ឧកញ៉ាយមរាជ ជ័យនន្ទ
ជ័យនន្ទ គឺជាឈ្មោះនៃកវីនិពន្ធមួយរូប
ដែលមានឈ្មោះប្រាកដនៅក្នុងសិលាចារឹកចំនួន២គឺ សិលាចារឹកលេខ៣៤ (K.303)
និងសិលាចារឹកលេខ៣៨ (K.301)។ លោកជាកវីនិពន្ធ ព្រមទាំងជាមន្ត្រីម្នាក់ស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី៣
(១៦៧៥‑១៧០៦)។[1]
កាលវ័យកុមារ លោកបានបួសរៀនអក្សរ និងលេខនព្វន្ត រៀនបាលី រៀនអានសាស្ត្រាជាដើម
នៅក្នុងសំណាក់ព្រះពុទ្ធសាសនានៅវត្តអារាមនាស្រុកភូមិកំណើតរបស់លោក។
ក្រោយមកលោកក៏បានលាចាកសិក្ខាបទ មកជាគ្រហស្ថវិញ រួចក៏បានចូល ខ្លួនទៅបម្រើរាជការ
រហូតដល់ឡើងឋានៈមានតួនាទីនិងមុខងារដ៏ខ្ពង់ខ្ពស់នៅក្នុងជួរមន្ត្រីរាជការខ្មែរនាសម័យនោះផងដែរ។
ភរិយារបស់លោកមានឈ្មោះ (មីង[2])
បែនសន[3] និងកូនប្រុសពីរនាក់ឈ្មោះ
ឥម និង ឧង។[4] លោកមានបងប្អូន៣នាក់ឈ្មោះ
រស១ សួស១ និងពៅ១ (សិលា ចារឹកលេខ៣៨ (K.301))។ លោក E.
Aymonier យល់ឃើញថា «រស់» ជាបង របស់បណ្ឌិតជ័យនន្ទ ឬជាបងរបស់នាងបែនសន។[5]
ដំបូងគាត់បានទទួលការតែងតាំងពីព្រះមហាក្សត្រឱ្យឡើងជាសេនាធិបតី
(គឺជាមេទ័ពម្នាក់) ហើយឱ្យឈររក្សាខេត្តឈ្មោះ «ព្រៃក្ដី» ដែលមានមូលដ្ឋាននៅកំពង់ឈើទាល
និងជាអតីតខេត្តមួយជាប់ព្រំដែនជាមួយនឹងខេត្តកំពង់ស្វាយ និងសន្ទុក។ បន្ទាប់មកទៀតព្រះរាជាក៏បានតែងតាំងលោកឱ្យធ្វើជាចៅហ្វាយខេត្តត្បូងឃ្មុំ
(ក្នុងឋានៈជាឧកញ៉ាអរជូន) ដែលមានឋានៈជាស្ដេចត្រាញ់ ស័ក្ដិ១០ហ៊ូពាន់ គឺជានាម៉ឺនធំ
ថ្នាក់ទី១ម្នាក់។ ក្រោយមកទៀត លោកក៏ត្រូវបានព្រះមហាក្សត្រសព្វព្រះ រាជហឫទ័យតែងតាំង និងតម្លើងឋានៈជា
«ឧកញ៉ាយមរាជ» មានឋានៈជាមន្ត្រីថ្នាក់ទី១ មានតំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងតុលាការ។
រីឯភរិយារបស់លោក ក៏បានទទួលងារជា «ជំទាវទេពសុពណ៌» ដែរ។ បន្ទាប់ពីនោះមក នៅថ្ងៃពេញបូណ៌មី
ខែផល្គុណ ឆ្នាំមមី (គ.ស.១៧០២?) លោកបានឡើងជា «ឧកញ៉ាសុរិន្ទ្រាធិរាជ។ ក្រោយមក ទៀត នៅថ្ងៃពេញបូណ៌មី
ខែពិសាខ ឆ្នាំវក (គ.ស.១៧០៤?) លោកបាន ទទួល យសសក្ដិជា «ចៅហ្វា» (នាយករដ្ឋមន្ត្រី) បាំងក្លស់៤។
បណ្ឌិតជ័យនន្ទ គឺជាពុទ្ធសាសនិកជនមួយរូបដ៏ប្រពៃ តាមសិលាចារឹកបាន
