Tuesday, March 7, 2017

៙ជីវប្រវត្តិសង្ខេបអ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ៙


          




     លោកតា​ ង៉ុយ មានកំណើតនៅឆ្នាំ ១៨៦៥ នៅភូមិកំបូល ស្រុកភ្នំពេញ (ស្រុកអង្គស្នួល) ក្នុងខេត្តកណ្ដាល ។ ឈ្មោះ «ង៉ុយ» ជាឈ្មោះហៅក្រៅដែលឪពុកម្ដាយលោកហៅសម្គាល់រូបលោក ឯឈ្មោះដើម (ឈ្មោះពិត) គឺ «អ៊ូក‑អ៊ូ» តែអ្នកផងនិយមហៅលោកថា ​          «ង៉ុយ» នេះជាង ហើយកិត្តិសព្ទរបស់លោកល្បីខ្ទរខ្ទារមកដល់សព្វថ្ងៃនេះ​ក៏អ្នកផងស្គាល់តាម រយៈនាមនេះផងដែរ ។

​បិតារបស់លោកនាម «អ៊ុក» ធ្វើមេឃុំកំបូល ស្រុកភ្នំពេញ (ស្រុកអង្គស្នួល) ខេត្តកណ្ដាល មានគោរម្យងារជា «ចៅពញាធម្មធារា» ឯមាតាលោកនាម «អៀង» ជាបុត្រីចៅពញា ម៉ុក[1] មេឃុំ ឃុំស្ពានថ្ម​ នៅស្រុក ខេត្តជាមួយគ្នា ។ ជីតា ក្រុមគ្រួសារលោកមានពូជពង្សត្រកូលខ្សែខាង «ម្ចាស់​អង្គប៉ុក»[2] ហើយមាតាបិតាលោកត្រូវជាបងប្អូនជីទូតមួយនឹងគ្នា ។

​កាលលោកនៅកុមារភាព ឪពុករបស់លោកបាននាំរូបលោកឲ្យទៅនៅសំណាក់រៀនអក្សរ និងលេខនព្វន្ត ក្នុងសំណាក់លោកគ្រូចៅអធិការវត្តបឹងចក នៅស្រុកកំណើតរបស់ លោក ។ កុមារ អ៊ុក‑អ៊ូ ហៅ ង៉ុយ ជាកុមារមួយរូបដែមានភាពឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់នៅក្នុងការរៀនសូត្រ ក៏ដូចជាកិច្ចធ្វើវត្តចំពោះព្រះសង្ឃ ពុំដែលធ្វេសប្រហែសម្ដងណាឡើយ ។ ដោយសេចក្ដីឧស្សាហ៍ព្យាយាមនេះ​បានធ្វើឲ្យលោកគ្រូចៅ អធិការវត្ត ក៏ដូចជាព្រះសង្ឃឯទៀតកើតក្ដីអាណិតស្រឡាញ់ដល់កុមារនេះគ្រប់ៗគ្នា ។ ក្រោយមក លោកក៏បាន បំពេញព្រះផ្នួសជាសាមណេរ ដើម្បីបានបន្តសិក្សាព្រះធម៌ រហូតទាល់ចេះសេចក្ដីធម៌ក្នុងព្រះគម្ពីរនានាបានយ៉ាងជ្រៅជ្រះ ។

