កឹងកន្ត្រៃ
បទព្រហ្ម[1] :
១- កូនណើយចូរបាស្ដាប់ ឪពុកប្រាប់អាថ៌ប្រស្នា
មានក្នុងព្រះមាត្រា ចងទុកមកប្រសើរក្រៃ។
ថាឱ!ស្ងួនត្រកាល ហេតុសម្ភារបាបុត្រថ្លៃ
កើតកបក្នុងភពត្រៃ ក្នុងលោកិយនេះចូរបា។
ប្រួញប្រុងក្នុងឥន្ទ្រីយ កូនកុំបីធ្វេសឡើយណា
ត្រិះរិះក្នុងប្រាជ្ញា ឈ្លាសឆ្លើយប្រាកដកើតកេរ្ដិ៍។
ឪពុកផ្ដែផ្ដាំផ្ដាច់ ពាក្យសាច់គ្រេចនេះចងចេរ
ចូរចាំចូរចេះពី- ចារណាសព្វអាថ៌ប្រស្នា។
៥- ឱ!កូនស្ងួនពន្លក គួរគិតយកពាក្យបិតា
ចូរចាំចូររក្សា កុំបីបាប្រហែសឡើយ។
ឪពុកចាស់ហើយណា មានតែបាបុត្រត្រានត្រើយ
ស្នងខ្លួនឪពុកហើយ ប្រុងប្រយ័ត្នឯក្រោយក្រៃ។
អនាគតកាលទៅ ឯភ្នែកនៅពុំជួរក្ដី
ឱ!កូនស្ងួនថ្លើមថ្លៃ កុំប្រហែលធ្វេសឡើយណា។
ឱ្យរិះរករៀនច្បាប់ ចាំឱ្យខ្ជាប់ក្នុងអាត្មា
ប្រែប្រុងក្នុងចិន្ដា ពាក្យបិតាទុកក្នុងប្រាណ។
ឱ!កូនស្ងួនពន្លក ឱ្យអ្នកយកពាក្យនិទាន
កើតកបបរិបូណ៌បាន សុខក្សេមក្សាន្តដោយក្រឹត្យក្រម។
១០- ទើបកូនស្ងួនឪពុក គង់កេរ្ដិ៍មុខថ្កើងឧត្តម
ដ្បិតមានក្ដីបារម្ភ បានរុងរឿងកេរ្ដិ៍បិតា។
អ្នកកុំអាងស័ក្ដិយស អាងរបស់ចោលប្រាជ្ញា
បន្ថយអង្គអាត្មា ទើបហៅថាប្រសើរក្រៃ។
ថ្កើងកេរ្ដិ៍ហើយថ្កើងអង្គ ពូជផៅពង្សឪពុកនៃ
បាបានសំរិទ្ធិ ក្នុងលោកិយនេះហោងណា។
លោកឱ្យត្រាប់ពុតកង់ វិលសព្វអង្គត្រូវគ្រប់គ្នា
កុំត្រាប់នៃពុតខ្លា យល់តែសាច់ចង់តែឆី។
កុំត្រាប់ពុតដើមជ្រៃ ពឹងប្រាស្រ័យនៃព្រឹក្សា
យូរអង្វែងទៅណា នៅរួមរិតឈើមែនមរណ៍។
១៥- ឱ្យយកឯកុកស័ព្ទ កុំឱ្យត្រាប់ឯកុកស
ប្រើត្រាប់ឫស្សីល្អ កុំបីត្រាប់កន្ទ្រាញស្នាយ។
ប្រើយកស័ព្ទក្ងោក កុំបីយកពុតទន្សាយ
ប្រើត្រាប់អ្នកប្រាជ្ញប្រាយ កុំបីត្រាប់អ្នកណាខ្លៅ។
រៀនចេះឱ្យសាយសព្វ ឱ្យគ្រាន់គ្រប់ច្បាស់រាក់ជ្រៅ
ប្រើត្រាប់គ្រូប្រដៅ កុំបីត្រាប់នាមនុស្សកាច។
ប្រើយកឯកាព្យកិច្ច កុំបីត្រាច់ត្រង់ឯល្ងាច
ប្រើយកឯពុតលាច កុំបីត្រាប់ពុតរលេង។
ប្រើយកអ្នកណាខ្ជាប់ កុំបីត្រាប់អ្នកណាក្មេង
ប្រើយកអ្នកណាឆ្វេង កុំបីត្រាប់អ្នកសើវើ។
២០- មានទ្រព្យលោកប្រើទុក បើនៅស្រុកដាំឫស្សី
ធ្វើស្រែនឹងក្របី ប្រើប្រណីយកកូនវា។
រីច្បាប់១នោះកូវ ឱ្យទុកទ្រូស្រះបន្លា
