប្រើល្បិច និងមានការជួយពីព្រះឥន្ទផង ទើបរាជកុមារទាំងពីររួចព្រះ ជន្ម ឯអស្សពាហ៍ត្រូវ   យក្សនន្ទិស៊ីត្រឹមក្បាលក្ស័យបាត់ទៅ តែត្រូវបានព្រះ
ឥន្ទជួយដោយដូរក្បាលទៅជារាជសីហ៍ និងចេះហោះហើយថែមទៀត​ ។

          អស្សពាហ៍បាននាំរាជកុមារទាំងពីរទៅដល់នគរហេមន្ដ តែចំលែក ដោយ គ្មានមនុស្សនៅសូម្បីម្នាក់សោះ ។ ហេតុតែចង់ដឹង រាជកុមារទាំងពីរ ក៏ស្រុះស្រួល គង់នៅនគរនោះ ។ ព្រះទេវន្ទតែងតែចេញទៅបេះផ្លែឈើយក មកឲ្យអនុជត្រី ឯព្រះនាងចន្ទា ជាអនុជ កាលបើម្ចាស់បងរបស់ទ្រង់ចេញ ទៅបាត់ ក៏តែងដើរមើល គ្រប់បរិវេណប្រាសាទ ។ ថ្ងៃមួយ ជួនជាប្រទះនឹង ស្គរមួយធំប្លែក ព្រះនាងក៏ចូលទៅ គោះលេងជាល្បែង ព្រោះនិស្ស័យជាក្មេង រួចក៏បានជួបនឹងរាជបុត្រាមួយអង្គទៀត ព្រះនាម អភ័យកុមារ ដែលស្ដេច នៃនគរហេមន្ដបានលាក់ពីសត្វឥន្ទ្រីមួយគូ ដែលតែងតែមកស៊ីមនុស្សក្នុង នគរ  ។ ក្សត្រាក្សត្រីទាំងពីរអង្គកាលបើបានឃើញគ្នា ហើយ ក៏សព្វព្រះរាជ ហឬទ័យលើគ្នាទៅវិញទៅមក តែដោយជាតិជានៅក្មេងពេក ក៏បានជ្រុល ជ្រួសហួសដំណើរជាមួយគ្នា ។

          ដោយខ្លាចព្រះទេវន្ទដឹងរឿងខ្លួនទាំងពីរ ព្រះនាងចន្ទា និងអភ័យ កុមារ បានរិះរកល្បិចដើម្បីឲ្យព្រះទេវន្ទសុគត ។ ព្រះនាងចន្ទា បានធ្វើតាម គ្រប់គំនិត របស់រាជបុត្រអភ័យកុមារ ដោយធ្វើជាយល់សប្ដិចង់សោយអំពៅ នៅព្រៃហេមពាន្ដ ឯព្រះទេវន្ទ ក៏ទៅរកមកឲ្យបាន ហើយទទួលបានហ្វូង ពានរជាបរិវារ ។ បន្ទាប់មក នាងធ្វើជាយល់សប្ដិចង់សោយឃ្មុំ ព្រះទេវន្ទ ក៏ទៅរកមកឲ្យបាន ហើយទទួលបាន ខ្លាឃ្មុំជាបិរវារទៀត ។ ក្រោយមកនាង ធ្វើជាយល់សប្ដិចង់សោយផ្លែឈូក ព្រះទេវន្ទ ក៏ទៅរកមកឲ្យបាន ហើយ ទទួលបាន យក្សទាំង ៤ ដែលជាអ្នកយាមស្រះឈូក ជាបិរវារទៀត ។ គ្រា ដែលមិនអាចធ្វើអ្វីព្រះទេវន្ទបាន នាងក៏ធ្វើល្បិចជាចង់សោយ ស្វាយ ព្រោះ ចង់ឲ្យព្រះទេវន្ទចេញទៅព្រៃដើម្បីនាងបានទៅជួបនឹងរាជបុត្រអភ័យ កុមារ តែព្រះទេវន្ទនៅតែអាចរកបានដោយក្ដីលំបាក ។ ពេលដែលព្រះទេវន្ទចេញ ទៅរកផ្លែអម្ពា (ផ្លែស្វាយ) ជាមួយនឹងយក្សទាំងបួនជាបរិវារ  ព្រះនាងចន្ទា បានទៅ ជួបនឹងរាជបុត្រអភ័យកុមារ ហើយរកល្បិចថ្មីសម្លាប់ព្រះទេវន្ទទៀត តែដោយ ព្រះអង្គមានបុណ្យបារមីខ្ពស់ ទ្រង់ក៏រួចផុតពីគ្រោះនោះ ហើយ ក៏ដឹងរឿងគ្រប់យ៉ាង របស់អនុជត្រី និងរាជកុមារ ទ្រង់ក៏សព្វព្រះទ័យផ្សំ ផ្គុំអនុជទាំងពីរឲ្យទៅជាគូនឹងគ្នា ។

