Wednesday, April 19, 2017

ជាតក
     “ជាតក” គឺជាពាក្យបាលី (អានតាមលំនាំបាលី “ជាតៈកៈ” តែប្រសិនជាអានតាមលំនាំខ្មែរ “ជាដក់”) ។ ខ្មែរបុរាណបដិសេធ “ក” (ជាតក៍) អានថា /ជាត/[1]

     តាមវចនានុក្រមខ្មែរ របស់សម្ដេច ជួន ណាត បានពន្យល់ថា “ជាតក គឺជារឿងរ៉ាវពីក្នុងជាតិមុនៗ ដែលលោកអ្នកបានលុះញាណវិសេស សម្រា ប់​ដឹងជាតិ លោកសំដែងប្រាប់ យ៉ាងដូចជាតកទាំង ១០ មានតេមិយជាតកជាដើម ដែលព្រះ
សក្យមុនីសព្វញ្ញាពុទ្ធទ្រង់សំដែង ។[2]

     លោកសាស្ត្រាចារ្យញ៉ុក ថែម បានកំណត់និយមន័យថា “ជាតក គឺជាសមូហភាពនៃរឿងរ៉ាវទាំងឡាយដែលជាអតីតជីវិតនៃព្រះពុទ្ធគោតមបរ មគ្រូក្នុងអំឡុងដែលព្រះអង្គបានអន្ទោលទៅចាប់កំណើតក្នុងភពផ្សេងៗជាអនេកជាតិ ។ ទោះបីព្រះអង្គអន្ទោលទៅចាប់កំណើតជាអ្វីក៏ដោយក្នុងឋានៈជាអង្គព្រះពោធិសត្វទ្រង់តែងបានបំពេញសកម្មភាពខាងផ្លូវមនុស្សធម៌សុចរិតយុត្តិធម៌មានព្រះទ័យសប្បុរសប្រកបដោយមេត្តាករុណាតែងជួ​យសង្គ្រោះអ្នកដទៃ ឬសត្វដទៃដើម្បីឲ្យគេបានផុត
ចាកក្ដីទុក្ខលំបាកវេទនាផ្សេងៗ ។”[3]

     ឯលោកមហាឈឹម‑ស៊ុម វិញបានកំណត់ថា “
ពាក្យថា «ជាតក» ក្នុងទីនេះមានន័យថាគម្ពីរ ឬ រឿងដែលសម្ដែងអំពីចរិយានៃព្រះពុទ្ធកាលកើតក្នុងជាតិមុន ។ ព្រោះថាគម្ពីរជាតក ឬរឿងជាតកគឺជាគម្ពីរ ឬរឿងដែលសម្ដែងក្នុងបុព្វចរិត ឬបុព្វចរិយានៃមនុស្ស ឬតិរច្ឆាន ឬក៏ទេព្ដា ដែលកើតហើយក្នុងជាតិមុន ឬភពមុនកន្លងទៅហើយ” ។[4]

     ចំណែកឯលោកសាស្ត្រាចារ្យបណ្ឌិត ឃីង ហុកឌី ក៏បានកំណត់និយមដែរថា “ ជាតក ឬជាតក៍ ជានាមស័ព្ទករណនាម ប្រែថា ៖រឿងសម្រាប់សម្ដែងយ៉ាងពីរោះនូវការប្រព្រឹត្តិនៃព្រះភាគ (ព្រះពុទ្ធ) ដែលកើតហើយក្នុងអតីត ។ កុំច្រឡំនឹងពាក្យថា «ជាតិ» ដែលប្រែថា «កំណើត» ឬ «ការ
កើត» នោះឡើយ” ។[5]

     តាមការសិក្សាស្រាវជ្រាវកន្លងមករកឃើញថា «ជាតក» ទាំងអស់មានចំនួន ៥៤៧ និងមានប្រភពដើមពីគម្ពីរព្រះត្រៃបិដកផ្នែកខាងព្រះសុត្តន្ត បិដកភាសាបាលី ។[6]



[1] ឃីង ហុកឌី, កម្រងសិក្សាកថាខ្មែរ, ឧទ្ទិសប្រគេន ព្រះធម្មារាមោ ប៉ុណ្ណ‑សុម្ភាជ, ត្រង់អត្ថបទ សិក្សាមហាវេស្សន្ដរជាតក, ២០១១, ទំព័រ ២៨០ ។
[2] សម្ដេច ជួន ណាត, វចនានុក្រមខ្មែរ, ភាគទី១, ទំព័រ ១៨៩ ។
[3] ញ៉ុក ថែម, បញ្ញាសជាតកសង្ខេប, ភ្នំពេញ, មហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ, ១៩៦៣, ទំព័រ ១ ។
[4] បណ្ឌិតមហាឈឹម ស៊ុម, អត្ថនិទស្សន៍, ភ្នំពេញ, សុមនសុវត្ថិ, ១៩៦៦, ទំព័រ ១‑២ ។
[5] ឃីង ហុកឌី, កម្រងសិក្សាកថាខ្មែរ, ឧទ្ទិសប្រគេន ព្រះធម្មារាមោ ប៉ុណ្ណ‑សុម្ភាជ, ត្រង់អត្ថបទ សិក្សាមហាវេស្សន្ដរជាតក, ២០១១, ទំព័រ ២៨០ ។
[6] ឃីង ហុកឌី, កម្រងសិក្សាកថាខ្មែរ, ឧទ្ទិសប្រគេន ព្រះធម្មារាមោ ប៉ុណ្ណ‑សុម្ភាជ, ត្រង់អត្ថបទ សិក្សាមហាវេស្សន្ដរជាតក, ២០១១, ទំព័រ ២៨១ ។

No comments:

Post a Comment