Sunday, March 5, 2017

«សម័យកាលអក្សរសិល្ប៍ខ្មែរ»

នៅក្នុងការសិក្សាអំពីអក្សរសិល្ប៍ខ្មែរ កន្លងមកយើងសង្កេតឃើញមានការកំណត់នូវចំណុចជាក់លាក់ស្ដីពីការកំណត់ចែកសម័យកាលអក្សរសិល្ប៍ខ្មែរនៅក្នុងភាពស្រពិចស្រពិលខ្លះៗផងដែររហូតមកទល់នឹងសម័យបច្ចុប្បន្ននេះ ។ មានអ្នកសិក្សាជាច្រើនបានធ្វើការកំណត់សម័យកាលអក្សរសិល្ប៍ខ្មែរនេះទៅតាមទស្សនៈនៃចំណេះដឹងរបស់ខ្លួនដែលបានមកពីការសិក្សាស្រាវជ្រាវថាមានប៉ុណ្ណេះ ឬប៉ុណ្ណោះសម័យកាល ដោយយោងទៅតាមភស្ដុតាងនៃការសិក្សាស្រាវជ្រាវរបស់ខ្លួន ។

លោកសាស្ត្រាចារ្យ លាង ហាប់អាន ដែលជាអ្នកចំណានមួយរូបខាងវិជ្ជាអក្សរសិល្ប៍ខ្មែរបានទាញគំនិតដោយផ្អែកតាមប្រវត្តិវិជ្ជា បានបែងចែកសម័យកាលអក្សរសិល្ប៍ខ្មែរជា ៤ផ្នែកគឺ ៖

១. សម័យនគរភ្នំ (គ.ស.វ.ទី១ ទី៦)
២. សម័យមុនអង្គរ (ចាប់ពីគ.ស. ៥៥០ ៨០២)
៣. សម័យអង្គរ (គ.ស.វ.ទី៩ ទី១៤)
៤. សម័យក្រោយអង្គរ (ចុងគ.ស.វ.ទី១៤ បច្ចុប្បន្ន) ។ នៅសម័យកាលទី៤នេះ លោកចែកជា ៣សម័យកាលតូចៗទៀតគឺ ៖
១. សម័យលង្វែក (គ.ស.១៣៣៦ ១៥៩៣)
២. សម័យក្រុងឧដុង្គមានជ័យ (គ.ស.១៦១៨ ១៨៥៩)
៣. សម័យក្រុងភ្នំពេញ (គ.ស.១៨៥៩ បច្ចុប្បន្ន) ។ (លាង ហាប់អាន, សិក្សាប្រវត្តិអក្សរសាស្ត្រខ្មែរ, សម័យនគរភ្នំដល់សម័យឧដុង្គ (សតវត្សទី១ ដល់១៨៥៩), បណ្ណាគារ គឹម អេង, ១៩៦៧, ទំព័រ ៥ ១១។)។

រីឯលោក ខឹម សំឱរ វិញបានធ្វើការបែងចែកសម័យកាលអក្សរសាស្ត្រខ្មែរជា ៤ផ្នែកគឺ ៖
១ អក្សរសាស្ត្រខ្មែរសម័យអង្គរ
២ អក្សរសាស្ត្រក្រោយសម័យអង្គរ ឆ្លងតាមលង្វែកមកឧដុង្គ រជ្ជកាលព្រះអង្គឌួង 
៣ អក្សរសាស្ត្រនៅក្រោមនឹមដែកអាណានិគមបារាំង
៤ អក្សរសាស្ត្រក្រោយសង្គ្រាមលោកលើកទី២ មកទល់យើងសព្វថ្ងៃ ។ (ខឹម សំឱរ, ប្រវត្តិអក្សរសាស្ត្រខ្មែរ, បោះពុម្ពផ្សាយលើកទី ២, ១៩៥៦, ទំព័រ ៥ ១៦)។