នៅពេលដែលព្រះទេវន្ទ ទ្រង់មានបិរវារគ្រប់គ្រាន់ហើយនោះ ទ្រង់ក៏ នាំ បរិវារទៅកាន់នគរពារាណសី ដើម្បីសម្លាប់នន្ទិយក្សដែលជាអ្នកសម្លាប់ បិតាទ្រង់ និងលួចនគរទ្រង់ ។ ជ័យជំនះបានធ្លាក់មកលើព្រះហស្ដរបស់ ព្រះទេវន្ទ ហើយទ្រង់ និងគ្រួសារបានរស់ជួបជុំគ្នា ហើយគ្រងរាជយ៉ាងសុខ សាន្ដ ។

ស្ដេចទេវន្ទ កាលបើនៅយូរបន្តិច ក៏សុំលាព្រះមាតាចេញទៅតាមរក មហេសី ដែលជាកន្សៃសារពេជ្ញ ហើយក៏បានជួបដូចបំណងនៅកោសេយ្យ នគរ ព្រះនាម សុវណ្ណកេសរ នឹងនាំត្រឡប់មកកាន់នគរវិញ ដោយមិន បានប្រាប់ស្ដេច យសវតី និងមហេសីទ្រង់ នាងបទុមា ជាមាតាបិតាសុវណ្ណ កេសរឡើយ តែបានសរសេរសំបុត្រទុកឲ្យមាតាបិតាក្មេក ដោយសន្យាថា នឹងនាំបុត្រីទ្រង់ទាំងពីរមក វិញនៅប្រាំពីរឆ្នាំខាងមុខ ។ ដោយកម្មពៀរ ពេលជិតដល់នគរ ស្ដេចទេវន្ទបានទុក ព្រះនាងសុវណ្ណកេសរនៅក្រៅនគរ សិន ដើម្បីទៅនាំបរិវារមកទទួលឲ្យសមនឹងឋានៈ ។ គ្រាដែលស្ដេចយាង ចេញទៅ យក្ខិនីមួយបានមកដល់ ហើយសួរដឹង សព្វរឿង ក៏ពោលមុសាថា ខ្លួនជាប្រពន្ធដើម ក៏តាំងវាយសម្លាប់ព្រះនាងសុវណ្ណ កេសរចោល រួចក៏ក្លែង ខ្លួនជាព្រះនាង ។ ហេតុតែបុណ្យសំណាង ព្រះនាងសុវណ្ណកេសរមិនទាន់ សុគតឡើយ ហើយត្រូវបានយាយតាពីរនាក់ជួយសង្គ្រោះជីវិត ហើយរួម រស់អាស្រ័យនៅ និងបម្រើដល់តាយាយរៀងមក ។

និទានពីស្ដេចទេវន្ទ បាននាំនាងយក្ខិនីចូលក្នុងវាំង មិនយូរប៉ុន្មានទ្រង់ ក៏បានដឹងគ្រប់រឿង ព្រោះព្រះឥន្ទពន្យល់ដល់ទ្រង់ ហើយព្រះអង្គក៏រកអគ្គ មហេសីឃើញ   ដោយការសម្ដែងព្រះធម៌ដែលស្ដេចទេវន្ទផ្ទាល់បានរៀបចំ នឹងរស់នៅយ៉ាងសុខដុមជាមួយគ្នា ។

