Saturday, April 1, 2017

ប្រវត្តិពុទ្ធសាសនានៅប្រទេសកម្ពុជា

            ព្រះពុទ្ធសាសនា ផ្សាយមកប្រទេសកម្ពុជាមុនដំបូងតាមគម្ពីរពុទ្ធសាសនា សមន្តបាសាទិកាអដ្ឋកថា​ វិនយ បិដក ជាភាសាបាលី បានប្រាប់ព័ត៌មានថា កាលក្រោយពេលដែលធ្វើតតិយសង្គាយនារួចហើយ នៅក្នុងជម្ពូទ្វីប គឺ ប្រទេសឥណ្ឌា ក្នុងពុទ្ធសតវត្សទី ៣ ព្រះមហាថេរ១អង្គ ព្រះនាម មហាមោគ្គលិបុត្តតិស្សៈ បានចាត់ចែងបញ្ចូនព្រះ ថេរៈ ២អង្គ គឺព្រះ សោណត្ថេរ និងព្រះ ឧត្តរត្ថេរ ឲ្យចេញពីជម្ពូទ្វីប «ឥណ្ឌា» មកផ្សាយព្រះពុទ្ធសាសនានៅសុវណ្ណភូមិ ក្នុងបរមរាជូបត្ថម្ភនៃព្រះមហាក្សត្រព្រះនាម អសោក ។[1]រីឯដែនដីសុវណ្ណភូមិនេះ គឺជាដែនដីដ៏ធំមួយ ដែលមាន នគរខ្មែរ មន និងចាម ជាអ្នករស់នៅលើដែនដីនេះដំបូងគេ ពោលគឺជាម្ចាស់ស្រុកនេះតែម្ដង ។ ក្រោយមកទៀត បានមានកកើតប្រទេសសៀម ឡាវ ភូមា និងអណ្ណាម ដែលជាប្រទេសទើបតែកកើតថ្មីនៅលើដែនដីដ៏មានសក្ដានុពល មួយនេះ ។
ក-សម័យនគរភ្នំ
         តាមរយៈព័ត៌មានដែលបានមកពីសិលាចារឹកវ៉ូកាញ់ ដែលជាសិលាចារឹកចាស់ជាគេនៅតំបន់អាស៊ីអាគ្នេយ៍ បាន បង្ហាញយ៉ាងច្បាស់លាស់អំពីវត្តមានរបស់ព្រះពុទ្ធសាសនានៅនគរភ្នំនេះ ព្រោះសេចក្ដីក្នុងសិលាចារឹកនេះបានចែងអំពី​ព្រះហឫទ័យជ្រះថ្លារបស់ព្រះបាទស្រីមារៈ ព្រះបាទហ្វាន់ ចេម៉ាន់ ចំពោះព្រះពុទ្ធសាសនា   ចំណែកឯសិលាចារឹក ទន្លេបាទីវិញ ក៏បានផ្ដល់ព័ត៌មានជុំវិញជំនឿរបស់ខ្មែរចំពោះពុទ្ធសាសនានេះផងដែរ ដូចមានសេចក្ដីសម្រង់ថា
         "ព្រះជិនស្រីទ្រង់ឈ្នះនូវសឹកសត្រូវពោលគឺកិលេស ព្រមទាំងវាសនា ទ្រង់ប្រកបដោយសម្បទាគ្រប់ប្រការ មានពោធិញ្ញាណឥតទើសទាល់សល់ចំពាក់អ្វីឡើយ មានព្រះទ័យប្រកបដោករុណាចំពោះសព្វសត្វ មានព្រះយសធំ ទូលំទូលាយ ឥតមានមោះមានមន្ទិលអ្វីឡើយ ហើយផ្សាយទួទៅគ្រប់ទិសានុទិស   ព្រះអង្គស្រោចស្រង់សត្វដែល លិចលង់ក្នុងវាលដ្ដសង្សារគឺត្រៃភព ហើយបានដល់ត្រើយត្រាណឋានព្រះនិព្វានដ៏ឧត្តមឥតអ្វីប្រៀបបានឡើយ ព្រះ ស្រីធាតុ (គឺព្រះបរមសារីរិកធាតុ) ព្រះអង្គដែលតែងតែផកដល់ប្រយោជន៍ធំដល់សព្វសត្វទាំងឡាយ ក៏នៅតែផ្ដល់ ប្រយោជ៍ដល់សព្វសត្វលុះរហូតមកដល់ឥឡូវនេះ....... អំពើជាព្រះរាជកុសលដែលទ្រង់ (ព្រះបាទរុទ្រវរ្ម័ន) បាន បំពេញចំពោះព្រះធម៌ហើយមិនមែនដើម្បីតែព្រះរាជករណីយកិច្ចប៉ុណ្ណោះទេ គឺទ្រង់បំពេញដើម្បីអនុគ្រោះដល់លោក ទាំងមូលផង ទ្រង់គោរពព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ...ទ្រង់បានតាំងព្រះអង្គពេញជាឧសក ដែលឥតមានអំពើបាប លាមក........"[2]  ​ 
         សេចក្ដីដូចដែលសិលាចារឹកបានសរសេរនេះ ពិតជាបានបង្ហាញឲ្យឃើញថានាសម័យនគរភ្នំពិតជាមានវត្តមាន ព្រះពុទ្ធសាសនា ហើយជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទរុទ្រវរ្ម័ន យើងក៏ក្រឡេកឃើញមាន ព្រះសារីរិកធាតុរបស់ ព្រះសម្មាសម្ពុទ្ធ គឺព្រះកេសមួយសរសៃ សម្រាប់ជាទីសក្ការបូជាមួយនៅសម័យនោះ តែជាភ័ព្វអាក្រក់ ក៏ត្រូវព្រះរាជា ក្រុងចិនយកទៅបាត់
         ដូច្នេះយើងអាចទាញបានថា ព្រះពុទ្ធសាសនាជាសាសនាដែលបានចូលមកដល់ប្រទេសកម្ពុជាមុនព្រាហ្មញ្ញ សាសនាទៅទៀតនាសម័យនគរភ្នំ ។
ខ-សម័យចេនឡា
         ព្រះពុទ្ធសាសនា នៅសម័យចេនឡានេះ យើងមើលឃើញថាបានថយនូវអនុភាពរបស់ខ្លួននៅក្នុងស្រទាប់ ប្រជាជនខ្មែរ ដោយកាលពីសម័យនគរភ្នំនោះ ព្រះពុទ្ធសាសនាថេរវាទធ្លាប់មានការរីកចម្រើននិងការនិយមច្រើនពី សំណាក់មនុស្សផងគ្នា បែរជាត្រូវថយអនុភាពបន្ដិចម្ដងៗ ។នៅពេលនោះលទ្ធិព្រហ្មញ្ញសាសនាក៏ចាប់រីកចម្រើន ឡើងគួរឲ្យកត់សម្គាល់  តែមិនមែនមានន័យថាពុទ្ធសាសនាហីនយានរលាយសាបសូន្យភ្លាមនោះទេ ជាភស្ដុតាងគេ ប្រទះឃើញព្រះពុទ្ធរូបនៅព្រៃកប្បាស ដែលបានកសាងឡើងនៅសតវត្សទី ៧  និងសិលាចារឹកជាច្រើនទៀត ។  ភស្ដុ តាងជាច្រើនដែលយើងអាចធ្វើការរំលេចទាក់ទិននិងវត្តមានក៏ដូចជាការគោរពចំពោះព្រះពុទ្ធសាសនាពីសំណាក់ប្រជានុរាស្ត្រ ក៏ដូចជាព្រះមហាក្សត្រនោះ គឺតាមរយៈអត្ថបទសិលាចារឹកនានាដូចជាសិលាចារឹកសម្បូរព្រៃគុក, សិលាចារឹក ខៅរាំង,​សិលាចារឹកវត្តព្រៃវៀរ ជាដើម ។
