Monday, June 19, 2017

តើនរណាជាអ្នកនិពន្ធដើមបង្អស់នៃរឿងមហាវេស្សន្តរ?

 
 

រឿងមហាវេស្សន្តរជាតក គឺជាជាតកចុងក្រោយបង្អស់នៃរឿងទសជាតក ដែលមានដំណើររឿងវែងជាងគេ ហើយដែលកន្លងមកយើងប្រទះជួបអត្ថបទនៃអក្សរសិល្ប៍មួយនេះក្នុងទម្រង់ច្រើនបែបច្រើនយ៉ាងណាស់ ដោយអត្ថបទខ្លះសរសេរឡើងជាកំណាព្យ ខ្លះទៀតជាសម្រាយ និងខ្លះទៀតជាអត្ថបទកម្រងកែវជាដើម។

សូមរំលឹកថារឿងមហាវេស្សន្តរជាតកនេះ ត្រូវបានបកប្រែពីភាសាមគធៈមកជាខេមរភាសាក្នុងរជ្ជកាលព្រះបាទអង្គដួង ពីព្រោះក្នុងសម័យនោះ គេប្រទះឃើញមានអ្នកប្រាជ្ញជាច្រើនរបស់ខ្មែរខាងពុទ្ធសាសនា បានចេះចាំស្ទាត់នូវមគធភាសា ដូចយ៉ាងឧកញ៉ាព្រះឃ្លាំង នង, ឧកញ៉ាកោសាធិបតី កៅ, ព្រះអង្គដួង ជាដើម។

រឿងមហាវេស្សន្តរ​ជារឿងមានលក្ខណៈជិតស្និទ្ធជាងគេទៅនឹងព្រះពុទ្ធសាសនា ហើយរឿងនេះមានតម្លៃ និងមានការស្រឡាញ់រាប់អានសឹងស្មើនឹងរាមកេរ្ដិ៍ពីសំណាក់បណ្ដាជនខ្មែរផងដែរ។ បណ្ដាប្រទេសដែលគោរពប្រណិបតន៍ពុទ្ធសាសនា បានបង្កើតនូវពិធីបុណ្យដ៏សំខាន់មួយហៅថា «បុណ្យទេសន៍មហាជាតិ» ដើម្បីលើកមកសម្ដែងទេសន៍បរិយាយនូវវិរភាពដ៏ខ្ពង់ខ្ពស់របស់ព្រះវេស្សន្តរព្រះពោធិសត្វ។

តាមការសិក្សាស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ ញ៉ុក ថែម លោកបានបញ្ជាក់ថា រឿងមហាវេស្សន្តរនេះ ប្រហែលជានិពន្ធឡើងដោយព្រះពុទ្ធឃោសាចារ្យ ពោលគឺព្រះអង្គជាអ្នកនិពន្ធដើមបង្អស់នៃរឿងមហាវេស្សន្តរនេះឯង។

សេចក្ដីបញ្ជាក់បែបនេះ គឺជាការសមហេតុផលខ្លះដែរ ពីព្រោះតាមសៀវភៅ Inde classique គេបានលើកបង្ហាញនូវជីវប្រវត្តិរបស់ព្រះអង្គថា ព្រះពុទ្ធឃោសៈ (Buddhaghosa) មានកំណើតនៅដែនមគធរដ្ឋ (Magadha) ក្បែរកន្លែងព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់។ ព្រះអង្គមានកំណើតពីត្រកូលព្រាហ្មណ៍។ ព្រះអង្គបានបួសក្នុងសំណាក់ព្រហ្មញ្ញសាសនា ព្រមទាំងបានសិក្សារៀនសូត្រចេះចប់គម្ពីរត្រៃវេទថែមទៀតផង។ រួចក្រោយមកទៀត ព្រះអង្គក៏បានចូលបួសក្នុងសំណាក់ព្រះពុទ្ធសាសនា ដោយទ្រង់បាននិមន្តទៅគង់នៅនគរលង្កាក្នុងរជ្ជកាលព្រះបាទ «មហានាម» (Mohànàma) នៅសតវត្សទី៥នៃគ.ស.។

ព្រះពុទ្ធឃោសៈ គឺជាវិញ្ញូជនដ៏ខ្ពង់ខ្ពស់មួយព្រះអង្គក្នុងព្រះពុទ្ធសាសនា ទ្រង់មានចំណេះដឹងជ្រាលជ្រៅណាស់ សឹងរកថ្លែងពុំត្រូវនូវមហាចំណេះដឹងដែលព្រះអង្គទ្រង់ចេះដឹង។ ព្រះអង្គបាននិពន្ធ រៀបរៀងស្នាដៃជាច្រើនជាភាសាបាលីមានដូចជា : វិន័យ, ទីឃនិកាយ, បាដិមោក្ខ, ជាតកនានា (ក្នុងនោះមានរឿងមហាវេស្សន្តរជាតកផងដែរ), ធម្មបទ, វិសុទ្ធិមគ្គ ជាដើម។

ខ្ញុំធ្វើសេចក្ដីសិក្សាដោយសង្ខេបតែប៉ុណ្ណេះ ដើម្បីផ្ដល់ជាចំណេះដឹងបន្ថែមទៀតពាក់ព័ន្ធនឹងការសិក្សារឿងមហាវេស្សន្តរជាតកនេះ។ នាឱកាសក្រោយៗទៀត ខ្ញុំបាទនឹងលើករឿងនេះមកសិក្សាឱ្យបានពិស្ដារ ប្រយោជន៍បានជាទុនឯកសារផង និងបានជាចំណេះចេះដឹងចែកជូនលោកអ្នកទាំងអស់គ្នាបានសិក្សាឈ្វេងយល់ផងដែរ។

សេចក្ដីឆ្គាំងឆ្គងត្រង់ចំណុចណាមួយដែលកើតមានដោយអចេតនាលើអត្ថបទដ៏តូចមួយនេះ ខ្ញុំបាទក៏សូមអធ្យាស្រ័យទុកជាមុន៕

No comments:

Post a Comment