Tuesday, March 7, 2017

ម្ឫតក្សត្រី ម៉ុក



I‑ ជីវប្រវត្តិ

ក‑អំពីវង្សត្រកូល

          លោក​ ម៉ុក មានកំណើតនៅឧត្តុង្គ[1] នារវាងទសវត្សទីសាមសិប (១៨៣០‑១៨៣៤)[2]នៃសតវត្សទី១៩  តែកន្លងមកមានការសិក្សាខ្លះបាន កំណត់ថា លោកមានកំណើតនៅឆ្នាំ ១៨៤៦ ។ កាលបរិច្ឆេទនេះហាក់ដូច ជាមិនត្រឹមត្រូវទាល់តែសោះ ដ្បិតអីប្រសិនជាលោកកើតនៅឆ្នាំ ១៨៤៦ មែន គឺច្បាស់ជាមិនអាចមានសមត្ថភាពមកនិពន្ធរឿងទេវន្ទ[3]​ ដែលជារឿង ល្បែងមួយ ដែលលោកបានទាញប្រភពចេញពីគម្ពីរបញ្ញាសជាតកបាន ឡើយ ព្រោះគិតត្រឹមឆ្នាំ ១៨៥៩ គឺលោកមានអាយុទើបតែ ១៣ ឆ្នាំ ប៉ុណ្ណោះ ។ បិតារបស់លោកធ្វើជាមន្ត្រីក្នុងព្រះបរមរាជវាំងរបស់ស្ដេចកែង ហ្វាអង្គដួងក្នុងចុងរាជ្យព្រះអង្គចន្ទ ឬដើមរាជ្យមហាក្សត្រីអង្គម៉ី [4] ក្រោយ ពេលដែលមាតាបិតារបស់លោកត្រូវបានទ័ពយួនចាប់ជាឈ្លើយយកទៅ អណ្ណាមជាមួយបណ្ដារាស្ត្រដទៃទៀតនោះមក លោកក៏បានក្លាយជាកុមារ កំព្រាមាតាបិតា តាំងពីអាយុ ១១ឆ្នាំមក ។ ក្រោយមកក៏បានលោកគ្រូចៅអធិ ការវត្តគុក​ ព្រះនាម “អន” រើសយកទៅចិញ្ចឹមរក្សាថែ និងឲ្យសិក្សារៀនសូត្រ ក្នុងវត្តនោះរៀងមក ។

ខ‑​ ការសិក្សា

          មានការដំណាលតៗគ្នាមកថា ម៉ុក គឺជាកុមារមួយរូប ដែលមាន សេចក្ដីខិតខំប្រឹងប្រែងព្យាយាមណាស់នៅក្នុងការសិក្សារៀនសូត្រ ។ ទោះបី ជាមានការខ្វះខាតខាងផ្នែកសម្ភារៈសិក្សាក្ដី ក៏កុមារម៉ុកមិនដែលបោះបង់ ចោល​ការសិក្សារៀនសូត្រដែរ ដ្បិតអីកុមារម៉ុកតែងតែយកធ្យូងមកសរសេរ លើបន្ទះក្ដារជំនួសដីស យកពន្លឺភ្លើងចង្ក្រានដែលដាំតែប្រគេនលោកគ្រូធ្វើ ជាគ្រឿងបំភ្លឺនៅក្នុងការសិក្សារៀនសូត្រ ។ ដោយសារកាយវិការ និងសកម្ម ភាពយកចិត្តទុកដាក់សិក្សារៀនសូត្រនេះហើយ រមែងធ្វើឲ្យលោកគ្រូចៅ អធិការ និងបណ្ដាសង្ឃទាំងឡាយតែងតែអាណិតស្រឡាញ់រាប់អានកុមារ ម៉ុកនេះជាខ្លាំង ។ ក្រោយមក កុមារ ម៉ុក ក៏បានបួសជាសាមណេរ នឹង ក្រោយមកទៀតជា ភិក្ខុភាវៈ ។ ភិក្ខុម៉ុកបានសិក្សាបួសរៀននៅវត្តក្នុង សំណាក់លោកគ្រូព្រះមហារាជធម្ម អន ។ នៅក្នុងភេទជាបព្វជិតនេះ ភិក្ខុ ម៉ុកកាន់តែយកចិត្តទុកដាក់នៅក្នុងការសិក្សារៀនសូត្រលើផ្នែកអក្សរសាស្ត្រជាតិ ក៏ដូចជាពុទ្ធសាសនាយ៉ាងជ្រៅជ្រះថែមទៀតផង ។

