Thursday, March 9, 2017

ឧកញ៉ាទេពពិទូរ ឈឹម ក្រសេម

                                

                                





យើងសោកស្ដាយណាស់ដែលពុំបានស្គាល់អំពីថ្ងៃខែឆ្នាំកំណើត និងទីកំណើតរបស់លោក ។ លោកអាចមានកំណើតនៅរវាងទសវត្សទី៧០ ឬ៨០នៃសតវត្សទី១៩ ។ លោក ឈឹម​ ក្រសេម គឺជាអ្នកប្រាជ្ញមួយរូបនៅប្រទេសកម្ពុជាដែលបានទទួលការបណ្ដុះបណ្ដាលយ៉ាងជ្រាលជ្រៅនូវចំណេះដឹងពីលទ្ធិថេរវាទ ។ លោកទំនងជាបានបញ្ចប់ការសិក្សាថ្នាក់ភាសាបាលីជាន់ខ្ពស់ថែមទៀតផង (?) ។ លោកបានបម្រើការងារនៅស្ថាប័នអភិរក្សវប្បធម៌ខ្មែរចំនួនពីរគឺ បណ្ណាល័យជាតិ (បង្កើតឡើងនៅឆ្នាំ ១៩២៥) និងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ (បង្កើតឡើងនៅឆ្នាំ ១៩៣០) ដែលមានបេសកកម្មនៅក្នុងការប្រមូល ការចម្លងឡើងវិញ និងការអភិរក្សឯកសារស្ដីពីសាសនា (ឯកសារជាភាសាបាលី) ដែលមានវត្តមាននៅតាមទីវត្តអារាមនានាក្នុងប្រទេស​កម្ពុជា ។ ក្រោយមកវិទ្យាស្ថាននេះក៏បានស្ថិតក្រោមការគ្រប់គ្រងរបស់នាងកញ្ញា Suzanne Karpelès ដែលព្យាយាមបោះពុម្ពផ្សាយ និងការផ្សពផ្សាយអត្ថបទសាសនាមួយចំនួន ដោយមានការបកប្រែឯកសារខ្លះជាភាសាខ្មែរ ។

ក្នុងការបន្ថែមទៅលើកិច្ចការចុះបញ្ជី និងកិច្ចការបកប្រែអត្ថបទសិក្សាខាងផ្នែកសាសនា លោកឧកញ៉ាទេពពិទូរ[1]ឈឹម ក្រសេម បានចូលរួមផងដែរនៅក្នុងគណៈកម្មការទំនៀមទម្លាប់ និងប្រពៃណីខ្មែរដែលបង្កើតឡើងនៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនៅឆ្នាំ ១៩៣៤ ដើម្បីសិក្សាអំពីជាតិពិន្ធុសាស្ត្រនៅប្រទេសកម្ពុជា ។ 
លោកឧកញ៉ាទេពពិទូរ ឈឹម ក្រសេម ទំនងជាបានបម្រើការងាររាជការនៅក្នុង ៣រជ្ជកាល គឺនៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ (១៩០៤‑១៩២៧), ព្រះបាទស៊ីសុវត្ថិមុនីវង្ស (១៩២៧‑១៩៤១) និងព្រះបាទនរោត្តម សីហនុ (១៩៤១‑១៩៧០) ។ លោកជាអ្នកប្រាជ្ញខ្មែរមួយរូបដែលមានចំណេះដឹងខាងផ្នែកភាសាបាលី វប្បធម៌ខ្មែរ និងប្រវត្តិសាស្ត្រខ្មែរផងដែរ ។ ក្រៅពីភាសាខ្មែរ (ភាសាជាតិ) និងភាសាបាលី លោកក៏ចេះភាសាសៀមយ៉ាងស្ទាត់ជំនាញ ហើយលោកក៏ទំនងជាមានចំណេះដឹងខាងភាសាបារាំងផងដែរ ។ នៅក្នុងកិច្ចការការងារសិក្សាស្រាវជ្រាវ និងបម្រើការងារនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ លោកបាននិពន្ធ បកប្រែ និងរៀបរៀងអត្ថបទសិក្សា ស្រាវជ្រាវជាច្រើនចុះផ្សាយនៅក្នុងទស្សនាវដ្ដីកម្ពុជសុរិយាផងដែរ (បង្កើតឡើងនៅឆ្នាំ ១៩២៦) ។