កាលកន្លងផុតទៅគម្រប់ប្រាំពីរឆ្នាំ ព្រះនាងសុវណ្ណកេសរបានទូល ដល់ ស្ដេចទេវន្ទថា ព្រះនាងភ្នកចិត្តនឹកដល់ព្រះមាតាបិតានៅនគររបស់ព្រះ នាង ។ គ្រាគម្រប់កាលកំណត់ និងដោយអាណិតមហេសី ស្ដេទេវន្ទ បានរៀបចំធ្វើ ដំណើរតាមផ្លូវទឹកជំនួស ដោយទ្រង់រិះគិតដល់ក្ដីលំបាកទាំង មហេសី និងពលសេនាទាំងឡាយ រួចទ្រង់ក៏ចុះដំណើរតាមសំពៅទាំង ប្រាំរយ ។ គ្រាដែលធ្វើដំណើរ តាមសមុទ្រ ព្រះនាងសុវណ្ណកេសរ បានគ្រប់ ខែឈឺពោះឆ្លងទន្លេ ហើយបាន ប្រសូត្របុត្រាមួយអង្គព្រះនាម  សមុទ្រសាគរ ព្រោះតែរាជកុមារប្រសូត្រនៅលើផ្ទៃសមុទ្រ ។

កាលទៅដល់នគរព្រះមាតាបិតាក្មេក ស្ដេចទេវន្ទបានចាត់ឲ្យមន្ត្រីទូត ធ្វើ រាជសារទៅជម្រាបទ្រង់ទាំងពីរមុននឹងយាងចូលទៅគាល់ ។ កាលបើព្រះ មាតាបិតា ក្មេកដឹងថាព្រះរាជសុណិសា និងកូនស្រីបានមកដល់នោះ ទ្រង់ បានរៀបចំទទួលបុត្រាបុត្រីទាំងពីរដោយក្ដីរីករាយ ព្រមជាមួយនឹងសេនា មន្ត្រី ពលទាហានទាំងឡាយយ៉ាងឱឡារិក ។ នៅយូរបន្តិច ព្រះនាងសុវណ្ណ កេសរក៏ប្រសូត្របានបុត្រាមួយអង្គទៀត ហើយបានប្រទានព្រះនាមថា សហស្សសរ កាលប្រសូតមក មានព្រះឥន្ទយកធ្នូសរមកដាក់នៅនឹងដៃ ថ្វាយ ។  វ័យវឌ្ឍនាការចេះតែចម្រើនទៅ រាជកុមារទាំងពីរតែងតែហាត់ បាញ់សរ ហើយចេះថ្លែងសរឲ្យទៅជាម្ហូបអាហារ និងជំនិះអ្វីៗដែលបិរវារ ប្រុសស្រីចង់បាន ។

ក្រោយពេលអយ្យការទាំងពីរក៏សោយទីវង្គត់ ទៅសោយសុខនៅឋាន សួគ៌ា ស្ដេចទេវន្ទបានរិះគិតយ៉ាងវែងឆ្ងាយ រួចត្រាស់បន្ទូលទៅបុត្រាទាំងពីរ ដែលមាន ត្រឹមធ្នូម្នាក់មួយ គ្មានសិល្ប៍អ្វីអាចការពារខ្លួនទៅថ្ងៃមុខ ឲ្យចេញ ទៅស្វែងរករៀន សិល្ប៍សាស្រ្ដពីអាចារ្យម្នាក់ព្រះនាមទិសាបាមោក្ខ ដែលគង់ នៅនគរតក្កសិលា ។ រាជបុត្រាទាំងពីរ បានធ្វើតាមរាជបញ្ជាបិតា ចេញទៅ តាមរកលោកអាចារ្យទិសា បាមោក្ខរហូតជួប ហើយក៏សុំរៀនសិល្ប៍សាស្រ្ដពី លោកដល់ចេះស្ទាត់គ្រប់ៗប្រាណ ក៏សុំលាលោកអាចារ្យត្រឡប់ទៅកាន់នគរ
វិញ ដោយជូនមាសចំនួន ២ សែនដំឡឹង តាមបណ្ដាំបិតា ។