គ‑ រូបសម្បត្តិ និងសមត្ថភាព

          ម៉ុកមានមាឌតូច មានមុខខ្មូតដោយស្លាកស្នាមអុត ដ្បិតកាលពីកុមារ លោកបានកើតជំងឺអុតធំ ឯដៃក៏ក្រងែងទៀត ប៉ុន្តែលោកមានសំឡេងពីរោះ ដោយចេះស្មូត្រធម៌អាថ៌នានា និងចេះអានសាស្ត្រាកាព្យបែបបទគួរជាទី ពេញចិត្តនៃបណ្ដាអ្នកស្ដាប់ណាស់ ។ ជាងនេះទៅទៀត លោកមានសមត្ថ ភាពនៅក្នុងការតែងពាក្យកាព្យបានភ្លាមៗ ដោយមិនចាំបាច់រកនឹកយូរនោះ​ទេ គឺអាចរកនឹកបានភ្លាមៗនៅគ្រប់ស្ថានការដែលលោកបានជួបប្រទះ ។
ឧទាហរណ៍ ៖ កំណាព្យមួយវគ្គដែលលោកសន្ធរ​លើកនិយាយទៅកាន់ចឹក អ្នកលក់ទាខ្វៃ​ឲ្យប្រញាប់រៀបចំម្ហូបថ្វាយព្រះរាជាសោយភ្លាមថា :

​“ នែវើយអាចឹកឆាមួយកាក់           អាចឹកកន្ត្រា ក់បានសាច់ខ្វៃ          អារខ្វាក់ហាន់ខ្វាប់សាប់ញ៉ាដៃ              ចិនលៃឲ្យឆាប់ប្រញាប់ឆាន់” ។

ឃ‑​ ការងារបម្រើរាជការ

 បន្ទាប់ពីបានលាចាកសិក្ខាបទមកជាគ្រហស្ថវិញ លោកគ្រូឧបជ្ឈាយ៍ ព្រះនាម អន បាននាំលោកទៅថ្វាយខ្លួនបម្រើសម្ដេចព្រះវររាជជននី ព្រះ កែវហ្វា អង្គដួង ព្រះនាម “រស់” ដែលគង់បំពេញសីលទាននៅលើភ្នំព្រះរាជ ទ្រព្យ ។ សម្ដេចព្រះវររាជជននី ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទាន គោរម្យងារ “អម្ឫតក្សត្រី” ដល់លោក ។[5] យើងដឹងថាលោកបានបំពេញ តួនាទីជាអ្នកនិពន្ធរឿងថ្វាយសម្ដេចព្រះវររាជជននី ទៅតាមព្រះរាជតម្រិះ យល់ឃើញ និងសព្វព្រះរាជហឫទ័យរបស់ព្រះអង្គ ។ តាមរយៈការសិក្សា ស្រាវជ្រាវកន្លងមក បានបង្ហាញថា​នៅក្នុងកំឡុងពេលដែល​លោកគាល់ បម្រើ សម្ដេចព្រះវររាជជននី លោកបានតែងរឿងទៅតាមការសព្វព្រះរាជ      ហឫទ័យរបស់សម្ដេចព្រះវររាជជននីបាន ៣ រឿង[6] គឺរឿងទេវន្ទ (ព.ស.​២៤០២),​ រឿងរថសេន ឬពុទ្ធិសែន (ព.ស. ២៤០៤) និងរឿងសិង្ហនាថ (ព.ស.២៤០៦) ។