​កាលអាយុបាន ២១ ឆ្នាំ សាមណេរ អ៊ូ ក៏បានបំពេញឧបសម្បទាជាភិក្ខុភាវៈពេញលេញឡើង ដោយមាន​ឧជ្ឈាយ៍ព្រះនាម «សាស» មានលោកគ្រូសូត្រព្រះនាម «អ៊ុង» ជាអនុស្សវនាចារ្យ និងគ្រូសូត្រនាម «ជ្រូក» ជាកម្មវាចាចារ្យ ។ ដោយសេចក្ដីខិតខំរៀនសូត្រ និងចង់មានចំណេះដឹងឲ្យកាន់តែទូលាយស្ដីពីព្រះធម៌ បន្ថែមទៀតដែរនោះ ភិក្ខុ អ៊ូ ក៏បានស្វះស្វែងរៀនប្រែព្រះត្រៃបិដក ដំបូងក្នុងសំណាក់លោកគ្រូអាចារ្យ «ទិត្យ» គង់នៅវត្តអង្គបឹងចក ភូមិស្គរបែក ឃុំបែកចាន ស្រុកភ្នំពេញ ខេត្តកណ្ដាល ។ បន្ទាប់ពីរៀនចេះដឹងប្រែសេចក្ដី ព្រះត្រៃបិដកនេះហើយ ភិក្ខុ អ៊ូ ក៏បានស្វែងស្វះរៀន វិបស្សនាកម្មដ្ឋាន ក្នុងសំណាក់ព្រះអាចារ្យនានាជាច្រើន កន្លែងទៀតផង ។

​លុះលោកយល់ថា ចំណេះដឹងដែលបានមកពីការសិក្សានេះឯងបានសមល្មមនឹងប្រកបជីវភាពបាន ស្រួលបួលហើយ លោកក៏បានលាចាកសិក្ខាបទមកជាគ្រហស្ថវិញ ។ ក្រោយពីបានលាចាកសិក្ខាបទមកជា គ្រហស្ថហើយនោះ លោកក៏បានរៀបអាពាហ៍ពិពាហ៍នៅក្នុងឃុំបែកចាន ស្រុកភ្នំពេញ ហើយរស់នៅប្រកបរបរជា អ្នក​ស្រែចំការធម្មតានៅឃុំនោះឯង ។ ភរិយារបស់លោកមានឈ្មោះ «អ៊ិន» ។ លោកមានកូនទាំងអស់​ ៦ នាក់ សុទ្ធតែប្រុស មានឈ្មោះ ជួង, ចេង, ចា, ចិន, ចុង និង ចូវ ។ ក្នុងចំណោមបុត្រាទាំង ៦របស់គាត់ គេរមែងស្គាល់ច្បាស់នាមនិងសកម្មភាពរបស់បុត្រទីប្រាំរបស់លោក គឺនាមថា “ចុង” ឬដែលអ្នកផងទូទៅតែងកំណត់ហៅថា “អាចារ្យចុង” នេះជាងគេ ។ អាចារ្យចុង​ធ្លាប់បានបួសរៀនសូត្រ មានចំណេះដឹងជ្រៅជ្រះលើវិស័យពុទ្ធសាសនា និងអក្សរសាស្ត្រជាតិ ហើយលោកក៏បនានិពន្ធស្នាដៃមួយចំនួនផងដែរ ដូចជា ច្បាប់គោរពមាតាបិតា, ពុទ្ធប្រវត្តិ (ពាក្យកាព្យ) ជាដើម ។[3]

​ក្នុងជីវភាពជាកសិករនេះ​ តាង៉ុយ លោកមានប្រជាប្រិយភាពខ្លាំងណាស់ ដោយសារថ្វីមាត់ មានវោហារសព្ទពូកែ​ និងចេះដឹងច្រើនពីរឿងក្នុងផ្លូវបរមត្ថ​ ហើយត្រូវបានអ្នកស្រុកគោរពកោតខ្លាចរូបលោក ចាត់ទុករូបលោកជាអ្នកចេះដឹងមួយរូប ក៏ដូចជាចាស់ព្រឹទ្ធាចារ្យមួយរូបប្រចាំភូមិស្រុក ។ ទោះបីជារូបលោកបានលាចាក សិក្ខាបទមកជាគ្រហស្ថហើយក្ដី ក៏អ្នកស្រុករមែងតែងមកអញ្ជើញរូបលោកឲ្យទៅសម្ដែងធម៌ទេសនា ក្នុងពិធី បុណ្យផ្សេងៗ​ដូចជា ព្រះសង្ឃធម្មកថិកដែរ ។