ចំណែកឯលោកសាស្ត្រាចារ្យ លី ធាមតេង ដែលជាអ្នកប្រាជ្ញខាងផ្នែកអក្សរសាស្ត្រខ្មែរមួយរូបផងដែរនោះ បានធ្វើការបែងចែកសម័យកាលអក្សរសាស្ត្រខ្មែរជា ៥ សម័យកាលធំៗ គឺ ៖
១ សម័យមុនអង្គរ
២ សម័យអង្គរ
៣ សម័យកណ្ដាល
៤ សម័យអាណាព្យាបាល
៥ សម័យបច្ចុប្បន្ន ។ (លី ធាមតេង, អក្សរសាស្ត្រខ្មែរ, ១៩៦០, ទំព័រ ៤៥ )។

ឯលោក ម៉ា ឡាយខេម វិញនៅក្នុងសៀវភៅមួយរបស់លោកដែលមានចំណងជើងថា «អក្សរសាស្ត្រខ្មែរ» លោកបានបែងចែកសម័យកាលអក្សរសាស្ត្រខ្មែរជា ៤ គឺ៖
១ អក្សរសាស្ត្រសម័យអង្គរ (ពីស.វ.ទី៩ ទី១៥)
២ អក្សរសាស្ត្រសម័យក្រោយអង្គរ (ពីស.វ.ទី១៦ ទី១៨)
៣ អក្សរសាស្ត្រសម័យស្ដារឡើងវិញ (La littérature restaurée) (ពីស.វ.ទី១៨ ទី១៩)
៤ អក្សរសាស្ត្រសម័យទំនើប (ស.វទី២០) ។ (Ma Lay-Khen, La littérature khmère, Cambodge nouveau no 2, juin 1970, p. 68-70 )។

លោក ថៃ សុខ វិញបានធ្វើការបែងចែកសម័យកាលអក្សរសាស្ត្រខ្មែរជា ៥ គឺ ៖
១ សម័យមុនអង្គរ
២ សម័យអង្គរ
៣ សម័យកណ្ដាល
៤ សម័យអាណាព្យាបាល
៥ សម័យបច្ចុប្បន្ន ។ (Thay Sok, Traités de morale des Cambodgiens, thèse d’Université (inédite), Paris, Sorbonne, 1964, p.166)។

យោងតាមសៀវភៅ «ទិដ្ឋភាពទូទៅនៃអក្សរសាស្ត្រខ្មែរ» របស់លោកសាស្ត្រាចារ្យ ឃីង ហុកឌី លោកបាននិយាយថា «រហូតមកដល់បច្ចុប្បន្នកាលនេះ យើងឃើញមាននិន្នាការពីរក្នុងបញ្ចែកអក្សរសិល្ប៍ខ្មែរ គឺតាមប្រវត្តិវិជ្ជា និងតាមភាសាវិជ្ជា ។ ប្រវត្តិវិទូ បានចែកតាមលំដាប់សម័យគឺ ៖
១ សម័យមុនអង្គរ (ពីស.វ.ទី១ ស.វ.ទី៨)
២ សម័យអង្គរ (ពីស.វ.ទី៩ ស.វ.ទី១៤)
៣ សម័យក្រោយអង្គរ (ពីស.វ.ទី១៥ ស.វ.ទី១៨)
៤ សម័យអាណានិគមបារាំង (ពីគ.ស.១៨៦៣ គ.ស.១៩៥៣)
៥ សម័យបច្ចុប្បន្ន (ពីគ.ស.១៩៥៣ រហូតមកដល់សព្វថ្ងៃ) ។
ជួនកាល គេចែកឲ្យលម្អិតតទៅទៀតក្នុងសម័យនីមួយៗ ។ 

