Monday, March 6, 2017

ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ




លោក ឥន្ទ កើតនៅថ្ងៃ ច័ន្ទ ខែអាសាធ ឆ្នាំវក ព.ស.២៤០៣ ត្រូវនឹងថ្ងៃទី​ ២២ ខែកក្កដា ឆ្នាំ ១៨៥៩ នៅ ភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល ។ មាតាលោកនាម មុំ ឯបិតាលោកវិញនាម បញ្ចង់កែ ជាកសិករ និងជាអាចារ្យវត្ត ។ កាលដែលលោកមានអាយុប្រមាណជា ១០ឆ្នាំ បានទៅសិក្សាអក្សរខ្មែរនៅឯវត្តជាភូមិកំណើត លុះអាយុបាន ១៥ឆ្នាំ លោកក៏បានបួសជាសាមណេរ​នៅវត្តព្រែកពោធិ៍ ដើម្បីរៀនប្រែព្រះបរិយត្តិបាលី ។ បួសបានបានត្រឹម ១វស្សា លោកក៏បានសឹកចាកភេទជាសាមណេរ រួចទៅរៀននឹងលោកគ្រូអាចារ្យ ពេជ នៅស្រុកព្រះត្រពាំង ។ អាយុ ១៨ឆ្នាំ បានទៅរៀនជាមួយនឹងលោកព្រះពុទ្ធឃោសាចារ្យ ព្រះនាម ប្រាក់ នៅឯវត្តឧណ្ណាលោក នាក្រុងភ្នំពេញ ។ លុះអាយុបាន ១៩ឆ្នាំ លោកក៏បានធ្វើដំណើរមករស់នៅឯស្រុកបាត់ដំបង ដោយស្នាក់នៅរៀនសូត្រជាមួយលោកគ្រូព្រះអាចារ្យ សុខ នាវត្តកែវ ហើយក៏បានបួសជាភិក្ខុបាន ១វស្សា ទើបលាព្រះឧបជ្ឈាចារ្យទៅរៀនសូត្រនៅឯក្រុងបាងកក ប្រទេសសៀម បាន ៧ឆ្នាំ ក៏បានវិលមកស្រុកខ្មែរ ដែលជាមាតុភូមិកំណើតរបស់លោកវិញ ក្នុងអំណាចលោកកថាថន ញ៉ុញ[1] ។ លោកគង់នៅវត្តកណ្ដាល ស្រុកបាត់ដំបង បាន ១០វស្សា ក៏បានលាចាកសិក្ខាបទមកជាគ្រហស្ថវិញ ក្នុងអាយុ ៣៧ឆ្នាំ ដោយបានរៀបការមានគ្រួសារ នៅឯភូមិជ្វាធំ ។ យើងមិនដឹងថាលោកមានបុត្រប៉ុន្មាននាក់នោះទេ តែយើងដឹងថាលោកមានបុត្រាម្នាក់នាម ឥន្ទ សុន្ទរ៍[2] ដោយលោក​ ឥន្ទ គឺជាអ្នកចេះដឹងមួយរូបនៅក្នុងខេត្ត ដែលមានថ្វីដៃពូកែខាងតែងកំណាព្យ និងចេះដឹងលើរឿងធម៌អាថ៌បាលីបានយ៉ាងជ្រៅជ្រះទៀតផងនោះ ត្រូវបានលោកកថាថន ឈុំ[3] ស្រឡាញ់រាប់អានរូបលោកណាស់ ដោយបានតែងតាំងរូបលោកជា ហ្លួងវិចិត្រវោហារ ជាទីប្រឹក្សាកិច្ចការផ្សេងៗ ត្បិតលោកបានតាក់តែងកំណាព្យ និងបានប្រែបាលីជាសម្រាយមានទាំងអស់ ៤៤ មុខ ជាសៀវភៅខ្លះ ចារស្លឹករឹតខ្លះ ។