         សិលាចារឹកសម្បូរព្រៃគុកបានបង្ហាញថា មនុស្សខ្មែរនាសម័យនោះមានជំនឿជឿលើពុទ្ធសាសនា ដោយពួកគេ មានការគោរពចំពោះនាគរាជមុចលិន្ទដែលប្រប់ព្រះពុទ្ធរូប ។ ក្នុងសេចក្ដីនៃអត្ថបទសិលាចារឹកនេះបានបង្ហាញអំពី ព្រាហ្មណ៍ម្នាក់ឈ្មោះ បសុបតិ ងារជា វិទ្យាវិសេសៈ ដែលជាអ្នកប្រាជ្ញមួយរូបមានចំនេះចេះដឹងខ្ពង់ខ្ពស់ ចេះអធ្វន៍ គឺផ្លូវវិទ្យាខាងវេយ្យាករណ៍ ខាងវៃសេសិកៈ ខាងន្យាយៈ ខាងសមីក្ខ (សំខ្យា,) នឹងពុទ្ធសាសនា ។
         ឯសិលាចារឹកខៅរាំង ក៏បានថ្លែងអំពីមន្ត្រីម្នាក់នាម សេនាហ្វ បានសាងព្រះវិហារមួយឧទ្ទិសថ្វាយព្រះពុទ្ធ សាសនា ព្រមទាំងបានថ្វាយទ្រព្យសម្រាប់វិហារនឹងទាសាចាស់ក្មេង ចំនួន​៣២ នាក់រាប់ទាំងអ្នករក្សាចំការដូងស្វាយ ច្រើនរយដើមផង ។
         ចំណែកឯសិលាចារឹកវត្តព្រៃវៀរវិញ ក៏បានចែងថា មានភិក្ខុពីរអង្គជាបងប្អូនបង្កើតជាតិជាក្សត្រចេញទ្រង់បព្វជា ហើយគង់នៅវត្តព្រៃវៀរនេះ ដូចមានសេចក្ដីក្នុងចារឹកនោះថា "ក្នុងដែនដីដែលទ្រង់គ្រប់គ្រងនេះ មានភិក្ខុពីរអង្គជាបង ប្អូនបង្កើត ទាំងពីរអង្គមានសីល ជាពហូសូត្រ មានខន្ដី មានខ្លួនទូន្មានហើយមានករុណា មានសមាធិចិត្តអរិយទ្រព្យ មាននាមខាងដើមថា រតនៈដូចជគ្នា ហើយខាងចុងមួយជាភាណុ មួយទៀតជាសិង្ហៈ គឺភិក្ខុរតនៈភាណុ១ ភិក្ខុរតនៈ សិង្ហៈ១ ។
         រីឯសិលាចារឹកវត្តប្រាសាទស្រុក (ខេត្តព្រៃវែង) ក៏បានលើកនិយាយពីការថ្វាយទាសៈចំពោះពោធិសត្វ​៣ អង្គ​គឺសស្ដៈ១ មៃត្រេយៈ១ អវលោកិតេស្វរៈ១ ទាំង ៣អង្គនេះ មានសមណស័ក្ដិជា "វ្រះកម្រតាងអញ" ។
         មកដល់ចុងសតវត្សទី ៧ ទើបព្រះពុទ្ធសាសនាមហាយានបានចូលមកដល់ស្រុកខ្មែរនាសម័យនោះ នឹងលូត លាស់រហូតមកដល់សតវត្សទី១៣ ។ នៅសម័យចេនឡានេះ បើតាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញថាសាសនា មួយនេះក៏មានការរីកចម្រើនផងដែរ តែគេមិនសូវជាប្រទះឃើញរូបបដិមាពោធិសត្វ លោកេស្វរៈ ទេ ដោយគេប្រទះ ឃើញមានរូបបដិមាមួយនៅខេត្តក្រមួនស នាទឹកដីកម្ពុជាក្រោម និងមួយទៀតនៅប្រាសាទតាកៀម នាខេត្តសៀម   រាប ។