ចំណែកឯភាសាវិទូបានចែកចង្កោមអក្សរសិល្ប៍ខ្មែរតាមការវិវត្តនៃភាសា និងនិរុត្តិសាស្ត្រ គឺ ៖
១ សម័យបុរាណ ដែលហៅថាខ្មែរបុរាណ ឬខ្មែរចាស់ គឺភាសាខ្មែរដែលបុព្វបុរសយើងបានធ្វើចំណារលើផ្ទាំងថ្មដា ពាសពេញលើអាណាចក្រ យើងប្រសិទ្ធិនាមហៅថា «សិលាចារឹក» ។ «ភាសាខ្មែរបុរាណ» គឺរាប់ពីសតវត្សទី ៧ ដល់សតវត្សទី ១៤ ។ 
២ សម័យកណ្ដាល ឬសម័យ «ភាសាខ្មែរកណ្ដាល» គឺជាភាសាខ្មែរដែលយើងឃើញលើសិលាចារឹកខ្លះៗ និងនៅលើសាស្ត្រាស្លឹករិត ក្រាំង គម្ពីរ ក្បួន ច្បាប់ផ្សេងៗក្នុងកំឡុងសតវត្សទី១៩ ។ 
៣ សម័យបច្ចុប្បន្នកាល គឺជាសម័យនៃភាសាខ្មែរទំនើប ឬខ្មែរថ្មី គឺជាភាសាដែលខ្មែរយើងនិយាយ សរសេរ ប្រើការរហូតមកដល់សព្វថ្ងៃនេះឯង គឺតាំងពីកណ្ដាលសតវត្សទី ១៩ ដល់ទី២០នេះ ។» (ឃីង ហុកឌី, ទិដ្ឋភាពទូទៅនៃអក្សរសាស្ត្រខ្មែរ, បណ្ណាគារអង្គរ, ២០០៣, ទំព័រ ៤ ៥ )។

ចម្ងល់ស្ដីពីការធ្វើបញ្ចែកសម័យកាលអក្សរសិល្ប៍នៅតែជាបញ្ហាចោទមួយសម្រាប់អ្នកសិក្សាស្រាវជ្រាវខាងវិជ្ជាអក្សរសិល្ប៍ដដែលជាដដែល ។ អ្នកសិក្សាខ្លះនៅមានភាពស្រពិចស្រពិលនៅក្នុងការសម្រេចយកជាគោលនូវទស្សនៈមួយស្ដីពីសម័យកាលអក្សរសិល្ប៍នៅកម្ពុជានេះណាស់ ដោយអ្នកសិក្សាខ្លះទាញយកតាមការធ្វើបញ្ចែកដោយរៀមច្បងអ្នកសិក្សានេះ ឬអ្នកសិក្សានោះ ខុសៗពីគ្នា ។

តែប្រសិនជាសិក្សាឲ្យបានស៊ីជម្រៅ តាមបែបវិទ្យាសាស្ត្រដោយយកមូលដ្ឋាននៃការសិក្សាក្នុងវិជ្ជានិរុត្តិសាស្ត្រ និងភាសាវិទ្យាមកធ្វើជាវិធីសាស្ត្រ គឺគេអាចចែកសម័យកាលអក្សរសិល្ប៍ខ្មែរជា ៣សម័យកាល ទៅតាមការវិវត្តនៃភាសាខ្មែរ ដូចតទៅ ៖
១. សម័យបុរាណ ដែលហៅថាខ្មែរបុរាណ ឬខ្មែរចាស់ ដោយគិតពីសតវត្សទី ៦ ដល់សតវត្សទី ១៤ ។
២. សម័យកណ្ដាល ឬសម័យ «ភាសាខ្មែរកណ្ដាល» ដោយគិតពីសតវត្សទី ១៥ ដល់ពាក់កណ្ដាលសតវត្សទី ១៩ ។ 
៣.សម័យបច្ចុប្បន្នកាល គឺជាសម័យនៃភាសាខ្មែរទំនើប ឬខ្មែរថ្មី ដោយគិតពីពាក់កណ្ដាលសតវត្សទី១៩ ដល់បច្ចុប្បន្ន ។

សរុបសេចក្ដីមក អក្សរសិល្ប៍ខ្មែរត្រូវបានបែងចែកជា៣សម័យកាលធំៗ ដូចដែរបានលើកមកបង្ហាញខាងលើស្រាប់ ។ ដោយសារតែអក្សរសិល្ប៍ក៏ជាមុខវិជ្ជាវិទ្យាសាស្ត្រមួយដែរ (វិទ្យាសាស្ត្រសង្គម) ដូចនេះការធ្វើបញ្ចែកចែកសម័យកាលអក្សរសិល្ប៍ក៏តោងត្រូវសិក្សាតាមបែបវិទ្យាសាស្ត្រផងដែរ ។ 
..............
ភ្នំពេញ, ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦
រៀបរៀងដោយ ៖ សេង សុវណ្ណដារ៉ា
(រក្សាសិទ្ធិគ្រប់យ៉ាង)

No comments:

Post a Comment