បង្ហាញថា លោកធ្លាប់បានបួសចំនួន៥ដង (គ្រាទី៥ នៅសម័យដែលលោកចារសិលាចារឹកនេះ?) ព្រមទាំងធ្លាប់បានបំបួសបុត្រាទាំងពីរថែមទៀតផង។
លោកបានបន្សល់ ទុកនូវសមិទ្ធិផលជាច្រើនទាំងខាងវិស័យពុទ្ធសាសនា និងខាងសង្គមកិច្ចដូចជា៖
‑ជួសជុលព្រះពុទ្ធរូបដែលបាក់បែក ដោយព្រះពុទ្ធរូបណាដែលបាក់ព្រះហត្ថ
ព្រះកេស លោកចាត់ឱ្យមានការជួសជុលកសាងសាងព្រះហត្ថ ព្រះកេសមកភ្ជាប់វិញ ហើយទឹបមាសឱ្យថ្មីឡើង។
‑គូរឬសាងព្រះបទទុកក្នុងព្រះពុទ្ធសាសនា
‑បានសាងព្រះពុទ្ធរូប
‑បានសាងត្រីសូល៍គាងឃ្វាយ
‑សង់សាលា សង់ព្រះវិហារ (តែពុំដឹងថាព្រះវិហារមួយណា)
‑បានលោះខ្ញុំកំដរឱ្យទៅជាអ្នកជា។ល។
នៅក្នុងផ្នែកតែងនិពន្ធ លោកបាននិពន្ធសិលាចារឹកចំនួនពីរគឺ ៖
១‑ សិលាចារឹកលេខ៣៤ (K.303)
២‑សិលាចារឹកលេខ៣៨ (K.301)។
ខាងក្រោមនេះជាសម្រង់អត្ថបទនៃសិលាចារឹកលេខ៣៨(K.301) ដូចតទៅ៖
«សុភមង្ដសួស្ដី ស្រីសព្វស្រីមង្គលា
ពហុព្រះជយា
ដោយសាទ៌្ធាតិរេកឰ។
នា
១៦២៣ ស័កនេះ ឥ ម្សាញ់
នៃ
ទ្ធាទសរោជមាឃមៃ ទិពារថ្ងៃព្រហស្សតី។
ពីដើមនេះឯងណា ដោយគាថាព្រះបាលី
លើកសរសើរពុទ្ធី បទមុះនីព្រហ្មគីត។
អញខ្ញុំថ្វាយបុប្ផា ព្រះភគវា សាព៌េជ្ញ
ស្ថិតត្រាស់យល់...
ស្ដេចគង់គិតផ្ចាញ់មារនៃ។
បទុមក្រពុំស្អាត ថ្វាយព្រះបាទសាព៌េជ្ញថ្លៃ
លុតលើតទសក្រៃ ផ្ចង់ប្រពៃដាក់សិរសី ។
...............................................................................
...............................................................................
ល្អគ្រប់ប្រតាប់ បរិពារស្រេចស្រាប់ កាន់គ្រឿងគ្រប់គ្នា
សម្រាប់ដង្ហែ ដោយតែយាត្រា ដូចកុតផល្លា
លីលាស័ក្ដិសែង។
សូមបានប្រាសាទ ប្រាំបួនល្អស្អាត បិតមាសព្រាសទែង
គាងឃ្វាយឆើតឆាយ ពណ្ណរាយយល់ស្ដែង ដាំត្បូងឆ្លុះចែង
ល្អគ្រប់ប្រការ។
មានផ្សួរជុំវិញ បីជាន់ឆ្លាក់ពេញ រួចគ្រប់ពិស្ដារ
មានជានេយ្យា សឹងក្លាយគ្រប់ទ្វារ នាគលើកពពារ
ចាំជណ្ដើរកាច់។
ទោះនឹងមានផ្ទះ បិល្អស្រលះ សឹងមានមុខដាច់
ទទឹងរោងជ្រែក បង្គន់ផ្សួរស្រេច រាំងជុំខណ្ឌកាច់
រោងដំរីសេះ។»[6]
