Wednesday, March 15, 2017

បណ្ឌិត កោ

          លោកសាស្ត្រាចារ្យ ញ៉ុក ថែម នៅក្នុងអត្ថបទមួយរបស់លោកក្រោមចំណងជើងថា “ឯកសារ       សាស្ត្រាស្លឹករឹត និងក្រាំងដែលមាននៅវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យ” លោកបានធ្វើសេចក្ដីសង្កេតចំពោះអ្នកនិពន្ធរូបនេះថា «នាមរបស់កវីនេះមិនអាចយល់ច្បាស់លាស់ទេ ព្រោះអត្ថបទដើមដែលបញ្ជាក់នាមរបស់លោកប្រើពាក្យបាលី ។ ប៉ុន្តែជាកំណាព្យខ្មែរដូច្នេះ :

          “អហំកោនាមំ   ចន្ទបត្តសម្មតោ នាមេរាជនោ សន្មតិនាមហំ” ។ (ល្បងប្រែសម្រួល : ខ្ញុំឈ្មោះ កោ សន្មតហៅចន្ទបត្ត)...ពីរឃ្លាទៀតមានន័យមិនសូវច្បាស់ ប្រហែលវិបត្តិដោយអក្ខរាវិរុទ្ធ ដោយការចារចម្លងតៗគ្នា ។[1]

          រីឯកាលបរិច្ឆេទនិពន្ធនៃរឿង “ជ័យទត្ត” វិញក៏មានវិបត្តិផងដែរ ហើយលោកសាស្ត្រាចារ្យ ញ៉ុក ថែម បានធ្វើសេចក្ដីសង្កេតចំពោះកាលបរិច្ឆេទដូចតទៅ : “កាលបរិច្ឆេទបញ្ជាក់អំពីថ្ងៃ ខែ ឆ្នាំ រដូវ គ្មានបញ្ហាទេ ប៉ុន្តែត្រង់សករាជវិញមានបញ្ហាត្រូវយកមកដោះស្រាយបញ្ជាក់ ព្រោះអត្ថបទដើមក្នុងសាស្ត្រាស្លឹករឹកដូច្នេះ ។

          “សុភមស្ដុ                 សួស្ដីស្រីសុ‑              ភមង្គលា       
          ជយជយោ                វរោវរា                      វរកាព្យា                   
                                      សាសព្វបរមត្ថ ។
          ទៀងទុកតំណ           ឯកអាសប្បនា            សាក់ខាលនក្សត្រ
          មាឃមាសពារពុធ       ប្រាកដទៀងទាត់        ប្រាំបីរោជរត្ន
                                      បវរសេដ្ឋោ ។”

          ត្រង់ឃ្លា “ឯកអាសប្បនា” យើងគួរយល់ថា កវីចង់បញ្ជាក់អំពីសករាជ តើសករាជអ្វី? តាមប្រពៃណីខ្មែរយើង កវី ឬអ្នកនិពន្ធអំពីបុរាណ ក្នុងសម័យអង្គរក្ដី សម័យលង្វែកក្ដី សម័យខាងដើមនៃក្រុងឧដុង្គមានជ័យក្ដី ច្រើនបញ្ជាក់អំពីមហាសករាជ ។ មហាសករាជនេះកើតក្រោយគ្រឹស្ដសករាជ ៧៨ឆ្នាំ ។ ដល់ចុងសម័យឧដុង្គនិងខាងដើមសម័យក្រុងភ្នំពេញយើងនេះ គេនិយមប្រើសករាជ ៣ គឺពុទ្ធសករាជ, មហាសករាជ និងចុលសករាជ ឬសករាជណាមួយ ប៉ុន្តែក្នុងសម័យអាណានិគមនិយមបរទេស គេនិយមប្រើតែគ្រឹស្ដសករាជមួយជាផ្លូវការទូទៅរហូតដល់សព្វថ្ងៃនេះ ព្រោះសករាជនេះគេទុកដាក់ជាសករាជសាកលទៅហើយ គេនិយមប្រើជាផ្លូវការទូទៅក្នុងរវាងអន្តរជាតិ ។

          ត្រង់ឃ្លា “ទៀងទុកតំណ ឯកអាសប្បនា” ចុងឃ្លាទីពីរមិនចាប់ចុងចួន នឹងចុងឃ្លាទីមួយទេ ។ ដូច្នេះត្រង់ឃ្លាទីពីរនេះគួរកែជា “ឯកពាសប្ដឆ ឬឯកទ្វាសប្ដឆ” ទើបអាចចាប់ចុងចួនត្រង់ឃ្លាទី១ “ទៀងទុកតំណ” បានត្រឹមត្រូវតាមច្បាប់កាព្យបទកាកគតិ ។ ឃ្លានេះមានន័យថា ១២៧៦ នៃម.ស. ត្រូវនឹងគ.ស. ១៣៥៤ ប៉ុន្តែកាលបរិច្ឆេទនេះហាក់ដូចជាវែងឆ្ងាយពេក?

