Friday, June 23, 2017



ជីវប្រវត្តិកវី ម៉ឺន ម៉ៃ
 
អ្នកនិពន្ធរូបនេះពុំបានបន្សល់ទុកនូវជីវប្រវត្តិរបស់លោកឡើយ ដោយយើងអាចស្គាល់ពីរូបលោក តាមរយៈនាមបញ្ញត្តិរបស់លោកតែប៉ុណ្ណោះ។ លោកបានតាក់តែងស្នាដៃចំនួន២ក្រោមចំណងជើងថា "ច្បាប់​​​​ប្រុស" និង "ច្បាប់ស្រី" ដែលជាប្រភេទច្បាប់អប់រំទូន្មានចរិយាសាស្ត្រដ៏សំខាន់មួយ។ តាមការសិក្សា​ស្រាវ​ជ្រាវកន្លងមក បានបង្ហាញថាច្បាប់ទាំងពីរនេះទំនងជាត្រូវបានតាក់តែងឡើងនៅសតវត្សទី១៩ ក្នុង​ឆ្នាំ​ណា​នោះ គឺយើងពុំអាចដឹងបានទេ ដ្បិតតែខ្លឹមសារក្នុងស្នាដៃទាំងពីរនេះមានលក្ខណៈប្រហាក់​ប្រហែ​ល​​នឹង​ស្នាដៃទូន្មានដទៃទៀតដែលកើតនៅរវាងសតវត្សនេះដែរ ដូចយ៉ាងស្នាដៃច្បាប់ស្រីនិពន្ធ​ដោយ​​ព្រះ​បាទអង្គដួងជាដើម។ 

          ​យើងសោកស្ដាយណាស់ដោយពុំអាចដឹងអំពីថ្ងៃ ខែ ឆ្នាំកំណើត ទីកន្លែងកំណើត ក៏ដូចជាប្រវត្តិ​ជីវភាពរស់នៅរបស់លោកបាន ដោយដឹងត្រឹមយ៉ាងខ្លីថាលោកបានរស់នៅក្នុងសតវត្សទី១៩ (?) ដោយ​ទំនងជាបានឆ្លងកាត់រជ្ជកាលព្រះមហាក្សត្រគ្រងរាជ្យជាច្រើនអង្គ ព្រមទាំងព្រឹត្តិការណ៍សង្គមនានា ជា​ច្រើន​ដែលបានកើតមានឡើងនៅក្នុងជំនាន់ដែលលោកបានរស់នៅ។ លោកបានបួសរៀននៅក្នុងសំណា​ក់​​​​ព្រះពុទ្ធសាសនា នៅវត្តអារាមនាស្រុកភូមិរបស់លោក ដោយសិក្សារៀនសូត្រអក្សរ លេខនព្វន្ត រៀនបាលី រៀនអានសាស្ត្រាជាដើម រហូតទាល់តែមានចំណេះដឹងជ្រៅជ្រះខាងភាសាបាលី អក្សរសាស្ត្រ​ជាតិជា​ដើម។ ក្រោយមកលោកក៏បានលាចាកសិក្ខាបទ ប្ដូរភេទជាគ្រហស្ថវិញ ហើយក៏បានបង្កើតគ្រួសារ​មួយ និងទំនងជាបានចូលខ្លួនបម្រើរាជការថែមទៀតផង៕

ស្នាដៃ ៖
          កវី ម៉ឺន ម៉ៃ បានបន្សល់ទុកស្នាដៃនិពន្ធចំនួនពីរស្ដីពីការអប់រំទូន្មានចរិយាសាស្ត្រកុលបុត្រខ្មែរគឺ៖
          ១.ច្បាប់ស្រី
          ២.ច្បាប់ប្រុស ។ 



រៀបរៀងដោយ
 សេង សុវណ្ណដារ៉ា
   និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អក្សរសាស្ត្រខ្មែរ
   ជំនាន់ទី១ នៃស.ភ.ភ.ព

Monday, June 19, 2017

តើនរណាជាអ្នកនិពន្ធដើមបង្អស់នៃរឿងមហាវេស្សន្តរ?

 
 

រឿងមហាវេស្សន្តរជាតក គឺជាជាតកចុងក្រោយបង្អស់នៃរឿងទសជាតក ដែលមានដំណើររឿងវែងជាងគេ ហើយដែលកន្លងមកយើងប្រទះជួបអត្ថបទនៃអក្សរសិល្ប៍មួយនេះក្នុងទម្រង់ច្រើនបែបច្រើនយ៉ាងណាស់ ដោយអត្ថបទខ្លះសរសេរឡើងជាកំណាព្យ ខ្លះទៀតជាសម្រាយ និងខ្លះទៀតជាអត្ថបទកម្រងកែវជាដើម។

សូមរំលឹកថារឿងមហាវេស្សន្តរជាតកនេះ ត្រូវបានបកប្រែពីភាសាមគធៈមកជាខេមរភាសាក្នុងរជ្ជកាលព្រះបាទអង្គដួង ពីព្រោះក្នុងសម័យនោះ គេប្រទះឃើញមានអ្នកប្រាជ្ញជាច្រើនរបស់ខ្មែរខាងពុទ្ធសាសនា បានចេះចាំស្ទាត់នូវមគធភាសា ដូចយ៉ាងឧកញ៉ាព្រះឃ្លាំង នង, ឧកញ៉ាកោសាធិបតី កៅ, ព្រះអង្គដួង ជាដើម។

