Sunday, March 5, 2017

«ព្រះរាជដំណើរនៃព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ ទៅក្រុងបារាំងសែស»

«ព្រះរាជដំណើរនៃព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ ទៅក្រុងបារាំងសែស ចាប់តាំងពីថ្ងៃទី ១០ ខែមិថុនា រហូតដល់ថ្ងៃទី ២០ ខែកក្កដា គ.ស.១៩០៦ បានទទួលភាពល្បីល្បាញចម្លែកអស្ចារ្យ ហើយនឹងបានបង្កើតការរំភើបចិត្តខុសពីធម្មតាពីសំណាក់ប្រជាជនបារាំងសែស ។
មានមូលហេតុមួយនៃការរំភើបនោះ គឺមុនពេលដែលព្រះករុណាស្ដេចយាងដល់ស្រុកម៉ារសី ក៏មានសារព័ត៌មាន១ ប្រាប់ដំណឹងមកដល់ថា ដោយព្រះមហាក្សត្រខ្មែរបានទ្រង់ជ្រាបពីគ្រោះមហន្តរាយនៅស្រុកគូរៀរ (ប្រទេសបារាំងសែស) ដែលបង្កហេតុឲ្យស្លាប់កម្មករអណ្ដូងរ៉ែអស់ ១២០០នាក់ ព្រះអង្គទ្រង់មានព្រះរាជហ្ឫទ័យមេត្តា ទ្រង់បានប្រោសព្រះរាជទានព្រះរាជទ្រព្យ ៥០០០ ហ្វ្រង់-មាស ដើម្បីជួយដល់ជនរងគ្រោះទាំងនោះ ។ អាស្រ័យដោយព្រះរាជបារមីនៃព្រះរាជទានដ៏ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លានេះ ធ្វើឲ្យប្រជាជនបារាំងសែសមានសេចក្ដីអរព្រះគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ ។
ចាប់ពីពេលដែលព្រះករុណាបានស្ដេចយាងចុះពីព្រះទីនាំងកប៉ាល់នៅស្រុកម៉ារសី អស់ប្រជុំជនបារាំងសែស ពេលបានឃើញព្រះករុណា ក៏តែងតែក់តមានចិត្តរំភើបត្រេកអរយ៉ាងក្រៃលែងឥតឧបមា ។
សារព័ត៌មានជាច្រើន តែងតែបានរៀបរាប់យ៉ាងពិស្ដារនូវរាល់ពេលវេលា ដែលព្រះករុណាទ្រង់ស្ដេចយាងទៅទីកន្លែងណាមួយ ទ្រង់ទៅគំនាប់សេនាបតី ឬមន្ត្រីបារាំងសែសណាមួយ ឬទ្រង់ស្ដេចយាងទៅទតអ្វីមួយក៏ដោយ ។
សារព័ត៌មានទាំងឡាយក៏បានចុះផ្សាយគ្រប់ធួនអំពីព្រះសតិអារម្មណ៍របស់ព្រះអង្គ ចុះផ្សាយពីរបៀបទ្រង់ព្រះពស្ដ្រ និងពីសកម្មភាព ការប្រព្រឹត្ត ឬអំពើឆ្គាំឆ្គងនៃអ្នកហែហមតាមព្រះករុណារូបខ្លះ ។
រដ្ឋាភិបាលបារាំងសែសធ្លាប់បានទទួលស្វាគមន៍ស្ដេចជាច្រើនព្រះអង្គមកហើយ ដែលយាងមកពីច្រើនប្រទេស តែប្រជាជនបារាំងសែសមិនដែលធ្លាប់ស្វាគមន៍ព្រះរាជា១ព្រះអង្គណាមួយយ៉ាងកក់ក្ដៅ ដូចដែលបានស្វាគមន៍ព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ អង្គនោះឡើយ ។
............................................................................................................
នៅស្រុកណង្សី រៀងរាល់លើកដែលព្រះអង្គស្ដេចយាងទៅណា បណ្ដាប្រជុំជនបារាំងសែសទាំងអស់មានចិត្តរំភើបត្រេកអរខ្លាំងណាស់ជាងនៅក្រុងប៉ារីស៍ ឬស្រុកម៉ារសីទៅទៀត នាំគ្នាតែងតែស្រែកថ្វាយព្រះពរជ័យដល់ព្រះករុណាថា «ជយោព្រះមហាក្សត្រ» ឬ «ជយោព្រះករុណា» ឥតឈប់ឈរ ។»



(សម្រង់ចាកពីសៀវភៅ «ព្រះករុណាព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជាធិបតី ព្រះរាជដំណើរទៅក្រុងបារាំងសែស ឆ្នាំមមី អដ្ឋស័ក ត្រូវនឹងឆ្នាំបារាំង ១៩០៦, អ្នកឧកញ៉ាវាំង ជួន, ការផ្សាយរបស់បណ្ណាល័យជាតិកម្ពុជា, ភ្នំពេញ, ២០០៦, ទំព័រ ឆ-ជ និង ឈ) ។

No comments:

Post a Comment