​ក្រោយពេលដែលសម្ដេចព្រះរាជជននី “រស់” សោយទីវង្គតទៅ លោកម៉ុកក៏បានចូលខ្លួនមកបម្រើរាជការថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមវិញ ហើយព្រះករុណាសព្វព្រះរាជហឫទ័យប្រោសប្រទានឲ្យ លោកម៉ុកធ្វើការក្នុងក្រុមអាល័ក្ស[7] ។ ក្រោយមកទៀតដោយសារតែការយក ចិត្តទុកដាក់នៅក្នុងតួនាទីបម្រើរាជការ ព្រះករុណាព្រះអង្គសព្វព្រះរាជ ហឫទ័យតម្លើងឋានៈលោក​អាល័ក្ស ម៉ុក ជា “ឧកញ៉ាសន្ធរវោហារ” ។

          សូមបញ្ជាក់បន្ថែមថា រាល់ព្រះរាជដំណើររបស់ព្រះនរោត្តម ព្រះអង្គ តែងប្រោសព្រះរាជទានឲ្យលោកសន្ធរហែហមតាមជានិច្ច ត្បិតព្រះអង្គសព្វ ព្រះរាជហឫទ័យលើសមត្ថភាព និងសំនួនវោហារដ៏ខ្ពង់ខ្ពស់របស់លោក សន្ធរម៉ុក ។

          ក្រោយមកទៀតព្រះបាទនរោត្តម ស្ដេចបានរៀបចំបង្កើតក្រុមអ្នក តែងព្រះរាជពង្សាវ តារសម្រាប់ព្រះនគរឡើងវិញ ក្រោយពេលដែលគម្ពីរ ក្បួនខ្នាតទាំងឡាយ ជាពិសេសគម្ពីរព្រះរាជពង្សាវតារប្រចាំព្រះនគរត្រូវ បានបង់ខ្ទេចខ្ទីដោយសារតែភ្លើងសង្គ្រាមកន្លងមកនោះ ។ សមាសភាពនៃ អ្នកតាក់តែងព្រះរាជពង្សាវតារនេះ គឺមានសម្ដេចព្រះមហាសង្ឃរាជព្រះ នាម ទៀង (១៨២៣‑១៩១៣), សម្ដេចព្រះសុគន្ធ ព្រះនាម ប៉ាន (១៨២៤‑១៨៩៤) និងឧកញ៉ាសន្ធរវោហារ ម៉ុក ជាអ្នកចងក្រងនិពន្ធ ។

ង‑ អំពីគ្រួសារ

          ភរិយារបស់លោកសន្ធរមាននាមថា ជំទាវ “សម” ។ ឧកញ៉ាម៉ុកមាន បុត្រាបុត្រីសរុប ៥នាក់ គឺបុត្រា ៤នាក់ (ម៉ិល, ត្រចាត់, សំឱក, សំអែល)​និងបុត្រី១នាក់ (នាងរំដេញ[8]) ។

          បុត្រាបុត្រីរបស់លោកទាំងអស់សុទ្ធតែបានទទួលការអប់រំដូចៗគ្នា ក្នុងនោះបុត្រារបស់លោកពីររូប គឺ ម៉ិល និងត្រចាត់ បានសិក្សារៀនសូត្រ រហូតបានចេញទៅបន្តការសិក្សានៅក្រុងបារីស៍ ប្រទេសបារាំងជាច្រើនឆ្នាំ ដោយលោក ប៉ាវី បាននាំមកសិក្សានៅប្រទេសនេះរវាងគ.ស. ១៨៨៥ ។[9] លុះត្រឡប់មកវិញ លោកម៉ិល បានចូលធ្វើការរាជការ ក្នុងឋានៈជា ចៅហ្វាយស្រុក, ឯលោកត្រចាត់វិញ បានទៅធ្វើការនៅប្រទេសលាវ ហើយក៏បានទទួលមរណភាពក្នុងទីនោះទៅ ។ ចំណែកឯលោកសំឱក, សំអែល និងនាងរំដេញ​ បានរៀនសូត្រតែក្នុងប្រទេសខ្មែរនេះ មិនបានចេញ បន្តការសិក្សានៅបរទេសដូចលោកម៉ិល និងត្រចាត់នោះទេ ។