នៅក្នុងកិច្ចការបម្រើរាជការនេះ រហូតបានងារជា ព្រះស្នេហាសាទេព ហើយក្រោយមកក៏បានឡើងជា ព្រះមហាពិទូរឈឹម ក្រសេម គន្ថរចនបណ្ឌិត ។ លោកមានចំណេះដឹងខ្ពង់ខ្ពស់ណាស់ តែគួរឲ្យសោកស្ដាយដែលយើងមិនអាចដឹងអំពីកាលបរិច្ឆេទទទួលមរណភាពរបស់លោក (លោកអាចទទួលមរណភាពនៅទសវត្សទី ៦០ ឬ៧០?)

ឧកញ៉ាទេពពិទូរ ឈឹម ក្រសេម បានបន្សល់ទុកនូវស្នាដៃក្នុងផ្នែកអក្សរសាស្ត្រ វប្បធម៌ខ្មែរជាច្រើន ដូចមានសេចក្ដីសម្រង់ស្នាដៃសំខាន់ៗមួយចំនួនដូចខាងក្រោម ៖

‑ រឿងមហាភារតយុទ្ធ
‑ សាសនប្រវត្តិ (ចុះផ្សាយក្នុងកម្ពុជសុរិយា)
‑ សិលាចារឹកនគរវត្ត
‑ ខេមាខេមសរណកថា (ចុះផ្សាយក្នុងកម្ពុជសុរិយា)
វិធី​បង្កក់​ឆ្មប ក្នុង​កិច្ច​សម្រាល​កូន (ចុះផ្សាយក្នុងកម្ពុជសុរិយា)
‑ ពិធីពលិការព្រះពិស្ណុការ (វេស្សកម្ម) (ចុះផ្សាយក្នុងកម្ពុជសុរិយា)
‑ ចាតុរង្គបទ (ចុះផ្សាយក្នុងកម្ពុជសុរិយា)
‑ ហិតោបទេស ភាគទី១ (ចុះផ្សាយក្នុងកម្ពុជសុរិយា)
‑ បញ្ហាស្មុគស្មាញក្នុងសាសនា (ចុះផ្សាយក្នុងកម្ពុជសុរិយា)
‑ ព្រះមហាវិហារពុទ្ធគយា (ចុះផ្សាយក្នុងកម្ពុជសុរិយា)
‑ លទ្ធិទំនៀមទម្លាប់ខ្មែរ ពិធីសូត្រមន្តរំដោះគ្រោះ (ចុះផ្សាយក្នុងកម្ពុជសុរិយា)
‑ ប្រវត្តិស្ដេចទឹកស្ដេចភ្លើង (ចុះផ្សាយក្នុងកម្ពុជសុរិយា)
‑ វណ្ណគតិ នារាយណ៍ទសាវតារ (ចុះផ្សាយក្នុងកម្ពុជសុរិយា)
‑ ព្រះរាជពង្សាវតារ (ចុះផ្សាយក្នុងកម្ពុជសុរិយា) ។ល។



ភ្នំពេញ, ថ្ងៃទី០៦ ខែ០៦ ឆ្នាំ២០១៦

          រៀបរៀងដោយ ៖ សេង សុវណ្ណដារ៉ា

(រក្សាសិទ្ធិគ្រប់យ៉ាង)
                  

ឯកសារពិគ្រោះ ៖

‑ ទស្សនាវដ្ដីកម្ពុជសុរិយា, (គ្រប់លេខ)
‑ និងឯកសារជាច្រើនទៀត ។



[1] ជួនឃើញគេសរសេរគោរម្យងាររបស់លោក “មហាពិទូរ” ជួនឃើញសរសេរជា “ទេពពិទូរ” ។ សូមអាននៅក្នុងទស្សនាវដ្ដីកម្ពុជសុរិយាគ្រប់លេខ ។ នៅក្នុងអត្ថបទនេះ យើងសូមប្រើគោរម្យងារជា “ទេពពិទូរ” ដូច្នេះ ។ 

No comments:

Post a Comment