Thursday, June 15, 2017



រឿងទី៣០នៃរឿងកឹងកន្ត្រៃឡាវ៖
 
«រឿងខ្លា​និងមហាឥសី,
ការវិនិច្ឆ័យក្ដីដោយគោ, ចចក, ត្មាត, ស្វា, ទេវតានិងទន្សាយ»
(Le Tigre et L’ermite, Les Jugements du Bœuf, du Chachak, du Vautour, du Singe, du Dévata et du Lièvre)

          គេនិទានថា មានខ្លាមួយបានទៅដេកនៅលើរូងពស់ដែលមានពិសមួយ ហើយពស់នេះក៏​បាន​ចឹកខ្លា ឯខ្លាក៏បានងាប់ដោយសាររបួសនោះទៅ។ គ្រានោះមានមហាឥសីមួយអង្គបានធ្វើដំណើរ​បិណ្ឌ​បាត្រ​ក៏បាន ប្រទះឃើញសពខ្លាដែលដេកងាប់នៅលើរូងពស់ ដោយសារតែពិសពស់។ ដោយ​សេចក្ដី​អាណិតចំពោះខ្លានេះ មហាឥសីក៏បានប្ដេជ្ញាជួយសង្គ្រោះជីវិតរបស់ខ្លាកំសត់នេះ ដោយបាន​ស្ដោះផ្លុំទៅលើរបួសត្រង់កន្លែងដែលពស់ចឹកពិសពស់ក៏ជាសះមួយរំពេច ហើយខ្លាក៏ត្រូវប្រោះឲ្យមាន​ជីវិត​ឡើងវិញ។ ប៉ុន្តែសត្វនេះ ដោយបានឃើញព្រះមហាឥសីនៅក្បែរខ្លួនវា វាក៏កើតកំហឹងយ៉ាងខ្លាំង ព្រោះតែព្រះមហា ឥសីហ៊ានចូលមកដែនដីរបស់វានិងរំខានដំណេករបស់វា ដោយវាបាននិយាយទៅ​កាន់មហាឥសីថា មហាឥសីបានចូលមកក្នុងដែនដីរបស់វា ហើយវាចង់ហែកស៊ីមហាឥសីធ្វើជា ចំណី។ ព្រះមហាឥសីបានប្រកែកដោយបាននិយាយថា គាត់ចូលមកដែនដីរបស់ខ្លានេះ ក៏ព្រោះតែ​ចូលមកសង្គ្រោះជីវិតរបស់ខ្លាដែរ។ ខ្លាពុំចង់ស្ដាប់នោះទេ និងបាននិយាយនៅក្នុងសិទ្ធិរបស់ខ្លួនជា​ខ្លា​​ដែល​នឹងត្រូវស៊ីមនុស្សដែលបានចូលមកតំបន់របស់ខ្លួន។ ព្រះមហាឥសីបានប្រកែក។ ដោយពុំអាច​មានការយល់ព្រមខ្លានិងមហាឥសីក៏បាននាំគ្នាទៅរកគោ និងបានលើកនិយាយអំពីរឿងហេតុទាំង​ឡាយនៃការឈ្លោះគ្នានេះទៅកាន់គោ។
          គោបានស្ដាប់អំពីរឿងហេតុសព្វគ្រប់អស់ហើយ ក៏បានគិតថា ខ្លាគឺជាសត្វដ៏មានអំណាច​មួយ​ដែលនឹងសងសឹកអញ ប្រសិនបើអញពុំកាត់សេចក្ដីឲ្យខ្លាឈ្នះ។ រួចគោក៏បានសម្រេចចិត្តថា​មហាឥសីពិតជាខុស ដោយបានដើរចូលទៅដែនដីរបស់ខ្លា និងសម្រេច​ថាខ្លាមានសិទ្ធិស៊ីមហាឥសី។ ការកាត់ក្ដីដោយគោនេះ គឺពុំមានយុត្តិធម៌ទេ។ ព្រះមហាឥសី ក៏បានទៅរកចចក។ ចចកបានសញ្ជឹង​គិតថា ខ្លារស់នៅក្នុងព្រៃដូចជាខ្លួនដែរ ហើយខ្លាក៏ជាអ្នកជិតខាងដ៏មានអំណាចថែមទៀត ចចក​ខ្លាចអំណាចរបស់ខ្លា ហើយក៏សម្រេចចិត្តកាត់សេចក្ដីថាព្រះមហាឥសីខុស និងបានសម្រេចឲ្យខ្លា​មានសិទ្ធិស៊ីមហាឥសី។ ការកាត់សេចក្ដី នេះគឺពុំមានយុត្តិធម៌នោះទេ។ ព្រះមហាឥសីដោយពុំចង់​ឲ្យខ្លាស៊ីក៏បានទៅរកស្វា។ ស្វាចងចាំថាកាលដែលជីតារបស់ខ្លួនបានឃើញបុរសម្នាក់ធ្លាក់ទៅក្នុង​រណ្ដៅ​មួយ ហើយជីតារបស់ស្វាក៏បានទៅយោងសង្គ្រោះបុរសម្នាក់នោះពីរណ្ដៅ និងព្រមទាំងបាន​សង្គ្រោះបុរសនោះឲ្យគេចផុតពីខ្លាមួយផងដែរ ដោយបាន​ជួយគាត់ឲ្យឡើងទៅលើដើមឈើខ្ពស់ពី​ខ្លា។ ប៉ុន្តែបន្តិចក្រោយមក