Sunday, March 5, 2017

ឧកញ៉ាបញ្ញាធិបតី កែវ
         
​កវី កែវ[1] ប្រហែលជាមានកំណើតនៅរវាងទសវត្សទី ៦០​ ឬ៧០នៃសតវត្សទី១៨ ប្រសិនជាយើងសម្អាងលើកាលបរិច្ឆេទតែងនិពន្ធនៃរឿង “សមុទ្ទឃោស” ដែលនិពន្ធឡើងនៅព.ស.២៣៦២ (គ.ស. ១៨១៨) នេះ ។ កវី កែវ ទំនងជាបានរស់នៅក្នុងរជ្ជកាលព្រះនារាយណ៍រាជា អង្គអេង (១៧៧ ៩‑១៧៩៦), សម័យដឹកនាំដោយចៅហ្វាយ ប៉ុក (១៧៩៦‑១៨០៥), ព្រះឧទ័យរាជា អង្គចន្ទ (១៨០៦‑១៨៣៤) ក្សត្រីអង្គ ម៉ី (១៨៣៤‑១៨៤០) ដែលជារាជបុត្រីរបស់ព្រះឧទ័យ អង្គចន្ទ និងរជ្ជកាលព្រះបាទអង្គដួង (១៨៤០‑១៨៥៩) ផងដែរ ។ យោងតាមកាលបរិច្ឆេទតែងរឿង នាំឲ្យយើង       សន្មត់បានថាលោកបានតែងរឿង “សមុទ្ទឃោស” នេះ នៅក្នុងរាជ្យព្រះឧទ័យរាជា អង្គចន្ទ នាគ.ស. ១៨១៨ ។

          យើងឥតដឹងអំពីថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត នាមឪពុកម្ដាយ ជីវភាពរស់នៅ ការប្រកបកិច្ចការងារផ្សេងៗជាដើមរបស់កវីរូបនេះទេ ។ ប្រវត្តិទាំងឡាយរបស់លោកហាក់ដូចជាបានកប់បាត់នៅក្នុងទំព័រប្រវត្តិសាស្ត្របាត់សូន្យអស់ទៅហើយ ដោយយើងអាចដឹងអំពីកវីរូបនេះត្រឹមតែនាម ក៏ដូចជាគោរម្យងាររបស់លោកក្នុងជួរមន្ត្រីរាជការតែប៉ុណ្ណោះ ដោយមានបង្ហាញនៅក្នុងស្នាដៃនិពន្ធរបស់លោកជាតឹកតាងបញ្ជាក់ស្រាប់ ។ លោកបានបួសរៀនអក្សរ និងលេខនព្វន្ត រៀនបាលី រៀនអានសាស្ត្រាជាដើម នៅក្នុងសំណាក់ព្រះពុទ្ធសាសនានៅវត្តអារាមនាស្រុកភូមិកំណើតរបស់លោក ។ ក្រោយមកលោកក៏បានលាចាកសិក្ខាបទ មកជាគ្រហស្ថវិញ រួចក៏បានចូលខ្លួនទៅបម្រើរាជការ រហូតដល់ឡើងឋានៈ មានគោរម្យងារជា
“ឧកញ៉ាបញ្ញាធិបតី[2]” ។

          ឧកញ៉ាបញ្ញាធិបតី កែវ ក្រៅពីបំពេញមុខងារនៅក្នុងកិច្ចការរាជការហើយ លោកក៏តែងតែឆ្លៀតពេលទំនេរខ្លះៗពីកិច្ចការរាជការ ដើម្បីតាក់តែងនិពន្ធរឿង ឬអត្ថបទផ្សេងៗដើម្បីបានជាប្រយោជន៍ដ៏ខេមរបុត្រជំនាន់ក្រោយៗបានសិក្សារៀនសូត្រ ។ តាមរយៈការសិក្សាស្រាវជ្រាវកន្លងមក យើងរកឃើញតែស្នាដៃនិពន្ធរបស់លោកតែមួយគត់ គឺ សាស្ត្រា “សមុទ្ទឃោស” ។ សាស្ត្រានេះតែងឡើងនៅថ្ងៃសៅរ៍ ១០កើត ខែពិសាខ ព.ស.២៣៦១ (គ.ស.១៨១៨) ។ អ្នកនិពន្ធបានតាក់តែងរឿងនេះឡើងជាពាក្យកាព្យ ដោយប្រើបទកាកគតិ ពំនោល ព្រហ្មគតិ និងភុង្គលីលា ។ រឿងនេះបានស្រង់ប្រភពចេញពីគម្ពីរហាសិបជាតក៍ ឬបញ្ញាសជាតក ។ ឯកសារជាសាស្ត្រាស្លឹករឹត មាន ២ខ្សែចប់ ដោយខ្សែទី១ មាន ២០សន្លឹក ខ្សែទី២ មាន ៣០សន្លឹក ។ សាស្ត្រារឿងនេះ ពុទ្ធសាសនបណ្ឌិត្យបានមកអំពីវត្តកោះសុទិន ខេត្តកំពង់ចាម ចុះលេខសាស្ត្រា ៦៧១ ។[3]

          ខាងក្រោមនេះជាសម្រង់ខ្លះៗនៃអត្ថបទផ្ដើម និងបញ្ចប់នៃរឿង ៖

​អត្ថបទផ្ដើម :  “នេះបទកាកគតិ” 