​លោកតា ង៉ុយ និយមចូលចិត្តស្លៀកតែសំពត់ក្បិន ពាក់អាវកត្រង់ ស ពាក់ស្បែក ជើងផ្ទាត់ តាមរបៀប ខ្មែរសុទ្ធសាធ ។ លោកមានមាឌធាត់ក្រអាញ កាត់សក់ជ្រង ថ្ងាសទូលាយ ដុះពោះស្អុយ តែដំណើររាងខែង រ៉ែងណាស់ ហើយសំឡេងលោកក៏មានទឹកដមក្រអៅ នៅពេលនិយាយ និងទេសនាម្ដងៗ ដែលជាហេតុធ្វើឲ្យ​អ្នកផងចូលចិត្តស្ដាប់ណាស់ ។[4]

          លោកតែងចេញដើរទេសនាតាមផ្ទះអ្នកស្រុកផងនានា ហើយអ្នកស្រុកតែងជូនជាបច្ច័យដល់លោកវិញ មាន​ជាប្រាក់​កាក់ និងផ្លែឈើផ្សេងៗ ហើយក្រៅពីនោះក៏មានស្រូវ អង្គរ និងរបស់របរប្រើប្រាស់ផ្សេងៗទៀតដែរ ។ រីឯផ្ទះលោកវិញ មិនដែលថាឥតមានភ្ញៀវមកលេង ឬសួរសុខទុក្ខនោះឡើយ គឺតែងតែមានអ្នកដំណើរទីជិតទីឆ្ងាយដែលបានធ្វើដំណើរកាត់ផ្ទះលោក រមែងតែងនាំគ្នាឆ្លៀតចូលមកលេង សួរសុខទុក្ខរូបលោកមិនចេះដាច់ ។

          លោកតា​ ង៉ុយ ក្រៅពីចេះស្មូត្រ​សូត្រធម៌ទេសនានានាហើយនោះ លោកក៏ចេះច្រៀង និងដេញសា​ដៀវផងដែរ ជាមួយនឹងសំនៀងដ៏ពីរោះ ។ ចម្រៀងដែលលោកលើកយកមកច្រៀង ច្រើនជាពាក្យទូន្មានប្រៀនប្រ​ដៅដល់ជនានុជនខ្មែរទូទៅអោយខិតខំរៀនសូត្រ សង្វាតរករបររកស៊ី អប់រំសីលធម៌ អប់រំពីរឿងបុណ្យបាប​ជាដើម ។ កាព្យឃ្លោងទាំងនេះហើយដែលបានបណ្ដាលធ្វើអោយឈ្មោះរបស់លោកកាន់តែល្បីខ្ទរខ្ទារទៅឯស្រុកឆ្ងាយៗ នាំឲ្យមានមនុស្សមកអញ្ជើញលោកឲ្យទៅច្រៀងនៅសឹងតែគ្រប់ខេត្ត ខណ្ឌទាំងអស់ក្នុងប្រទេសកម្ពុជា ។ រៀងរាល់ពេលរដូវរំហើយ​ក្រោយការច្រូតកាត់រួច លោកតែងធ្វើការទេសនា ច្រៀងជាមួយសំនៀងសាដៀវដើម្បី ដាស់តឿន ក្រើនរំលឹក និងទូន្មានដល់ជនានុជន អោយខិតខំសង្វាតរកស៊ី កុំខ្ជិលច្រអូស ត្រូវចេះសង្វាតរៀន សូត្រ ត្រូវចេះសាមគ្គីគ្នា ត្រូវសង្វាតរកប្រាក់ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃផង និងត្រូវបង់ពន្ធជូនរាជការបារាំងផងជាដើម ។