          លោកសំឱក និងលោកសំអែល បានធ្វើជាគ្រូបង្រៀនទាំងពីរនាក់ ។ ចំពោះលោកសំឱកវិញ ក្រៅពីកិច្ចការបង្រៀន លោកតែងឆ្លៀតឱកាសតាក់ តែងនិពន្ធអត្ថបទផ្សេងៗសម្រាប់ចុះនៅក្នុងសៀវភៅដែលផ្សាយចេញពីក្រសួងសិក្សាធិការ ហើយលោកក៏បានចូលជាសមាជិកក្នុងការតែងសៀវភៅ សិក្សាទៀតផង ។[10] រីឯនាងរំដេញវិញ បានទៅជាអ្នកម្នាងរបស់ព្រះអង្គ ម្ចាស់ នរោត្តម ម៉ុនថុន្តណៃ ។

ច‑ អំពីមរណភាព

          យោងតាមព្រះបន្ទូលរបស់ព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណា ដែល ត្រូវជាចៅទួតបង្កើតរបស់លោកសន្ធរម៉ុក បានបញ្ជាក់ថា លោកសន្ធរម៉ុក បានទទួលអនិច្ចកម្មនៅរវាងឆ្នាំ ១៩០៨ ។[11]

II‑ ស្នាដៃ

          តាមរយៈការសិក្សាស្រាវជ្រាវកន្លងមក​ លោកសន្ធរម៉ុកបានបន្សល់ ទុកស្នាដៃច្រើន តែយើងរកឃើញតែស្នាដៃមួយចំនួនប៉ុណ្ណោះ ដូចជា ៖
១‑ រឿងទុំទាវ (គ.ស.១៨៥៧)
២‑ រឿងទេវន្ទ (គ.ស.១៨៥៩)
៣‑ រឿងរថសេន ឬពុទ្ធិសែន (គ.ស.១៨៦១)
៤‑ រឿងសិង្ហនាថ (គ.ស.១៨៦៣)
៥‑ ល្បើករៃ និងស្រមោច (គ.ស.?)
៦‑ ល្បើកចចក (គ.ស.១៨៧៤)
៧‑ ព្រះរាជពង្សាវតារខ្មែរ (គ.ស.?)

រៀបរៀងដោយ ៖ សេង សុវណ្ណដារ៉ា
(រក្សាសិទ្ធិគ្រប់យ៉ាង)

ឯកសារពិគ្រោះ

១‑ឃីង ហុកឌី, មាលីបទអក្សរសិល្ប៍ខ្មែរសតវត្សទី ១៩, បណ្ណាគារអង្គរ, ២០០៦ ។
២‑ឃីង ហុកឌី, អក្សរសិល្ប៍ខ្មែរសតវត្សទី ២០, កវីនិពន្ធ និងកម្រងអត្ថបទ, បណ្ណាគារអង្គរ, ២០០៧ ។
៣‑ញ៉ុក ថែម, អារម្ភកថា និងរឿងទេវន្ទពាក្យកាព្យ លោកអម្ឫតក្សត្រី ម៉ុក រៀបរៀងក្នុងរាជ្យព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម, កម្ពុជសុរិយា, ១៩៥៧‑១៩៥៨ ។
៤‑លី ធាមតេង, អក្សរសាស្ត្រខ្មែរ, ១៩៦០ ។
៥‑ឌឹក គាម, អ្នកនិពន្ធ ម៉ុក សំឱក, កម្ពុជសុរិយា, លេខ ៦, ១៩៧០ ។




