Monday, March 20, 2017

តើអ្វីទៅជា «តួអង្គ» ក្នុងអក្សរសិល្ប៍?





«តួអង្គ» គឺជាបញ្ញត្តិសម្គាល់លើមនុស្សនិម្មិតដោយអ្នកនិពន្ធដើម្បីសម្ដែង ឬដើរតួនៅក្នុងបទនិពន្ធរបស់អ្នកនិពន្ធ ។ តួអង្គ គឺជា តួតាង ឬតួយ៉ាង ដែលអ្នកនិពន្ធនិម្មិតឡើងឲ្យដើរតួជាបុគ្គលដែលមានចរិតលក្ខណៈដូចទៅនឹងមនុស្សពិតណាមួយក្នុងសង្គមតថៈ តែពេលខ្លះជាតួអង្គដែលនិម្មិតកើតចេញពីឧត្តមគតិ ឬភាពអណ្ដែងអណ្ដូងចេញពីសញ្ចោតនារបស់អ្នកនិពន្ធតែម្ដងក៏មានដែរ ។
«តួអង្គ» ចែកចេញជា ៣ចំពូកគឺ ១.តួអង្គឯក, ២.តួអង្គរង និង ៣.តួអង្គបន្ទាប់បន្សំ ។
តួអង្គឯក គឺជាតួអង្គសំខាន់ ឬតួអង្គលេចធ្លោនៃរឿង ឯតួអង្គរង គឺជាតួអង្គដែលចូលរួមរុញស្ថានភាពនៃរឿងឱ្យបានដំណើរទៅមុខ ឬកាន់តែស្មុគស្មាញឡើង ។ រីឯតួអង្គបន្ទាប់បន្សំ គឺជាតួអង្គបំពេញសាច់រឿង ពោលគឺជាតួអង្គនិម្មិតឡើង គ្រាន់តែបំពេញវត្តមានក្នុងរឿង ក្នុងស្ថានភាពណាមួយប៉ុណ្ណោះ ។
«តួអង្គ» មាន ២ភេទ គឺ ១.ភេទប្រុស និង ២.ភេទស្រី ។ តែបច្ចុប្បន្នក្នុងស្នាដៃអក្សរសិល្ប៍ខ្លះ យើងសង្កេតឃើញមានការនិម្មិតបន្ថែមលើភេទនៃតួអង្គនេះ គឺ «ភេទទីបី» ។ ដូច្នេះមានន័យថាភេទនៃតួអង្គក្នុងអក្សរសិល្ប៍មាន ៣ គឺ ភេទប្រុស, ភេទស្រី និងភេទទីបី ។
«តួអង្គ» ដែលអ្នកនិពន្ធនិម្មិតឡើងមាន ៤ វ័យ គឺ ១.វ័យកុមារ, ២.វ័យជំទង់, ៣.វ័យកណ្ដាល និង ៤.វ័យចំណាស់ ។
«តួអង្គ» ដែលអ្នកនិពន្ធនិម្មិតឡើងមានមុខងារច្រើនបែបច្រើនយ៉ាងផ្សេងៗពីគ្នា ស្របទៅតាមស្ថានភាពសង្គមដែលអ្នកនិពន្ធចង់លើកយកមកពិពណ៌នា និងអត្ថាធិប្បាយ ។
«តួអង្គ» មានចរិតស្នូលសំខាន់ៗចំនួនពីរ គឺ ១.ចរិតល្អ និង ២.ចរិតអាក្រក់ ។ ចរិតទាំងពីរនេះបានបង្កើតឲ្យមានចរិតលក្ខណៈដទៃជាច្រើនសណ្ឋានទៀត និងមានការផ្លាស់ប្ដូរទៅតាមសង្គមការណ៍ ឬបរិការណ៍មួយដែលគេពុំអាចកំណត់បានជាមុន ។ល។
សរុបមកវិញ ក្នុងបទនិពន្ធមួយ គេពុំអាចទាត់ចោលនូវការនិម្មិតតួអង្គបាននោះទេ ព្រោះតួអង្គគឺជាតួតាង ឬតួយ៉ាងដែលត្រូវចូលខ្លួនមកសម្ដែងក្នុងសាច់រឿង ដើម្បីដើរតួបញ្ចេញសកម្មភាពតាងឲ្យសកម្មភាពពិតក្នុងសង្គមណាមួយ ឬតាងឲ្យសកម្មភាពដែលអ្នកនិពន្ធប្រាថ្នាចង់បាន ។

.............................ចប់ដោយសង្ខេប......................

ភ្នំពេញ,​ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៧
រៀបរៀងសាកល្បងដោយ ៖ សេង សុវណ្ណដារ៉ា
(រក្សាសិទ្ធិក្នុងការចុះផ្សាយ)

No comments:

Post a Comment