ខាងក្រោមនេះ គឺជាសម្រង់អត្ថបទត្រង់ផ្នែកដែលកវីជ័យនន្ទបានចារអំពីការស្មាលារបស់លោកក្នុងសិលាចារឹកលេខ៣៨
(K.301) ដូចមានសេចក្ដីតទៅនេះ ៖
«នេះភូជង្គលីលា លើកដោយកាព្យា ជាល្បាទាំងឡាយ
។
លាអស់លោភទោសសម្ទាយ លាភ័យអន្តរាយ ព្រាត់ព្រាយប្រាសគ្នា ។
ខ្ញុំក្រាបទូលព្រះពុទ្ធា ព្រះហើយខ្ញុំលា ត្រង់នាទុក្ខសោក ។
ខ្ញុំលាត្រង់កំណើតថោក កើតមកអស់លោក សើចដៀលសន្ដាន
។
ខ្ញុំលាសព្វជាតិវៀរស្ថាន ក្ដីអាអាស្រូវប្រាណ កុំមានឡើយណា ។
ខ្ញុំលាត្រង់ឥតប្រាជ្ញា ឆ្ងល់ខ្លៅមោហា ខ្មាសគេអៀនប្រៀន ។
ខ្ញុំលាត្រង់ឥតរបៀន ចូលជំនុំស្ងៀម ពុំចេះឆ្លើយថា ។
ខ្ញុំលាពិសព្យាធរោគា ប្រាសបុត្រភរិយា ស្លាប់ឧបាសប្រាណ ។
ខ្ញុំលាវិបាកបុរាណ ជាទុក្ខក្នុងប្រាណ ស្រេកឃ្លាននោះផង ។
ខ្ញុំលាអស់បាបពៀរហោង ចតុរាបាយផង បួនកុំទៅសោយ
។
ខ្ញុំលាត្រង់គំនិតធ្លោយ លាខ្ជិលកំសោយ ហើយស្មារតីតិច ។
ខ្ញុំលាពុំចេះកលកិច្ច សិល្បសាស្ត្រការស្រេច ពាក្យពេចន៍នោះណា ។
ខ្ញុំលាត្រង់ឥតប្រាជ្ញា ពុំចេះភាសា ស្រដីនឹងគេ ។
ខ្ញុំលាត្រង់ខ្សត់ខ្លួនទេ ត្រមោចឯងឯ ឥតប្រៀននូវភ្ញា
។
ខ្ញុំលាឥតទ្រព្យភោក្ដា ទាសីទាសា ពុំមានដល់ម្នាក់
។
ខ្ញុំលាត្រង់ចិត្តប្រត្យ័ត្ស សំដីឲ្យអាក់ អន់អៀនចិត្តគេ
។
ខ្ញុំលាត្រង់ពាក្យស្រាលស្រេ ស្រដីដូចគេ មមើឆ្កួតណា ។
ខ្ញុំលាត្រង់ឆោតភាសា ស្រដីទៅថា ពភ្លៀឥតការ
។
ខ្ញុំលាត្រង់ខ្លៅអនុពាល ស្រដីសាធារ ឥតគេយកពាក្យ
។
ខ្ញុំលាត្រង់នាតោកយ៉ាក ទុរយសពិបាក ពុំព្រើសសប្បាយ
។
ខ្ញុំលាត្រង់ល្ងង់ភិប្រាយ ឆ្ងល់ធុញរាយមាយ ជ្រងោឥតការ ។
ខ្ញុំលាស្មារតីសាធារ ស្រដីកិច្ចការ ពុំចាំនោះហោង ។
ខ្ញុំលាពំនោលសូរសង ស្រដីពាក្យឆ្គង ពុំត្រូវចិត្តគេ ។
ខ្ញុំលាគេស្អប់សព្វតែ ត្រង់នាខ្មាស់គេ ខ្ញុំលានេះហោង ។
ខ្ញុំលាអស់វេរាផង ពៀរព្រេងចំណង កុំយល់ឡើយណា ។
ខ្ញុំលាអស់ក្ដីមោហា វង្វេងឃ្លាតឃ្លា ភ្លេចភ្លាំងប្រមាទ ។
ខ្ញុំលានោះសព្វៗជាតិ ស្រដីប្រមាទ ពិឃាតសត្វផង ។
ខ្ញុំលាសារពើក្ដីឆ្គង គិតខុសរំលង ទើបឃើញឯក្រោយ ។
ខ្ញុំលាត្រង់ក្ដីទំលោយ គិតខុសហើយក្រោយ ទើបឃើញក្ដីគាប់ ។
ខ្ញុំលាត្រង់នាអភ័ព្យ រស់នៅពុំស្លាប់ ជាទុក្ខម្នាក់ឯង ។