          ក្រោយពេលដែលលោកកថាថន ឈុំ កាន់អំណាចគ្រប់គ្រងខេត្តបាត់ដំបងបានត្រឹមតែ ១០ឆ្នាំ ពោលគឺ នៅឆ្នាំ ១៩០៧ ស្ដេចសៀមក៏បានប្រគល់ខេត្តបាត់ដំបង សៀមរាប និងស៊ីសុផុន មកឲ្យខ្មែរវិញ តាមសន្ធិសញ្ញាចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ១៩០៧ រវាងភាគីសៀម ជាមួយនឹងភាគីរដ្ឋាភិបាលបារាំង ហើយក្រោមមកបន្តិច រដ្ឋាភិបាលបារាំងក៏បានប្រគល់ឥស្សរភាពដែនដីទាំងនេះមកឲ្យព្រះមហាក្សត្រខ្មែរវិញដែរ ។​[4] លោកកថាថន ឈុំ និងគ្រួសារក៏បានចាកចោលខេត្តបាត់ដំបង ទៅរស់នៅឯខេត្តបស្ចឹមបុរី នាប្រទេសសៀមវិញ ហើយលោក ឥន្ទ ដែលអ្នកស្រុកបាត់ដំបងនិយមហៅលោកថា “អាចារ្យឥន្ទ” មានអាយុប្រមាណជា ៥៥ឆ្នាំ ហើយនោះ ក៏ត្រូវបានរាជការសុំឲ្យមកបំពេញកិច្ចការរាជការនៅឯរាជធានីភ្នំពេញវិញ ដោយមានទីជា “ឧកញ៉ាសុត្តន្តប្រីជា” ។ លោកឧកញ៉ាសុត្តន្តប្រីជា ឥន្ទ បានមកបំពេញកិច្ចការរាជការនៅឯរាជធានី អស់រយៈពេល ១០ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ១៩១៤ ដល់ឆ្នាំ ១៩២៤ ។ រាជការបានប្រោសឲ្យលោកជួយតែងសព្វវចនាធិប្បាយខ្មែរ (ឬ វចនានុក្រមខ្មែរ) នៅទីសាលាបាលី ក្នុងរវាងអាយុ ៥៥ឆ្នាំ ដល់អាយុ ៦៥ឆ្នាំ ។ នៅពេលដែលលោកមានអាយុ ៦៥ឆ្នាំ លោកបានលារាជការវិលមករស់នៅឯស្រុកបាត់ដំបងដើមវិញ ។ លុះដល់ថ្ងៃ ១០ កើត ខែអស្សុជ ឆ្នាំជូត ឆស័ក លោកកើតរោគក្អក បណ្ដាកូនចៅរាល់គ្នា នាំគ្នាប្រតិបត្តិប្រកបថ្នាំរកគ្រូរក្សាពុំចេះធូរឡើយ ។ លុះក្រោយមកនៅថ្ងៃអាទិត្យ ១២ កើត ខែកត្តិត ឆ្នាំជូត ឆស័ក លោកក៏ទទួលអនិច្ចកម្មនៅវេលាម៉ោង ៨ព្រឹក គឺត្រូវនឹងថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ១៩២៤ ដោយរោគាពាធ ។

          លោកឧកញ៉ាសុត្តន្តប្រីជា ឥន្ទ គឺជាវីរកវី‑និពន្ធខ្មែរដ៏ឆ្នើមមួយរូបនារវាងចុងសតវត្សទី ១៩ និងដើមសតវត្សទី ២០ ដែលអ្នកផងទូទៅរមែងតែងរាប់អាន និងគោរពលោកណាស់ ក្នុងនាមរូបលោកជាអ្នកមានចំណេះចេះដឹងជ្រៅជ្រះមួយរូប ជាពិសេសនេះស្រុកបាត់ដំបងនេះតែម្ដង ។ លោកបានបន្សល់ទុកស្នាដៃជាច្រើន ហើយក្នុងនោះមានស្នាដៃសំខាន់ ២ ដែលជាកញ្ចក់ឆ្លុះអំពីជីវភាពអ្នកស្រុកខ្មែរនាសម័យជំនាន់គ្រួសារត្រកូលអភ័យវង្សបានត្រួតត្រាខេត្តបាត់ដំបង ពោលគឺ សៀវភៅរឿងចម្បាំងតាកែ និងភាគខ្លះនៃសៀវភៅគតិលោក ។