គ-សម័យមហានគរ
         នៅស..ទី១៣ គេក្រឡេកឃើញថាពុទ្ធសាសនាបែរជាមានការលូតលាស់យ៉ាងខ្លាំងក្លា លើសព្រហ្មញ្ញសាសនា វិញ ។ ជាពិសេសនៅក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី ៧ ដែលជាវីរក្សត្រកំពូលនៅក្នុងប្រវត្តិសាស្ត្រខ្មែរព្រះអង្គគឺជា ពុទ្ធសាសនិកជនមួយព្រះអង្គដ៏ប្រសើរ ទ្រង់កាន់ពុទ្ធសាសនាមហាយាន គោរពពោធិសត្វលោកេស្វរៈ នឹងព្រះប្រាជ្ញា បារមិតាតាមប្រពៃណីព្រះវរបិតា ។
         ប្រពៃណីគោរព "ទេវរាជ" ពីបុរាណកាលគឺតាំងពីគ..៨០២មក លុះដល់មករជ្ជកាលនៃព្រះបាទជ័យវរ្ម័នទី ៧ វិញ ក៏ប្រែផ្លាស់គោរព "ពុទ្ធរាជ" វិញ ។
         ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី ៧ នេះ គេឃើញថាគ្រប់ប្រាង្គប្រាសាទទាំងអស់ដែលជាទីបូជណីយដ្ឋាន ត្រូវបានកសាងឡើងដោយមានកំពូលយ៉ាងខ្ពស់ស្កឹមស្កៃ​​ ដែលសុទ្ធសឹងជាព្រះភក្ដ្រព្រះពោធិសត្វលោកេស្វរៈ ។

៣.២. ព្រះពុទ្ធសាសនាថេរវាទនៅសម័យកណ្ដាល
            ដោយសារតែសង្គ្រាមកើតមានមិនឈប់ឈរ ដែលបង្កឡើងដោយប្រទេសជិតខាង មានសៀម និងយួន ព្រម ទាំងសង្គ្រាមក្នុងស្រុកនានាជាច្រើន បានបង្កឲ្យប្រទេសជាតិទាំងមូលត្រូវធ្លាក់ស្រុតបាត់កិត្យានុភាព អធិបតេយ្យភាព និងឱនភាពនៅគ្រប់វិស័យទាំងអស់ ។ ក្នុងនោះព្រះពុទ្ធសាសនាបានហែលឆ្លងកាត់នូវព្រឹត្តិការណ៍សង្គមដ៏ស្មុគស្មាញ នេះជាមួយពុទ្ធបរិស័ទចំណុះជើងវត្តទូទាំងប្រទេសផងដែរ ។ វត្តអារាម គម្ពីរដីកាត្រូវបានដុតបំផ្លាញ និងវាយកម្ទេច ឯព្រះសង្ឃត្រូវបានគេធ្វើគុត ឬត្រូវគេបណ្ដេញចេញពីវត្តដោយគ្មានមូលហេតុច្បាស់លាស់ក្រៅពីការបំផ្លាញដោយមិន រើសមុខ (ពីសំណាក់ប្រទេសយួន) ។ ទោះបីមានការព្យាបាទពីសំណាក់សត្រូវយ៉ាងណាក្ដី ក៏ព្រះពុទ្ធសាសនានៅតែ តស៊ូយ៉ាងរឹងមាំជាមួយនឹងពុទ្ធបរិស័ទគ្រប់ស្រទាប់វណ្ណៈផងដែរ ។ ដោយសារតែសទ្ធាដែលកើតចេញពីជំនឿដ៏ជ្រះថ្លា របស់ប្រជាជនខ្មែរ ទាំងព្រះមហាក្សត្រ ទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានខិតខំកសាង ជួសជុល និងធ្វើការរៀបចំ វត្តអារាមពុទ្ធសាសនាឲ្យមានដំណើរការឡើងវិញ​ប្រកបទៅដោយស្មារតីសាមគ្គីដ៏ខ្ពង់ខ្ពស់ ។​