បុរសនោះដោយពុំមានការដឹងគុណចំពោះជីតារបស់ខ្លួន ក៏បានសម្លាប់ ជីតារបស់ខ្លួន។ ដោយបាននឹកឃើញនូវរឿងហេតុដូច្នេះ ស្វាក៏បានសម្រេចចិត្តថា ខ្លាមានសិទ្ធិយ៉ាង​ពិត​ប្រាកដដើម្បីស៊ីមហាឥសី។ ការកាត់សេចក្ដីនេះពុំយុត្តិធម៌ទេ។ ព្រះមហាឥសី ដោយពុំចង់ក្លាយ​ជា​ចំណីរបស់ខ្លា ក៏បានទៅរកត្មាត។ សត្វបក្សីនេះបានសញ្ជឹងគិតថា ខ្លាពុំអាចស៊ីមហាឥសីទាំង​មូលនោះទេ ហើយខ្លាច្បាស់ជាចោលចំណែកណាមួយដែលខ្លួនអាចស៊ីបន្ទាប់ពីខ្លា។ ត្មាតក៏បាន​សម្រេច​ចិត្តថា ខ្លាមានសិទ្ធិដាច់ខាតត្រូវតែស៊ីមហាឥសី។ ព្រះមហាឥសីបដិសេធចំពោះការកាត់​សេចក្ដីនេះ ក៏បានទៅរកទេវតាដែលជាអ្នករក្សាដើមឈើមួយ។ ទេវតាដោយកើតកំហឹងខឹងចំពោះ​មនុស្សដែលតែងតែកាច់មែកឈើមួយ​ ឬពីរមែកពីដើមឈើដែលគាត់រក្សាថែ ក៏បានសម្រេចការ​ប្រឆាំងទៅនឹងមហាឥសី ព្រមទាំងបានសម្រេចចិត្តថា ខ្លាមានសិទ្ធិដើម្បីស៊ីមហាឥសី។ ការកាត់​សេចក្ដី​នេះ​ពុំមានយុត្តិធម៌នោះទេ។ មហាឥសីក៏បានទៅរកទន្សាយដើម្បីឲ្យជួយរកយុត្តិធម៌។ ទន្សាយ​បានស្ដាប់នូវការលើកឡើងរបស់មហាឥសីនិងខ្លា ព្រមទាំងការវិនិច្ឆ័យលើការកាត់សេចក្ដី​ទាំង​៥ ដែលបានទម្លាក់កំហុសទៅឲ្យមហាឥសី។ ទន្សាយគិតយ៉ាងយូរ និងយល់ថាខ្លាអាចស៊ី​មហាឥសីដែលបានដើរទៅដែនដីរបស់គេ ដើម្បីប្រោះជីវិតរបស់គេឲ្យរស់ឡើងវិញ រីឯបណ្ដាអ្នកកាត់​សេចក្ដីទាំងអស់នោះ ដោយមានចិត្តល្អៀងភ្លេចនូវគោលការណ៍បរិសុទ្ធ ដែលជាកាតព្វកិច្ចរបស់ពួក​គេក្នុងនាមជាអ្នកកាត់សេចក្ដីដ៏យុត្តិធម៌នោះ ដែលបង្ខំចិត្តឲ្យមានការកាត់សេចក្ដីផ្ទុយ ទៅនឹងការ​ពិត​លើមហាឥសីដែលជាអ្នកធ្វើអំពើល្អចំពោះខ្លា។ ដោយបានពិចារណាដូច្នេះ ហើយទន្សាយក៏បាន​សម្រេចចិត្តក្រោមលេសថាចង់មើលកន្លែងដែលកើតហេតុ និងធ្វើការពិនិត្យនូវសកម្មភាពដែល​បានកើតឡើងកន្លងមកនោះ ដោយខ្លានិងមហាឥសីក៏បានធ្វើដំណើរទៅជាមួយនឹងទន្សាយទៅ​មើល​នៅកន្លែងកើតហេតុ។ ពួកគេក៏បានទៅដល់កន្លែងកើតហេតុជាមួយគ្នា ហើយទន្សាយក៏បានស្នើឲ្យ​ខ្លា​ទៅ​ដេកនៅលើរូងពស់ឲ្យដូចពេលដែល​មហាឥសីបានមកដល់ទីនេះ។ ខ្លាស្ដាប់តាមការណែនាំ​របស់​ទន្សាយក៏ទៅដេកនៅលើរូងពស់ ហើយខ្លាក៏ត្រូវពស់ចឹក និងងាប់នៅទីនោះទៅ។ «ឱ!ព្រះ​មហា​ឥសី! (ទន្សាយ និយាយទៅកាន់បុរសនេះ), អ្នកពុំដឹងទេថា ខ្លាជាសត្វរមិលគុណពីធម្មជាតិ និង​កាច​សាហាវ។ វាត្រូវបានផ្តន្ទាទោសហើយនាពេលនេះ ចំពោះភាពរមើលគុណរបស់វា។ លើក ក្រោយមហាឥសីគួរតែធ្វើអំពើល្អជាមួយនឹងមនុស្សល្អ»។
          ការកាត់សេចក្ដីនេះ គឺយុត្តិធម៌៕

ប្រែសម្រួលពីសៀវភៅ «Contes Laotiens et Contes Cambodgiens» របស់លោក Adhémard Leclère



ប្រែសម្រួលជាខេមរភាសាដោយ ៖ សេង សុវណ្ណដារ៉ា

No comments:

Post a Comment