Wednesday, April 12, 2017

សាកល្បងឈ្វេងយល់ខ្លះៗអំពី «សិលាចារឹកគុកត្រពាំងស្រុក (K.91)» ៖

សាកល្បងប្រែសម្រួល និងរៀបរៀងដោយ ៖ សេង សុវណ្ណដារ៉ា

សិលាចារឹកនេះត្រូវបានរកឃើញដោយលោក L. De Lajonquière នៅប្រាសាទបុរាណមួយស្ថិត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ សិលាចារឹកនេះត្រូវបានយកមកតម្កល់ទុកនៅសារមន្ទីរសាលាបារាំងចុងបូព៌ា នាទីក្រុងសាយហ្គន នៅឆ្នាំ១៩០១ (ក) បន្ទាប់មកត្រូវបានយកទៅតម្កល់នៅសារមន្ទីរជាតិនៅក្រុងភ្នំពេញ និងចុងក្រោយត្រូវបានគេយកទៅតម្កល់នៅសារមន្ទីរ Albert Sarraut (D19) (ខ)។ លោកហ្ស៊ក សឺដែស បានធ្វើការសិក្សានិងបកប្រែសិលាចារឹកនេះជាភាសាបារាំងនៅក្នុងស្នាដៃរបស់លោកមួយដែលមានចំណងជើងថា «សិលាចារឹកកម្ពុជា» ភាគទី២ (Inscription du Cambodge, vol.II) (គ) ហើយក្នុងនោះលោក L. De Lajonquière ក៏បានធ្វើការសិក្សាទៅលើសិលាចារឹកនេះខ្លះៗផងដែរ ដោយបានចុះសិលាចារឹកនេះនៅក្នុងស្នាដៃនិពន្ធរបស់លោកដែលមានចំណងជើងថា «Inventaire» (ឃ) ភាគទី១ និងលោក Louis Finot ក៏បានធ្វើការសិក្សាខ្លះៗទៅលើសិលាចារឹកនេះនៅក្នុងស្នាដៃរបស់លោកដែលមានចំណងជើងថា «Stèles historiées du Cambodge, Etudes d’orientalisme (Mél. Linossier) ភាគទី១ (ង) ។ តាមរយៈការសិក្សារបស់លោកសឺដែស គឺនៅមានភាពខ្វះចន្លោះច្រើន តែលោកក៏បានធ្វើការសិក្សានូវសិលាចារឹកនេះដោយមនការផ្ទៀងផ្ទាត់ជាមួយនឹងការសិក្សារបស់អ្នកប្រាជ្ញមុនៗនោះផងដែរ ដូចជាលោក ហ្វីណូត៍ ជាដើម ។
សិលាចារឹកភាសាខ្មែរមួយនេះ ចែកចេញជា ៤ផ្នែក គឺមានផ្នែក ក, ខ, គ, និង ឃ ដែលសរុបទាំងអស់មាន ៥៤បន្ទាត់ ដោយផ្នែក ក មាន១៧បន្ទាត់, ផ្នែក ខ មាន ៣០បន្ទាត់, ផ្នែក គ មាន ៣ បន្ទាត់ និងផ្នែក ឃ មាន ៤បន្ទាត់ ។ ក្នុងនោះយើងឃើញថា ផ្នែក ក បានបាត់រលប់នូវតួអក្សរអស់ជាច្រើន ហើយនៅសល់តែប្រមាណជា ៤ទៅ៥បន្ទាត់ប៉ុណ្ណោះ ដែលពិបាកធ្វើឱ្យយើងពុំអាចសិក្សាបានលើសិលចារឹកត្រង់ផ្នែកមួយនេះបានទាំងស្រុងនោះទេ ។ ចំពោះផ្នែក ខ វិញ បានបន្សល់ទុកនូវអត្ថបទក្នុងទំហំច្រើនគួរសម ដែលអាចផ្ដល់ជាព័ត៌មានខ្លះៗទាក់ទងនឹងព្រឹត្តិការណ៍ក្នុងសម័យកាលដែលបានចារសិលាចារឹកនេះឡើង ។ ម្យ៉ាងទៀតនៅក្នុងផ្នែក ក, គ និង ឃ នេះបានបន្សល់ទុកការសេសសល់នូវពាក្យចារឹកតិចតួចប៉ុននេះក្ដី ក៏ក្នុងនោះ យើងបានមើលឃើញនូវទិន្នន័យដ៏ច្រើនផងដែរ ដែលត្រូវបានបង្ហាញនៅក្នុងចារឹកផ្នែក ខ ។