កាលបើចេញដំណើរពីអាស្រមលោកអាចារ្យទិសាបាមោក្ខមកហើយ រាជកុមារទាំងពីរក៏វង្វេងផ្លូវទៅជួបនឹងអាស្រមព្រះឥសីសេយ្យនៅក្នុងព្រៃនោះ ហើយព្រះឥសីសេយ្យបានទំនុកបំរុងរាជកុមារទាំងពីរដូចជាញាតិ សន្ដាន ។​ លុះកាលដឹងថា រាជកុមារទាំងពីរចង់រកផ្លូវត្រឡប់ទៅនគរកោ សេយ្យ លោកក៏បានបង្ហាញផ្លូវ និងប្រាប់ពីឧបសគ្គដែលមាននៅតាមមាគ៌ា ទៅកាន់នគរ ។

គ្រាដែលលាចេញពីព្រះមុន្នីឥសី រាជកុមារទាំងពីរបានធ្វើដំណើរ យ៉ាង សុខសាន្ដ រហូតដល់ភ្នំមួយអស់កម្លាំង ក៏នាំគ្នាសម្រាកនៅក្រោមដើម ជ្រៃ ដោយ សាររាត្រីចរដល់ ។ ជួនជាចៃដន្យ ស្ដេចយក្ស កុដន្ដ ដែល សោយរាជ្យនៅ កុដន្ដនគរ បានចេញមករកចំណី រួចក៏ប្រទះឃើញរាជកុមារ ទាំងពីរពីចំងាយ ដោយនឹកគិតថា ខ្លួនមានសំណាងណាស់លើកនេះ ។ កាលបើបានទៅដល់ជិត គន់ឃើញពីឬទ្ធានុភាពនៃរាជកុមារទាំងពីរហើយ ក៏កើតចិត្តស្រលាញ់ដូចជាបុត្រ រួចក៏ប្រើមន្តសន្ដំនាំយកទៅកុដន្ដនគរ ឲ្យ បុត្រីខ្លួនឈ្មោះ អសុរិន្ទ្រា រើសយកជាស្វាមី​ ។ កាលបើអសុរិន្ទា្រឃើញរាជ បុត្រសមុទ្រសាគរ ក៏បានចាប់ចិត្ត លុះបាន និយាយត្រូវរូវគ្នាទៀត ក៏កើតចិត្ត ស្រលាញ់គ្នាទៅវិញទៅមកដោយគ្មានសង្ស័យ ។

កុដន្ដយក្ស មានក្លើមួយនាម សច្ចភ័ណ្ឌយក្ខ សោយរាជ្យនៅលើភ្នំ សច្ចភ័ណ្ឌ ដែលមានបុត្រានាម  សច្ចភណ្ឌ ។ កុដន្ដយក្ស និងសច្ចភ័ណ្ឌ យក្ស ធ្លាប់សន្យាថា ផ្សំផ្គុំកូនខ្លួនទាំងពីរនឹងគ្នា លុះកាលបើដឹងថា      កុដន្ដ យក្សផ្សំផ្គុំកូនស្រី និងរាជកុមារសមុទ្រសាគរ ដោយមិនគោរពពាក្យសន្យា បែបនេះ ក៏កើតក្ដីក្ដៅក្រហាយ ក្រោធខឹងឡើងលើកទ័ពទៅវាយនគរ កុដន្ដយក្ស ។ កុដន្ដយក្ស កាលបើដឹងថាក្លើខ្លួនលើកទ័ពមកវាយនគរខ្លួន បែបនេះ ក៏ប្រាប់ឲ្យបុត្រីនាំព្រះស្វាមី និង អនុជស្វាមី ទៅពួននៅក្នុងប្រាសាទ កុំចេញក្រៅ ហើយឲ្យទ័ពយក្សរាំងទ្វារ ចងបង្អួចឲ្យជាប់ល្អ រួចក៏លើកទ័ព ចេញទៅតទល់ ។

កាលបើរាជកុមារសមុទ្រសាគរ និងអនុជដឹងហើយនោះ ក៏កើតចិត្ត ត្រេកអរ រួចសុំចេញទៅច្បាំងដែរ លុះស្ដេចយក្សកុដន្ដឃើញរាជបុត្រទាំងពីរ ទ្រង់ក៏នាំបុត្រសុណិសា និងអនុជទៅវិញ តែរាជបុត្រទាំងពីរបានត្រឡប់ មកវិញទៀត ហើយបាន និយាយសុំចេញទៅច្បាំងជំនួសក្នុងនាមជាបុត្រា ឯស្ដេចកុដន្ដក៏យល់ព្រមតែទ្រង់ ជាអ្នកដឹងនាំទ័ពស្រួច ។ គ្រាដែលកុដន្ដ យក្ស និងសច្ចភ័ណ្ឌយក្សកំពុងតយុទ្ធគ្នា សមុទ្រសាគរបានថ្លែងសរ ត្រូវចំ ទ្រូងសច្ចភ័ណ្ឌយក្សទទួលក្ដីមរណាទៅ ហើយសហស្សសរ ក៏ថ្លែងសរទៅ កើតជានាគ ចងទ័ពយក្សាទាំងឡាយជាប់ដេក រនោករនែល រួមទាំងសច្ច ភ័ណ្ឌដែលជាកូនសច្ចភ័ណ្ឌយក្សាក៏ជាប់ចំណងនាគដែរ ។      កុដន្ដយក្សា មានក្ដីត្រេកអរក្រៃលេង ហើយតែងតាំងសមុទ្រសាគរជារាជានៅ ថ្ងៃជាមួយ គ្នានោះ និងដោះលែងទ័ពនគរសច្ចភ័ណ្ឌ និងសច្ចភ័ណ្ឌយក្ខជាកូនឲ្យយក សពបិតាខ្លួនត្រឡប់ទៅធ្វើបុណ្យវិញ ។

តាំងពីពេលនោះមក កុដន្ដនគរសែនសុខសប្បាយក្រៃ ហើយតែង មាន សួយសាអាករមកថ្វាយរាល់ឆ្នាំ ។ ចំណេរតមក សហស្សសរក៏កើត ចិត្តនឹងស្រុក ចង់វិលទៅនគរវិញ ហើយដោយសមុទ្រសាគរជាស្ដេច និង មានមហេសីផងនោះ ទ្រង់ចេះតែសន្យានឹងអនុជថាបែបនេះបែបនោះឲ្យ រួចសិន តែមិនយូរប៉ុន្មានទ្រង់ក៏ជម្រាបដល់កុដន្ដយក្សា ហើយកុដន្ដយក្ស ក៏សុំជូនទៅ ព្រោះចង់ស្គាល់ដន្លង និងនគររបស់បុត្រទាំងពីរ ។

គ្រាទៅដល់ រាជបុត្រសមុទ្រសាគរបានធ្វើរាជសារមួយទៅជូនព្រះ មាតា បិតា និងជំរាបពីអ្វីដែលទ្រង់បានជួបពីដើមរហូតដល់ចប់ ។ ស្ដេច ទេវន្ទ និង មហេសីសុវណ្ណកេសរ កាលបើបានដឹងហើយក៏កើតព្រះរាជហ ទ័យអរឥតឧបមា ហើយបានបញ្ជាឲ្យសេនា​មន្ត្រីយាង កុដន្ដយក្ស និងបុត្រា បុត្រី ព្រមទាំងពលសេនា ទាំងឡាយឲ្យចូលមកក្នុងព្រះនគរជាមួយគ្នា ។ ស្ដេចទេវន្ទ និងកុដន្ដយក្សចុះសម្រុងនឹងគ្នាយ៉ាងខ្លាំង ហើយកុដន្ដយក្ស បានសុំយាងព្រះរាជបុត្រសមុទ្រសាគរ ឲ្យទៅសោយរាជ្យនៅកុដន្ដបុរី ដោយទុកព្រះអនុជសហស្សសរ ឲ្យនៅនគរកោសេយ្យនេះ ឯស្ដេចទេវន្ទក៏ យល់ព្រមតាមបំណងកុដន្ដយក្សដែរ ។ រាជកុមារ សហស្សសរ ត្រូវព្រះបិតា ទេវន្ទ តែងតាំងជាឧបរាជដើម្បីទុកឲ្យឡើងសោយរាជ្យ បន្តពីព្រះអង្គ ។ ចំណេរតមក ស្ដេចទេវន្ទ និងមហេសី ក៏មានបុត្រីមួយព្រះអង្គទៀត ដែល មានរូបឆោមល្អលះ ទន់ភ្លន់ល្វន់ល្វាស ល្អលើសស្រីនានា ហើយបានឲ្យ ព្រះនាមថា សុវណ្ណបុប្ផា ហេតុដូច្នេះ ក៏ព្រោះតែជាតិមុននាងជាកូនសេដ្ឋី ហើយបានយកមាសទៅបិតដល់ព្រះពុទ្ធរូបឈើមួយអង្គ និងប្រកាន់ខ្ជាប់ ជាប្រក្រតី នូវសីលប្រាំដោយចិត្តបរិសុទ្ធ ។