រឿងមហាវេស្សន្តរ​ជារឿងមានលក្ខណៈជិតស្និទ្ធជាងគេទៅនឹងព្រះពុទ្ធសាសនា ហើយរឿងនេះមានតម្លៃ និងមានការស្រឡាញ់រាប់អានសឹងស្មើនឹងរាមកេរ្ដិ៍ពីសំណាក់បណ្ដាជនខ្មែរផងដែរ។ បណ្ដាប្រទេសដែលគោរពប្រណិបតន៍ពុទ្ធសាសនា បានបង្កើតនូវពិធីបុណ្យដ៏សំខាន់មួយហៅថា «បុណ្យទេសន៍មហាជាតិ» ដើម្បីលើកមកសម្ដែងទេសន៍បរិយាយនូវវិរភាពដ៏ខ្ពង់ខ្ពស់របស់ព្រះវេស្សន្តរព្រះពោធិសត្វ។

តាមការសិក្សាស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ ញ៉ុក ថែម លោកបានបញ្ជាក់ថា រឿងមហាវេស្សន្តរនេះ ប្រហែលជានិពន្ធឡើងដោយព្រះពុទ្ធឃោសាចារ្យ ពោលគឺព្រះអង្គជាអ្នកនិពន្ធដើមបង្អស់នៃរឿងមហាវេស្សន្តរនេះឯង។

សេចក្ដីបញ្ជាក់បែបនេះ គឺជាការសមហេតុផលខ្លះដែរ ពីព្រោះតាមសៀវភៅ Inde classique គេបានលើកបង្ហាញនូវជីវប្រវត្តិរបស់ព្រះអង្គថា ព្រះពុទ្ធឃោសៈ (Buddhaghosa) មានកំណើតនៅដែនមគធរដ្ឋ (Magadha) ក្បែរកន្លែងព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់។ ព្រះអង្គមានកំណើតពីត្រកូលព្រាហ្មណ៍។ ព្រះអង្គបានបួសក្នុងសំណាក់ព្រហ្មញ្ញសាសនា ព្រមទាំងបានសិក្សារៀនសូត្រចេះចប់គម្ពីរត្រៃវេទថែមទៀតផង។ រួចក្រោយមកទៀត ព្រះអង្គក៏បានចូលបួសក្នុងសំណាក់ព្រះពុទ្ធសាសនា ដោយទ្រង់បាននិមន្តទៅគង់នៅនគរលង្កាក្នុងរជ្ជកាលព្រះបាទ «មហានាម» (Mohànàma) នៅសតវត្សទី៥នៃគ.ស.។

ព្រះពុទ្ធឃោសៈ គឺជាវិញ្ញូជនដ៏ខ្ពង់ខ្ពស់មួយព្រះអង្គក្នុងព្រះពុទ្ធសាសនា ទ្រង់មានចំណេះដឹងជ្រាលជ្រៅណាស់ សឹងរកថ្លែងពុំត្រូវនូវមហាចំណេះដឹងដែលព្រះអង្គទ្រង់ចេះដឹង។ ព្រះអង្គបាននិពន្ធ រៀបរៀងស្នាដៃជាច្រើនជាភាសាបាលីមានដូចជា : វិន័យ, ទីឃនិកាយ, បាដិមោក្ខ, ជាតកនានា (ក្នុងនោះមានរឿងមហាវេស្សន្តរជាតកផងដែរ), ធម្មបទ, វិសុទ្ធិមគ្គ ជាដើម។

ខ្ញុំធ្វើសេចក្ដីសិក្សាដោយសង្ខេបតែប៉ុណ្ណេះ ដើម្បីផ្ដល់ជាចំណេះដឹងបន្ថែមទៀតពាក់ព័ន្ធនឹងការសិក្សារឿងមហាវេស្សន្តរជាតកនេះ។ នាឱកាសក្រោយៗទៀត ខ្ញុំបាទនឹងលើករឿងនេះមកសិក្សាឱ្យបានពិស្ដារ ប្រយោជន៍បានជាទុនឯកសារផង និងបានជាចំណេះចេះដឹងចែកជូនលោកអ្នកទាំងអស់គ្នាបានសិក្សាឈ្វេងយល់ផងដែរ។

សេចក្ដីឆ្គាំងឆ្គងត្រង់ចំណុចណាមួយដែលកើតមានដោយអចេតនាលើអត្ថបទដ៏តូចមួយនេះ ខ្ញុំបាទក៏សូមអធ្យាស្រ័យទុកជាមុន៕