ខ្ញុំលាត្រង់នាវង្វេង ស្រដីឥតក្រែង បារម្ភក្រោយឡើយ ។
ខ្ញុំលាជាតិនេះឃើញ ហើយគិតយល់ឥតត្រើយ ពំនាក់ឡើយណា ។
ខ្ញុំលាត្រង់ក្ដីមោហា ប្រមាទមេបា គ្រូបាធ្យាយផង ។
ខ្ញុំលាត្រង់ក្ដីឆ្គាំឆ្គង ប្រមាទសង្ឃផង ព្រះពុទ្ធព្រះធម្ម ។
ខ្ញុំលាត្រង់ក្ដីសង្ហារ ស្រដីឲ្យខ្ញាល អន់អៀនព្រះទ័យ ។
ខ្ញុំលាពុំប្រកបនៃ នូវអម្ចាស់ថ្លៃ ប្រពៃទ្រង់ធម្ម ។
ខ្ញុំលាត្រង់ចិត្តសង្ហារ សាហាវអស្ចារ្យ បន្ទន់ក្របាន ។
ខ្ញុំលាមនុស្សណា បៀតប្រាណស្រដីបង្ខាន ញុះញុងចែចូវ
។
ខ្ញុំលាត្រង់ក្ដីអាស្រូវ ស្រដីចែចូវ តិះដៀលប្រមាទ ។
ខ្ញុំលានោះសព្វៗជាតិ សារពើបង្ឈាត បង្ខានលាភយស ។
ខ្ញុំលាត្រង់ណាហៅថ្លោះ យស់សក្ដរបស់ ខ្ចាត់ខ្ចាយបាត់បង់
។
ខ្ញុំលាត្រង់គេញុះញុង បង្ខានចំណង់ បង្ខុសឃ្លាតឃ្លា ។
ខ្ញុំលាត្រង់ភ័យវេរា ត្រមោចកំព្រា ឥតគ្នាតាមក្រោយ ។
ខ្ញុំលាត្រង់ខ្លាចកំសោយ ភិតភ័យប្រែក្រោយ តតើកចំប្រប់ ។
ខ្ញុំលាត្រង់ភ័យក្ដីថប់ ភិតញ័រចំប្រប់ រន្ធត់អស់អង្គ ។
ខ្ញុំលាគេចោមជាកង់ ភិតភ័យឡឺនឡង់ ឥតគ្នាជួយផង ។
ខ្ញុំលាសព្វៗជាតិផង កើតជាសែនដង លាត្រង់សត្រូវ ។
ខ្ញុំលាក្បាលថ្ពែកសក់ស្កូវ ជើងស្ទក់អាស្រូវ ធ្មេញបាក់ខ្វាក់ថ្លង់ ។
ខ្ញុំលាវេរាស្រែងឃ្លង់ ដំបៅអស់អង្គ ជាទុក្ខឥតស្បើយ ។
ខ្ញុំលាកើតឡើងឥតត្រើយ រូបអាក្រក់ហើយ ក្លិន...ឆ្អេះផង
។
ខ្ញុំលាអស់ទាំងនោះផង សារពើឆ្គាំងឆ្គង ហៅអកុសល ។
ខ្ញុំលានោះកុំត្រាយល់ ពីជាតិនេះដល់ រៀងទៅឯមុខ ។
ខ្ញុំលាភរិយាអាក្រក់ នៅស្ថានឥតសុខ ជាតុក្ខឯងហោង ។
ខ្ញុំលាបើមានទ្រព្យផង អាក្រក់នោះហោង កុំត្រាយល់ឡើយ ។
ខ្ញុំលាសព្វៗជាតិហើយ ត្រង់ទុក្ខឥតស្បើយ កុំត្រាយល់ហោង ។
ខ្ញុំលាស្រេចសព្វគ្រប់ផង កើតសព្វជាតិហោង កុំត្រាយល់ឡើយ
។
ខ្ញុំលានេះជាបង្ហើយ បាបពៀរទុក្ខអើយ កុំមានឡើយណា ។
ខ្ញុំលាវេរាភ័យវេរា កើតឡើងកាលណា ថ្លៃល្អស្រេចផង ។
បើកើតខុសនឹងបំណង លាត្រង់នោះហោង កុំកើតមកឡើយ
។»[7]
ភ្នំពេញ,
ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧
រៀបរៀងដោយ
សេង សុវណ្ណដារ៉ា
(និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អក្សរ
សាស្ត្រខ្មែរ ជំនាន់ទី១ នៃស.ភ.ភ.ព)