សិលាចារឹកនេះគឺមិនត្រូវបានចារឹកឡើងនៅគ.ស. ១០០២ ដូចដែលបានបង្ហាញដោយលោក ហ្វីណូត៍ នោះទេ ដោយលោកបានធ្វើការផ្អែកទៅលើកាលបរិច្ឆេទដំបូងនៃអត្ថបទនៅត្រង់ផ្ទាំង ខ ក្នុងចន្លោះបន្ទាត់ទី២០-២១ (ច) ។ តែយើងគ្រាន់តែអាចធ្វើការសន្និដ្ឋានបានថា សិលាចារឹកនេះអាចត្រូវបានចារឡើងនៅក្នុងសតវត្សទី១១ ដោយផ្អែកទៅលើសំណេរ និងតាមរយៈការលើកបង្ហាញនូវព្រះនាមរបស់ព្រះមហាក្សត្រទាំងឡាយដែលបានសោយទិវង្គតទៅហើយនោះ ។ ការដែលបានលើកបង្ហាញអំពីបរមមរណនាមរបស់ព្រះមហាក្សត្រទាំងឡាយនេះហើយ ដែលបានផ្ដល់ជាទិន្នន័យបានខ្លះៗលើការកំណត់អំពីកាលបរិច្ឆេទចារឹកសិលចារឹកនេះឡើង ។
ខាងក្រោមនេះជាព្រះបរមមរណនាមអតីតព្រះមហាក្សត្រដែលមានចារឹកនៅក្នុងសិលចារឹកគុកត្រពាំងស្រុកនេះ ៖
១.ព្រះបាទឥឝ្វរលោក (ព្រះបាទឥសានវរ្ម័ន)
២.ព្រះបាទបរមឝិវលោក (ព្រះបាទយសោវ្មរ័ន)
៣.ព្រះបាទរុទ្រលោក (ព្រះបាទហស៌វរ្ម័នទី១)
៤.ព្រះបាទបរមរុទ្រលោក (ព្រះបាទឥសានវរ្ម័នទី២)
៥.ព្រះបាទបរមឝិវបទ (ព្រះបាទជ័យវរ្ម័នទី ៤)
៦.ព្រះបាទព្រហ្មលោក (ព្រះបាទហស៌វរ្ម័នទី២)
៧.ព្រះបាទឝិវលោក (ព្រះបាទរាជេន្ទ្រវរ្ម័ន)
៨.ព្រះបាទបរមវីរលោក (ព្រះបាទជ័យវរ្ម័នទី៥)
៩.ព្រះបាទបរមនិវ៌្វានបទ (ព្រះបាទសូរ្យវរ្ម័នទី១)
១០.ព្រះបាទឝទាឝិវលោក (ព្រះបាទហស៌វរ្ម័នទី៣) ។






កំណត់សម្គាល់ ៖
(ក).អាចរកឃើញនៅក្នុងឆ្នាំ១៩០១ ព្រោះសិលាចារឹកនេះបានមកដល់មន្ទីរសាលាបារាំងចុងបូព៌ា នាទីក្រុងសាយហ្គននៅឆ្នាំដដែលនេះ ។
(ខ).G. Coedès, Inscription du Cambodge, vol.II, EFEO-Paris, P.126.
(គ). G. Coedès, Inscription du Cambodge, vol.II, EFEO-Paris, P.126-133.
(ឃ).L. De Lajonquière, Inventaire, I, P.110.
(ង).Louis Finot, Stèles historiées du Cambodge, Etudes d’orientalisme (Mél. Linossier), I, P.257.
(ច). G. Coedès, Inscription du Cambodge, vol.II, EFEO-Paris, P.126.

បញ្ជាក់រូបដែលមានចុះផ្សាយភ្ជាប់មកជាមួយនេះជាសិលាចារឹកគុកត្រពាំងស្រុក ផ្នែក «ខ» ។

No comments:

Post a Comment