Saturday, June 17, 2017



(តចប់)
ចំណោទកឹងកន្ត្រៃ
បទព្រហ្ម[1]
          ៙សាស័ព្ទច្បាប់ព្រេងព្រឹទ្ធ                            ដោយសុចរិតរីនាមា
ចៅក្រមរាជសុភា                                    ជាទំនឹមទំនៀមនៃ។
ប្រាជ្ញប្រែពាក្យពេចន៍                               តាមសាច់គ្រេចមានសេចក្ដី
ឈ្មោះរាជបណ្ឌិតនៃ                                វៃវាងវាសឈ្លាសអស្ចារ្យ។
ទុកតឱ្យអស់ជន                                      ស្ដាប់យកបុណ្យគ្រប់អាត្មា
ឱ្យគិតពិចារណា                                      តាមតម្រាច្បាប់ប្រពៃ។
កើតមកទោះស្រីប្រុស                              រៀនធ្លាយធ្លុះក្នុងលោកិយ
ប្រាជ្ញាគិតឱ្យវៃ                                        ឱ្យវែងឆ្ងាយក្នុងចិន្ដា។
         ប្រែប្រុងក្នុងឥន្ទ្រីយ៍                                  គួរគប្បីឱ្យឧស្សាហ៍
រិះរករៀនមាត្រា                                      ច្បាប់ទម្លាប់គ្រប់គម្ពីរ។
សាសនានារែងរៀវរោយ                           កុំបណ្ដោយឱ្យអប្រិយ
ឱ្យប្រែប្រុងស្មារតី                                     តាមលោកិយមនុស្សសព្វថ្ងៃ។
អនាគតតទៅ                                         អស់កូនចៅចាំទីទៃ
គួរគិតឱ្យវែងវៃ                                        ឈ្លាសក្នុងប្រាណទើបបានសុខ។
រៀនរិះសារពើក្ដី                                       តាមគម្ពីរព្រះទេសទុក
កុំឱ្យខ្ជឹលទ្រមុក                                       កើតអាក្រក់អប្រីយ៍ប្រាណ។
បើអ្នកណាត្រងត្រាប់                               តាមសន្ដាប់ច្បាប់បុរាណ       
មិនក្របរិបូណ៌បាន                                  សុខក្សេមក្សាន្តប្រសើរក្រៃ។
          ថ្កើងកេរ្ដិ៍ថ្កើងពូជពង្ស                               ថ្កើងអស់អង្គរុងរឿងក្រៃ
ចូរចាំចិត្តសព្វថ្ងៃ                                      វៃប្រែប្រុងក្នុងចិន្ដា។
លោកឱ្យត្រាប់ពុតកង់                              វិលត្រូវអង្គគ្រប់អាត្មា
ឱ្យមានចិត្តជ្រះថ្លា                                    ត្រជាក់ជានឹងសន្ដាន។
កុំឱ្យត្រាប់ពុតខ្លា                                      ឃើញមាំង្សាសឹងតែឃ្លាន
ប្រាថ្នាចង់តែបាន                                    ដូចមនុស្សលោភក្រៅតម្រា។
មួយកុំត្រាប់ពុតជ្រៃ                                  ពឹងប្រស្រ័យនៃព្រឹក្សា
រួតរឹតជិតលុះត្រា                                     តែដើមឈើនោះដល់មរណ៍។
ប្រើធ្វើដូចកុកស័ព្ទ                                   កុំបីត្រាប់ពុតកុកស
ប្រើត្រាប់ឫស្សីល្អ                                    កុំបីត្រាប់កន្ទ្រាយស្នាយ។
​          ប្រើត្រាប់ពុតក្ងោក                                   កុំត្រាប់យកពុតទន្សាយ
ប្រើត្រាប់អ្នកប្រាជ្ញប្រាយ                          កុំត្រាប់មនុស្សខ្លៅសាមាន្យ។
អំពើពុតកុកស័ព្ទ                                      ប្រសើរគាប់លបលាក់ប្រាណ
កុំអួតអាងឯងមាន                                   មន្តអាគមន៍ចេះកល់កិច្ច។
កុកសសម្បុរថ្លា                                       ទោះយាត្រាត្រាច់ហើរហិច
ពុំផ្លែកបែកកល់កិច្ច                                  កល់នោះម្ដេចដូចមនុស្សខ្លៅ។
អួតអាងអង្គអាត្មា                                    ភូតភរថាដោយសៅដៅ
ទុកចិត្តជឿមនុស្សក្រៅ                             ទ្រព្យផងនៅពុំកំបាំង។
មួយសោតឯឫស្សី                                   ល្អឥតបីរៀងរាល់ថ្នាំង
តាមចិត្តគិតសម្រាំង                                 សម្រួលទៅត្រូវគ្រប់ការ។
         ឯពុតស្នាយកន្ទ្រាញ                                 សោតសឹងសាញដូចបន្លា
កម្រមានអ្នកណា                                    នឹងប្រាថ្នាធ្វើការអ្វី។
ក្ងោកលោករាប់អាន                                 ថាបើបានយកមកខ្មី
កន្ទុយល្អពិសី                                         មានរស្មីខៀវសលឿង។
អ្នកផងរែងចូលចិត្ត                                  បានមកគិតទុកជាគ្រឿង
តាក់តែងរែងរុងរឿង                                 ធ្វើដំកើងយសក្ដា។
ទន្សាយពុតពួននៅ                                  កោរកាត់ស្រូវស្រែចម្ការ
គេឃើញខឹងណាស់ណា                          នាំគ្នាដេញបង្កាត់បាន។
ហេតុនោះលោកប្រដៅ                             កុំបីទៅចូរផ្សំប្រាណ
