Monday, March 20, 2017

អ្នកនិពន្ធ គឹម ហាក់ (ឬ ឆេង ហាក់)

(១៩០៥ ‑ ?)

​លោក គឹម ហាក់ គឺជាអ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវដ៏សំខាន់មួយប្រចាំព្រះរាជបណ្ណាល័យ ដែលក្រោយមកប្ដូរឈ្មោះមកជា «វិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យ» ដោយមានអ្នកស្រី ស៊ុយសាន ការប៉ឺឡែស ជានាយិកាគ្រប់គ្រងស្ថាប័នដ៏សំខាន់មួយនេះ ។

លោកកើតនៅភ្នំពេញ នៅថ្ងៃទី ០៦ មករា ឆ្នាំ១៩០៥[1] ។ ឪពុកលោកឈ្មោះ អ៊ុក ឆេង ម្ដាយលោក ឈ្មោះ កែវ ម៉ុច ។

កាលពីក្មេងលោកបានចូលសិក្សានៅសាលាបឋមសិក្សាឌូដាដឺឡាក្រេ ហើយក្រោយមក លោកបាន បន្តការសិក្សានៅសាលាបឋមសិក្សាជាន់ខ្ពស់ នៅអនុវិទ្យាល័យស៊ីសុវត្ថិ ។ នៅខែធ្នូ ឆ្នាំ ១៩២៤ លោកបាន ធ្វើជាអភិបាលត្រួតពិនិត្យ (កុងត្រូល័រ) ក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ ។ នេះគឺជាការចាប់ផ្ដើម អាជីពជាអ្នករាជការរបស់លោក ក្នុងពេលនិងក្រោយពេលដែលមានវិវាទបារាំង និងថៃ ។ នៅឆ្នាំ ១៩២៩ លោកបានរៀបការជាមួយនឹងនាងកញ្ញា ស៊ីន ថិក ដោយមានបុត្រ ៦នាក់ ។

នៅឆ្នាំ ១៩៣៧ លោកត្រូវបានតែងតាំងជាអភិរក្សរងព្រះរាជបណ្ណាល័យកម្ពុជា ជំនួសលោក សឹង ង៉ុកថាន់ ដែលត្រូវបានផ្ទេរ ទៅធ្វើការជាតុលាការីនៅខេត្តពោធិសាត់ ។

នៅឆ្នាំ ១៩៤៣ តាមសេចក្ដីស្នើសុំរបស់រាជរដ្ឋាភិបាលខ្មែរ លោកបានផ្លាស់ទៅធ្វើការនៅក្រសួង អប់រំជាតិ ដើម្បីកាន់ការជានាយកការិយាល័យឃោសនា និងវិចិត្រសិល្បៈ ហើយពេលនោះ លោកក៏មាន តួនាទីជាចាងហ្វាងសារព័ត៌ មាន “កម្ពុជា” ផងដែរ ។  នៅឆ្នាំ១៩៤៤‑៤៥ លោកបានបំពេញមុខងារជាអគ្គ លេខាធិការនៃគណៈកម្មការវប្បធម៌ និងសមាគមអាយម៉ូនីញ៉េ ។ លុះដល់ឆ្នាំ១៩៤៦ លោកត្រូវបានតែង តាំងជា ឧកញ៉ាថ្នាក់រដ្ឋបាល ក្នុងឋានៈជា «ក្រម» ។

ក្រោយមកទៀតលោកបានបំពេញមុខងារក្នុងការងាររាជការជាបន្តបន្ទាប់ដូចតទៅ ៖

‑ឆ្នាំ១៩៤៦‑៤៧ ជានាយកការិយាល័យទី១ នៅក្នុងក្រសួងអប់រំជាតិ និងកិច្ចការក្រៅក្រសួង ។
‑ឆ្នាំ១៩៤៧‑៤៨ ជានាយកការិយាល័យក្រសួងធម្មការ និងជានាយកការិយាល័យកិច្ចការនយោ បាយនៅក្នុងក្រសួងមហាផ្ទៃ ។
‑ឆ្នាំ១៩៤៨ នេះទៀតលោកបានបំពេញមុខងារជាអភិបាលខេត្តរង ខេត្តតាកែវ ។
‑ឆ្នាំ១៩៤៩ លោកបានត្រឡប់មកកាន់ដំណែងជានាយការិយាល័យកិច្ចការនយោបាយនៅក្រសួង មហាផ្ទៃ ភ្នំពេញវិញ ។
‑ឆ្នាំ១៩៥០‑៥៤ លោកបានទទួលដំណែងជានាយខុទ្ទកាល័យ ហើយបន្ទាប់មកជាភូឈួយអភិបាល ក្រុងភ្នំពេញ ។
‑ឆ្នាំ១៩៥៤‑៥៦ លោកបានធ្វើជាចាងហ្វាងនៃការផ្សាយ និងជាប្រធាននៃសមាគមសុធារស ។
‑ឆ្នាំ១៩៥៧‑៥៩ លោកមានឋានៈជាភូឈួយអគ្គលេខាធិការ ហើយក្រោយមកជាអគ្គលេខាធិការនៃ ឧត្តមក្រុមប្រឹក្សាមហាក្សត្រ ដោយមានឋានៈនិងបុព្វសិទ្ធិស្មើនឹងរដ្ឋលេខាធិការនៃរាជរដ្ឋាភិបាល ។
‑ឆ្នាំ១៩៥៩‑៦០ លោកបានត្រឡប់ទៅកាន់ការនៅខេត្តតាកែវ ជាលើកទី២ ក្នុងឋានៈជាអភិបាល ខេត្ត ហើយត្រូវបានតែងតាំងជានាយកពិធីការក្នុងព្រះបរមរាជវាំងជំនួសគេ ។
‑ឆ្នាំ១៩៦១‑៦២ លោកត្រូវបានផ្លាស់មកកាន់ដំណែងជានាយកនៃក្រុមរដ្ឋបាលនៃព្រះបរមរាជវាំង មានឋានៈស្មើនឹងរដ្ឋលេខាធិការនៃរាជរដ្ឋាភិបាល ។