វ័យជរាបានឈានដល់ ស្ដេចទេវន្ទបានដាក់រាជឲ្យសហស្សសរ ហើយទ្រង់ និងមហេសីបានចូលទៅក្នុងព្រៃធ្វើជាឥសីសីលសេយ្យនៅហេម ពាន្ដព្រៃ ។ ស្ដេចទេវន្ទ បានបួសជាឥសីដល់អស់អាយុជន្មា ក៏បានទៅកើត នៅឋានព្រហ្ម ចំនែកមហេសីនាងសុវណ្ណកេសរ ដោយក្ដីអាលោះអាល័យ ស្ដេចទេវន្ទ បានយំដល់ក្ស័យជន្មា រួចក៏បានទៅកើតនៅឋានសួគ៌ាយ៉ាង សុខដុម ។

ហេតុតែសម្រស់ល្អលើសស្រី បានឮសាយសុះដល់គ្រប់បុរី ធ្វើឲ្យ ស្ដេច នៅនគរនានាកើតចិត្តចង់បាននាង រួចក៏លើកទ័ពមកបំណងច្បាំង យកនាងសុវណ្ណបុប្ផា តែស្ដេចទាំងអស់បានពោលពាក្យមុសាថា មកដើម្បី វាយនគរកោសេយ្យទៅវិញ ។ កាលបើសហស្សសរស្ដេចដឹង ទ្រង់មិនបាន ភិតភ័យអ្វីឡើយ ហើយបានប្រាប់ឲ្យអស់សេនាមន្ត្រី ប្រជារាស្រ្ដទាំងឡាយ ច្រៀងរាំឲ្យអឺងកងឡើង កុំបារម្ភពីសង្រ្គាមឡើយ ។ ស្ដេចដែលលើកទ័ពមក ទាំងឡាយសែនឆ្ងល់យ៉ាងខ្លាំង ហើយ ស្ដេចខ្លះថា នេះប្រៀបបាននឹងសត្វត្រី ដែលនៅក្នុងព្រៃមិនស្គាល់មនុស្ស ធ្លាប់តែសប្បាយពុំស្គាល់ក្ដីស្លាប់ ឯស្ដេច ខ្លះថា នេះជាការប្រើឧបាយប្រាជ្ញា បញ្ឆោតឲ្យអន្តរាយដល់ខ្លួនមិនខាន ។ ដោយចង់ដឹងជាពន់ពេក ស្ដេចទាំងឡាយបានពិភាក្សាគ្នា រួចបញ្ចូនអាមាត្យ ម្នាក់ដើម្បីឲ្យទៅស៊ើបការណ៍ ។ កាលបានដឹងមូលហេតុតាមរយៈ អាមាត្យ ដែលទៅស៊ើបការណ៍ពីនាយទ្វារនោះហើយ  ស្ដេចទាំងឡាយកើតកំហឹង ឡើង លើកគ្នាវាយនគរកោសេយ្យរហូតបាក់អស់បីជាន់ ។ ទ័ពស្ដេចសហ ស្សសរ បានចាក់ខ្សាច់គ្រួសក្ដៅ ជះជ័រទឹកក្ដៅ ត្រូវដំរីរត់ជាន់មនុស្សស្លាប់ អស់ជាច្រើន លាន់ឮសម្លេងមនុស្សទ្រហឹងអឺងអាប់ ស្ដេចសហស្សសរក៏តោង ធ្នូថ្លែងសរពីលើបន្ទាយ ក្លាយទៅជាសិង្ហ​ ខ្លា ដំរី រមាស ពស់ ខាំចឹកទាហាន សត្រូវ ហើយស្ដេចទាំងឡាយ និងទាហានជាច្រើនផ្សេងទៀត ក៏ត្រូវនាគ ដែលទ្រង់ថ្លែងសរ ចងរឹតជាប់ ចំណងដួលដេកពេញពាស ។ ទាំងស្ដេច និងទាហានបានសុំជីវិតពីស្ដេចសហស្សសរគ្រប់គ្នា ហើយទ្រង់ក៏បានដោះ លែងទៅវិញជាថ្នូរនឹងការសង់កំពែងដែល ខ្លួនបានបំផ្លាញនោះមកវិញ  ដែរ ។