នឹងអ្នកខ្លៅសាមាន្យ                                 នាំអសោចិ៍កេរ្ដិ៍ថាកាច។
          ប្រើធ្វើក្រឯស្នប់                                       កុំបីត្រាប់ក្រឯស្នាច
ប្រើត្រាប់លោកអ្នកប្រាជ្ញ                           ឯមនុស្សកាចចៀសចេញខ្មី។
នៅស្រុកឱ្យថែទាំ                                    ប្រើឱ្យដាំដើមឫស្សី
ធ្វើស្រែនឹងក្របី                                       ប្រើមេត្រីយកកូនវា។
ប្រុងចិត្តកុំបីធ្លោយ                                   ទុក្ខទ្រូឱ្យស្រះបន្លា
អារសាច់សោតជូនខ្លា                               នោះទើបជានៅស្រុកបាន។
ប្រយោជន៍យកទីសុខ                              ញាតិក្នុងស្រុកឱ្យរាប់អាន
ចំណីភ័ស្ដុអ្វីបាន                                      ចែកសន្ដានឆីគ្រប់គ្នា។
ពឹងពាក់កុំកន្ទ្រើង                                    កុំឆ្មៃឆ្មើងកាចនិន្ទា
កុំអាងមានទ្រព្យា                                    អួតអាត្មាថាជាធំ។
          មានបុណ្យមានស័ក្ដិយស                         ថ្កើងខ្ពង់ខ្ពស់សមរំទំ
កោកៗកុំអាងភ្នំ                                       តុកកែកុំអាងរន្ធជា។
ហ៊ីងកំប៉ោងកុំអាលអើត                            គិងគក់ចំទើតកុំអាលថា
គេដើរកុំថាជាគ្នា                                      ក្រែងគេជាសត្រូវផង។
ខ្លាឈ្មោលដើររកឆី                                  ឯខ្លាញីដើរធេងធោង
ខ្លាឃ្មុំពពាលខ្នង                                      ដើរកែងកោងកន្ទុយទុក។
រមាសមានកុយកុំ                                    អាងស៊ុំទុំពឹងព្រៃស្ដុក
ដំរីសារមានភ្លុក                                       កុំតត្រុកអាងរនាម។
ខ្លាចក្រែងមានព្រានព្រៃ                            វារំពៃគយគន់តាម
បោះបាញ់មិញមុតឈាម                          ស្នាមជាំដាំក្រំខ្លួនទេ។
          កុំអាងមានពូជពង្ស                                  កុំអាងអង្គឯងពូកែ
ក្និចក្នក់មកពីស្រែ                                    ក្រែងវាគាប់នឹងចៅទៃ។
សូវបោះកុំឱ្យបាញ់                                   បើស្រឡាញ់កុំឱ្យខ្ចី
ឃ្លានណាស់កុំអាលឆី                              ឃើញតែស្រីកុំអាលស្នេហ៍។
គេជេកុំអាលខឹង                                      ឱ្យរំពឹងគិតឱ្យថែ
គេប្រាប់កុំអាលប្រែ                                  ឃើញទ្រព្យគេកុំអាលអរ។
រំពឹងគិតវែងខ្លី                                         ដោយសេចក្ដីណាកម្រ
ធ្វើចិត្តឱ្យធន់ធ                                        កុំអាលអរស្រាយសេចក្ដី។
សូវដើរជាងនឹងរត់                                   សូវប្រឹងអត់ជាងនឹងឆី
ស្ងៀមជាងនឹងសំដី                                  សូវអង្គុយជាងនឹងដេក។
         សូវលោមជាងនីងខំ                                 សូវសម្ងំជាងនឹងស្រែ
អម្បុកជាងនឹងចេក                                  សូវក្រឡេកឃើញនឹងភ្នែក។
រើសមុខសឹងឱ្យស្លា                                  មើលថាស្មាសិមឱ្យរែក
ជាក់ច្បាស់សិមជជែក                              ឃើញនឹងភ្នែកសិមឱ្យថា។
កុំយល់តែស្រមោល                                 អាលនឹងពោលក្រៅតម្រា
តម្រង់ចិត្តឱ្យថ្លា                                       កុំបីធ្លោយដោយចិត្តខ្លាំង។
អន្ទង់ប្រុងឱនភក់                                    រីឯកុកឱនត្រពាំង
ខ្លាសោតឱនរមាំង                                   ពស់វែកសោតឱនកង្កែប។
ទឹកបឹងសឹងមានត្រឹម                               ត្រីផងថប់រកបង្ហែប
អាវុធកាំបិតឆែប                                      ឯបឱនជាងច្រុងជាថ្មី។
          អ្នកខ្សត់អត់ធនធាន                                 ឱនអ្នកមានធ្វើមេត្រី
ប្រុសប្រាណចង់បានស្រី                          ថ្នមសំដីមិនឱ្យព្រួយ។
បាយស្រូបជាភ័ព្វឆ្មារ                               ប្រពន្ធមាជាភ័ព្វក្មួយ
ដំរីស្លាប់ជាភ័ព្វគួយ                                  ប្រពន្ធក្មួយជាភ័ព្វមា។
គេខុសកុំអាលអរ                                    យល់គេក្រកុំអាលថា
បុណ្យតូចកុំអាលពារ                               ឥតទ្រព្យាកុំនាំក្ដី។
កុំលេងនឹងក្មេងពេក                                 កុំជជែកឈ្លោះនឹងស្រី
កុំអួតឯងចេះក្ដី                                        មនុស្សលោកិយកុំមាក់ងាយ។
យល់តូចកុំអាលខំ                                   ទោះយល់ធំកុំអាលទាយ