អារសាច់ជូនទៅខ្លា នោះទើបជានៅស្រុកបាន។
កោកៗកុំអាងព្រៃ ឋានទួលទីភ្នំកំបាំង
តុកកែយំបំភ្លាង ឯងអួតអាងនៃរន្ធជា។
ហ៊ីងកំប៉ោងកុំអាលអើត គីងគក់ចំទើតកុំអាលថា
គេដើរយកជាគ្នា ក្រែងប្រែជាសត្រូវផង។
ខ្លាឈ្មោលដើររកស៊ី ឯខ្លាញីដើរធេងធោង
ខ្លាឈ្មោលពពាលខ្លាំង ដើរកែងកោងវាត់កន្ទុយ។
២៥- រមាសមានកុយពុក កុំពឹងស្រុកនៅព្រៃជ្រោយ
ដំរីភ្លុកកុំឱ្យ ពាក់ពឹងព្រៃរនាមហោង។
ក្រែងព្រានព្រៃវាយល់ វាតាមដល់បោះបាញ់អង្គ
កុំអាងខ្លាំងទ្រើសទ្រង់ កុំអាងអង្គពូកែកាយ។
ក្និចក្នក់មកពីស្រែ ឯងយល់គេកុំមើលងាយ
កុំថាគេថោកថយ ក្រែងគេគាប់នឹងចៅទៃ។
ហេតុបោះមិនបានបាញ់ បើស្រឡាញ់មិនថាឆ្ងាយ
ទូកបែកសំពៅធ្លាយ ដល់លង្ការវិលមកបាន។
បើខឹងកុំឱ្យបាញ់ បើស្រឡាញ់កុំឱ្យខ្ចី
ទោះឃ្លានកុំអាលឆី យល់តែស្រីកុំអាលចង់។
៣០- ឱ្យដើរជាងនឹងរត់ ទើបឱ្យអត់ជាងនឹងឆី
ឱ្យស្ងៀមជាងនឹងស្ដី ឱ្យអង្គុយជាងនឹងដេក។
ឱ្យលោមជាងនឹងខំ យកក្រពុំជាងនឹងរីក
អំបុកជាងនឹងចេក ឱ្យក្រឡេកជាងនឹងមើល។
អន្ទង់ឱ្យឱនភក់ ទើបឱ្យកុកឱនត្រពាំង
ស្នាឱ្យឱនរមាំង ពស់វែកឱ្យឱនកង្កែប។
បាយស្រូបជាភ័ព្វឆ្មារ ប្រពន្ធមាជាភ័ព្វក្មួយ
ដំរីស្លាប់ជាភ័ព្វកួយ ប្រពន្ធក្មួយជាភ័ព្វមា។
គេខុសកុំអាលអរ យល់គេមកកុំអាលខំ
គេស្លាប់កុំអាលយំ ឃើញគេធំកុំអាលត្រេក។
៣៥- ស្រមរមិនដែលទុំ ឯក្រមុំមិនដែលស្លូត
ពពែមិនដែលងូត ឯចង្កូតមិនដែលនឹង។
ទឹកហូរមិនដែលហត់ រីព្រះពុទ្ធមិនដែលខឹង
អ្នកខ្ជាប់មិនដែលនឹង អ្នករបឹងមិនដែលថយ។
អ្នកត្រង់មិនដែលភូត ឯអ្នកស្លូតមិនដែលកាច
អ្នកខ្លៅមិនដែលប្រាជ្ញ អ្នកកំណាចមិនដែលជៀម។
កំពង់មិនដែលស្ងាត់ រីឯមាត់មិនដែលស្ងៀម
រីស្វាមិនបង់បៀម រីឯសៀមមិនបង់ក្បួន។
ឯស្ទឹងមិនដែលត្រង់ បើចិត្តចង់មិនដែលស្ងួន
សុភាពមិនដែលពួន ឯខ្លួនឯងមិនដែលស្អប់។
៤០‑ រីអ្នកចិត្តធំក្ដាត់ ឥតសុច្ចរិតពុំគិតក្រែង
បើនឹងមើលខ្លួនឯង ដោយធម៌ថាពុំដែលឆុត។
ឯយួនពុំបង់ពុត រីស្រីស្បថគិត[2]ឱ្យជឿ
កិច្ចការអាថ៌សារពើ កុំបីធ្វើឱ្យមោហោ។
អស្ចារ្យមួយធំប៉ោ កង្កែបលោខាំពស់វែក
អស្ចារ្យមួយចំឡែក មៀមដេញក្អែកហើរទៅឆ្ងាយ។
អស្ចារ្យមួយទូលាយ ម្ដេចទន្សាយដេញខាំឆ្កែ
ពងមាន់ក្នុងរាវរ៉ែ ម្ដេចមកប្រែពាំក្អែកវិញ។