          លោកមានដៃគូច្រៀងសាដៀវម្នាក់ដែលមានសំនួនវោហារមិនចាញ់រូបលោកផងដែរនោះ គឺ លោកជំទប់ «សាន់» នៅឃុំភ្លើងឆេះរទេះ ស្រុកភ្នំពេញ ខេត្តកណ្ដាល ។[5]តាមតំណាលថា រាល់ពេលលោកតា ង៉ុយ និងជំទប់ សាន់ ពើបប្រទះច្រៀងជួបគ្នាម្ដងៗ អ្នកផងទាំងឡាយតែងផ្អើលនាំគ្នាទៅស្ដាប់ ទោះខ្លួនស្ថិតនៅឆ្ងាយយ៉ាងណា ក៏ឆ្លៀតស្កាត់ទៅស្ដាប់លោកទាំងពីរច្រៀងដែរ ។ ចម្រៀងដែលលោកទាំងពីរ លើកមកច្រៀងនោះមិនមែនជាចម្រៀងឆ្លើយឆ្លងលេងសើចឥតន័យ ឥតខ្លឹមសារនោះទេ គឺតែងលើកនិយាយពីការអប់រំមនុស្សឲ្យចេះរស់នៅ ពីរឿងធម៌អាថ៌ជាដើម ។

          កាលណាដែលលោកតា ង៉ុយ តែងត្រូវអ្នកស្រុកជិតឆ្ងាយអញ្ជើញឲ្យទៅទេសន៍ ​ឬច្រៀងសាដៀវនៅទីជិត ទីឆ្ងាយក្ដី លោករមែងតែងនាំទៅជាប់ជាមួយនូវបង្វិចមួយជានិច្ច ។ ក្នុងបង្វិចនោះឥតមានទ្រព្យសម្បត្តិអ្វីមានតម្លៃនោះទេ តែមានត្រឹមសម្លៀកបំពាក់ ១ ឬ ២សម្រាប់ទុកគ្រាន់ផ្លាស់ប្ដូរ ជាមួយនឹងឃ្លោកសាដៀវមួយដាក់នៅកណ្ដាលសម្លៀកបំពាក់ ដោយវេចជាមួយក្រមា ឬផាហ៊ុំម ហើយមានដងសាដៀវដាក់ស៊កពុនលើស្មាដើរទៅ ។ ប្រសិនជាលោកត្រូវចេញច្រៀងនៅកន្លែងណា លោកគ្រាន់តែលាបង្វិចភ្លាម ហើយយកគ្រឿងសាដៀវមកផ្គុំ រួចរឹតខ្សែ ដេញបានមួយរំពេច​ សមនឹងពោះលោកធំ ដុះស្អៀរផង ល្មមផ្កាប់ឃ្លោកនោះគ្របលើពោះបាន ហើយបំប៉ោងឡើង ឬ បំផិតពោះ ឲ្យខ្យល់ចេញចូល បង្កើតបានជាសំនៀងពីរោះសូរសាដៀវឡើងទៀត ។[6]

          តាង៉ុយក៏ធ្លាប់ចូលខ្លួនទៅច្រៀងថ្វាយព្រះករុណាព្រះបាទស៊ីសុវត្ថិ  ហើយព្រះករុណា ទ្រង់សព្វព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះថ្វីមាត់របស់លោកតា ង៉ុយ ហើយទ្រង់ក៏សព្វព្រះរាជហឫទ័យ ប្រទាននូវរង្វាន់ជាប្រាក់ និងគោរម្យងារជា «អ្នកព្រះភិរម្យភាសា» ថែមទៀតផង ។