          ប្រសិនបើយើងយល់ថា អ្នកចារចម្លងតៗគ្នាមកច្រឡំអក្សរ ឆ ជា ន ដូចចុងឃ្លានោះ គេអាចច្រឡំតួ ឆ ជា អ វិញក៏បានដែរ ។ ដូច្នេះគួរជា “ឯកឆសប្ដឆ”​អានថា (ឯក‑ឆ‑សាប់‑ឆ) មានន័យថា ម.ស. ១៦៧៦ ត្រូវនឹងគ.ស. ១៧៥៤ ។

          យោបល់នេះជិតនឹងកាលបរិច្ឆេទនៃរឿងខ្យងស័ង្ខ ដែលកវីបានបញ្ជាក់ថាក្នុងម.ស. ១៦៥១ គឺថារឿងជ័យទត្ត កើតក្រោយខ្យងស័ង្ខ ២៥ឆ្នាំ ។ ដូច្នេះគប្បីយល់ថា រឿងនេះកើតឡើងចុងសម័យលង្វែក ឬខាងដើមសម័យឧដុង្គ ។”[2]

          តាមរយៈទុនឯកសារសិក្សារបស់លោកសាស្ត្រចារ្យ ញ៉ុក ថែម ខាងលើនេះនាំឲ្យយើងអាចកំណត់បានថា កវី‑និពន្ធរូបនេះមាននាមថា “កោ” បាននិពន្ធរឿង “ជ័យទត្ត” នៅម.ស.១៦៧៦[3] (ត្រូវនឹងគ.ស. ១៧៥៤ ។ កវី កោ ទំនងជាបានរស់នៅក្នុងរាជ្យព្រះបាទស្រីជ័យជេដ្ឋា អង្គស្ងួន (១៧៤៩‑១៧៥៥), ព្រះបាទរាមាធិបតីទី៣ អង្គទង (១៧៥៦‑១៧៥៧), ព្រះបាទនារាយណ៍រាជាទី២ អង្គតន់ (១៧៥៨‑១៧៧៥) ។ តាមកាលបរិច្ឆេទនិពន្ធនៃរឿង “ជ័យទត្ត” នេះ លោកបានតាក់តែងរឿងនេះឡើងនៅក្នុងរជ្ជកាលព្រះបាទស្រីជ័យជេដ្ឋា អង្គស្ងួន (១៧៤៩‑១៧៥៥) ។

​យើងសោកស្ដាយណាស់ដោយពុំអាចដឹងអំពីថ្ងៃ ខែ ឆ្នាំកំណើត ទីកន្លែងកំណើត ក៏ដូចជាប្រវត្តិជីវភាពរស់នៅរបស់លោកផ្សេងៗទៀតជាដើម ដោយយើងបានដឹងត្រឹមតែនាម និងគោរម្យងាររបស់លោកដែលមានលក្ខណៈមិនច្បាស់លាស់តែប៉ុណ្ណោះ ។ មាននាមថា “កោ” ដោយមានងារថា “ចន្ទបត្ត”​(?) ។ តាមរយៈនាម​ និងងារនេះ នាំឲ្យយើងសន្មតថា កវីរូបនេះមានភេទជាបុព្វជិត (ភេទជាសង្ឃ)  នៅក្នុងសំណាក់ព្រះពុទ្ធសាសនា ។ កវី កោ បានបួសរៀនអក្សរ លេខនព្វន្ត រៀនភាសាបាលី រៀនអានសាស្ត្រាជាដើមនៅវត្តអារាម នាស្រុកកំណើតរបស់លោក រហូតមានចំណេះដឹងជ្រៅជ្រះលើផ្នែកភាសាបាលីនេះជាដើម ហើយបានប្រែរឿង “ជ័យទត្ត” ពីជាតកបាលីមកជាខេមរភាសា ដោយតាក់តែងជាបទកំណាព្យយ៉ាងពីរោះរណ្ដំចិត្តទៀតផង ។