ឆ្កែស្អុយអូសទៅដាក់ នៅនាពាក់កណ្ដាលត្រាញ់
ពាពាំឯត្មាតវិញ ហើរទៅពាក់កណ្ដាលឋាន។
៤៥‑ ក្សីណឯសត្វកណ្ដុរ ខឹងងងុលប្រែប្រឹងប្រាណ
លោលោតៗគង្គាន រត់មកទាន់ខាំឯឆ្មា។
អស្ចារ្យមួយសោតណា ទឹករលាដេញត្រពាំង
អស្ចារ្យអ្វីត្រឡាំង ទឹកត្រពាំងដេញអណ្ដើត។
អស្ចារ្យមួយឯងកូវ ធ្វើស្រែស្រូវចុងរកា
អស្ចារ្យមួយសោតណា រកមច្ឆាក្នុងឫស្សី។
មិនបង់ទៅក្នុងទឹក ជ្រៅពន្លឹកនោះឯងណា
អ្នកបង់រកត្រីប្រា នានៅក្នុងគុម្ពឫស្សី។
រៀងរាបពីបុរាណ ពុំដែលមានដូច្នេះតើ
ប្រែប្រួលអង្គឥតបី បីពំនាក់យល់ក្រក្រៃ។
៥០‑ អស្ចារ្យមួយមហិមា រីធម្មតាថាក្សត្រថ្លៃ
ឥតធម៌ដល់តិចនៃ ពុំប្រណីគាប់ជាខុស។
រីអ្នកមានទ្រព្យធន ថ្កើងលើសលន់មានស័ក្ដិយស
រីអ្នកឥតរបស់ រស់ក៏គាប់ស្លាប់ក៏គួរ។
និទាននេះទុកស្លេះ ដំណើរនេះចប់បរិបូណ៌
អ្នកមានភ័ព្វមិត្រមូល ដោយអនុកូលក្នុងអង្គអាថ៌។
ធ្វើស្រែពុំព្រួយភ្ជួរ រក្សាទ្រព្យប្រឹងសង្វាត
ពុំដែលឃ្លាតបំណង ...............................[3]។
មានទ្រព្យសោតសឹងគង់ បំពេញអង្គពុំដែលខ្ចាត់
មានខ្ញុំពុំរត់បាត់ កូនដំកាត់សឹងសះឯង។
៥៥‑ មានខ្ញុំពុំវង្វេង បាត់បង្វែងពីអម្ចាស់
មានឆ្កែៗវៃឆ្លាស ចាំរបស់ព្រុះគឃរ។
ក្រែងមានមនុស្សជាចោរ យល់ស្រមោលដេញខាំបាន
ដល់ខ្លួនបណ្ដាច់ឋាន មានប្រាជ្ញាគិតស្រាយរួច។
នេះនឹងគិតគណនា នឹងឧបមាពាក្យតិចតួច
គិតគូតែកាន់កួច ឥតដំនួចក្នុងប្រាជ្ញា។
ឥតភ័ព្វឥតភាភ័យ គ្មានសេចក្ដីក្នុងប្រាជ្ញា
សេចក្ដីនេះឧបមា ដូចគ្រឹះហាថាពិមាន។
ឥតភ័ព្វឥតភាសោះ សូន្យចំពោះស្មោះជាក់ស្បាន
គួរត្រិះរិះរួសរាន់ គិតខ្មីខ្មាន់ចិត្តកាន់នៅ។
៦០‑ អស្ចារ្យមួយដូចអ្នក ស្វែងបាញ់ចាក់បក្សីត្រូវ
ម្ដេចឡើយប្រែរួចទៅ ហួសកាំទៅត្រូវឯទន្សាយ។
បាញ់ជ្រូកត្រោសពាំខ្នាយ កាំធ្លាក់ធ្លាយក្នុងត្រពាំង
ជ្រាវរកអស់កម្លាំង ក្នុងត្រពាំងជាន់ទៅលើ។
សឹងមាសប្រាំរទេះ វិលមកស្លេះរកកញ្ជើ
ជាន់ច្រាំងបាក់ទៅលើ ឃើញកំណប់ប្រាក់សស្ញាច។
ប្រពន្ធសឹងទងភ្ញី ប្រពៃណីព្រេងបុរាណ
អរឯងឥតប្រមាណ ជាន់ជំពប់លើគែមគង។
មើលនាយហើយមើលអាយ បោចវល្លិ៍ឆ្ងាយមកនឹងចង
មើលទៅស្វាយពងត្រង ដូចគេក្រងសឹងទុំៗ។
៦៥‑ សម្លឹងមើលនៅថ្ងៃ មើលទៅព្រៃៗដង្គំ
ឃើញឯអាចម៍ខ្លាឃ្មុំ នៅក្នុងព្រៃច្រើនពេញពាស។