          ក្រោយមកទៀតកិត្តិនាមរបស់លោកតាក្រម ង៉ុយ បានលេចឮទៅដល់លោក ហ្ស៊ក សឺដេស (George Coedès) ដែលជាសមាជិកសាលាបារាំងចុងបូព៌ា និងជាអ្នកឯកទេសមួយរូបលើបញ្ហាវប្បធម៌ខ្មែរ ។ លោក សឺដេស ដែលចេះភាសាខ្មែរផងដែរនោះបានស្ដាប់លោកតាក្រម ង៉ុយ ច្រៀងយ៉ាងយកចិត្តទុកដាក់គ្រប់ពាក្យ សម្ដីដែលលោកតាក្រម​ង៉ុយបានច្រៀងដោយសេចក្ដីពេញចិត្តជាអនេក ។ ពេលមួយនោះលោកសឺដេស មានបេ សកកម្មខាងស្រាវជ្រាវ តម្រូវឲ្យលោកទៅឯក្រុងបាងកក ហើយចំពេលនោះស្ដេចសៀមព្រះនាម «ប្រជាធិប៉ុក» ក៏ចាត់ព្រះអង្គម្ចាស់ «ទំរង់ រាជានុភាព» ឲ្យមកចូលគាល់ព្រះបាទស៊ីសុវត្ថិ ដើម្បីសុំអញ្ជើញលោក​តាក្រម ង៉ុយឲ្យចូលទៅច្រៀងថ្វាយព្រះចៅសៀម ដ្បិតឮល្បីសំនួនវោហារខ្ពស់ ។ លោកសឺដេស និងព្រះអង្គម្ចាស់ ទំរង់រាជានុភាព ក៏បាននាំរូបលោកតាក្រម ង៉ុយ ចូលគាល់ព្រះចៅសៀម រួចច្រៀងថ្វាយ ព្រះចៅសៀមសណ្ដាប់ ស្ដេចសៀមសព្វព្រះរាជហឫទ័យជាខ្លាំងចំពោះសំនួនវោហារ និងចំណេះដឹងរបស់លោកតា ង៉ុយណាស់ ក៏បាន ប្រទានគោរម្យងារព្រះភិរម្យភាសាថា «ផៃរោះលឿកឺន» និងប្រទានឡេវអាវប្រាក់ឌួង ព្រមទាំងប្រាក់កាក់ និងវត្ថុ​ប្រើប្រាស់មួយ​   ចំនួន ។

          នៅឆ្នាំ ១៩៣០ លោកសឺដេស និងលោកតាក្រម ង៉ុយក៏បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយលោកសឺដែសក៏បាននាំលោកតាក្រម ង៉ុយ ទៅកាន់ ព្រះរាជបណ្ណាល័យ ក្រុងភ្នំពេញ (ក្រោយមកត្រូវបានប្ដូរឈ្មោះទៅជា វិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យវិញ) ដើម្បី​នាំទៅជួបជាមួយអ្នកស្រី ស៊ុយហ្សាន កាប៉ឺឡែស (Suzanne Kapelès) ដែលជាអ្នកគ្រប់គ្រងព្រះរាជបណ្ណាល័យនេះ ។ គ្រានោះ នាងកញ្ញាកាប៉ឺឡែស ក៏បានចាត់អោយរៀបចំកន្លែងឲ្យលោកតាក្រម ង៉ុយ ដើម្បី​ធ្វើការសម្ដែងសិល្បៈ ។ លោកតាក្រម ង៉ុយ បានច្រៀងនៅចំពោះមុខនាងកញ្ញាជាតិបារាំងម្នាក់នេះ ដោយមាន​ទាំងអ្នកធ្វើការនៅទីនោះចូលរួមស្ដាប់ទាំងអស់គ្នា ។ ទាំងអ្នកស្រីជនជាតិបារាំងម្នាក់នេះ ក៏ដូចជាមន្ត្រីទាំងឡាយ ដែលធ្វើការនៅទីនោះមានសេចក្ដីពេញចិត្តជាអនេកចំពោះសំនួនវោហារសព្ទរបស់លោកតាក្រម ង៉ុយ ទើបអ្នកស្រី កាប៉ឺឡែស បានសុំឲ្យលោកតា ង៉ុយ ច្រៀងម្ដងទៀតតែមួយៗ ដើម្បីអាចឲ្យមន្ត្រីនៅទីនោះ​អាចកត់ចម្លងរាល់ពាក្យសម្ដីរបស់លោកតាបាន ។ ជាកិច្ចតបស្នងវិញ អ្នកស្រី កាប៉ឺឡែស ​ក៏បានជូនប្រាក់ ១ រៀល ដល់លោកតាង៉ុយ ។ ចំណែកអត្ថបទដែលព្រះរាជបណ្ណាល័យបានចម្លងនោះ ក៏បានយកទៅរៀបរៀង និងបោះផ្សាយជាបន្តបន្ទាប់នៅក្នុងទស្សនាវដ្ដីកម្ពុជសុរិយា និងបោះផ្សាយជាសៀវភៅផងដែរ ។