​ចុងសម័យអង្គរ ព្រះពុទ្ធសាសនាមហាយាន និងព្រហ្មញ្ញសាសនាចាប់ស្រុតចុះគួរឲ្យកត់សម្គាល់ ហើយពុទ្ធ សាសនាថេរវាទ ក៏ចាប់មានឥទ្ធិពលយ៉ាងធំធេងនៅក្នុងស្ថានភាពដែលមានការប្រែប្រួលទាំងនេះ ។  លោក ហារី បេន ដា បានចាត់ទុកថា ព្រះពុទ្ធសាសនាថេរវាទនៅប្រទេសខ្មែរនៅចុងសម័យអង្គរ និងសម័យក្រោយអង្គរបន្តិចថាជាជំនឿ នៃ​ចលនាប្រជាជនទូទៅ ពោលគឺសាសនានេះមានបង្គប់នូវគំនិតប្រឆាំងនឹងរបបអភិជន ។ ទស្សនៈរបស់លោកហាក់ ដូចជាឆ្លើយស្របទៅនឹងទស្សនៈរបស់លោក ឡឺក្លែរ ដែលជឿថា «ព្រះពុទ្ធសាសនាជាកត្តា ដែលធ្វើឲ្យមានការលុប បំបាត់នូវប្រព័ន្ធវណ្ណៈ» ។
ពង្សាវតារជាច្រើនបានបង្ហាញថា រជ្ជកាលរបស់ព្រះបាទធម្មរាជា (១៤៨៦‑១៥០៤) ថាជាយុគមាសនៃការ រីកចម្រើនខាងជំនឿព្រះពុទ្ធសាសនា ។ ស្ដេចអង្គនេះបានឧបត្ថម្ភដល់ការកសាងនិងពង្រឹងព្រះពុទ្ធសាសនាយ៉ាងខ្លាំង ក្លា ដោយបានលើកលែងពន្ធអាករពីប្រជានុរាស្ត្រចំនួន៣ឆ្នាំថែមទៀតផង ។ ព្រះអង្គក៏ជាមហាក្សត្រដែលមានចំណេះ ដឹងខាងពុទ្ធសាសនាមួយព្រះអង្គផងដែរ ។ នៅរវាងឆ្នាំ ១៤៩៦ ព្រះអង្គបានចេញរាជបញ្ជាឲ្យគេផ្ទេរព្រះសារីរិកធាតុ ទាំងឡាយរបស់ព្រះសម្មាសម្ពុទ្ធពីចេតិយរបស់ព្រះថោងនៅអង្គរ មកតម្កល់នៅចេតិយថ្មីនៅភូមិខ្វាវព្រះធាតុ នៅជិតភ្នំ សន្ទុក ខេត្តកំពង់ធំវិញ ។
ក្រោយពេលព្រះបាទអង្គចន្ទសោយទីវង្គតទៅ ដោយគ្មានរាជបុត្រស្នងរាជ្យ ប្រទេសអណ្ណាមបានឆ្លៀតឱកាស លូកដៃចូលក្នុងកិច្ចការរាជវាំងខ្មែរ ដោយបានលើករាជបុត្រីមួយអង្គរបស់ព្រះអង្គចន្ទ ព្រះនាម អង្គម៉ី ឲ្យឡើងសោយ រាជ្យស្នងព្រះបិតា ។ ឯប្រទេសអណ្ណាមក៏ឆ្លៀតឱកាសគ្រប់គ្រងប្រទេសកម្ពុជាតែម្ដងទៅ តាមរយៈការចាត់បញ្ចូនមេទ័ព មួយរូបឈ្មោះ ទ្រឿង មិញយ៉ាង ឲ្យមកគ្រប់គ្រងមើលការខុសត្រូវនៅកម្ពុជា ។ គោលនយោបាយវៀតណាមភាវូបនីយ កម្មត្រូវបានចាប់ផ្ដើមធ្វើនៅទូទាំងប្រទេសកម្ពុជា ដោយដាក់បញ្ចូលនៅទំនៀមទម្លាប់ប្រពៃណីដែលនាំមកពីវៀតណាម ជំនួសឲ្យទំនៀមទម្លាប់ប្រពៃណីខ្មែរទាំងអស់ ។ វត្តអារាម គម្ពីដីកា និងព្រះសង្ឃរងការបំពានដោយការបំផ្លាញ និងធ្វើ គុតព្រះសង្ឃ ។ ការងើបបះបោរកើតមានជាញឹកញាប់ប្រឆាំងនឹងវត្តមានអណ្ណាម និងការធ្វើទុក្ខបុកម្នេញលើព្រះពុទ្ធ សាសនា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស ។ គ្រានោះមានឧកញ៉ាម្នាក់បាននិយាយថា «យើងសប្បាយនឹងសម្លាប់ ជនជាតិយួន យើងលែងខ្លាចពួកយួនទៀតហើយ គ្រប់សមរភូមិរបស់យើង ពួកយើងបានចងចាំជានិច្ចនូវព្រះត្រៃ សរណគមន៍ គឺព្រះពុទ្ធ ព្រះធម៌និងព្រះសង្ឃ» (ឆាណ្ឌល័រ, ១៩៧៣, ទំ.១៥៤) រហូតមកដល់រជ្ជកាលរបស់ ព្រះអង្គដួង ទើបគេសង្កេតឃើញថាសង្គមខ្មែរ ហាក់ដូចជាទទួលបានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យឡើងវិញ ក្នុងព្រះពុទ្ធសាសនាក៏ត្រូវបានស្ដារនិងពង្រឹងពង្រីកឡើងវិញផងដែរ ។ ទីអារាមដែលខូចខាតដោយសារការបំផ្លាញ ដោយសង្គ្រាម និងដោយហេតុផងផ្សេងៗត្រូវបានជួសជុល និងកសាងឡើងវិញក្រោមព្រះរាជូបត្ថម្ភរបស់ព្រះអង្គដួង ផ្ទាល់ ក៏ដូចជាក្រោមការជួយឧបត្ថម្ភរបស់មន្ត្រីរាជការទាំងឡាយដែលមានធនធានផងដែរ ។ គេបានរៀបរាប់ថា នៅឆ្នាំ ១៨៥៤ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតីបានទ្រង់ឈ្វេងយល់ថា ក្នុងក្រុងកម្ពុជាធិបតី ព្រះពុទ្ធសាសនា បានទ្រុឌទ្រោមចុះ និងមិនច្បាស់លាស់ផង ត្បិតព្រះត្រៃបិដកពុំមាន ព្រះសូត្រក៏ពុំមាន សម្រាប់ការរៀនសូត្រ ទើបព្រះអង្គបានប្រជុំសេនាបតីនាម៉ឺនសព្វមុខមន្ត្រី ត្រាស់ថា គួរចាត់មន្ត្រី១រូប ឬអញ្ជើញព្រះរាជសារទៅស្រុកសៀម ក្រាបបង្គំទូលស្ដេចសៀម ព្រះចមក្លាវ (រាមាទី៤) ដើម្បីសូមទ្រង់តាំងព្រះត្រៃបិដក និងគណៈធម្មយុត្តក្នុងនគរខ្មែរ ដោយនិមន្តមហា ប៉ាន ឲ្យទំនុកបម្រុងព្រះពុទ្ធសាសនាបានថ្កុំថ្កើងរុងរឿងតរៀងទៅ ។[3] អវត្តមាននៃព្រះត្រៃបិដកនៅ ប្រទេសកម្ពុជា ត្រង់ចំណុចនេះ ប្រហែលមិនមែនជាលទ្ធផលដែលកើតឡើងដោយសារតែសង្គ្រាមជាច្រើនសតវត្សរ៍ យ៉ាងសាមញ្ញនោះទេ ។ លោក ហ្វ្រង់ស្វា ប៊ីហ្សូត៍ បានអះអាងថា មុនការស្នើសុំរបស់ព្រះអង្គដួង នៅពាក់កណ្ដាល សតវត្សទី ១៩ នោះ នៅក្នុងប្រទេសកម្ពុជាប្រហែលជាគេមិនធ្លាប់បានយកព្រះត្រៃបិដកមកប្រើ ឬក៏មិនស្គាល់ព្រះត្រៃ បិដកទាំងស្រុងពីដើមដល់ចប់ ។ ទោះបីគេបានប្រើភាសាបាលី យ៉ាងទូលំទូលាយជាភាសាសាសនាតាំងពីសតវត្សទី ១៣ ហើយយើងឃើញមានភស្ដុតាងនៅក្នុងសិលាចារឹក ដូចជាពាក្យ «ព្រះវិន័យ»  «ព្រះអភិធម៌» និង «ព្រះសូត្រ» នៅប្រទេសកម្ពុជាក៏ដោយ លោក ប៊ីហ្សូត៍ ឲ្យយោបល់ថា ចំណងជើងនៃ «ល្អីបី (ព្រះត្រៃបិដក)» ទំនងជាសំដៅលើ ក្បួនសម្រាប់ព្រះសង្ឃ ដែលក្នុងនោះ មានមន្តខ្លះ និងសេចក្ដីសង្ខេបដែលបានដកស្រង់ចេញពីគម្ពីរបាលី បម្រុង សម្រាប់ឲ្យព្រះសង្ឃសូត្រ ប៉ុន្តែមិនចាំបាច់សិក្សា និងយល់ពីខ្លឹមសារទេ ។ បញ្ញត្តិ និងសិក្ខាបទពុទ្ធសាសនា ដូចជា វិន័យសម្រាប់ប្រតិបត្តិនៅក្នុងវត្តជាប្រចាំថ្ងៃ ជាទូទៅ គេបានសរសេរជាអត្ថបទសម្រាយវិញ ។[4] កាលលើកឡើងរបស់ លោក ប៊ីហ្សូត៍ ទំនងជាវិភាគតែនៅស្ថានភាពមួយក្នុងសតវត្សទី១៩ ប៉ុណ្ណោះ ។
ទស្សនៈដ៏សំខាន់មួយ នៃកំណែទម្រង់ព្រះពុទ្ធសាសនា បានចាប់ផ្ដើមឡើងដោយព្រះបាទសម្ដេចព្រះហរិរក្សា រាធិបតី ដើម្បីកត់សម្គាល់ការ ចាប់ផ្ដើមរជ្ជកាលរបស់ព្រះអង្គ គឺការប្រមូលឡើងវិញនូវគម្ពីរដែលបាត់បង់ ឬត្រូវបំផ្លិច បំផ្លាញនៅពេលមានសឹកសង្គ្រាមជាមួយនឹងសៀមនិងយួន ។ ការស្ដារគម្ពីរទាំងនោះឡើងវិញ ជានិមិត្តរូបនៃសកម្ម ភាពមួយ ក្នុងការធ្វើបុណ្យកុសលសម្រាប់ទ្រង់ និងអាណាចក្ររបស់ព្រះអង្គ ហើយក៏បានបង្ហាញផងដែរនូវទសពិធ រាជធម៌របស់ព្រះអង្គ ដើម្បីលើកតម្កើង និងធ្វើឲ្យសាសនាបរិសុទ្ធ ។ នេះគឺជាកាតព្វកិច្ចរបស់ព្រះអង្គ ដើម្បីការពារព្រះ ធម៌ តាមរយៈឥរិយាបថគំរូផ្ទាល់របស់ព្រះអង្គ ក្នុងការឧបត្ថម្ភព្រះសង្ឃ និងការយកចិត្តទុកដាក់ចំពោះគម្ពីរធម៌ ។[5] ការធ្វើកំណែទម្រង់ព្រះពុទ្ធសាសនានៅឆ្នាំ ១៩០០ នោះ គឺជាលទ្ធផលនៃការធ្វើកំណែទម្រង់ក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះអង្គដួងនេះឯង ។ តាមពិតកំណែទម្រង់ព្រះពុទ្ធសាសនានេះមានជាដំបូងនៅប្រទេសសៀម ក្នុងរជ្ជកាល ព្រះបាទចមក្លាវ (រាមាទី៤) ព្រោះតែព្រះអង្គកើតព្រះទ័យខ្វល់ខ្វាយអំពីសាសនាមួយនេះ ដើម្បីបង្កើតឲ្យមានភាព បរិសុទ្ធឡើងវិញ ។ លោក ស្ដាន់លេយ៍ តាំបៀហ៍ បានរៀបរាប់ពីគំនិតនោះថា ជា «អត្ថបទធម៌អាថ៌និយម» ដែលជាពាក្យមួយគាត់ប្រើ ដើម្បីពិពណ៌នាពីការខ្វល់ខ្វាយរបស់ព្រះមង្កុដ (ព្រះចមក្លាវ ឬរាមាទី ៤) «[…] ក្នុងការ ស្វែងរកព្រះត្រៃបិដក ដើម្បីយល់ដឹងនូវសេចក្ដីពិតប្រាកដ បោះបង់ចោលនូវជំនឿក្លែងបន្លំ និងមន្តអាគមឱម អាម […]» ។[6]
នៅក្នុងរជ្ជកាលព្រះបាទអង្គដួង ព្រះពុទ្ធសាសនាមានការអភិវឌ្ឍណាស់ ក្រោមព្រះរាជូបត្ថម្ភរបស់ព្រះអង្គ ផ្ទាល់ ក៏ដូចជាការចូលរួមពីសំណាក់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាជនខ្មែរទូទៅដែលជាពុទ្ធបរិស័ទចំណុះ ជើងវត្តជិតឆ្ងាយផងដែរ ។ (ចប់ដោយសង្ខេប)


[1] ហួត តាត, ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា, សង្ខេប, ពុទ្ធសាសនបណ្ឌិត្យ, បោះពុម្ពលើកទី ២, ១៩៧០, ទំព័រ ១ ។
[2] ពុទ្ធសាសនា២៥០០, ពុទ្ធសាសនបណ្ឌិត្យ, ..២៥០០ ..១៩៥៧, ទំព័រ ៥៣៥៤
[3] អាន ហែនស៊ែន, ការកែទម្រង់ឆ្ពោះទៅរកទំនើបនិយមក្នុងប្រវត្តិពុទ្ធសាសនាខ្មែរ, សិក្សាចក្រ, លេខ៨‑៩, ទំព័រ ១៥៦‑១៥៧ ។
[4] អាន ហែនស៊ែន, ការកែទម្រង់ឆ្ពោះទៅរកទំនើបនិយមក្នុងប្រវត្តិពុទ្ធសាសនាខ្មែរ, សិក្សាចក្រ, លេខ៨‑៩, ទំព័រ ១៥៧ ។
[5] អាន ហែនស៊ែន, ការកែទម្រង់ឆ្ពោះទៅរកទំនើបនិយមក្នុងប្រវត្តិពុទ្ធសាសនាខ្មែរ, សិក្សាចក្រ, លេខ៨‑៩, ទំព័រ ១៥៦ ។
[6] អាន ហែនស៊ែន, ការកែទម្រង់ឆ្ពោះទៅរកទំនើបនិយមក្នុងប្រវត្តិពុទ្ធសាសនាខ្មែរ, សិក្សាចក្រ, លេខ៨‑៩, ទំព័រ ១៥៩ ។

No comments:

Post a Comment