គ្រឿងឥស្សរិយយស :

ក្នុងបេសកកម្មបម្រើប្រទេសជាតិក្នុងរយៈ ពេល ៣៥ឆ្នាំ លោកគឹម ហាក់ បានទទួលគ្រឿងឥស្សរិយ យសជាច្រើន ដូចជា ៖

‑មេដាយសេនាចក្រព្រះរាជាណាចក្រកម្ពុជា
‑មេដាយមហាសេនាព្រះមហាក្សត្រីយានី
‑មេដាយរជ្ជកាលមាសប្រទានពីព្រះករុណាព្រះបាទសុរាម្រិត
‑មេដាយអស្សឫទ្ធិមុនីសាភ័ណ្ឌ ស្នើឲ្យបំពាក់ដោយព្រះករុណាព្រះបាទស៊ីសុវត្ថិ មុនីវង្ស
‑មេដាយការងារប្រាក់ ស្នើឲ្យបំពាក់ដោយឯកឧត្តម មាស ណាល់
‑មេដាយសេនាថ្នាក់១លានដំរីនិងឆ័ត្រស ប្រទានដោយព្រះករុណាសាវាង វឌ្ឍនា (ព្រះមហាក្សត្រ លាវ) ។

ស្នាដៃ :

លោកគឹម ហាក់ ពុំមែនគ្រាន់តែជាអ្នករាជការម្នាក់ដ៏ជំនាញប៉ុណ្ណោះ ប៉ុន្តែលោកជាអ្នកនិពន្ធម្នាក់ យ៉ាងសំខាន់ផងដែរ ។ ស្នាដៃសំខាន់ៗរបស់លោកមានដូចជា ៖

‑ រឿងទឹកទន្លេសាប, ប្រលោមលោកបែបរឿងល្ខោន, ១៩៣៨, បោះពុម្ពឆ្នាំ១៩៤១
‑កោសជ្ជៈ និងសេចក្ដីខ្ជិល, អត្ថបទចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយា, ឆ្នាំ១៩២៨
‑វិធីតុបតែងព្រះពុទ្ធសាសនា, អត្ថបទចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយា, ឆ្នាំ​១៩៣១
‑មួយរយហាសិបមួយថ្ងៃ, អត្ថបទចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយា, ឆ្នាំ១៩៣២
‑អំពីសេចក្ដីអធិប្បាយរបស់ជាតិហុលឡង់ដេស៍ម្នាក់ អំពីការពឹងពាក់ប្រាស្រ័យនៅស្រុកខ្មែរ, អត្ថបទ ចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយា, ឆ្នាំ១៩៤០
‑សេកសោមបណ្ឌិត, ប្រលោមលោកពាក្យកាព្យ, ឆ្នាំ១៩៣២, បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៣៣ ។
‑យុវសីមា ឆ្នាំ១៩៣៩ (ឥតបានបោះពុម្ពទេ) ។


ភ្នំពេញ, ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧
 រៀបរៀងដោយ
  សេង សុវណ្ណដារ៉ា




ឯកសារពិគ្រោះ

‑ឃីង​ ហុកឌី, អក្សរសិល្ប៍ខ្មែរសតវត្សទី២០, បណ្ណាគារអង្គរ, ២០០៧
‑ម៉ុញ សារី, វចនាធិប្បាយអក្សរសិល្ប៍ខ្មែរ, ភាគ១, ២០០៧
‑ប្រវត្តិសង្ខេបពុទ្ធសាសនបណ្ឌិត្យ, ពុទ្ធសាសនបណ្ឌិត្យ, ២០០៥
‑ទស្សនាវដ្ដីកម្ពុជសុរិយា



[1] ឯកសារខ្លះបញ្ជាក់ថា លោកមានកំណើតនៅឆ្នាំ ១៩១០ ។

No comments:

Post a Comment