          លោកតា ក្រម ង៉ុយ បានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ៦កើត ខែមិគសិរ ព.ស. ២៤៧៩ គ.ស. ១៩៣៦ ក្នុងជន្មាយុ ៧១ ឆ្នាំ ដោយរោគទល់លាមក ។

          មរណភាពរបស់លោកតា គឺជាការបាត់បង់វីរកវីដ៏ឆ្នើមមួយរូបរបស់កម្ពុជា ដែលមនុស្សផងទូទៅរមែងតែងគោរពរាប់អានលោកតាប្រដូចជាឪពុក ឬជីតាបង្កើតរបស់ខ្លួន ។ ចំពោះអ្នកអក្សរសាស្ត្រវិញ គេទុកលោជា កវីប្រជាករ (Poète populaire) ព្រោះស្នាដៃលោកដោះស្រាយបញ្ហាអ្នកស្រែចម្ការសុទ្ធៗ បើនិយាយឲ្យចំទៅ គឺថាជាដំបូន្មានក្នុងជីវភាពរាស្ត្រសាមញ្ញ ដែលពុំធ្លាប់មានកវីណាធ្វើដូចឡើយ ។[7] រីឯនៅក្នុងសៀវភៅ “ល្បងសិក្សាបណ្ដាំ ក្រមង៉ុយ” របស់លោក ហម ឆាយលី វិញ លោកបានកំណត់ហៅលោកតាក្រម ង៉ុយ ថាជា “សង្គមវិទូ” ដ៏ធំមួយរូប ។[8]

ស្នាដៃនិពន្ធ ៖

          យោងតាមការសិក្សាស្រាវជ្រាវកន្លងមក យើងរកឃើញអត្ថបទជាស្នាដៃតែងនិពន្ធរបស់លោកតាចំនួន ៦ច្បាប់ គឺ ៖

          ១‑ ច្បាប់ល្បើកថ្មី (១៩២២)
          ២‑ ច្បាប់កេរកាលថ្មី (១៩២២)
          ៣‑ សេចក្ដីរំលឹកដាស់តឿន (១៩៣១)
          ៤‑ ពាក្យកាព្យប្រដៅជនប្រុសស្រី (១៩៣៥?)
          ៥‑ បណ្ដាំក្រមង៉ុយ (១៩៣៥)
          ៦‑ ច្បាប់ល្បើកសង្ឃ (១៩៣៥​?)

          ក្រៅពីស្នាដៃទាំងប្រាំមួយខាងលើនេះ នៅមានស្នាដៃដទៃទៀត ដែលគេរកមិនឃើញឯកសារសរសេរ ហើយដែលអ្នកស្រាវជ្រាវមុនៗ បានចាត់ទុកថាជាស្នាដៃរបស់អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ ដែរ គឺមានចម្រៀងស្ដីពី ៖

          ‑ការប្រែប្រួលនៃស្រុកទេស
          ‑ត្រៃលក្ខណ៍
          ‑ ចម្រៀងស្រី‑ប្រុស
          ‑ កតញ្ញូកតវេទី ។ល។


រៀបរៀងដោយ ៖ សេង សុវណ្ណដារ៉ា


(រក្សាសិទ្ធិគ្រប់យ៉ាង)