          សូមជំរាបថា កាលជំនាន់លោក ប៊ែណា តង់ដារ បេសកសង្ឃកាតូលិកនៅខេត្តបាត់ដំបង ពីឆ្នាំ ១៩០១ ដល់ ១៩០៤ ក៏ធ្លាប់បានទៅប្រឹក្សារៀនសូត្រអក្សរខ្មែរពីសំណាក់លោកអាចារ្យ ឥន្ទ ផងដែរ។ បេសកសង្ឃកាតូលិករូបនេះបានចងក្រងវចនានុក្រមខ្មែរ‑បារាំង មួយដែលមានឈ្មោះថា វចនានុក្រមតង់ដារ ដោយមានជំនួយយ៉ាងច្រើនពីលោកឧកញ៉ាសុត្តន្តប្រីជា ឥន្ទ នៅក្នុងការចងក្រងវចនានុក្រមមួយនេះឡើង ។[5]
          លោកឧកញ៉ាសុត្តន្តប្រីជា ឥន្ទ ជាកិត្តិយសធំណាស់សម្រាប់ខេត្តបាត់ដំបងនៅសម័យដែលខេត្តនេះនៅក្រោមអំណាចសៀម អស់ពេលជាងមួយសតវត្ស ។ គាត់ជាភស្ដុតាងបញ្ជាក់ថាសៀមអាចជ្រៀតជ្រែកបានតែក្នុងវិស័យរដ្ឋបាលប៉ុណ្ណោះ តែមិនអាចជ្រៀតជ្រែកចូលក្នុងផ្នត់គំនិតខ្មែរនៅបាត់ដំបងដែលជាខ្មែរនោះទេ ។[6]

          លោកឧកញ៉ាសុត្តន្តប្រីជា ឥន្ទ ជាគំរូអ្នកប្រាជ្ញទំនៀមនៅសម័យនោះ, លោកចេះដឹងយ៉ាងច្បាស់ លាស់នូវព្រះសាសនា,​ ចេះស្ទាត់នូវភាសាថៃ និងភាសាបាលីថែមទៀត ។[7] នៅខេត្តបាត់ដំបង លោកឧកញ៉ាសុត្តន្តប្រីជា ឥន្ទ មានមិត្តស្និទ្ធស្នាលម្នាក់នាម ឈឹម ជាហោរនៅក្នុងស្រុកភូមិនោះដែលមានសំនួនវោហារខាងកាព្យឃ្លោងម្នាក់ដែរ ។ តាឈឹម នេះតែងតែប្រឹក្សាចោទឆ្លើយជាមួយលោកសុត្តន្តប្រីជាឥន្ទ ជាញឹកញាប់​ ។


ស្នាដៃ :

          តាមរយៈការសិក្សាស្រាវជ្រាវនាពេលកន្លងមក បានរកឃើញថា លោកឧកញ៉ាសុត្តន្តប្រីជា ឥន្ទ បានតាក់តែងស្នាដៃមានទាំងអស់ ៤៤មុខ ។ ស្នាដៃសំខាន់ៗមានដូចតទៅ ៖