          កវី កោ បាននិពន្ធរឿង “ជ័យទត្ត” នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំខាល នក្សត្រ ម.ស.១៦៧៦​(ត្រូវនឹងគ.ស.១៧៥៤) ។ រឿងនេះតែងជាពាក្យកាព្យ ដោយប្រើបទ កាកគតិ, ពំនោល, ព្រហ្មគតិ និងភុង្គ លីលា ។ រឿងនេះស្រង់ប្រភពចេញពីគម្ពីរហារយជាតក ឬ៥០០ជាតក៍ ។ ឯកសារស្លឹករឹតមាន ១០ខ្សែចប់ជុំជាតក ។ ឯកសារសារនេះនៅបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ មាន៣គម្ពីរ ដោយចុះលេខសាស្ត្រា ៣៦៣‑៣៦៤‑៣៦៥ ។[4] ស្នាដៃរឿង “ជ័យទត្ត” គប្បីយល់ថាជាមហាកាព្យមួយផងដែរក្នុងចំណោមស្នាដៃអក្សរសិល្ប៍ដទៃទៀត ដូចជារឿងព្រះជិនវង្សជាដើម ។

          ខាងក្រោមនេះជាសម្រង់ខ្លះៗនៃអត្ថបទផ្ដើម និងបញ្ចប់នៃរឿង ៖

​អត្ថបទផ្ដើម :  “បទកាកគតិ” 

អហំវន្ទៈ                     អញ្ជលីយៈ                បគ្គយ្ហំ
សិរសាបណៈ               សព្វញ្ញត្តំ                  បញ្ញាញាណំ
                               វនេនតោ ។ល។
កិរកាលវង្វេង               ជាតិជាលង្វែង            ខណ្ឌកប្បកំបាំង
យើងដឹងដោយដាន        ញេយ្យញាណពុទ្ធំ       ធម្មទេសនំ
                               គឺធម៌ទេស្នា ។
ពីពុទ្ធឱស្ឋឯង               ប្រុះប្រាជ្ញាឈ្វេង         ជុំជាតក៍អតីតា
បែរបើកបន្ទូល              ដោយបូណ៌គាថា        ប្រោសប្រស់អស់មហា
                               ជនជាតិទាំងឡាយ ។ល។

          អត្ថបទបញ្ចប់ :

សរសើរកាលកំណើត                      ព្រះអង្គកើតដោយគន្លង
ហៅហារយជាតក៍ហោង                   យើងដឹងដោយព្រះគថា ។
និទាននេះរៀបរាប់                          ចងជួបចាប់ដោយកាព្យា
ពីខ្សែប្រាំបួនប្រា‑                            កដបរិបូណ៌បទបាលី ។
ប្រកបប្រាកដហោង                        ដោយទំនងព្រះគម្ពីរ
សំដែងជាអាទី                               ហៅខ្សែដប់គ្រប់ចប់ចែង ។[5]



 រៀបរៀងចុះផ្សាយដោយ ៖ សេង សុវណ្ណដារ៉ា


 (រក្សាសិទ្ធិគ្រប់យ៉ាង)



[1] ញ៉ុក ថែម, ឯកសារសាស្ត្រាស្លឹករឹត និងក្រាំងដែលមាននៅវិជ្ជាស្ថាននៃពុទ្ធសាសនបណ្ឌិត្យ, កម្ពុជសុរិយា, ១៩៦៥, លេខ ៨, ទំព័រ ៨២៤ ។
[2] ញ៉ុក ថែម, ឯកសារសាស្ត្រាស្លឹករឹត និងក្រាំងដែលមាននៅវិជ្ជាស្ថាននៃពុទ្ធសាសនបណ្ឌិត្យ, កម្ពុជសុរិយា, ១៩៦៥, លេខ ៩, ទំព័រ ៨២៥‑៨២៦ ។
[3] យោងតាមការធ្វើសេចក្ដីសង្កេតរបស់លោកសាស្ត្រាចារ្យ ញ៉ុក ថែម ។
[4] ញ៉ុក ថែម, ឯកសារសាស្ត្រាស្លឹករឹត និងក្រាំងដែលមាននៅវិជ្ជាស្ថាននៃពុទ្ធសាសនបណ្ឌិត្យ, កម្ពុជសុរិយា, ១៩៦៥, លេខ ៩, ទំព័រ ៨២៤‑៨២៥ ។
[5] ញ៉ុក ថែម, ឯកសារសាស្ត្រាស្លឹករឹត និងក្រាំងដែលមាននៅវិជ្ជាស្ថាននៃពុទ្ធសាសនបណ្ឌិត្យ, កម្ពុជសុរិយា, ១៩៦៥, លេខ៨, ទំព័រ ៨២៦‑៨២៧ ។

No comments:

Post a Comment