ឯកសារពិគ្រោះ

‑ ឃីង ហុកឌី, អក្សរសិល្ប៍ខ្មែរសតវត្សទី ២០ ,​ កវីនិពន្ធ និងកម្រងអត្ថបទ, បណ្ណាគារ អង្គរ, ២០០៧ ។
‑ ឃីង ហុកឌី, ក្រមង៉ុយ និងស្នាដៃ, បណ្ណាគារ អង្គរ, ២០០៨ ។
‑ ជុំ សុខេន, ក្រោមចក្ខុនៃទស្សនវិទូគ្រប់សញ្ជាតិ, ភ្នំពេញ, ១៩៧៣ ។
‑ ឌឹក គាម និងឌឿក អំ, រឿង​ភូមិតិរច្ឆាន, ភ្នំពេញ, ១៩៧១ ។
‑ ពុទ្ធសាសនបណ្ឌិត្យ, វចនានុក្រមខ្មែរ, ភាគទី១‑២, ១៩៦៧‑១៩៦៨ ។
‑ ពុទ្ធសាសនបណ្ឌិត្យ, ច្បាប់ក្រមង៉ុយ, ១៩៧២ ។
‑ ពុទ្ធសាសនបណ្ឌិត្យ, ល្បើកច្បាប់សង្ឃ, ទស្សនាវដ្ដីកម្ពុជសុរិយា, លេខ ៧, ១៩៣៧ ។
‑​ ពុទ្ធសាសនបណ្ឌិត្យ, បណ្ដាំក្រមង៉ុយ, ១៩៩៨ ។
‑ រស់ កែវ (ព្រះសីលវរៈ), គហិបដិបត្តិពិស្ដារ, ភ្នំពេញ, ១៩៧៤ ។
‑ លី ធាមតេង, អ្នកនិពន្ធខ្មែរដែលមានឈ្មោះល្បី, ភ្នំពេញ, សមាគមអ្នកនិពន្ធខ្មែរ, ១៩៧២ ។
‑ លី ធាមតេង, អក្សរសាស្ត្រខ្មែរ, ភ្នំពេញ, បណ្ណាគារ​សេង ងួនហួត, ១៩៦០ ។
‑ លី ធាមតេង, សម្រាំងអត្ថបទច្បាប់ក្រមង៉ុយ, ពុទ្ធសាសនបណ្ឌិត្យ, ១៩៧១ ។
‑ វ៉ាន់ឌី កាអុន, ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា, ពីសម័យអាណានិគមបារាំងមកដល់បច្ចុប្បន្ន កាល, ភាគទី១, ២០០៨ ។
ហម ឆាយលី, ល្បងសិក្សាបណ្ដាំក្រមង៉ុយ, ភ្នំពេញ, គ្រឹះស្ថានបោះពុម្ពផ្សាយ អង្គរ, ២០១០។
‑ អ៊ូ ចុង, បណ្ឌិត​អ៊ូ ចុង, ច្បាប់គោរពមាតាបិតា, ពុទ្ធប្រវត្តិ, ដំបូន្មានផ្សេងៗ, ភ្នំពេញ, គណៈ     កម្មាការរៀបចំបោះពុម្ពសៀវភៅធម៌វិន័យព្រះពុទ្ធសាសនា, ១៩៩០ ។ 