កុំទុកចិត្តថាងាយ                                    ល្អស្មោះត្រង់ល្ងង់រហូត។
         ស្រម៉មិនដែលទុំ                                      រីក្រមុំមិនដែលស្ងួត
ពពែមិនដែលងូត                                    ទឹកចង្កូតមិនដែលនឹង។
ឯខ្មែរមិនដែលសុទ្ធ                                  រីព្រះពុទ្ធមិនដែលខឹង
ត្រាវសោតមិនដែលរឹង                             ធម្មតាស្ទឹងមិនដែលត្រង់។
ស្រីពិតមិនដែលស្រែក                             ប្រទះភ្នែកមិនដែលរង់
រំពារមិនដែលបង់                                    គាប់ចំណង់មិនដែលក្រៀម។
កំពង់មិនដែលស្ងាត់                                 ធម្មតាមាត់មិនដែលស្ងៀម
ជាតិស្វាមិនបង់បៀម                                សោតឯសៀមមិនបង់ក្បួន។
អ្នកខ្លាចមិនដែលពាន                              អ្នកទាហានមិនដែលពួន
អ្នកប្រាជ្ញមិនបង់ក្បួន                               ធម្មតាយួនមិនចោលពុត។
          ក្នុងព្រៃមានបន្លា                                      កុំអាលពារក្រែងជួនមុត
ធ្វើហួសពីកំណត់                                    ក្រែងជួនគ្រោះកាចអប្រិយ។
បង់ទ្រព្យបង់ស័ក្ដិយស                             កើតទោសខុសអាប់សេរី
ហេតុនោះឱ្យឃ្មាតខ្មី                                គិតរំពឹងឱ្យវែងឆ្ងាយ។
កុំធ្លោយដោយគាប់ចិត្ត                             តាមគំនិតស្រាលស្រែស្រាយ
ឱ្យផុងលង់ដល់កាយ                               កើតអន្តរាយដោយក្ដីជួរ។
រីអ្នកមានបុណ្យភ័ព្វ                                  រស់រែងគាប់ស្លាប់រែងគួរ
ធ្វើស្រែមិនបាច់ភ្ជួរ                                   ថែតែមួរស្រូវសល់ខ្នាត។
រកទ្រព្យរបស់បាន                                   មិនព្រួយប្រាណខំសង្វាត
ភរិយាល្អស្អាងស្អាត                                 មានមារយាទចេះតាក់តែង។
៦០‑     ទ្រព្យបង់មិនដែលបាត់                             មានដំកាត់សឹងសះឯង
មានស្មារតីគិតឈ្វេង                                ពុំវង្វេងភ្លេចអាត្មា។
ធ្វើតិចៗបានច្រើន                                   សឹងក្រវ៉ើនគួរដល់ការ
ដូចពាក្យមួយសោតថា                             មានប្រាជ្ញាឱ្យដោះស្រាយ។
ធ្វើស្នាមួយនោះតូច                                  បាញ់ត្រូវក្រូចត្រូវទន្សាយ
បាញ់ជ្រូកពាពាំខ្នាយ                               បោលជ្រុះកាំក្នុងត្រពាំង។
ចុះទៅរាវរកកាំ                                        ក្នុងសំរាមអស់កម្លាំង
ជំពប់ជើងដួលម៉ាំង                                  ឃើញមាសមិញពេញពាងចែស។
ទុកដាក់លាក់ស្លេះនៅ                              រត់ឡើងទៅរករទេះ
ជាន់ច្រាំងមិញរបេះ                                 របើកឃើញឯគែមគង។
អរណាស់គាស់កកាយ                             មើលនាយអាយរកវ័ល្លិចង
ឃើញឯស្វាយពងត្រង                             ពុំសែនផងសឹងទុំៗ។
ដើរជ្រួសហួសពីផ្លូវ                                  ដើរដល់ទៅព្រៃដង្គំ
ឃើញឯអាចម៍ខ្លាឃ្មុំ                                 គរជាភ្នំពាសពេញវាល។
អ្នកមានភ័ព្វផល់ព្រេង                              ប្រាជ្ញាឈ្វេងគិតធ្ងន់ស្រាល
ឥតមានក្ដីរង្គាល                                      រីអ្នកពាលជួរចិត្តបាប។
យកត្រូវទៅថាខុស                                  យកឯខ្ពស់ទៅថាទាប
ពពូលផ្គូរជាព្រាប                                    មិនសុភាពដោយធម៌ថា។
ឃើញថ្លាន់ថាជាពស់                               ឃើញត្រីរ៉ស់ថាជាស្ការ
ហេតុខ្លៅឥតប្រាជ្ញា                                  គាស់ប្រទាលថារមៀត។
ម្ដេចឡើយចិត្តសើវ៉ើ                                 យកត្រីឆ្អើរធ្វើជាងៀត
យកឯអ្នកកន្ទៀត                                    មកជាញាតិទុកចិត្តវឹង។
ឃើញស្ករឃើញទឹកឃ្មុំ                             ស៊ុំគ្រលុំឆីឆ្អែតតឹង
ចោលសាច់ស្រវាឆ្អឹង                                ទំពាររឹងរាវរកសាច់។
ស្រវាលូកទៅផុត                                    ភ្នែកស្លក់ស្លុតញ័រតត្រាច់
នឹងកាត់ៗមិនដាច់                                   បានឯសាច់ភ្លេចឯឆ្អឹង។
ចាក់អង្ករយកអង្កាម                                 បង់ឯព្រាមប្រាជ្ញមិនដឹង
យកឯពាលពុតរឹង                                   មកផ្ទឹមនឹងអ្នកប្រាជ្ញប្រាយ។