-       គតិលោក ឬច្បាប់ទូន្មានខ្លួន, ពាក្យរាយ, ១០ភាគ, តែងចប់នៅថ្ងៃ ព្រហស្បតិ៍ ៥ រោច ខែអស្សុជ ឆ្នាំរកា ទោស័ក ព.ស. ២៤៦៤ ត្រូវនឹងគ.ស. ១៩២១ ។ សៀវភៅនេះបោះពុម្ពលើកទី ៣ ឆ្នាំ ១៩៧១ ដោយពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ ។
-       និរាសអង្គរវត្ត, ពាក្យកាព្យ​ (បទពាក្យ ៨), តែងនៅថ្ងៃព្រហស្បតិ៍ ៩ កើត ខែភទ្របទ ឆ្នាំរកា ឆ្នាំ ១៩០៩, ភ្នំពេញ, ពុទ្ធសាសនបណ្ឌិត្យ, ១៩៦៩ ។
-       សុភាសិតច្បាប់ស្រី, ពាក្យកាព្យ, កម្ពុជសុរិយា, ឆ្នាំ ១៩៣៤ (ក្បាលទី ៣ ចាប់ពីខ្សែ ៧, ៨, ៩ រួមគ្នា), ចាប់ពីទំព័រ ៥‑៨១ ។
-       រឿងអំបែងបែក ឬព្រះសោនន្ទរាជ, , ពាក្យកាព្យ, តែងនៅថ្ងៃ ១៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៤៤៤ ត្រូវនឹងថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា គ.ស. ១៩០១, ២ភាគ, ភ្នំពេញ, បណ្ណាគារ ជីង
ងួនហ៊ួត, ១៩៥៣ ។
-       លោកនីតិបករណ៍, ភ្នំពេញ, ពុទ្ធសាសនបណ្ឌិត្យ, បោះពុម្ពលើកទី ២ ឆ្នាំ១៩៥៣ ។
-       ព្រះរាជពង្សាវតារខ្មែរ, បកពីសៀមភាសា មកជាខេមរភាសា ។
-        រឿងបឋមសម្ភោធិ, បទល្ខោន, កម្ពុជសុរិយា, លេខ ១០, ១១, ១២ រួមគ្នា, ឆ្នាំ ១៩៣៤, ទំព័រ ៥‑៣៨ ។
-       កាព្យសារវិសារវិលាសិនី, ក្បួងតែងកាព្យឃ្លោងផ្សេងៗ របស់លោកឧកញ៉ាសុត្តន្តប្រីជា ឥន្ទ កាលធ្វើការនៅឯបាត់ដំបង ក្នុងគោរម្យងារជាទី​ហ្លួងវិចិត្រវោហារ ឥន្ទ, តែងក្នុងរវាងព.ស. ២៤៣២ ត្រូវនឹងគ.ស. ១៨៨៩ ។[8]
-       រឿងចម្បាំងតាកែ, (មិនច្បាស់កាលបរិច្ឆេទ) តែងនៅក្នុងជំនាន់លោកកថាថន ឈុំ ។[9]



រៀបរៀងដោយ ៖ សេង សុវណ្ណដារ៉ា

(រក្សាសិទ្ធិគ្រប់យ៉ាង)


cÄd





ឯកសារយោង

‑ ឃីង ហុកឌី, អក្សរសិល្ប៍សតវត្សទី ២០, ភ្នំពេញ, គ្រឹះស្ថានបោះពុម្ពផ្សាយ អង្គរ, ២០០២ ។
‑ ឃីង ហុកឌី, សុត្តន្តប្រីជា ឥន្ទ និង ស្នាដៃ, ភ្នំពេញ, គ្រឹះស្ថានបោះពុម្ពផ្សាយ អង្គរ, ២០១២ ។
‑ ​ឃីង ហុកឌី, កម្រងអត្ថបទខេមរសិក្សា, គ្រឹះស្ថានបោះពុម្ពផ្សាយ អង្គរ, ២០១៣ ។
‑ តូច ឈួន, បាត់ដំបងសម័យលោកម្ចាស់, បោះពុម្ពលើកទី ២, ១៩៩៥ ។
‑ ត្រឹង ងា, ប្រវត្តិសាស្ត្រខ្មែរ, ភាគទី ២, ភ្នំពេញ, ១៩៧៣ ។
‑ ពុទ្ធសាសនបណ្ឌិត្យ, ​កម្ពុជសុរិយា, លេខ ៧‑៩​(ច្បាប់រួមបីខែចូលគ្នា), ឆ្នាំ ១៩៣៤ ។
‑ ពុទ្ធសាសនបណ្ឌិត្យ, កម្ពុជសុរិយា, លេខ ១០‑១២ (ច្បាប់រួមបីខែចូលគ្នា), ឆ្នាំ ១៩៣៤ ។
‑ ពុទ្ធសាសនបណ្ឌិត្យ, កម្ពុជសុរិយា, លេខ ១០, ឆ្នាំ ១៩៥៦ ។
‑ លី ធាមតេង, អ្នកនិពន្ធខ្មែរដែលមានឈ្មោះល្បី, ការផ្សាយរបស់បណ្ណាល័យ អប្សរា, ១៩៧២ ។
‑ សុត្តន្តប្រីជា ឥន្ទ, គតិលោក ឬច្បាប់ទូន្មានខ្លួន, ១០ភាគ,​ ភ្នំពេញ, ពុទ្ធសាសនបណ្ឌិត្យ, បោះពុម្ពលើកទី ៣ ឆ្នាំ ១៩៧១ ។
‑​ សុត្តន្តប្រីជា ឥន្ទ, និរាសអង្គរវត្ត, ភ្នំពេញ, ពុទ្ធសាសនបណ្ឌិត្យ, ១៩៦៩ ។