[1] នៅក្នុងច្បាប់ «សេចក្ដីរំលឹកដាស់តឿន» សរសេរកំណត់ថា «ពញាម៉ុក» គឺជាជីតាអ្នកម្ដាយរបស់លោកតាក្រមង៉ុយទៅវិញ តែនៅពេល ដែលយើងផ្ទៀងផ្ទាត់ជាមួយអត្ថបទ ២ ទៀត គឺហាក់ដូចជាមិនត្រឹមត្រូវនោះទេ តដោយតាមរយៈអត្ថបទ «ពាក្យកាព្យប្រដៅជនប្រុសស្រី» និង​ «ល្បើកច្បាប់សង្ឃ» គឺសរសេរថា​ «ពញាម៉ុក» នេះត្រូវជាអាពុកអ្នកម្ដាយរបស់លោក ដូចមានសេចក្ដីសម្រង់ខាងក្រោមថា :
            "អាពុកអ្នកម្ដាយឈ្មោះពញាម៉ុក..." (ច្បាប់ពាក្យកាព្យប្រដៅជនប្រុសស្រី)
            "អាពុកអ្នកម្ដាយឈ្មោះពញាម៉ុក..." (ល្បើកច្បាប់សង្ឃ) ។
​តើអាចបណ្ដាលមកពីវិបត្តិខាងអក្ខរាវិរុទ្ធដែលឬទេ? តើពាក្យ «ជីតា» នេះអាចជាពាក្យ «បិតា»ដែរឬទេ? តែតាមរយៈអត្ថបទ ២ ទៀតដែលជាអត្ថបទនិពន្ធដោយលោកតាក្រមង៉ុយដដែល​​ គឺបានបញ្ជាក់យ៉ាងជាក់ច្បាស់ថា «ពញាម៉ុក» គឺជាឪពុកអ្នកម្ដាយលោក ។ ដូច្នេះយើងសន្មតយកថា «ពញាម៉ុក»​ គឺជា បិតាអ្នកម្ដាយរបស់លោកតា ទៅតាមតឹកតាងដែលយើងមាន ។
[2]ត្រង់នៅសេចក្ដីបញ្ចប់នៃច្បាប់សេចក្ដីរំលឹកដាស់តឿន លោកបានលើកថា «ពូជពង្សត្រកូលម្ចាស់អង្គ ប៉ុក» ដូច្នេះមានន័យថាគ្រួសារ លោកច្បាស់ជាមានជាប់ខ្សែស្ដេចហើយ ទើបលោកលើកបញ្ជាក់បែបនេះ ។ ត្រង់ចំណុចទី​២ នេះយើងនឹងព្យាយាមសិក្សាស្រាវជ្រាវបន្ថែ​មទៀត ។
[3] សូមអានសសៀវភៅ បណ្ឌិត អ៊ូ ចុង, ច្បាប់គោរពមាតាបិតា, ពុទ្ធប្រវត្តិ, ដំបូន្មានផ្សេងៗ, ភ្នំពេញ, គណៈកម្មាការរៀបចំបោះពុម្ពសៀវភៅធម៌វិន័យព្រះពុទ្ធសាសនា, ១៩៩០ ។
[4] លី ធាមតេង, សម្រាំងអត្ថបទ ច្បាប់ក្រមង៉ុយ, ពុទ្ធសាសនបណ្ឌិត្យ, ១៩៧១, ទំព័រ ៦ ។
[5]តាមប្រសាសន៍របស់លោក លី​​ ធាមតេង ដែលលោកបានបញ្ជាក់ថា «ពេលមួយខ្ញុំមិនចាំថ្ងៃខែ ខ្ញុំឮផ្សាយតាមវិទ្យុពីសម្ភាសន៍របស់ អ្នក ចម្រៀងឈើប៉ី និងច្រៀងអាយ៉ៃឈ្មោះ ខុន ហៅប្រាំបីជ្រុង និយាយថា ជំទប់ សាន​ត្រូវជាមាគាត់ និងជាគ្រូគាត់ ។»
[6] លី ធាមតេង, សម្រាំងអត្ថបទ ច្បាប់ក្រមង៉ុយ, ពុទ្ធសាសនបណ្ឌិត្យ, ១៩៧១, ទំព័រ ៨‑៩ ។
[7] លី ធាមតេង, សម្រាំងអត្ថបទ ច្បាប់ក្រមង៉ុយ, ពុទ្ធសាសនបណ្ឌិត្យ, ១៩៧១, ទំព័រ ១៤ ។
[8] ហម ឆាយលី, ល្បងសិក្សាបណ្ដាំ ក្រមង៉ុយ, ភ្នំពេញ, គ្រឹះស្ថានបោះពុម្ពផ្សាយ អង្គរ, ២០១០, ទំព័រ ៥៩ ។

No comments:

Post a Comment