ឯកសារពិគ្រោះ
-ឃីង ហុកឌី, ទិដ្ឋភាពទូទៅនៃអក្សរសាស្ត្រខ្មែរ, បណ្ណាគារអង្គរ, ឆ្នាំ២០០៣។
-ឌឹក គាម, បណ្ឌិតជ័យនន្ទ អ្នកនិពន្ធខ្មែរ, បណ្ណាគារ ងួន ហ៊ួត,
១៩៦៧។
-ឈឹម
ក្រសេម, សិលាចារឹកនគរវត្ត, ពុទ្ធសាសនបណ្ឌិត្យ, ឆ្នាំ១៩៥៨។
-លាង ហាប់អាន, សិក្សាប្រវត្តិអក្សរសាស្ត្រខ្មែរ, សម័យនគរភ្នំដល់សម័យឧដុង្គ (សតវត្សទី១ ដល់ ឆ្នាំ ១៨៥៩), ភ្នំពេញ, ឆ្នាំ ១៩៦៧។
-លី ធាមតេង, អក្សរសាស្ត្រខ្មែរ, បណ្ណាគារ ងួន ហ៊ួត, ១៩៦០។
-វង់ សុធារ៉ា, សិលាចារឹកនៃប្រទេសកម្ពុជាសម័យកណ្ដាល, គ្រឹះស្ថានបោះពុម្ពផ្សាយ
នគរវត្ត, ២០១២។
-E. Aymonier, Le
Cambodge, Tome III, 1904.
[1] លោកសាស្ត្រាចារ្យ
លី ធាមតេង និងលោក ឌឹក គាម កំណត់ថា កវី‑និពន្ធរូបនេះស្ថិតនៅក្នុងរជ្ជកាលព្រះបាទស្រីធម្មរាជា
ឬព្រះរាជសម្ភារ។
[2] ពាក្យ
«មីង» នេះ ពុំមែនជាឈ្មោះទេ គ្រាន់តែជាពាក្យប្រើគួរសមដែលមានប្រើនៅក្នុងសង្គមខ្មែរ។
[3] លោក E. Aymonier ថាភរិយារបស់បណ្ឌិតជ័យនន្ទមានឈ្មោះថា មីងបែនសុន
ដូចមានសម្រង់ ឃ្លាពីសៀវភៅរបស់លោកថា «Quand à mon épouse, elle avait deux noms,
c’était la Min (tante, désignation respectable) Pên Sūn។ សូមអានបន្ថែម «Le
Cambodge», Tome III, par E. Aymonier, p.306-1404.
[4] លោកសាស្ត្រាចារ្យវង់ សុធារ៉ា កំណត់ឈ្មោះកូនប្រុសទាំងពីររបស់បណ្ឌិតជ័យនន្ទថា
«សួស និង ពៅ» ដូច្នេះវិញ។ សូមអាន «សិលាចារឹកនៃប្រទេសកម្ពុជាសម័យកណ្ដាល», ដោយ វង់ សុធារ៉ា,
គ្រឹះស្ថានបោះពុម្ពផ្សាយ នគរវត្ត, ២០១២, ទំព័រ១៩៥។
[5] «Ras, mon
frère-aîné et dame Pên». សូមអានបន្ថែម «Le Cambodge», Tome III, par E. Aymonier,
p.306-1404.
[6] «សិលាចារឹកនគរវត្ត»,
ឈឹម ក្រសេម, ផ្សាយឡើងវិញដោយមជ្ឈមណ្ឌលឯកសារស្រាវជ្រាវអារ្យធម៌ខ្មែរ (Cedoreck), អារម្ភបទថ្មីដោយ
សាវរស ពៅ, ១៩៨៤, ទំព័រ៩៥‑១១១។
[7] «សិលាចារឹកនគរវត្ត»,
ឈឹម ក្រសេម, ផ្សាយឡើងវិញដោយមជ្ឈមណ្ឌលឯកសារស្រាវជ្រាវអារ្យធម៌ខ្មែរ (Cedoreck), អារម្ភបទថ្មីដោយ
សាវរស ពៅ, ១៩៨៤, ទំព័រ៩៥‑១១១។
No comments:
Post a Comment