អ្នកខ្លៅអន្ធពាល ចិត្តស្រើបស្រាលសឹងដូច្នេះ
យកនោះថាជានេះ ហើយយកនេះថាជានោះ។
ចោលចាស់យកកម្លោះ ចាប់បាព្រោះថារាជសីហ៍
ទៅចាប់ឯដំរី អស់សេចក្ដីថាជាគាប់។
ចាប់ពពូលយកមកខ្មី ឱ្យចំណីថាជាព្រាប
ម្ដេចឡើយយកមនុស្សទាប មកចិញ្ចឹមថាជាខ្ពស់។
អស្ចារ្យមួយតូចក្ដាត់ ឥតចរិតពុំជួរក្ដី
ចាប់បានកង្កែបខ្មី ដោយវាទីថាជាពស់។
៧០‑ ម្ដេចឡើយប្រែមកខុស ចាប់ត្រីរ៉ស់ថាជាស្ការ
ចាប់មាន់ថាជាទា ដកប្រទាលថារមៀត។
ម្ដេចឡើយយកសាច់ឆ្កែ មកប្រែថាជាត្រីងៀត
យកម្ដេចអ្នកកន្ទៀត ទុកចិត្តថាជាញាតិឯង។
អនាគតកាលទៅ ឯភ្នែកនៅនឹងវង្វេង
យកតែនឹងចិត្តឯង ពុំដែលក្រែងតូចជាធំ។
អស្ចារ្យអង្គឺក្ដី នាលោកិយប្រែច្រឡំ
គិតគូតែអារម្មណ៍ យកអ្នកប្រាជ្ញជាអ្នកខ្លៅ។
អ្នកហ៊ានថាអ្នកខ្លាច អ្នកកំណាចមកថាជា
ចំណេរទៅហើយណា កង្កែបវាដេញខាំពស់។
៧៥‑ ដំណទៅឯភ្នែក អស្ចារ្យប្លែកពស់ខាំស្កា
ដំរីនោះសោតណា មកប្រែជាខ្លាចកណ្ដុរ។
ហៃបាបុត្រស្ងួនគ្រង យកចិត្តចងគិតឱ្យយល់
ប្រាជ្ញាស្រាយកុំឆ្ងល់ ដោយយោបល់គិតរាក់ជ្រៅ។
អញឪពុកផ្ដែផ្ដាំ ចូរបាចាំទៀងទុកនៅ
ពាក្យឪពុកប្រដៅ ឱ្យអ្នកមាសខំប្រុងប្រាណ។
អស្ចារ្យនេះសូរេច ពាក្យសាច់គ្រេចអាថ៌និទាន
ចូរបាត្រិះរិះធ្យាន សព្វថ្ងៃកុំបាភ្លាំងភ្លេច។
ឱ្យកូនមានស្នេហ៍ស្នង ចូរត្រងរ៉ងចាំពាក្យពេចន៍
អស់អាថ៌ប្រស្នាស្រេច អាថ៌សេចគ្រេចអញផ្ដាំទុក។
៨០‑ ចូលចាំពាក្យបិតា បុត្រសង្សារមាសឪពុក
នឹងបានសេចក្ដីសុខ ប្រាស់លែងទុក្ខអំពល់ភ័យ។
ប្រកបការដោយបុណ្យ បារមីគុណកែវទាំងបី
បាបានសំរិទ្ធី ដូចសេចក្ដីនៃប្រាថ្នា។
ថ្កើងកេរ្ដិ៍ហើយថ្កើងអង្គ ផៅពូចពង្សញាតិវង្សា
ពាក់ពឹងបុណ្យបាណា ដោយប្រាជ្ញាបាឈ្លាសវៃ។
អ្នកផងសឹងកោតខ្លាច ក្រែងអំណាចដោយធម៌ថ្លៃ
ថ្កើងកេរ្ដិ៍ឯពុកនៃ គេសរសើរបាកន្លង។
ចូលបារៀនផ្គត់ផ្គង់ រៀនបំរុងដោយគន្លង
បាកុំឱ្យមានហ្មង អស់អ្នកផងគេក្រោធក្រៃ។
៨៥‑ ចែងចប់គ្រប់ហើយណា កុំបីបាមានសង្ស័យ
ផ្ដែផ្ដាំស្រេចហើយនៃ អាថ៌គម្ពីរចែងចប់ហោង៕
(ចប់)
សូមអរគុនដែលបានpostសាស្ត្រាច្បាប់កឹងកន្ត្រៃនេះ។ លោកដាក់ថា (នៅមានត) បានសេចក្តីថា មិនទាន់ចប់មែនទេ? ព្រោះនៅវគ្គទី៨៥ លោកសរសេរថា(ចប់)។
ReplyDeleteអរគុណ
ហេង មណីចិន្តា