Sunday, March 5, 2017

ឧកញ៉ាចក្រី កែវ
         
          កវី កែវ មានកំណើតនៅរវាងទស្សវត្សទី៨០ ឬ៩០នៃសតវត្សទី ១៨ ប្រសិនជាយើងសម្អាងលើកាលបរិច្ឆេទតែងនិពន្ធនៃរឿង “ដាវរឿង” ដែលនិពន្ធឡើងនៅព.ស.២៣៨០ ម.ស.១៧៥៩ (គ.ស.១៨៣៧) នេះ ។ កវី កែវ ទំនងជាបានរស់នៅក្នុងរជ្ជកាលព្រះនារាយណ៍រាជា អង្គអេង (១៧៧៩‑១៧៩៦), សម័យដឹកនាំដោយចៅហ្វាយ ប៉ុក (១៧៩៦‑១៨០៥), ព្រះឧទ័យរាជា អង្គចន្ទ (១៨០៦‑១៨៣៤) ក្សត្រីអង្គ ម៉ី (១៨៣៤‑១៨៤០) ដែលជារាជបុត្រីរបស់ព្រះឧទ័យ អង្គចន្ទ និងរជ្ជកាលព្រះបាទអង្គដួង (១៨៤០‑១៨៥៩) ផងដែរ ។ យោងតាមកាលបរិច្ឆេទនៃរឿង នាំឲ្យយើងសន្មត់បានថាលោកបានតែងរឿង “ដាវរឿង” នេះ នៅក្នុងរាជ្យក្សត្រីអង្គ ម៉ី នាគ.ស.១៨៣៧ ។

         យើងមានសេចក្ដីសោកស្ដាយណាស់ដោយពុំបានដឹងអំពីប្រវត្តិកំណើតរបស់លោកឲ្យបានប្រាកដច្បាស់លាស់ ដោយគ្រាន់តែបានស្គាល់នូវនាមរបស់លោក គោរម្យងារ និងសម័យកាលដែលលោកបានរស់នៅប៉ុណ្ណោះ ។ រីឯកាលបរិច្ឆេទកំណើត ទីកំណើត ស្រុកភូមិ នាមមាតាបិតា ព្រមទាំងជីវភាពគ្រួសាររបស់លោកជាដើម ហាក់បានកប់បាត់នៅក្នុងប្រវត្តិសាស្ត្របាត់សូន្យទៅហើយ ។ លោកបានបួសរៀនអក្សរ និងលេខនព្វន្ត រៀនបាលី រៀនអានសាស្ត្រាជាដើម នៅក្នុងសំណាក់ព្រះពុទ្ធសាសនានៅវត្តអារាមនាស្រុកភូមិកំណើតរបស់លោក ។ ក្រោយមកលោកក៏បានលាចាកសិក្ខាបទ មកជាគ្រហស្ថវិញ រួចក៏បានចូលខ្លួនទៅបម្រើរាជការ រហូតដល់ឡើងឋានៈដ៏ខ្ពង់ខ្ពស់ មានគោរម្យងារជា “ឧកញ៉ាចក្រី” ថែមទៀតផង ។ តំណែងនេះគឺជាតំណែងដ៏ធំមួយនៅក្នុងជួរមន្ត្រីរាជការនាជំនាន់នោះ ត្បិតជាមន្ត្រីធំមួយរូបក្នុងចំណោមមន្ត្រីធំៗទាំង ៤រូប ដែលគេហៅថា មន្ត្រីចតុស្ដម្ភ នេះឯង ។  