[1] លោកកថាថន ញ៉ុញ នេះ មានឈ្មោះមួយទៀត ឈ្មោះ “យារ” ត្រូវជាកូនប្រុសរបស់លោកអភ័យធិបេស នង ។ ក្រោយពេលដែលលោកអភ័យធិបេស នង ធ្វើមរណកាលទៅ ព្រះចៅសៀមក៏បានតែងតាំងលោក យារ ហៅ ញ៉ុញ នេះឲ្យធ្វើជាស្ដេចត្រាញ់ ដោយមានងារថា “ចៅពញាគទាធរ ធរណិន្ទ្រ រាមនរិន្ទ ឥន្ទ្រាធិបតី អភ័យភេរី ពាហុ” ។ អ្នកស្រុករមែងតែងហៅស្ដេចត្រាញ់របស់ខ្លួនថា លោកម្ចាស់ ឬលោកម្ចាស់កថាថន ឬលោកកថាថន ត្បិតពាក្យ “គទាធរ” នេះអានតាមសៀមថា “កថាថន” ប្រែថា “អ្នករក្សាដំបង” ។ ចង់ជ្រាបច្បាស់អំពីរឿងរ៉ាវប្រវត្តិសាស្ត្រខេត្តបាត់ដំបងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រួសារអភ័យធិបេស បែន សូមអាន តូច ឈួន, បាត់ដំបងសម័យលោកម្ចាស់, បោះពុម្ពលើកទី ២ ឆ្នាំ១៩៩៤ ក្រោមការឧបត្ថម្ភនៃមជ្ឈមណ្ឌលបូព៌ា‑បស្ចឹម ក្រុងហូណូលូលូ រដ្ឋហាវៃ ។
[2] សូមអាន តូច ឈួន, បាត់ដំបងសម័យលោកម្ចាស់, បោះពុម្ពលើកទី ២ ឆ្នាំ១៩៩៤ ក្រោមការឧបត្ថម្ភនៃមជ្ឈមណ្ឌលបូព៌ា‑បស្ចឹម ក្រុងហូណូលូលូ រដ្ឋហាវៃ ។
[3] លោកកថាថន ឈុំ ត្រូវជាកូនប្រុសតែមួយគត់របស់លោកកថាថន ញ៉ុញ និងលោកជំទាវ ធិម ។ តាមពិតអំណាចទាំងអស់ត្រូវធ្លាក់ទៅលើស្វាមីអ្នកម្ចាស់ ឃ្លិប ដែលត្រូវជាបងថ្លៃរបស់លោក ឈុំ ត្បិតព្រះចៅសៀមក៏មានព្រះទ័យពេញចិត្តណាស់ដែរលើលោក អេម សិង្ហសេនីយ៍ ដែលជាស្វាមីរបស់អ្នកម្ចាស់អង្គ ឃ្លិប ហៅ មុំ នេះ ។ លុះដឹងដំណឹងថាស្ដេចសៀមសព្វព្រះទ័យលើរូបបងថ្លៃ លោក ឈុំ ក៏កើតចិត្តច្រណែននិន្ទា រួចក៏ចាត់ឲ្យគេលួចកាប់សម្លាប់បងថ្លៃនេះចោលទៅ ។ ក្រោយពេលដែលលោកកថាថន ញ៉ុញ ធ្វើមរណកាលទៅ ស្ដេចសៀមទាល់ព្រះតំរិះ ក៏សម្រេចព្រះទ័យលើកលោកឈុំនេះ ដែលជាកូនលោកញ៉ុញ និងជំទាវធិម ឲ្យធ្វើជាស្ដេចត្រាញ់តទៅដោយមានងារថា “ចៅពញាគទាធរ ធរណិន្ទ្រ រាមនរិន្ទ ឥន្ទ្រាធិបតី អភ័យភេរី ពាហុ” ។
[4] ការទាមទារទឹកដីនេះមកវិញ ដែលបានបាត់បង់ទៅឲ្យសៀមតាំងពីជំនាន់ចៅពញាអភ័យធិបេស បែន (១៧៩៥) គឺជាជោគជ័យដ៏ធំមួយសម្រាប់កម្ពុជា ត្បិតនេះគឺជាសុបិនរបស់ព្រះមហាក្សត្រខ្មែរជាច្រើនព្រះអង្គកន្លងមកហើយ ដែលចង់ឲ្យបណ្ដាខេត្តទាំងឡាយនេះវិលមកក្នុងព្រំសីមានៃមាតុភូមិកម្ពុជាវិញ ។ ជោគជ័យនេះធ្វើឡើងនៅពេលដែលលោក Armand Fallières កាន់តំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋបារាំង, លោក Paul Beau ជាអគ្គទេសាភិបាលនៃឥណ្ឌូចិន និងលោក Paul Luce ជារ៉េស៊ីដង់ស៊ុប៉េរីយ័រនៅប្រទេសកម្ពុជា ។ ប៉ុន្តែជាថ្នូរទៅសៀមវិញ បារាំងក៏បានកាត់នូវដែនដី ដាន់ សៃ និងត្រាច (ត្រាត?) ដែរ ។ សូមអាន ត្រឹង ងា, ប្រវត្តិសាស្ត្រខ្មែរ, ភាគទី ២, ឆ្នាំ ១៩៧៣, ទំព័រ ២៧០‑២៧១ ។
[5] សូមអាន តូច ឈួន, បាត់ដំបងសម័យលោកម្ចាស់, បោះពុម្ពលើកទី ២ ឆ្នាំ១៩៩៤ ក្រោមការឧបត្ថម្ភនៃមជ្ឈមណ្ឌលបូព៌ា‑បស្ចឹម ក្រុងហូណូលូលូ រដ្ឋហាវៃ, ទំព័រ ១៦៣ ។
[6] សូមអាន តូច ឈួន, បាត់ដំបងសម័យលោកម្ចាស់, បោះពុម្ពលើកទី ២ ឆ្នាំ១៩៩៤ ក្រោមការឧបត្ថម្ភនៃមជ្ឈមណ្ឌលបូព៌ា‑បស្ចឹម ក្រុងហូណូលូលូ រដ្ឋហាវៃ, ទំព័រ ១៦១ ។
[7] ឃីង ហុកឌី, សុត្តន្តប្រីជា ឥន្ទ និងស្នាដៃ, គ្រឹះស្ថានបោះពុម្ពផ្សាយ អង្គរ, ភ្នំពេញ, ទំព័រ ១៦ ។
[8] យោងតាមអត្ថបទរបស់លោក រ៉ាយ ប៊ុក, អក្សរសាស្ត្រខ្មែរសង្ខេប, កម្ពុជសុរិយា, លេខ ១០, ឆ្នាំ ១៩៥៦, ទំព័រ ៩៣៧ ។
[9] ចង់ដឹងអំពីរឿងរ៉ាវនៃចម្បាំងនេះ សូមអាន តូច ឈួន, បាត់ដំបងសម័យលោកម្ចាស់, បោះពុម្ពលើកទី ២ ឆ្នាំ១៩៩៤ ក្រោមការឧបត្ថម្ភនៃមជ្ឈមណ្ឌលបូព៌ា‑បស្ចឹម ក្រុងហូណូលូលូ រដ្ឋហាវៃ, ផ្នែក ចម្បាំងតាកែនៅតំបន់ភ្នំក្រវាញ, ទំព័រ ២៦‑៣៧ ។

No comments:

Post a Comment