ទាំងមន្ត្រី និងប្រជារាស្រ្ដ មានចិត្តរីករាយក្រៃ ហើយបានតែងតាំង ស្ដេចសហស្សសរ ឲ្យកា្លយជាស្ដេច នឹងផ្សំផ្គុំអនុជត្រីនាងសុវណ្ណបុប្ផា សោយ រាជ្យយ៉ាងសុខុដុមលុះដល់ជរា និងមានបុត្រាមួយអង្គ ហើយបានផ្សំផ្គុំនឹង រាជធីតា ទុកឲ្យស្នងរាជបន្តពីទ្រង់ រួចទ្រង់ក៏ទៅបួសជាឥសីសាងសីលដល់ ក្ស័យ ក៏ទៅកើតនៅឋានសួគ៌ ។ តាំងពីពេលនោះមក រាជ្យតៗមកបានសុខ សប្បាយ ពុំមានសត្រូវជិតឆ្ងាយឡើយ ។

​តួអង្គសជាតិ ៖

- នន្ទិយក្ស              >         ព្រះទេវទត្ដ
- យក្ខិនី                  >         នាងចិញ្ចា
- ព្រះឥន្ទ្រា              >         ព្រះឧបាលី
- កុម្ភណ្ឌទាំងបួន     >         ព្រះនក្ខត្តត្ថេរា, ព្រះមហានាមា,
                                        ព្រះនាគត្ថេរ, ព្រះកច្ចាយន៍
- ឥសីអសង្ខេយ្យ      >         ព្រះសារីបុត្ត
- កុដន្ដយក្ស           >         មហាមោគ្គលាន
- តា (ចាំសួន)          >         ព្រះស្សបត្ថេរ
- យាយ (ចាំសួន)     >         នាងភទ្ទកា
- ព្រះបាទព្រហ្មទត្ត   >         ព្រះសុទ្ធោទន៍
- ក្សត្រីវិមលា          >         នាងមាយាទេវី
- នាងបទុមា            >         នាងនន្ទា
- អភ័យកុមារ          >         ព្រះនន្ទ
- សហស្សរកុមារ      >         រាហុលកុមារ
- នាងចន្ទា              >         នាងជនបទកល្យាណី
- សុវណ្ណបុប្ផា          >         នាងវណ្ណាថេរ
- នាងអសុរិន្ទ្រា        >         នាងខេមា
- ស្ដេចយសវតី        >         ព្រះកោណ្ឌេញ
- សុវណ្ណកេសរ        >         កន្សៃសារពេជ្ញ
- ព្រះទេវន្ទ              >         ព្រះពោធិសត្វ (ព្រះពុទ្ធ) ។



រៀបរៀងដោយ ៖ សេង សុវណ្ណដារ៉ា
(រក្សាសិទ្ធិគ្រប់យ៉ាង)


No comments:

Post a Comment