គួរគិតគួររំពឹង                                         គួរជញ្ជឹងឱ្យវែងឆ្ងាយ
ចំណេរទៅនឹងក្លាយ                                 ព្រោះមើលងាយចោលសណ្ដាប់។
ច្រើនលោមច្រើនប្រលោម                        ឯផ្ទៃក្រោមនឹងក្រឡាប់
ព្រោះតែប្រាសចោលច្បាប់                       យកសណ្ដាប់ធ្វើប្លែកៗ។
អស្ចារ្យមួយធំប៉ោ                                     កង្កែបលោខាំពស់វែក
អស្ចារ្យមួយចំឡែក                                  មៀមដេញក្អែកៗរត់ឆ្ងាយ។
អស្ចារ្យមួយថែថួន                                   ម្ដេចឡើយកូនកើតមុនម្ដាយ
អស្ចារ្យមួយទូលាយ                                 ម្ដេចទន្សាយដេញខាំឆ្កែ។
កណ្ដុរលោតក្លៀវក្លា                                 ដេញខាំឆ្មាប្រាសប្រាណប្រែ
ពងមាន់ក្នុងរានទេ                                   ម្ដេចមកប្រែពាំក្អែកវិញ។
ឆ្កែស្អុយអូសទៅចោល                             ម្ដេចឡើយបោលខាំត្មាតវិញ
អូសដាក់កណ្ដាលត្រាញ                          យកទៅទុកបរិភោគក្ដា។
អស្ចារ្យមួយម្ដេចធ្វើ                                  ស្រែនៅលើចុងរកា
ម្ដេចបង់សំណាញ់ប្រា                              ទៅបំពាគុម្ពឫស្សី។
ពាក្យពីបុរាណចោទ                                 ជាចំណោទក្នុងបាលី
អ្នកណាមានស្មារតី                                  គួរឱ្យរិះរកដោះស្រាយ។
កង្កែបគឺរាស្ត្រផង                                    គិតបំណងប៉ងមើលងាយ
មន្ត្រីត្រូវទំនាយ                                       កុំប្រហែសអាងឯងធំ។
មៀមមិញដូចរាស្ត្រខ្លៅ                             ស្រុកស្រែក្រៅនៅផ្សេងៗ
អ្នកក្នុងនឹងចេញក្លែង                               ប៉ោងប៉ុនហ៊ីងធ្វើក្រៅខ្នាត។
ថ្កៀបត្បុតដុតរោលអាល                          កើតបណ្ដាលចិត្តជាអាទិ៍
នឹងបែកបង់មារយាទ                               ភ្នែកសព្រាតភ័យអស់ប្រាណ។
ឯកូនកើតមុនម្ដាយ                                  ដូចកល់នាយកេណ្ឌពលបាន
សំនួនថួនទើបមាន                                  មេរក្សាជាកំណាន់។
ទន្សាយដេញឆ្កែខ្មី                                   ដូចមានក្ដីពាក្យផុងភាន់
ចៅក្រមខំប្រកាន់                                    ធ្វើទោសទណ្ឌតាមសេចក្ដី។
សង្កត់សង្កិនលក់                                    មិនគិតមុខក្រោយក្រក្រី
គេសើរើសេចក្ដី                                       កើតមានភ័យដល់អាត្មា។
កណ្ដុរសោតឈឺចិត្ត                                 ប្រាសខ្លួនខឹងគិតខាំឆ្មា
ដូចមនុស្សចិត្តមិច្ឆា‑                                 ទិដ្ឋិទ្រើសទ្រុសអប្រិយ។
មានខ្ញុំពុំករុណា                                       ជេរវាយវាឥតប្រណី
ធាក់ថងឆ្លងសេចក្ដី                                  តែមិនទាន់បង់ទ្រព្យបាន។
ពងមាន់ពាំក្អែកខ្មី                                    ដូចកូនស្រីនៅក្នុងថាន
ចិត្តចើកចោរសាមាន្យ                              ហ៊ានចេញក្បត់ម្ដាយឪពុក។
មិនការកេរ្ដិ៍មារយាទ                                 មិនសំអាតឱ្យបាក់មុខ
មេបាខឹងជាទុក្ខ                                       ខ្មាសអ្នកស្រុកស្ទើរស្លាប់ខ្លួន។
ឆ្កែស្អុយពាំត្មាតវិញ                                  ក្ដីនេះមិញគិតថែថួន
ភ្នាក់ងារចេញជួបជួន                               មុខងារខ្លួនចង់ស៊ីប្រាក់។
ប្រកាន់តាមទោសមាន                             ធ្វើបំពានពុំជាក់លាក់
កំហែងរែងរឹតដាក់                                   ពុំពីគ្រោះដោយសុចរិត។
លក់ព្នៃមិនសន្ដោស                                 ឯអ្នកទោសរឹងខឹងចិត្ត
ចូលប្ដឹងពឹងទូលពិត                                 ដ្បិតភ្នាក់ងារធ្វើក្រៅខ្នាត។
ទ្រព្យបានសោតសឹងបង់                           ប្រាក់ក្នុងថង់សោតសឹងខាត
សឹងខូចកេរ្ដិ៍មារយាទ                               ព្រោះចិត្តលោភក្រៅតម្រា។
ហៃអស់ជនទាំងឡាយ                             កុំពាយងាយខំឧស្សាហ៍
រិះរករៀនមាត្រា                                      ច្បាប់ទំនៀមទំនាយព្រេង។
ប្រុងចិត្តប្រុងចិន្ដា                                    កុំមុសាឱ្យវង្វេង
យកតែនឹងចិត្តឯង                                   មិនគិតក្រែងគ្រូបាធ្យាយ។
មិនយកតាមសណ្ដាប់                              មិនត្រាប់ច្បាប់លោកពីនាយ
គួរចេះរិះដោះស្រាយ                               ពាក្យទំនៀមទំនាយនោះ។