      ឧកញ៉ាចក្រី កែវ ក្រៅពីបំពេញមុខងារនៅក្នុងកិច្ចការរាជការហើយ លោកក៏តែងតែឆ្លៀតពេលទំនេរខ្លះៗពីកិច្ចការរាជការ ដើម្បីតាក់តែងនិពន្ធរឿង ឬអត្ថបទផ្សេងៗដើម្បីបានជាប្រយោជន៍ដ៏ខេមរបុត្រជំនាន់ក្រោយៗបានសិក្សារៀនសូត្រ ។ តាមរយៈការសិក្សាស្រាវជ្រាវកន្លងមក យើងរកឃើញតែស្នាដៃនិពន្ធរបស់លោកតែមួយគត់ គឺ សាស្ត្រា “ដាវរឿង” ។ សាស្ត្រានេះតែងឡើងនៅថ្ងៃសុក្រ ៧កើត ខែផល្គុណ ហេមន្តរដូវ ឆ្នាំរកា ព.ស.២៣៨០ ម.ស.១៧៥៩ (គ.ស.១៨៣៧) ដោយមាន ពញារត្នកោសា កែវ ជួយរៀបរៀងផង ។ អ្នកនិពន្ធបានតាក់តែងរឿងនេះឡើងជាពាក្យកាព្យ ដោយប្រើបទកាកគតិ ពំនោល ព្រហ្មគតិ និងភុង្គលីលា ។ រឿងនេះបានស្រង់ប្រភពចេញពីរឿងជាតកមួយ (តែមិនស្គាល់ឈ្មោះ) ដោយកវីក៏បានបញ្ជាក់បន្ថែមថា រឿងដាវរឿងនេះ គឺចៅពញាស្រីអញ្ជិត ស្រី នាំមកអំពីស្រុកសៀម ។ ឯកសារជាសាស្ត្រាស្លឹករឹត មាន ៨ខ្សែចប់ជុំជាតក ហើយរក្សាទុកនៅបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ មាន ២គម្ពីរ ចុះលេខសាស្ត្រា ៥៤៩‑៥៥០ ។


ខាងក្រោមនេះជាសម្រង់ខ្លះៗនៃអត្ថបទផ្ដើម និងបញ្ចប់នៃរឿង ៖

          អត្ថបទផ្ដើម :  “នេះបទកាកគតិ”  

អហំនមោ                   នមក្ការោ                  អញ្ជលិយំ
សុសិរសា                    ពុទ្ធសេដ្ឋំ                  លោកុត្តមំ
                               តមោនុទោ ។
នមធម្មំ                      សុខាវហំ                  អរិយបថោ
ទេវជនំ                       មោក្ខមគ្គោ                សន្តិករោ
                               និយ្សានិកំ ។
នមសង្ឃោ                  វរវិសុទ្ធោ                  ទក្ខិណេយ្យំ
សន្តិន្ទ្រិយ                   បុញ្ញក្ខេត្តំ                  អនាសវំ
                               សមិទ្ធិយោ ។
អហំរីខ្ញុំ                       នមោបង្គំ                  នមស្សការោ
ក្រួញក្រាបនមស្ការ         វន្ទាសេដ្ឋោ                អញ្ជលិយោ
                               លើកអញ្ជលី ។
សុសិរសា                    ផ្គូរផ្គុំហត្ថា                 ដាក់ដល់សិរសី
ពុទ្ធសេដ្ឋោ                  វន្ទាព្រះស្រី                សារពេជ្ញមុនី
                               ប្រសើរសួស្ដី៍សម ។ល។

          អត្ថបទបញ្ចប់ : “នេះបទព្រហ្មគីត”  

ភិក្ខុអើយមូលគោត                         កម្លៅឆោតឆុកគិតតែ
កន្ទ្រឹសឫស្យាគេ                             ជាទេវទត្តពុំឃ្លាតឃ្លា ។
រីនាងសម្រិទ្ធ                                 ចេរវឹងថ្វាត់យោនយកជាតិ
ជាចិញ្ចាឯងអាច                             ប្រពន្ធទេវទត្តស្មោះ ។
ហៃអស់ទាំងជនផង                        ចូរត្រាប់ត្រង់ព្រះធម៌ថ្លៃ
ព្រះធម៌នេះគាប់ក្រៃ                         ចូរមហាជនគន់គិតយក ។
និទាននេះទៀងទេ                          តពីខ្សែប្រាំពីរមក
សំដែងចែងរិះរក                            តាមដោយបូណ៌បទបាលី ។
រៀងរាល់ទាល់ដល់ចប់                     បរិបូណ៌គ្រប់សព្វសេចក្ដី
                     លុះជុំព្រះជាតី                               ហៅខ្សែប្រាំបីសូរេចហោង ។


រៀបរៀងដោយ ៖ សេង សុវណ្ណដារ៉ា







No comments:

Post a Comment