អហំនមោ                   មិសិរសា                  ចសម្ពុទ្ធោ
តិលោកជេជ្ឋ                វិសេដ្ឋសោ                មហាបញ្ញោ
                               បញ្ញាញាណំ ។
សត្ថាអគ្គោ                  លោកហិតោ              ទិព្វលោកំ
សព្វសត្តេ                   ជនេនាថំ                  ទេវទេវំ
                               ព្រហ្មព្រហ្មា ។
........................................................................................
.........................................................................................
សុភមស្ដុ                    មង្គលពហុ‑               តិរេកសួស្ដី
ជយជយា                   វរាវរី                        វរកវី
                               កិច្ចកាព្យសាស័ទ្ទ ។
សករាជតាំងថយ           ពីរពាន់បីរយ              ហុកសិបមួយក្ដាត់
វិសាខមាសេ                សៅរ៍វារេរត្ន               ដប់កើតទៀងទាត់
                               អធិកមាសមាន ។
កោនុនាមា                  កែវកបបញ្ញា‑             ធិបតីដឹងដាន
ដឹងដោយពុទ្ធដីកា          ជាក់ជាប្រធាន            ទើបខ្ញុំសួរ
                               ............... (តក់) ? ។ល។

​អត្ថបទបញ្ចប់

ព្រះបាទឧទុម្ពរ              ដែលនៅនគរ             កៃលាសមន្ទីរ
ចេរវិលវឹងមក               យោនយកជាតី           ចាប់ប្រតិសន្ធី
                               ជាព្រះមោគ្គល្លាន ។
ឯអង្គព្រះឥន្ទ                ចមចៅទេវិន្ទ              ប្រសើរមែនមាន
គុណនឹងពោធិ‑             សត្វវិសេសសាន្ត         ឥឡូវនេះបាន
                               ជាអនុរុទ្ធា ។
រីទេពទេវី                     នាមនាងមណី           វរមេខលា
ឥឡូវវិលមក                យោនយកជាតិជា       ឧប្បលវណ្ណា
                               មហាថេរី ។
ឯអង្គព្រះមហា‑             មហេសីនាមា             រិន្ទមតី
ចេរវិលវឹងមក               យោនយកជាតី           គឺអង្គព្រះស្រី
                               យសន្ធរា ។
ឯអង្គសមុទ្ទ‑                ឃោសាវិសុទ្ធ             គឺអង្គតថា‑
គតកាលនេះឯង           សម្ដែងធម្មា               សូរេចបការា
                               និដ្ឋិគំចប់ហោង ។[4]





[1] តាមការយល់ឃើញរបស់លោកសាស្ត្រាចារ្យ ឃីង ហុកឌី នៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា «មាលីបទអក្សរសិល្ប៍ខ្មែរសតវត្សទី១៩» លោកបានបង្ហាញថា “យើងឃើញមានកវីម្នាក់នៅខាងលើនេះមាននាមកែវដែរ ហើយមានគោរម្យងារជា បញ្ញាធិបតី បាននិពន្ធជាពាក្យកាព្យរឿងសមុទ្ទឃោសដោយទាញចេញពីគម្ពីរបញ្ញាស ជាតក នៅពុទ្ធសករាជ ២៣៦២ គឺត្រូវនឹងគ.ស.១៨១៨/១៨១៩ គឺតាក់តែងរវាង១៩ឆ្នាំមុនរឿង ដាវរឿង ។ នេះជាហេតុឲ្យយើងចោទសួរថាតើឧកញ៉ាចក្រី«កែវ» និងបញ្ញាធិបតី «កែវ» ជាមនុស្សតែមួយឬយ៉ាងណា? ឈ្មោះ «កែវ» ជាចំពោះជនជាតិខ្មែរយើងគឺជាឈ្មោះដែលគេនិយមរាប់អានគឺស្មើនឹងឈ្មោះ «រតនា/រតនៈ» ឬ «រត្ន/រតន៍»​ដែលជាពាក្យដែលទាញចេញពីបាលីសំស្ក្រឹត ហើយប្រជារាស្ត្រមានចំណូលចិត្តឲ្យជានាមប្បញ្ញត្តិកូនចៅ ។ ។ តាមការសន្និដ្ឋានប្រហែលអាចជាមនុស្សតែម្នាក់ កាលនៅវ័យក្មេងសេចក្ដីមានងារត្រឹមតែ «បញ្ញាធិបតី» ហើយ១៩ឆ្នាំក្រោយមកទើបបានឡើងងារសក្ដិជាមហាមន្ត្រី «ឧកញ៉ាចក្រី» ។ សូមអាន, ឃីង ហុកឌី, មាលីបទអក្សរសិល្ប៍ខ្មែរសតវត្សទី១៩, ២០០៣, ទំព័រ ៧៦‑១០៣ ។
[2] ឬ «ប្រាជ្ញាធិបតី» ។
[3] ញ៉ុក ថែម, ឯកសារសាស្ត្រាស្លឹករឹត និងក្រាំងដែលមាននៅវិជ្ជាស្ថាននៃពុទ្ធសាសនបណ្ឌិត្យ, កម្ពុជសុរិយា, ១៩៦៥, លេខ ៩, ទំព័រ ១០៥៧ ។
[4] ញ៉ុក ថែម, ឯកសារសាស្ត្រាស្លឹករឹត និងក្រាំងដែលមាននៅវិជ្ជាស្ថាននៃពុទ្ធសាសនបណ្ឌិត្យ, កម្ពុជសុរិយា, ១៩៦៥, លេខ ៩, ទំព័រ ១០៥៨‑១០៥៩ ។

No comments:

Post a Comment