[1] តាមរយៈសៀវភៅអក្សរសាស្ត្រខ្មែរ របស់លោកសាស្ត្រាចារ្យ លី ធាមតេង លោកបានសរសេរថា​ “សន្ធរម៉ុក មានស្រុកកំណើតនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ” ។
[2] ឃីង ហុកឌី, មាលីបទអក្សរសិល្ប៍ខ្មែរសតវត្សទី១៩, ភ្នំពេញ,​បណ្ណាគារអង្គរ, ២០០៣, ទំព័រ ២០៦ ។
[3] រឿងទេវន្ទនេះនិពន្ធឡើងនៅថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំមមែ ព.ស.២៤០២ (គ.ស.១៨៥៩) ។
[4] ឃីង ហុកឌី, មាលីបទអក្សរសិល្ប៍ខ្មែរសតវត្សទី១៩, ភ្នំពេញ,​បណ្ណាគារអង្គរ, ២០០៣, ទំព័រ ២០៦ ។
[5] លោកម៉ុក ទទួលបានគោរម្យងារនេះនៅគ.ស.១៨៥៩ ។
[6]យើងរកឃើញឯកសាររឿងមានបញ្ជាក់ឈ្មោះអ្នកនិពន្ធ និងពាក្យកំណត់សេចក្ដីរបស់ លោកតែក្នុងរឿងបី គត់ គឺរឿងទេវន្ទ តែងនៅព.ស. ២៤០២, រឿងពុទ្ធិសែន​ ឬរថសែន តែងនៅព.ស. ២៤០៤ និងរឿង រថសេន ឬពុទ្ធិសែន តែងនៅព.ស. ២៤០៤ ។
[7] ក្រុមអាល័ក្ស គឺក្រុមប៉ែកខាងបោះពុម្ព ។
[8] នាងរំដេញនេះគឺជាមាតារបស់ព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណា ។ ព្រះបិតារបស់អ្នក អង្គម្ចាស់ម៉ុងតាណា ព្រះនាម នរោត្តម ម៉ុនថុន្តណៃ ។ អ្នកអង្គម្ចាស់ម៉ុងតាណា គឺជាអតីត សេនាបតី, ទី ក្រឡាហោមក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ។
[9] លើកលែងតែនាងរំដេញចេញម្នាក់ ដែលមិនបានបន្តការសិក្សាឲ្យបានជ្រៅជ្រះដូចបងប្អូន ប្រុសរបស់នាង ត្បិតទំនៀមទម្លាប់ប្រពៃណីខ្មែរនៅមានឥទ្ធិពលគ្របលើស្ត្រីដដែល តែ លោកម៉ុកក៏បានប្រឆាំងនឹងទស្សនៈទំនៀមទម្លាប់នេះដែរ ដោយបានរៀបចំឲ្យនាងរំដេញ ជាកូនបានសិក្សាអក្សរខ្លះៗដែរ ដើម្បីអាចអាន និងសរសេរអត្ថបទនានាបាន ។
[10] សូមអាន ឌឹក គាម, “អ្នកនិពន្ធខ្មែរ ម៉ុក សំឱក”, ទស្សនាវដ្ដីកម្ពុជសុរិយា, លេខ ៦, ១៩៧០, ទំព័រ ៦២‑៦៤៨ ។ ឃីង ហុកឌី, “អក្សរសិល្ប៍ខ្មែរសតវត្សទី ២០, កវីនិពន្ធ និងកម្រងអត្ថបទ”, ភ្នំពេញ, បណ្ណាគារអង្គរ, ២០០៧, ទំព័រ ៩៦‑១០៦ ។
[11] ឯកសារខ្លះបញ្ជាក់ថា លោកសន្ធរម៉ុក ទទួលអនិច្ចកម្មនៅឆ្នាំ ១៨៩៥ ។ 

No comments:

Post a Comment