យកទុកក្នុងចិន្ដា                                      ពិចារណាឱ្យចំពោះ
រំពឹងឱ្យសាយសុស                                  សព្វសេចក្ដីកុំបីធ្លោយ។
កុំយកតាមចិត្តឯង                                   មិនគិតក្រែងក្រក្រីក្រោយ
ចិត្តខឹងកុំបណ្ដោយ                                  បណ្ដែតឱ្យកើតទោសា។
កុំលោភកុំចង់បាន                                   ធ្វើបំពានក្រៅតម្រា
កុំអាងមានប្រាជ្ញា                                    ថាគេល្ងង់ចេះមិនស្មើ។
ឃើញក្មេងកុំមាក់ងាយ                             ឃើញអ្នកឆ្ងាយកុំសរសើរ
មានភ្នែកឱ្យចេះមើល                               កុំងងើលទុកចិត្តគេ។
នឹងឈានទៅឱ្យទប់                                 ទោះនឹងឈប់ឱ្យគិតគ្នេរ
ខឹងឆួលកុំអាលជេរ                                  មើលទៅគេកុំមាក់ងាយ។
ក្ដីខុសកុំអាលខំ                                       ក្ដីសុខុមកុំចែងចាយ
រំពឹងឱ្យវែងឆ្ងាយ                                      នោះទើបហៅអ្នកប្រាជ្ញា។
កុំធ្វើទៅបំពាន                                        លោភចង់បានក្រៅតម្រា
កុំហែងធ្វើដោយសារ                                បុណ្យអំណាចអាងធ្វើបាន។
មិនគិតត្រង់បាបបុណ្យ                             ទោសទុក្ខធ្ងន់ដួចដល់ប្រាណ
ចំណេរទៅនឹងមាន                                  ទោសទុក្ខភ័យពុំឃ្លាតឃ្លា។
បរលោកសោតសឹងទៅ                            នរកនៅរងវេរា         
ច្រើនជាតិច្រើនជាន់ជា                             ប្រេតអាសុរសត្វតិរច្ឆាន។
បង្កើតតែទោសទុក្ខ                                  ពុំមានសុខស្រាកស្រាលស្រាន
ហេតុចិត្តលោកចង់បាន                            ធ្វើបំពានពុំមេត្តា។
អស់រាស្ត្រទាស់ក្រីក្រ                               ខ្លៅល្ងង់គរអាប់ប្រាជ្ញា
ចេះតែយកទោសា                                   ពុំករុណាត្រាប្រាណី។
បាបនោះនឹងមកផ្ដន់                                ទារទាន់ហន់ក្នុងលោកិយ
នេះនឹងកើតអប្រិយ                                 យូរឆាប់ក្ដីពុំដែលរួច។
ដូចចោរចិត្តលោភលន់                             ឃើញទ្រព្យធន់គេហើយលួច
មកលាក់ស្មានថារួច                                 លុះគំនួចកំណត់ដល់។
ឃ្នាងដាក់ច្រវាក់ដឹក                                 ស្នាមរំពាត់វាត់រចល់
ខ្នងសោតឈាមគ្មានសល់                        ព្រោះចិត្តលោភអាងប្រាជ្ញា។
អាងកាចអាងគិតកែ                                 ចេះវេះវេភូតមុសា
វាតវាងអាងប្រាជ្ញា                                   រួចឯណានឹងទ្រព្យគេ។
ហេតុនោះឱ្យជញ្ជឹង                                 ឱ្យរំពឹងគិតឱ្យថែ
លោកិយនេះនឹងប្រែ                                ក្រឡាប់លើធ្វើជាក្រោម។
បង្កើតហេតុវិបរិត្ត                                    មនុស្សផងគិតកាចប្រលោម
ប្រឡូសទាំងរូបឆោម                               ព្រោះផ្ទៃក្រោមលោភពុំទៀង។
ច្រើនចេះច្រើនចោលច្បាប់                       ចោលសណ្ដាប់បុរាណល្អៀង
ស្រដីក្ដីបញ្ឈៀង                                      ពុំឱ្យទៀងតាមមាត្រា។
ដូច្នោះអស់កូនចៅ                                   ចាំតទៅគ្រប់អាត្មា
ឱ្យផ្ចង់ប្រុងកាយា                                    តាមមាត្រាច្បាប់ប្រដៅ។
កុំធ្វើតាមចិត្តពាល                                   កុំស្រើបស្រាលដោយមនុស្សខ្លៅ
គេប្រាប់កុំអាលទៅ                                  ឮគេហៅកុំអាលអរ។
ខឹងណាស់ឱ្យខំអត់                                  បើខ្លួនខ្សត់ឱ្យខំរក៍
គេឱ្យកុំអាលយក៍                                    ទ្រព្យបានមក៍ឱ្យទុកដាក់។
ថែទាំទើបគង់ទ្រព្យ                                  មានប្រដាប់ទើបថ្កើងស័ក្ដិ
ព្រេងជូនទើបបានប្រាក់                            មានបុណ្យស័ក្ដិព្រោះឧស្សាហ៍។
បាត់យសព្រោះដ្បិតខ្ជិល                          បាត់ញាណសីលព្រោះសេពស្រា
ខឹងច្រើនបាត់ប្រាជ្ញា                                 មនុស្សមោហោច្រើនពាក្យភូត។
ធ្វើស្រែចុងរកា                                        ឱ្យឧស្សាហ៍ខំរៀនសូត្រ
សង្វាតរៀនស្រូតរូត                                 តែចេះសូត្របានសឹងឆាន់។
កុំខ្ជិលត្រូវខំរៀន                                      ត្រង់របៀនឱ្យក្រណាន់
សរសេរទន្ទេញទាន់                                 ខ្លួននៅក្មេងប្រាជ្ញាមាន។
បើរៀនលេខអក្សរ                                   រៀនទាំងធម៌គ្រាន់ដោះទាន
រៀនច្បាប់ទម្លាប់ប្រាណ                            រៀនអត់ឱនលំទោនកាយ។
រៀនថែទាំសារពើ                                     ហើយរៀនធ្វើការទាំងឡាយ
ប្រមាណមើលក្រងាយ                             ធ្ងន់ស្រាលស្រាយខ្លឹមការងារ។
បង់សំណាញ់លើគុម្ព                               ឫស្សីធំធុញមហិមា
ត្រីផងច្រើនត្រៀបត្រា                              ជ្រកច្រើនក្រៃរាប់មិនអស់។
ដូចអ្នកណាមួយមាន                               ចិត្តចង់បានធ្វើអម្រស់
បម្រុងចង់ភោគភ័ស្ដុ                                 រិះគិតធ្វើស្រែចំការ។
ត្រង់ណាដែលមានស្មៅ                            ឈើព្រៃនៅដុះដាសដារ
កាប់គល់គាស់ដីឆ្ការ                                 សារពើដាំដំណាំផង។
ដោយសារជីជាតិនោះ                              ដាក់ដាំចុះល្អកន្លង
កបកើតផ្លែផ្កាផង                                    ពេញបរិបូណ៌បានទុកដាក់។
ពោះសោតបរិភោគឆ្អែត                           ដេកដំរេតផ្អែកមើលប្រាក់
ព្រួយប្រាណបានត្រជាក់                          រៀបទុកដាក់ឥតដំណឹង។
ចង់ឆ្ងាញ់រកអន្លក់                                    ចង់ស្រណុកឱ្យខំប្រឹង
ឱ្យនឿយណាស់នោះនឹង                          បានបរិភោគឆ្ងាញ់ពិសារ។
តែខ្ជិលតែងនឹងឃ្លាន                               ចង់តែបានបរិភោគក្ដារ
គឺមោះមិនធ្វើការ                                     ចាប់សាវាមិនជំពោះ។
ធ្វើនេះចាប់បានតិច                                 ចោលហើយគេចទៅធ្វើនោះ
មិនចាប់ចិត្តឱ្យស្មោះ                                ម្លោះបន្ទោសខ្លួនថាក្រ។
ព្រេងណានឹងមកជូន                               មានតែខ្លួនខំរិះរក៍
តិចច្រើនបានទុកត                                  គ្រាន់តែបរិភោគឆ្អែតបាន។
ធ្វើអ្វីឱ្យកើតពិត                                       គួរខឹងចិត្តនឹងសន្ដាន
គេតើដៃប៉ុន្មាន                                        ចេះរកបានគ្រាន់អាស្រ័យ
ឆីចុកទុកក្នុងផ្ទះ                                      យើងនេះខ្វេះនឹងមានភ័យ
ខំរកទាំងយប់ថ្ងៃ                                      គ្រាន់អាស្រ័យពុំរកគេ។
ខឹងចិត្តគិតខ្នះខ្នែង                                   ប្រឹងស្វះស្វែងខំរកឆី
កុំឈ្លោះឆ្លើយវាយជេរ                              ប្រពន្ធកូនកើតអាស្រូវ។
និយាយដាស់តឿនគ្នា                              ពាក្យឱ្យជាដឹងខុសត្រូវ
កុំហាឡើងក្រញូវ                                    ក្រញើតដាក់ពាក្យធ្ងន់ៗ។
បន្ដុះបន្ទោសជេរ                                     អាងតែគេជាប្រពន្ធ
ជាកូនហើយមិនគន់                                 មិនគិតចិត្តគេដល់តិច។
ខំរកឆីធ្វើការ                                           កុំឈ្លោះគ្នាជេរប្រទេស
ប្រទូស្ដខឹងក្នក់ក្និច                                   ប្រើឯលិចទៅឯកើត។
បំណាច់ម្ដាយបង្កើត                                 លោកប្រដៅពីនោះមក
………………………                               ………………………….។
មិនចាំទេឬអ្វី                                           ទាំងប្រុសស្រីមិនបានយក
ពាក្យពេជន៍ទុករិះរក                                រំពឹងពិចារណានឹក។
ឱ្យចាំជាក់ក្នុងប្រាណ                               គ្រាន់ទូន្មានខ្លួនយប់ព្រឹក
បើភ្លេចឱ្យរំលឹក                                       ពាក្យឪពុកម្ដាយប្រដៅ។
មិនតែឪពុកម្ដាយ                                    គ្រូបាធ្យាយក្រែងថាខ្លៅ
អ្នកប្រាជ្ញទៀតចេះជ្រៅ                            ចងជាច្បាប់ទុកតមក។
ប្រដៅយើងគ្រប់គ្នា                                  ឱ្យឧស្សាហ៍ខំរិះរក
រៀនច្បាប់ចាប់នាំយក                              ជាពន្លកពន្លឺខ្លួន។
បើអ្នកណាបានស្ដាប់                                ត្រេចត្រង់ត្រាប់ទុកជាក្បួន
អ្នកនោះនឹងនាំខ្លួន                                   ឱ្យបានសុខក្នុងលោកិយ។
ឥតទុកឥតទោសភ័យ                              ប្រសើរក្រៃទាំងប្រុសស្រី
ទោះទាំងបរលោកក្ដី                                សឹងបានសោយសុខសួគ៌ា៕៚

ចប់ប៉ុណ្ណេះ

លោក ស៊ីន‑ហ៊ាន
បានចម្លងពីសាស្ត្រាស្លឹករឹត

(ចាកទាំងស្រុងពីសៀវភៅ«កឹងកន្ត្រៃ» បោះផ្សាយដោយបណ្ណាគារ គីម គី, ១៩៥៥)

ចម្លងឡើងវិញដោយ ៖ សេង សុវណ្ណដារ៉ា


[1] បទព្រហ្មគតិ តែអ្នកនិពន្ធសរសេរកាត់។